អត្ថបទ​ស្រាវជ្រាវ ស្តីពី «​ផ្នូរ​នាង​ច័ន្ទ​»

ដោយ គឹម សាវតា

​ប្រជាពលរដ្ឋ​ខ្មែរក្រោម ជាពិសេស ខ្មែរក្រោម​នៅក្នុង​ស្រុក​ជ្រោ​យញ ដែល​ភាសា​វៀត​ណាម ហៅថា វិញ ចូ​វ ខេត្ត​ឃ្លាំង តែងតែបាន​ស្គាល់ ឬ​តែងតែ​ឮថា «​ផ្នូរ​នាង​ច័ន្ទ​» ។​

​ផ្នូរ​នាង​ច័ន្ទ​នេះ បច្ចុប្បន្ន​ស្ថិតនៅ​ក្នុងភូមិ​ពល​លាន ក្នុង​ឃុំ​ស្វាត ដែល​វៀតណាម ​ហៅថា ឡាក​ហ្វា ស្រុក​ជ្រោ​យញ ខេត្ត​ឃ្លាំង ស្ថិតនៅ​ចម្ងាយ​ប្រហែលជា ១២ គីឡូម៉ែត្រ​នា​ទិសខាងកើត ឈៀង​ខាងជើង​ពីស្រុក​ជ្រោ​យញ ។ នៅ​ទី​នោះគេ​ឃើញ​មាន​ដំបូក​មួយ ដែលមាន​សណ្ឋាន​ដូចជា​ផ្នូរខ្មោច​  តែ​ស្ទើរតែ​រលុប​បាត់បង់​អស់​ទៅហើយ ព្រោះ​ពុំមាន​អ្នកថែរក្សា ប៉ុន្តែ ប​ច្ច​ប្បុន្ន​នេះ បងប្អូន​ខ្មែរក្រោម នៅ​ភូមិ​ជិតៗ នោះ បាន​រៃអង្គាស​ថវិកា​ទិញ​ស៊ីម៉ង់ត៍ អិដ្ឋ ធ្វើជា​ខឿន​ផ្នូរ​នោះ សម្រាប់ គោរពបូជា ។ ទីនោះ​ហើយ ដែល​ចាស់ព្រឹទ្ធាចារ្យ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ បាន​តំណាល​ថា ជា​ផ្នូរ​របស់​នាង​ច័ន្ទ ជា​អ​តី​តៈ​ស្នំ​រង​របស់​ព្រះរាជា​ខ្មែរ ។ ដោយមាន​រឿងតំណាល​ថា​៖ កាលពី​យូរលង់​ណាស់​មកហើយ នាង​ច័ន្ទ គឺជា​កូន​អ្នកស្រែ​ចម្ការ​មួយរូប​មាន​រូបឆោម​ឡោម​ព័ណ៌​ដ៏​ស្រស់ស្អាត និង​មាន​ចរិត​មាយា​ទ​ស្រគត់ស្រគំ​ទើប​ធ្វើឱ្យ​ព្រះរាជា​ខ្មែរ (​មិន​ច្បាស់​ថា ព្រះរាជា​ទ្រង់មាន​ព្រះនាម​អ្វី​) ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ទទួល​យកមក​ធ្វើជា​ស្នំ​រង ហើយ​យកទៅ​នៅក្នុង​ព្រះបរមរាជវាំង ដើម្បី​តាក់តែង​ព្រះ​ស្ងោ​យ​ថ្វាយ​ព្រះរាជា​ទ្រង់​សោយ​ជា​រៀងរាល់​ពេល ។ ព្រះរាជា​ក៏​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ចំពោះ​ព្រះ​ស្ងោ​យ​របស់​នាង​ច័ន្ទ​យ៉ាង​ក្រៃលែង ធ្វើឱ្យ​ស្នំ​ឯក និង​ស្នំ​ដទៃទៀត​កើតក្តី​ច្រណែន និង​នាង​ច័ន្ទ រួច​រក​វិធី ដើម្បី​កម្ចាត់​នាង​ចេញពី​ព្រះបរមរាជវាំង ។ សូមបញ្ជាក់ថា កត្តា​ដែល​នាង​បានធ្វើ​ព្រះ​ស្ងោ​យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ​នោះ គឺ​ដោយ​យក​ចុង​ក្រចក​របស់​នាង​ជា​រង្វាស់រង្វាល់ ។ ឧទាហរណ៍​តើ​ត្រូវដាក់​អំបិល​ប៉ុន្មាន​ចុង​ក្រចក ស្ករ​ប៉ុន្មាន​ចុង​ក្រចក ម្រេច​ប៉ុន្មាន​ចុង​ក្រចក និង​គ្រឿង​ផ្សេងៗ ក្នុង​គ្រឿង​នីមួយៗ ប៉ុន្មាន ចុង​ក្រចក​ជាដើម ដែល​ធ្វើ​មុខម្ហូប​នីមួយៗ រក្សាបាន​រសជាតិ​ឆ្ញា​ញ់​ជានិច្ច ។​

