ដោយ សារព័ត៌មាន ព្រៃនគរ
រាជធានីភ្នំពេញ ៖ លោកហ្វីលីព សត (Philip Short) អ្នកជំនាញការខាងខ្មែរក្រហម ជាជនជាតិអង់គ្លេស នៅថ្ងៃអង្គារ ទី ០៧ ខែឧសភា នេះ បានបន្តពិពណ៌នា អំពីទំនាក់ទំនងរវាងកងទ័ពកុម្មុយនិស្តខ្មែរក្រហម ជាមួយកងទ័ពកុម្មុយនិស្តវៀតណាមក្នុងអំឡុង ទសវត្ស ១៩៧០ ។
លោកបានប្រាប់ អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហមថាកងទ័ពវៀតណាម បានជួយបង្វឹកកងទ័ពខ្មែរក្រហមនៅក្នុងព្រៃ ។
លោក លោកហ្វីលីព សត ថ្លែងថា៖ «ពួកកងទ័ពវៀតណាមមានផលប្រយោជន៍មួយក្នុងកិច្ចការ នៃបក្សកុម្មុយនិស្តកម្ពុជា គឺជាការមិនអាចប្រ កែកបាន»។

លោកហ្វីលីព សតបានបន្ថែមទៀតថា៖ «ពួកកងទ័ពវៀតណាមបានទទួលខុសត្រូវយ៉ាងទូលំទូលាយ ក្នុងការបំពាក់អាវុធ និងបង្វឹកកងទ័ពរំដោះគឺជាការមិនអាចប្រកែកបាន»។
លោក Philip Short អាយុ ៦៨ឆ្នាំគឺជាអតីតអ្នកកាសែតឲ្យវិទ្យុ BBC និងជាអ្នកនិពន្ធសៀវភៅ និងជីវប្រវត្តិបុគ្គលជាច្រើន ។
លោករៀបរាប់ថា នៅពេលដែលរបបលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចន រោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០ ពួកខ្មែរក្រហមមានកងទ័ពត្រឹមតែ ២.០០០នាក់តែប៉ុណ្ណោះ ។
លោកឆ្លើយ ទៅនឹងសំណួររបស់តំណាងសហព្រះរាជអាជ្ញាថា ទំនាក់ទំនងរវាងពួកខ្មែរក្រហម លេចចេញជាបញ្ហានៅឆ្នាំ ១៩៧២ ។
លោក ថ្លែងថា៖ «ម្យ៉ាងគឺគណបក្សកុម្មុយនិស្តខ្មែរ សប្បាយចិត្តមែនទែន ដោយបានវៀតណាមជួយពួកគេក្នុងការតស៊ូដើម្បីរំដោះប្រទេសកម្ពុជា ។ ម្យ៉ាងទៀត ពួកខ្មែរកុម្មុយនិស្តចង់ទទួលខុសត្រូវ លើការតស៊ូរបស់ពួក គេ ។ ដូច្នេះ អ្វីដែលពួកវៀតណាមបានធ្វើធ្វើឲ្យពួកខ្មែរក្រហមគិតថា វៀត ណាមនៅតែចង់ធ្វើជាម្ចាស់ លើពួកគេដែលជាការមួយ មិនអាចទទួលយកបានជាដាច់ខាត»។

កាលពីថ្ងៃច័ន្ទ ទី ០៦ ខែឧសភាសប្ដាហ៍នវ លោក Short បានរៀបរាប់ថាពួកខ្មែរក្រហមបានធ្វើការសម្រេចចិត្តមួយចំនួនប្រកបដោយការផ្តាច់ការតាមលំនាំគណបក្សកុម្មុយនិស្ត នៅប្រទេសចិន ជាពិសេសទាក់ទងទៅនឹងការសម្លាប់កម្មាភិបាលផ្ទៃក្នុង ដើម្បីធ្វើការបោសសម្អាតក្នុងជួរបក្ស ។
អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហម ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ កំពុងតែដំណើរការកាត់ទោស មេដឹកនាំខ្មែរក្រ ហមពីររូប គឺ នួន ជា និង ខៀវ សំផន នៅរាជធានីភ្នំពេញ ។
ក្រុមខ្មែរក្រហម បានចូលដណ្ដើមអំណាចពីក្រុមសាធារណរដ្ឋខ្មែរ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ចំណែក យួនក្រហម ឬ យួនុម្មុយនិស្តបានចូលដណ្ដើមអំណាច ពីក្រុមសាធារណរដ្ឋ វៀតណាមវៀតណាមខាងត្បូងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ដូចគ្នា ៕