ដោយ លី ឈូន
ក្នុងវេទិកាពិភាក្សា ស្ដីពី «ស្ថានភាពសិក្សារបស់ព្រះសង្ឃ និងសិស្សានុសិស្សខ្មែរក្រោម! ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវិដ-១៩ រៀបចំដោយបណ្ដាញព័ត៌មានខ្មែរក្រោម មួយឈ្មោះ Khmer K21(ខ្មែរក្រោម ២១ ខេត្ត/ក្រុង) នៅថ្ងៃទី ១៧ កក្កដា សប្តាហ៍កន្លទៅនេះ តំណាងអង្គភាព Khmer K21 អះអាងថា ពួកគេ នឹងអាចផ្គត់ផ្គង់បណ្ដាញ និងផ្នែកបច្ចេកទេស ដើម្បីជួយបង្ហាញ ពីរបៀបបង្រៀនតាមប្រព័ន្ធអនឡាញ ដល់ព្រះសង្ឃ និងសិស្សានុសិស្សខ្មែរក្រោម នៅកម្ពុជាក្រោម បើប្រសិនជាពួកគាត់ត្រូវការជំនួយ ។ ការលើកឡើងនេះ បន្ទាប់ពីព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោម កំពុងខ្វល់ខ្វាយ ពីការខាតបង់ពេលវេលាសិក្សា ព្រោះតែជំងឺ Covid-19 កំពុងតែវាយលុក នៅដែនដីកម្ពុជាក្រោម ។ ពលរដ្ឋខ្មែរជាច្រើន សាទរនូវការសំរេចចិត្តរបស់ក្រុមការងារ Khmer K21 ដែលមានទីតាំងនៅប្រទេសកម្ពុជា ក្នុងការជួយកាត់បន្ថយការខាត់បង់កម្មវិធីសិក្សារបស់ពលរដ្ឋខ្មែរក្រោម ។

ភិក្ខុសង្ឃខ្មែរក្រោមមួយព្រះអង្គ ព្រះនាមថាច់ សុជាតិ ជាសមណសិស្សកំពុងការសិក្សា នៅវត្តសត្ថារាមកំពង់សាលា ក្នុងនិគមថ្កូវ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ កាលពីថ្ងៃទី ១៧ កក្កដាកន្លងនេះថា រដូវចូលវស្សាឆ្នាំនេះ ព្រះអង្គមិនបាននិមន្តទៅវត្តកំណើត ដើម្បីធ្វើកិច្ចវត្តព្រះឧបជ្ឍាយ៍ តាមទម្លាប់នោះទេ ក៏ព្រោះតែជំងឺកូវីដ-១៩ បៀតបៀន៖ «គណៈសង្ឃយើង បានប្រកាសថា កុំឲ្យព្រះសង្ឃនិមន្តទៅវត្តកំណើតយកកិច្ចវត្ត ក៏ប៉ុន្តែពីថ្ងៃមិញនេះ ឃើញ គ្រូៗ តាមវត្តមួយអង្គៗ និមន្តទៅ គឺព្រះចៅអធិការនិមន្តទៅធ្វើកិច្ចវត្តព្រះឧបជ្ឈាយ៍ ជាតំណាងឲ្យព្រះសង្ឃទាំងអស់នៅក្នុងវត្តនិមួយៗ ពោលគឺព្រះចៅអធិការទៅធ្វើកិច្ចវត្តព្រះឧបជ្ឈាយ៍ ជំនួសព្រះភិក្ខុ សាមណេរ នៅតាមវត្តរៀងៗ វត្ត» ។
ស្រដៀងគ្នានេះដែរ ព្រះធម្មាចារ្យមួយព្រះអង្គព្រះនាម គីម សុរិន្ទ គង់នៅវត្តអារុណរង្សីចាក់អាក្រោង ក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង ព្រះអង្គលើកឡើងក្នុងវេទិកា ស្ដីអំពីការសិក្សារបស់ព្រះសង្ឃខ្មែរក្រោម ក្នុងសម័យកូវិដ-១៩ ដែលរៀបចំឡើងដោយអង្គភាព Khmer K21 ថា សិស្សានុសិស្សជាកូនចៅខ្មែរក្រោម ដែលតែងតែរៀនភាសាខ្មែរតាមវត្តអារាម នាពេលសាលារដ្ឋវិស្សមកាល ៣ ខែនោះ ឆ្នាំនេះមិនបានសិក្សាទេ ព្រោះតែជំងឺកូវីដ-១៩ រាតត្បាត ។