«​ផ្នូរ​នាង​ច័ន្ទ​ ​ស្ថិតនៅភូមិ​ពល​លាន ក្នុង​ឃុំ​ស្វាត ស្រុក​ជ្រោ​យញ នៃ ខេត្ត​ឃ្លាំង ។ រូបៈ ផ្តល់ឲ្យ

​ថ្ងៃមួយ​ស្នំ​ឯក បាន​ទៅ​ទូល​ញ៉ុះ​ញ​ង់​ព្រះរាជា​ថា ៖ បពិត្រ​ព្រះ​ស្វាមី ខ្ញុំម្ចាស់​បានឃើញ​ជា​រៀងរាល់ថ្ងៃ ស្នំ​រង​ពេលដែល​នាង​ធ្វើ​ព្រះ​ស្ងោ​យ​ថ្វាយ​ព្រះអង្គ គឺ​ខ្វះ​អនាម័យ និង​ប្រមាថ​ព្រះ​ចេស្ដា​យ៉ាងខ្លាំង ដែល​ព្រះ​ស្វាមី​មិនគួរ​សោយ​ព្រះ​ស្ងោ​យ​របស់​នាង​ទេ ដោយ​នាង​មិន​យក​ស្លាបព្រា ច​ង្កិះ ឬ វែក ជាដើម​ដួស​គ្រឿង សម្រាប់​បង់​ទៅក្នុង​ព្រះ​ស្ងោ​យ​នោះឡើយ តែ​នាង​បាន​ប្រើ​ចុង​ក្រចក ដែល​ប្រឡាក់​ដោយ​ល្អងធូលី​ដី​ជាដើម ដួស​គ្រឿង​ទាំងនោះ​ទៅវិញ ។ គ្រាន់តែ​ព្រះ​សណ្ដាប់​ឮ​ភ្លាម ព្រះរាជា​ទ្រង់​គ្រោធ​ពិរោធ​ដោយ​ឥតមាន​ព្រះតម្រិះ​ពិចារណា​អ្វី​ឡើយ ទ្រង់មាន​ព្រះរាជ​បញ្ជា​ឱ្យ​អាមាត្យ រៀបចំ​ផែនការ​សម្លាប់​នាង​ច័ន្ទ​ក្នុង​យប់​នេះ ដោយ​មិន​រងចាំ​ថ្ងៃស្អែក​ឡើយ ។​

​ពេលនោះ មាន​បុរោហិត ៤ រូប ដែល​ស្និត​ជាមួយ​ព្រះរាជា​គឺ ឈ្មោះ ទាវ ១ ឈ្មោះ ឃ្វិច ១ ឈ្មោះ អណ្ដើក (​តា​ដើ​ក​) ១ ឈ្នោះ កាន់​១ និង​ស្ត្រី​អ្នកបម្រើ​ព្រះមហាក្សត្រ ២ រូប​ទៀត ឈ្មោះ ទ្រូ និង​ឈ្មោះ អ៊ុយ ដោយមាន​ស្វាមីភក្តិ​ជាមួយ​នាង​ច័ន្ទ ក៏​បានមក​ជម្រាប​នាង​ច័ន្ទ​ឱ្យបាន​ដឹង​ពី​ព្រះ​រាជបញ្ជា​នោះ ហើយ​នាំ​ផ្លូវ​ឱ្យ​នាង​ចាក​ចេញពី​ព្រះបរមរាជវាំង និង​ភៀសខ្លួន​ទៅរក​កន្លែង​សុវត្ថិភាព​ជាបន្ទាន់ ។​

