អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២រូប ត្រូវបាននគរបាលបញ្ជូនទៅតុលាការរសៀលថ្ងៃនេះ បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពី២ថ្ងៃមុននោះ ខណៈដែលអតីតអ្នកសារព័ត៌មានម្នាក់ទៀត ត្រូវបានឃាត់ខ្លួន អំឡុងសវនាការជម្រះក្ដីរំលាយបក្សប្រឆាំងនៅព្រឹកថ្ងៃនេះ។

អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយនៅក្នុងខណ្ឌមានជ័យ ដោយសមត្ថកិច្ចសង្ស័យថា បានលួចផលិតព័ត៌មានពីប្រទេសកម្ពុជា ទៅឲ្យវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក។
ស្នងការងនគរបាលរាជធានីភ្នំពេញ លោក ស៊ឹម វុទ្ធី បានប្រាប់ VOD នៅថ្ងៃនេះថា ក្រោយសួរនាំ និងចុះទៅពិនិត្យនៅផ្ទះសំណាក់ ដែលពួកគេស្នាក់នៅនោះ លោកអះអាងថា អាជ្ញាធរបានរកឃើញភស្ដុតាងមួយចំនួន ដែលថា មានភាពសមល្មម អាចឲ្យមានការចោទប្រកាន់តាមផ្លូវច្បាប់។
លោក ស៊ឹម វុទ្ធី បន្ថែមថា កម្លាំងនគរបាល បានបញ្ជូនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំង ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ រីឯចំណាត់ការបន្ទាប់យ៉ាងណានោះ គឺអាស្រ័យលើតុលាការ។
លោកថា៖ «តុលាការកំពុងតែសាកសួរ មិនទាន់ចោទទេ កំពុងតែសាកសួរតាមនីតិវិធីរបស់គេ។ រឿងនេះ គឺគេមានឯកសារ គេមានភស្ដុតាង ចម្លើយរបស់គាត់ អញ្ចឹងគួបផ្សំទាំងអស់ហ្នឹងហើយ មិនមែនយកតែរឿងថត មកចោទទេ។ គ្រាន់តែជម្រាបថា ចម្លើយសារភាព បូកនឹងវត្ថុតាងមួយចំនួន ដែលមានការទំនាក់ទំនងជាមួយនឹងវិទ្យុបរទេស គឺអាហ្នឹង វាគ្រប់គ្រាន់មួយទៅហើយ ហើយផ្សេងៗជាច្រើនទៀត ដែលជាចម្លើយគាត់ ហើយរួមផ្សំនឹងសម្ភារៈ ដែលយើងដកហូតបាន»។
បើតាមការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ វិទ្យុអាស៊ីសេរី បានឆ្លើយតបថា ខ្លួនមិនមានទំនាក់ទំនងជាមួយអតីតបុគ្គលិកទាំង ២នាក់នេះទៀតនោះទេ និងថា អ្នកទាំងពីរក៏មិនធ្វើការឲ្យស្ថាប័នខ្លួនទៀតដែរ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ អតីតអ្នកកាសែតខេមបូឌា ដេលី កញ្ញា ឡេង ឡែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ អំឡុងពេលកញ្ញាចូលតាមដានសវនាការជម្រះក្ដីរំលាយគណបក្សសង្គ្រោះជាតិ។ អតីតអ្នកកាសែតខេមបូឌា ដេលីរូបនេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងបន្តស្ថិតនៅក្រោមការសាកសួររបស់សមត្ថកិច្ចរហូតមកដល់ម៉ោង ៥ល្ងាចនេះ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា យល់ថា លោកមិនចង់ឃើញមានការចាប់ចង ឬប្ដឹងទៅតុលាការ ចំពោះអ្នកសារព័ត៌មាន ដែលគ្រាន់តែធ្វើខុសនឹងក្រមវិជ្ជាជីវៈសារព័ត៌មាននោះទេ។
លោកថា៖ «មានច្បាប់ស្ដីពីរបបសារព័ត៌មានជាគោល ទាក់ទងទៅនឹងការអនុវត្ដហ្នឹង ហើយប្រសិនបើគាត់ខុស ក្នុងវិជ្ជាជីវៈសារព័ត៌មានហ្នឹង គួរតែយកច្បាប់ស្ដីពីរបបសារព័ត៌មាន មកដាក់មកវិនិច្ឆ័យ។ បើសិនជាអត់មានភស្ដុតាងអីធំដុំ អាចថា ដោះលែងគាត់ទៅ ហើយព្រមាន ឬឲ្យគាត់សន្យា កុំឲ្យមានការដាក់ទោសទណ្ឌធំដុំអី ខ្ញុំអត់ចង់ឃើញ»។
វិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញកាលពីខែកញ្ញា ក្រោយដំណើរការជិត ២០ឆ្នាំ ហើយកាសែតខេមបូឌា ដេលី ក៏បានផ្អាកដំណើរការរបស់ខ្លួននៅដើមខែកញ្ញាផងដែរ បន្ទាប់ពីមានភាពចម្រូងចម្រាស់ជុំវិញបញ្ហាពន្ធ ដែលរដ្ឋាភិបាលចោទថា បានជំពាក់រដ្ឋរយៈពេល ១០ឆ្នាំចុងក្រោយមកនេះ៕ VOD