ព្រះធម្មាចារ្យអង្គនេះ បន្តថា ចំណែកការសិក្សាវិស័យពុទ្ធិករបស់ព្រះសង្ឃ តាមវត្តវិញ នៅតែបន្តកិសិក្សាដោយស្ងៀមស្ងាត់ដដែល បើទោះបីមានបម្រាមពីអាជ្ញាធរ និងសាលាគណក៏ដោយ ព្រោះថា ព្រះសង្ឃដែលរៀនតាមវត្តនោះ រាល់ថ្ងៃព្រះអង្គបានការពារខ្លួន ពីការបៀតបៀនជំងឺកូវីដ-១៩ ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៖ តាមស្ថានភាពបច្ចុប្បន្ន គឺនៅក្នុងខេត្តរបស់អាត្មាហ្នឹងការសិក្សារបស់ក្មេងប្រហែលជាវ៉ាកងហ្នឹង គ្នាមិនបានរៀនរហូតហើយ ចំពោះព្រះសង្ឃនៅរៀនធម្មតា ដោយអាស្រ័យថា ព្រះសង្ឃហ្នឹងគឺព្រះអង្គសំណាក់ នៅក្នុងវត្តស្រាប់ គ្រាន់តែមាននិមន្តចេញ ចូលពេលបិណ្ឌបាតអី អីចឹង» ។
ការលើកឡើងមកនេះ បន្ទាប់ពីសាលាអនុគណស្រុកថ្កូវ ខេត្តព្រះត្រពាំង ជូនដំណឹងសារជាថ្មី យោងតាមប្រកាសរបស់សាលាគណខេត្តព្រះត្រពាំង ដែលមានកាលបរិច្ឆេទចុះផ្សាយ នៅថ្ងៃទី ២១ ខែមិថុនា ស្ដីអំពីការអនុវត្ត និងបង្ការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ យោងតាមសេចក្ដីណែនាំរបស់គណៈកម្មាធិការខេត្តព្រះត្រពាំង ចុះថ្ងៃ ៣១ ខែឧសភាកន្លងទៅនេះ ។
ក្នុងសេចក្តីប្រកាស ស្តីពីវិធានការបង្ការទប់ស្កាត់នេះ ចែងថា ទី ១. ត្រូវផ្អាក់រាល់កសកម្មភាពកិច្ចការសាសនាទាំងក្នុងវត្តអារាម និងតាមគេហដ្ឋានពុទ្ធបរិស័ទ ។ ទី ២. ក្នុងថ្ងៃឧបោសថសីលពុទ្ធបរិស័ទ គ្រាន់តែយកចង្ហាន់ទៅវត្តរួចត្រឡប់ទៅផ្ទះវិញ ដោយមិនត្រូវមានកម្មវិធីជួបជុំអ្វីផ្សេង ដូចជាសមាទានសីលជាដើមឡើយ ។ ទី ៣. រាល់កម្មវិធីពុទ្ធិកសិក្សា និងខេមរភាសា (កម្មវិធីបំពេញវិជ្ជាភាសាខ្មែរ ដល់ពលរដ្ឋខ្មែរក្រោម តាមវត្តអារាម) ត្រូវសម្រាកមួយរយៈកាល និងហាមសមណសិស្សគ្រប់ព្រះអង្គមិនឲ្យវិលទៅវត្តកំណើតរបស់ខ្លួន ក្នុងដំណាលកូវិដ-១៩ នេះឡើយ និងទី ៤. ត្រូវអនុវត្តឲ្យបានល្អនូវរាល់សេចក្ដីប្រកាស សេចក្ដីជូនដំណឹង របស់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ទាក់ទងទៅនឹងការបង្ការ ការពារជំងឺខូវីដ-១៩ ។
រយៈពេលប្រមាណជាមួយខែមកនេះ ជំងឺកូវីដ-១៩ បានផ្ទុះស្ទើរគ្រប់ទិសទី នៅប្រទេសវៀតណាម ពិសេសនៅទីក្រុងព្រៃនគរ នៃតំបន់កម្ពុជាក្រោម ធ្វើឲ្យអាជ្ញាធរវៀតណាម ត្រូវបិទគោចរនៅតំបន់ខ្លះទៀត មិនឲ្យឆ្លងពីខេត្តមួយទៅខេត្តមួយ ឬ ឆ្លងភូមិស្រុកឡើយ ។