​ដោយមាន​ការជួយ​រៀបចំ និង​គិតគូរ​ពី​សំណាក់​បុរោហិត​ទាំង ៤ និង​អ្នក​ធ្លាប់មាន​ស្វាមីភក្តិ​ជាមួយ​នាង​ច័ន្ទ​មួយចំនួន ក៏បាន​នាំ​នាង​ច័ន្ទ​ចុះ​សំពៅ​ភៀសខ្លួន​ទាំងយប់​ចាក​ចេញពី​ព្រះបរមរាជវាំង​ធ្វើដំណើរ​ដោយ​មិនមាន​គោលដៅ​ច្បាស់លាស់ ដោយ​គ្រាន់តែ​ធ្វើដំណើរ​ចាកចេញ​ឱ្យ​ផុតពី​ការ​តាម​សម្លាប់​របស់​ព្រះរាជា​តែប៉ុណ្ណោះ ។ លុះ​ធ្វើដំណើរ​បាន​ឆ្ងាយ​បន្តិច​ពី​ព្រះបរមរាជវាំង និង​ដោយមាន​ការនឿយហត់​អស់​រយៈពេល ១ យប់​ហើយ​នោះ លុះ​មកដល់​កន្លែង​មួយ​នាង​ច័ន្ទ ក៏បាន​ប្រាប់​ឱ្យ​អ្នកបម្រើ ដែល​ភៀសខ្លួន​មកជា​មួយ​រៀបចំ​ដណ្ដាំបាយ ធ្វើ​ម្ហូបអាហារ ដើម្បី​បរិភោគ​មុននឹង​ធ្វើដំណើរ​តទៅ​មុខ​ទៀត ។ ដោយមាន​ខ្យល់​បក់បោក​មក​ខ្លាំង ព្រោះ​នៅ​កណ្ដាលទន្លេ​ទើប​បាយ​នោះ​មិនទាន់បាន​ឆ្អិន​ល្អ​ស្រាប់តែ​ឮសូរ​ដំណឹង​ថា ទ័ព​របស់​ព្រះរាជា​ជិត​ធ្វើដំណើរ​មកដល់​ផង ទើប​នាង​ច័ន្ទ​បាន​ប្រាប់​ទៅ​អ្នកបម្រើ​ឱ្យ​ដោះ​ដួស​បាយ​ឆៅ​នោះ​បរិភោគ​បណ្ដោះអាសន្ន​បន្ថយ​ការ​ហេវ​ហត់ និង​ស្រេកឃ្លាន ដើម្បី​បន្តដំណើរ​ទៅមុខទៀត ។ ទើប​តំបន់ និង​ស្រុក​នោះគេ​បាន​សន្មត​ថា «​ស្រុក​បាយ​ឆៅ​» ដែលមាន​ចម្ងាយ ៣ គីឡូម៉ែត្រ​ពី​ទីក្រុង​ឃ្លាំង ហើយ​បាយ​ឆៅ​បច្ចុប្បន្ន​គឺជា​អង្គភាព​រដ្ឋបាល​ស្រុក​មួយ​របស់​ខេត្ត​ឃ្លាំង វៀតណាម​ហៅថា «​ស្រុក​មី​ស្វៀ​ន​» ។​

​លុះ​បរិភោគ​រួចហើយ ក៏​នាំគ្នា​បើក​សំពៅ​ពី​ព្រែ​កបាយ​ឆៅ​កាត់​តាម​ព្រែក​សំរោង ព្រែក​សង្កែ ធ្វើដំណើរ​រហូតមកដល់​ពាម​មួយកន្លែង​ទៀត គាប់​ជួន​ជា​ពេលយប់ ក៏​នាំគ្នា​សម្រាកកាយ​នៅ​ទីនោះ​។​

​ក្នុង​យប់នោះ ពេល​នាង​ច័ន្ទ​សម្រាក​លក់ ក៏បាន​យល់សប្តិ​ឃើញ​អ្នក​ត្រង់​បង់បត់​មក​ប្រាប់ថា «​បើ​ស្នំ​រង​ធ្វើដំណើរ​ទៅមុខ​នឹង​ដល់​ពាម​ជាប់មាត់​សមុទ្រ​មួយ ដែលមាន​រលក​បោកបក់​យ៉ាងខ្លាំង ក្នុងករណីនេះ សំពៅ​របស់​ស្នំ​រង មិនត្រូវ​ប្រថុយ​បើក​កាត់​សមុទ្រ​នោះទេ ប្រសិនបើ​បើក​កាត់​រលក​សមុទ្រ​នោះ សំពៅ​នឹងត្រូវ​លិចលង់​កណ្ដាល​ម​ហា​សាគរ នឹង​ដល់​នូវ​ក្តី​មរណៈ​ទាំងអស់គ្នា​មិនខានឡើយ​  តែ​បើជា​សំណាងល្អ​ដោយ​មិនមាន​រលក​បោកបក់​ទេ សំពៅ​របស់​ស្នំ​រង​អាច​បើក​កាត់​សមុទ្រ​ទៅដល់​ត្រើយ​ខាងកើត (​ទំនងជា​ខេត្ត​ព្រះ​ត្រពាំង​) ស្នំ​រង និង​អ្នកបម្រើ​នឹង​រួច​ផុតពី​ការប៉ង​សម្លាប់​របស់​ព្រះរាជា​ហើយ​» ។​

​លុះ​ព្រឹក​ឡើង​នាង​ច័ន្ទ ក៏​ធ្វើ​ពិធីសែនព្រេន​សុំ​កុំឱ្យ​មាន​រលក​ធំ​បក់បោក​មក ពេលដែល​នាង​ទៅដល់​ទីនោះ ។ ទើប​ពាម​មួយ​នោះ មាន​ឈ្មោះថា «​ពាម​នាង​សែន​» បច្ចុប្បន្ន​អ្នកស្រុក​បាន​ហៅ​ក្លាយ​មកជា «​ពាមសែន​» ដែល​សព្វថ្ងៃ​វៀតណាម​ហៅថា  «​ដាយ​ង៉ា​យ​» ស្ថិតក្នុង​ឃុំ ឡុង ឌឹ​ក​(​មិន​ស្គាល់ឈ្មោះ​ជា​ភាសា​ខ្មែរ​) ស្រុក​អណ្ដូងទឹក ខេត្ត​ឃ្លាំង ។​

​លុះ​ធ្វើ​ពិធី​សែន​ព្រែ​ន​រួចហើយ សំពៅ​នាង​ច័ន្ទ ក៏​ធ្វើដំណើរ​ទៅមុខទៀត​រហូតដល់​ពាម​មួយទៀត នាង​ច័ន្ទ​បាន​យក​កន្ថោរ​មាស​មួ​យមក​លាង​ក្នុង​ទឹក​ព្រែក​នោះ ដោយ​ក្រសែ​ទឹក​ហូរ​ខ្លាំង​ធ្វើឱ្យ​កន្ថោរ​មាស​នោះ របូត​ពី​ដៃ​នាង​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​បាត់ទៅ ទើប​ពាម​នោះ អ្នកស្រុក​ឱ្យឈ្មោះ​ថា «​ពាម​កន្ថោរ​» អ្នកស្រុក​ហៅ​ក្លាយ​មកជា «​ពាម​ធរ​» ស្ថិតក្នុង​ឃុំ ដងក្ដោង ស្រុក​ព្រែក​គយ ខេត្ត​ឃ្លាំង​រហូតដល់​សព្វថ្ងៃនេះ ។ សំពៅ​របស់​នាង​ច័ន្ទ ក៏បាន​ធ្វើដំណើរ​ទៅមុខ​រហូតដល់​ពាម​មួយទៀត​ជា​ពាម ដែល​នាង​ធ្លាប់បាន​យល់​សុ​បិ​ន្ត​ពេល​នាង​សម្រាន្ត​លង់លក់ នៅ​ពាម​នាង​សែន​នោះ ។ ពេលនោះ ទឹករលក​ធំៗ បាន​បោកបក់​យ៉ាងខ្លាំង ធ្វើឱ្យ​នាង​ច័ន្ទ​មិន​ហ៊ាន​បរ​សំពៅ​កាត់​រលក​សមុទ្រ​នោះ ដើម្បី​ឆ្លងទៅ​ត្រើយម្ខាង​ទៀតឡើយ ដោយ​រងចាំ​ពេលដែល​រលក​សមុទ្រ​នោះ​ស្ងប់​ស្រាក់ស្រាន្ត​បន្តិច ទើប​បរ​សំពៅ​ឆ្លងកាត់​សមុទ្រ​ទៅ​ត្រើយ​ខាងកើត ដើម្បី​ចៀស​ផុតពី​ការ​តាម​សម្លាប់​របស់​ព្រះរាជា ។ ដោយ​ពាម​នោះ ជា​ពាម​ដែល​នាង​ច័ន្ទ ចត​សំពៅ​រងចាំ​នោះ​ហើយ ទើប​គេ​សន្មត​ពាម​នោះ​ថា​ជា «​ពាម​នាង​ច័ន្ទ​» ឬ «​ពាម​រងចាំ​» ដែល​ប្រជាពលរដ្ឋ​ខ្មែរក្រោម ហៅ​ក្លាយជា «​ពាម​ច័ន្ទ​» ស្ថិតក្នុង​ភូមិ​ពល​លាន ឃុំ​ស្វាត ស្រុក​ជ្រោ​យញ ខេត្ត​ឃ្លាំង មកដល់​សព្វថ្ងៃ ។​