ឆ្លើយតបនឹងកង្វល់អំពីភាពខាតបង់ នៃការសិក្សារបស់ព្រះសង្ឃ និងសិស្សានុសិស្សខ្មែរក្រោមនេះ លោក សារ មោរ៉ា ជាវាគ្មិនម្នាក់ ក្នុងវេទិកាពិភាក្សា ដែលរៀបចំដោយ អង្គភាព Khmer K21 លើកឡើងថា សម័យនេះ បច្ចេកវិទ្យាជឿនលឿនណាស់ ទោះបីជាសិស្សនុស្សិត មិនបានទៅរៀននៅសាលារៀនផ្ទាល់ ក៏គេអាចបង្រៀនតាមប្រព័ន្ធអនឡាញបានដែរ ។ ប៉ុន្តែ សម្រាប់សមណសិស្ស-សិស្ស ដែលកំពុងសិក្សានៅតាមវត្តអារាមខ្មែរ នៅកម្ពុជាក្រោម មិនទាន់មានកម្មវិធីរៀបចំបង្រៀនតាមប្រព័ន្ធអនឡាញនេះ នៅឡើយទេ ។ លោក សារ មោរ៉ា អះអាងថា អង្គភាព Khmer K21 នឹងជួយជ្រោមជ្រែងបង្ហាញពីរបៀបការសិក្សាតាមប្រព័ន្ធអនឡាញ និងការជួយផ្គត់ផ្គង់កម្មវិធី សម្រាប់រៀន និងបង្រៀនតាមប្រព័ន្ធអនឡាញនេះ ៖ សម័យនេះ គឺជាសម័យមួយ ដែលគេប្រើប្រាស់បណ្ដាញសង្គមខ្លាំង យើងអាចរៀបចំកម្មវិធីហ្នឹងបង្រៀនកម្មវិធីហ្នឹង ពីចម្ងាយទៅដល់យុវជនយើងបាន ហើយនៅពេលដែលព្រះតេជគុណ ព្រះសង្ឃយុវជនយុវតីយើងគាត់មានចំណាប់អារម្មណ៍ គាត់អាចរៀនសូត្រចេះដឹងហើយ គាត់អាចយកចំណេះដឹងហ្នឹងទៅបង្រៀនបន្ត ទៅដល់ព្រះតេគុណគ្រប់ព្រះអង្គ ក៏ដូចជាយុវជនសិស្សានុសិស្ស នៅដែនដីកម្ពុជាក្រោមបាន ។ អីចឹងខាង K21 ក្រុមយុវជនយើងអាចចូលរួមជួយចែករំលែកនូវចំណេះដឹងមួយនេះ ប្រគេនទៅដល់ព្រះតេជគុណ ក៏ដូចជាយុវជនយើងបាន» ។
ការសិក្សាបន្ថែមនូវមុខវិជ្ជាខេមរភាសាតាមវត្តអារាម របស់កូនចៅសិស្សានុសិស្សខ្មែរ នៅកម្ពុជាក្រោម ឆ្នាំនេះ ត្រូវផ្អាកទាំងស្រុង ។ ចំពោះវិស័យពុទ្ធិកសិក្សាតាមវត្តអារាមវិញ នៅតែបន្តការសិក្សាដោយស្ងៀមស្ងាត់ដដែល ព្រោះព្រះសង្ឃគង់នៅក្នុងវត្តនីមួយៗ ជាធម្មតាព្រះអង្គ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់វិធានការការពារជំងឺកូវីដ-១៩ តាមដែលក្រសួងសុខាភិបាលបានណែនាំ ។
វិស័យពុទ្ធិកសិក្សារបស់ព្រះសង្ឃខ្មែរក្រោម តាមវត្តអារាមនានា ជាសាលាឯកជននោះ បានរៀបចំឡើងតាមទំនៀមទម្លាប់ខ្មែរដោយខ្មែរក្រោមខ្លួនឯង មិនមានការទទួលស្គាល់តាមផ្លូវច្បាប់ ពីរដ្ឋាភិបាលវៀតណាម នោះទេ ។ ចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទៀតសោទ ភាគច្រើនពួកគាត់មិនបានឆ្លងកាត់ជំនាញគរុកោសល្យចេញពីសាលារដ្ឋដែរ លោកគ្រូ អ្នកគ្រូ ទាំងនោះ ពួកគាត់បង្រៀនតាមវិជ្ជាជីវៈ ចំណេះដឹងដែលខ្លួនបានចេះចាំពីលោកគ្រូ អ្នកគ្រូមុនៗ ចំលងទុកឲ្យជាកេរតែប៉ុណ្ណោះ ៕