​ជា​អកុសល​នៅពេល ដែល​កំពុង​រងចាំ​នោះ ទ័ព​ស្ដេច​ក៏​តាម​មក​ទាន់​  និង​សម្លាប់ នាង​ច័ន្ទ​នៅ​ទីនោះ​ទៅ ។ តែ​ចាស់​បុរាណ​ដែល​តំណាល​តៗ គ្នា​នោះ មិនបាន​បញ្ជាក់ថា ការសម្លាប់​នោះ ដោយ​វិធី​ណា និង​ព្រះរាជា​ជា​អ្នក​សម្លាប់​ដោយផ្ទាល់​ព្រះ​ហ​ស្ថ ឬ​យ៉ាងណា​នោះទេ ហើយក៏​មិនបាន​បញ្ជាក់ថា សម្លាប់​តែ​នាង​ច័ន្ទ ឬក៏​សម្លាប់​ទាំង​អ្នករួមដំណើរ ឬ​យ៉ាងណា​នោះឡើយ ។​

​ព្រឹទ្ធាចារ្យ​ចាស់ៗ បាន​ដំណាល​ទៀតថា ពេល​ទ័ព​ព្រះរាជា​បាន​តាម​មក​ទាន់ ហើយដោយ​នាង​ច័ន្ទ​ដឹងខ្លួន​ថា ពិតជា​ត្រូវស្លាប់​ហើយ​នោះ​  នាង​បាន​កាត់សក់​របស់​នាង​ផ្ញើ​នឹង​ផ្លែ​ពោត កាត់​សុដន់​ទាំង​គូ​ផ្ញើ​នឹង​ដើម​អ​ម្ពូ (​ដើម​អ​ម្ពូ​នេះ នៅ​កម្ពុជា មិនសូវ​ដែល​ឃើញ​មាន​ទេ តែ​រុក្ខជាតិ​ប្រភេទ​នេះ មាន​ដុះ​នៅ​កម្ពុជា​ក្រោម​យ៉ាងច្រើន​) កាត់​ភ្លៅ​ទាំង​គូ​ផ្ញើ​នឹង​ដើម​ចាក (​នៅ​កម្ពុជា​មិនសូវមាន​ឃើញ​ទេ ប៉ុន្តែ នៅ​កម្ពុជា​ក្រោម​មាន​យ៉ាងច្រើន​) កាត់​ក្រចក​ទាំង ១០ របស់​នាង ផ្ញើ​នឹង​សត្វ​ចាក់​ក្រ​ចាន់​(​ក្រចក​នាង​ច័ន្ទ​) និង​កោរ​រោម​យោនី​ផ្ញើ​នឹង​ជី​ម្អម ។ នេះ​មិនមែនជា​រឿង​ពិត​ទេ ប្រហែលជា​ក្នុងន័យ​ប្រៀបធៀប ចង់​សំដៅ​ពី​រូប​សម្ផស្ស​នាង​ច័ន្ទ​ទៅនឹង​សម្រស់​ធម្មជាតិ​ទាំងនោះ​គឺ​៖

១. សក់​របស់​នាង​ច័ន្ទ​មាន​ពណ៌​ទង់ដែង និង​មា​នស​សៃ​តូចឆ្មារ​ដូចជា​សក់ពោត ។​

២. សុដន់ នាង​ច័ន្ទ​មូល​ក្បំ​ដូចជា​ផ្លែ​អ​ម្ពូ ។​

៣. ភ្លៅ​របស់​នាង​ច័ន្ទ​មាន​រាង​តូច​ស្រ​ឡូ​ន​ដូចជា​ភ្លៅ​ចាក ។ ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅក្នុង​ភូមិសាស្ត្រ ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​របស់​នាង​ច័ន្ទ ដូចជា ភូមិ​បាយ​ឆៅ​  ពាម​នាង​សែន ភូមិ​ពាម​កន្ថោរ ជាដើម​ភាគច្រើន​ហៅ​ភ្លៅ​ចា​កថា​ភ្លៅនាង​ដូច្នោះ​ទៅវិញ ។​

៤. ក្រចកដៃ​របស់​នាង​ច័ន្ទ​វែង​ស្ដើង ដូច​សត្វ​ក្រចក​ចាន់​។​

៥. រោម​យោនី​របស់​នាង​ច័ន្ទ មាន​ក្លិនក្រអូប​ប្រហើរ​ដូចជា​ជី​ម្អម ។ ហេតុនេះហើយ ទើប​អ្នករៀន​សិ​ល្បិ៍​សាស្ត្រ មន្តអាគម អោម​អាម​នៅ​ដែនដី​កម្ពុជា​ក្រោម មាន​តំណម​មិន​បរិភោគ​ជី​ម្អម​ឡើយ ព្រោះ​គេ​សម្គាល់ថា ជី​ម្អម គឺជា​រោម​យោនី​របស់​នាង​ច័ន្ទ ក៏ដូចជា​អ្នករៀន​សិ​ល្បិ៍​សាស្ត្រ មន្តអាគម អោម​អាម នៅ​កម្ពុជា​មិន​ទទួលទាន​ជី​ម្អម​ដោយ​សម្គាល់ថា រោម​យោនី​របស់​នា​ងក​ង្រី​ដូច្នេះ​ដែរ ។​

ងាក​មក​មើល​វាសនា​ព្រា​ហ្ម​បុរោហិត​ទាំង ៤ និង​អ្នកបម្រើ​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ទាំង ២ ដែល​ផ្ដល់ព័ត៌មាន​សម្ងាត់​ដល់​នាង​ច័ន្ទ និង​ណែនាំ​ផ្លូវ​ឱ្យ​នាង​ច័ន្ទ​ចាក​ចេញពី​ព្រះបរមរាជវាំង​វិញ​  តើ​នឹង​ទៅជា​យ៉ាងណា​?

ក្រោយពី​ព្រះរាជា បាន​ស្រាវជ្រាវ​ទ្រង់​ជ្រាបថា អ្នកផ្ដល់​ផែនការ​សម្ងាត់​របស់​ព្រះអង្គ​ដល់​នាង​ច័ន្ទ គឺ​បុរោហិត​ទាំង ៤ គឺ​តា​ទាវ តា​អណ្ដើក (​តា​ដើ​ក​) តា​ឃ្វិច​  និង​តា​កាន់ ព្រមទាំង​ស្ត្រី​អ្នកបម្រើ​  រូប គឺ ដូន​ទ្រូ និង​ដូច​អ៊ុយ នោះមក ព្រះរាជា​ក៏មាន​ផែនការ​សម្លាប់​អ្នក​ទាំង ៦ នោះ​ទៀត ។ ក្រោយពី​ដឹងថា ព្រះរាជា​មាន​ផែនការ នឹង​សម្លាប់​ពួកខ្លួន​ហើយ អ្នក​ទាំង​៦​នោះ​ក៏បាន​ភៀសខ្លួន​រត់ទៅរក​ទី​សុវត្ថិភាព​រៀងខ្លួន ដោយ​៖

១. បុរោហិត​ឈ្មោះ​ទាវ បាន​រត់​ភៀសខ្លួន និង​បន្លំ​ខ្លួន​ជា​កសិករ និង​កសាង​ជា​ភូមិករ នៅក្នុង​ភូមិ​មួយ​ដែល​សព្វថ្ងៃ​ហៅថា «​ភូមិ​តា​ទាវ​» ស្ថិតក្នុង​ឃុំ​តា​ទាវ ដែល​ភាសា​វៀតណាម ហៅថា «​ខា​ញ់​ហ្វា​» ក្នុងស្រុក​ជ្រោ​យញ ។​

២. បុរោហិត​ឈ្មោះ​អណ្ដើក បានមក​លាក់ខ្លួន​ជា​កសិករ​កសាង​ភូមិ​មួយ​ឈ្មោះ «​ភូមិ​តា​ដើ​ក​» ស្ថិតក្នុង​ឃុំ​ស្វាត ដែល​វៀតណាម​ហៅថា «​ឡាក​ហ្វា​» នៅក្នុង​ស្រុក​ជ្រោ​យញ សព្វថ្ងៃ ។​

៣. ស្ត្រី​អ្នកបម្រើ​ឈ្មោះ​ទ្រូ បាន​ទៅ​បន្លំ​ខ្លួន​ជា​កសិករ​នៅ​ភូមិ​មួយ​ដែ ល​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ខ្មែរក្រោម បាន​ហៅ​ភូមិ​នោះ​ថា «​ភូមិ​ដូន​ទ្រូ​» ដែលមាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ ខាងជើង​ទីប្រជុំជន​ស្រុក​ជ្រោ​យញ ។​

៤. បុរោហិត​ឈ្មោះ​ឃ្វិច បាន​បន្លំ​ខ្លួន​ជា​កសិករ និង​បាន​កសាង​ជា​ភូមិ​មួយ ដែល​សព្វថ្ងៃ​ហៅថា​ភូមិ​តា​ឃ្វិច អ្នកខ្លះ​ហៅ​ក្លាយជា «​ភូមិ​តា​វិច​» ។​

៥. បុរោហិត​ឈ្មោះ​កាន់ ក៏បាន​កសាង​ភូមិ​ជាប់​គ្នា និង​ភូមិ​តា​ឃ្វិច​នោះដែរ ឈ្មោះ «​ភូមិ​តា​កាន់​» ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅ​ទីនោះ បានចាត់ទុក​ភូមិ​ទាំង ២ នេះ ទៅ​ឃុំ​តែមួយ ខ្មែរ​យើង​ហៅថា​ឃុំ តា​ឃ្វិច​តា​កាន់ វៀតណាម​ហៅថា «​ធ្វឹ​ង​ហ្វា​»  ហើយ​បច្ចុប្បន្ននេះ ភូមិ​ទាំង ២ នេះ​ក៏​ក្លាយជា​ទីរួមស្រុក ជុំ​ក្រុង ដែល​វៀតណាម​ហៅថា «​ចូ​វ​ថា​ញ់ » មាន​ចម្ងាយ​ពី​ទីក្រុង​ឃ្លាំង​ប្រមាណ ១៤ គីឡូម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ អា «​ទឹកខ្មៅ​-​ព្រៃនគរ​» ។​

៦. ឯ​ស្ត្រី​អ្នកបម្រើ​ម្នាក់ទៀត ឈ្មោះ «​អ៊ុយ​» បាន​ទៅ​កសាង​ភូមិ​មួយ នៅ​ជិត​ភូមិ​បឹង​ខ្យង ដែល​ភូមិ​នេះ អ្នកស្រុក​ហៅ​ភូមិ «​ដូន​អ៊ុយ​» ប្រហែលជា​ពាក្យ​ហៅ​ក្លាយ​ពី​ពាក្យ «​ស្នាដៃ​ដូន​អ៊ុយ​» ស្ថិតក្នុង​ស្រុក​កំពង់ធំ ដែល​វៀតណាម​ហៅថា «​មី​ទូវ​»​។​

ដោយ​ភូមិសាស្ត្រ​ទាក់ទង​នឹង​រឿង​នាង​ច័ន្ទ​ទាំងអស់ គឺ​ស្ថិត​នៅតែ​ក្នុង​ខេត្ត​ឃ្លាំង ដោយ​ពុំមាន​ទំនាក់ទំនង​ដល់​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្ត​នេះ ដូចជា ខេត្ត​ពល​លាវ ខេត្ត​ព្រែក​ឬ​ស្សី និង​ខេត្ត​ព្រះ​ត្រពាំង ជា​ផង​ទេ​។ ដូច្នេះ​យើង​សន្និដ្ឋានបានថា ពេលនោះ​ព្រះរាជា​ទ្រង់​គង់នៅ​ក្នុង​ទឹកដី​ខេត្ត​ឃ្លាំង​តែម្ដង ព្រោះ​នៅ​ខេត្ត​ឃ្លាំង មាន​ភូមិ​មួយ​ឈ្មោះ​ភូមិ «​ប្រាសាទ​គង់​» ដែល​ព្រឹទ្ធាចារ្យ​បាន​ដំណាល​ថា​ពាក្យ «​ប្រាសាទ​គង់​» ក្លាយ​មកពី​ពាក្យ​ថា «​ប្រាសាទ​ស្ដេច​គង់​»  ដូច្នេះ មុននឹង​កើតឡើង​នូវ​រឿងរ៉ាវ​របស់ «​នាង​ច័ន្ទ​» នេះ គឺ​ព្រះរាជា និង​នាង​ច័ន្ទ​ព្រមទាំង​ព្រះ​ញាតិវង្ស និង​ស្រីស្នំ​ដទៃទៀត​ទ្រង់​គង់នៅ និង​ស្នាក់​ក្នុង​ប្រាសាទ​ដែលមាន​ឈ្មោះ «​ប្រាសាទ​គង់​» នេះឯង ។​

ភូមិ​ប្រាសាទ​គង់ សព្វថ្ងៃ​ស្ថិតនៅក្នុង​ឃុំ​កំពង់​ដូង វៀតណាម ហៅថា «​ថឹ​ម​ដូង​» ក្នុងស្រុក​បាយ​ឆៅ ឆ្ងាយ​ពី​ទីប្រជុំជន​ស្រុក​បាយ​ឆៅ​ប្រមាណ​ជា ១២ គឺ​ឡូ​ម៉ែត្រ ។​

យើងខ្ញុំ​សូម​អភ័យទោស ចំពោះ​ព្រះករុណា​គ្រប់​ព្រះអង្គ និង​ជនរួមជាតិ​ចំ ពោះ​ការសរសេរ​ប្រវត្តិ​នាង​ច័ន្ទ​នេះ ក្រែង​ពុំបាន​ត្រឹមត្រូវ លើសលោះ​ខ្វះខាត ដោយ​ប្រការ​ណាមួយ ព្រោះ​ការសរសេរ​នេះ ពុំមាន​ឯកសារ​ណាមួយ ដើម្បី​យោង​ឡើយ គឺ​សរសេរ​ទៅតាម​ការ​ដំណាល​របស់​ព្រឹទ្ធាចារ្យ​ខ្មែរក្រោម ដូចជា ព្រះ​តេ​ជៈ​ព្រះ​គុណ​  ឡឹម ខែ អតីត​ពហុ​សូត្រ វត្ត​ហ្លួង​បាសាក់​បាយ​ឆៅ ខេត្ត​ឃ្លាំង បច្ចុប្បន្ន​ជា​ព្រះចៅអធិការ​វត្ត «​នគរ​ខ្មែរ​» ទីក្រុង​សាន់​ប៊ែ​រណា​ឌី​ណូ រដ្ឋការ​លី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក និង​លោក តាំង សារៈ អតីត​ព្រះ​ធម្មាចារ្យ​វត្ត​ទេពា​រាម​ព្រៃ​ជាប់ ខេត្ត​ឃ្លាំង បច្ចុប្បន្ន​ប្រធាន​សហព័ន្ធ​ខ្មែរក្រោម តំបន់​ព្រះរាជាណាចក្រ​ក​ម្ពុ​ជា ជាដើម​តែប៉ុណ្ណោះ ៕​