ទស្សនៈ​ក្នុង​ប្រស្នា​ខ្លះ​នៃ​បុណ្យចូលឆ្នាំថ្មី​

១. ទេពធីតា ៧ អង្គ​គឺជា​និមិត្តរូប​នៃ ទេវធម៌ ៧ ប្រការ គឺ សទ្ធា ការជឿ​កម្ម​ល្អ​-​អាក្រក់ និង​ផល​ល្អ​-​អាក្រក់​ជាដើម ១ , សីល ការរក្សា​ក្រមសីលធម៌​មាន​សីល ៥ ជាដើម ១, សុតៈ ការសិក្សា​សូត្រ និង​ស្តាប់​យោបល់​ច្រើន ១, ចាគៈ ការលះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ដើម្បី​ផលប្រយោជន៍​ជា​អាទិភាព​ច្រើនជាង​ការលះបង់​ផលប្រយោជន៍​រួម ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ១, បញ្ញា ការចេះដឹង​ខ្ពង់ខ្ពស់ ប្រាជ្ញា​វាងវៃ ១, ហិរិ ការ​ខ្មាស​បាប​ជាង​ខ្មាស​អ្នកដទៃ ១, ឱត្តប្បៈ ការខ្លាច​បាប​លើស​ខ្លាច​រឿងអាស្រូវ ១ ។ កាលបើ​បុគ្គល​ណាមួយ​រក្សា​ទេវធម៌​គឺ​ធម៌​ដែល​ទេវតា​តែង​រក្សា​ខ្ជាប់​ទាំង ៧ ប្រការនេះ ទោះបី​អ្នក​មិនបាន​អុជ​ធូប​បួងសួង​ឲ្យ​ទេវតា​ជួយ​ថែរក្សា​ក៏ដោយ ក៏​ទេវធម៌​ទាំងនោះ​រក្សា​បុគ្គល​នោះ​ឲ្យ​ឋិត​ក្នុងឋានៈ​ជា​មនុស្ស​ទេ​វោ គឺ​មនុស្សទេព ដែលមាន​សភាព​រុងរឿង​ប្រសើរ​ដោយ​គុណធម៌​ដូច​ទេវតា​នា​ឋានមនុស្ស​លោក​ពិត ៗ ពោលគឺ​មនុស្ស​រាល់គ្នា​សុទ្ធ​តែមាន​សមត្ថភាពរ​ក្សា​ធម៌​ទេវតា ឲ្យ​ក្លាយជា​មនុស្ស​ទេវតា​ទាំង​ភ្នែក​ស្រស់​ដ៏​គំរូ​ក្នុងសង្គម​មនុស្ស ដោយ​មិនបាច់​អង្វរករ​ហៅរក​ទេវតា​ដែល​មិនដឹង​នៅ​ទិស​តំបន់​ណា​ឲ្យ​មកជួយ​រក្សាខ្លួន​ជំនួស​ខ្លួន ។​

ន័យ​មួយទៀត​ទេពធីតា​ទាំង ៧ អង្គ​គឺ​សំដៅ​ថ្ងៃ​ទាំង ៧ ក្នុង ១ សប្តាហ៍​ន័យ​នេះ​បង្កប់​ការអប់រំ​ឲ្យ​ជន​ទាំងឡាយ​រស់នៅក្នុង​លោក​នេះ ត្រូវ​រក្សា​ព្រហ្ម​វិ​រ​ធម៌​ទាំង ៤ ឲ្យ​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ថ្ងៃ​ក្នុង​ស​ប្ហា​ហ៍ ប្រចាំជីវិត ដើម្បី​សុខសន្តិភាព ប្រែ​ថា បើ​មនុស្ស​រក្សា​ព្រហ្ម​វិហារធម៌​ទាំង ៤ ពេញលេញ​ក្នុង ១ សប្តាហ៍ ៧ ថ្ងៃ​ហើយ តើ​នៅមាន​ថ្ងៃ​ណា​អាក្រក់​អពមង្គល​ទៀត​នោះ ។ ថ្ងៃ​អពមង្គល​មានតែ​ថ្ងៃ​ណា​ដែល​មនុស្ស​បោះបង់​ព្រហ្ម​វិហារធម៌​ចោល​តែប៉ុណ្ណោះ ព្រោះ​វា​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​និង​សង្គម ទើប​មាន​ពាក្យ​ថា បើ​បោះ​ព្រះ​សីសៈ​ព្រហ្ម​នៅទីណា​ផ្លើ​ង​ឆេះ​នៅ​ទីនោះ គឺ​បាន​ដល់​ភ្លើង​ជម្លោះ ភ្លើងសង្គ្រាម ភ្លើង​ច្រណែន ភ្លើង​ប្រចណ្ឌ​ជាដើម ។​
២. កបិល​មហាព្រហ្ម គឺ​និមិត្តរូប​នៃ​ព្រហ្ម​វិហារធម៌ ។ ពាក្យ​ថា​កុំ​ឲ្យ​បោះបង់​សិរសារ​ព្រហ្ម​ចោល នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ទឹក ឆេះ​ផែនដី ឆេះ​អាកាស​នោះ អ្នក​ប្រ​ជ្ញា​គប្បី​យល់ថា ជាការ​ដាស់តឿន​ក្រើនរំឭក​កុំ​គប្បី​បោះបង់​ព្រហ្ម​វិហារធម៌​ទាំង ៤ ចោល នាំ​ឲ្យ​មាន​ភ្លើង​សង្គ្រាមលោក​ដ៏​ធំ​កើតឡើង​ប្រល័យ​លោក​ទាំងមូល​ឲ្យ​អន្តរធាន ។ អត្ថ​ថាបើ​មនុស្សជាតិ​ទូទាំង​សកល​មិនមាន​ព្រហ្ម​វិហារធម៌ គឺ​មេត្តា ករុណា មុទិតា ឧបេក្ខា នឹង​កាប់សម្លាប់​បាញ់ប្រហារ​គ្នា​ទាល់តែ​វិនាស​រៀង ៗ ខ្លួន ។​

៣. សិរី ៣ ប្រការ​គឺ ទី ១ ពេលព្រឹក​សិរី​ឋិត​នៅត្រង់​មុខ ។ គប្បី​យល់​ពាក្យ​ថា​មុ​ខៈ ប្រែ​ថា​មាត់​, មាត់​ជា​ឧបករណ៍​សម្រាប់​ពោល​បញ្ចេញ​នូវ​វាចា​, ឯ​វាចា​ដែល​នាំ​ឲ្យ​អ្នក​ពោល​មាន​សិរី បាន​ដល់​វចីសុចរិត ៤ ប្រការ គឺ​ការ​ពាល​ដោយ​វៀរចាក​ការនិយាយ​កុហក បោកប្រាស់ មួលបង្កាច់ បំផ្លើស​បំភ្លៃ​បង្ខុស​ការពិត​ដោយ​បំណង​អាក្រក់ ១, វៀរចាក​ការនិយាយ​ញុះញង់​បំបែកបំបាក់​សាមគ្គី​សង្គម​គ្រួសារ សង្គមជាតិ សង្គម​លោក ១, វៀរចាក​ការនិយាយ​អាក្រក់​ជេរប្រមាថ បរិហារកេរ្តិ៍​បន្តុះបង្អាប់​បង្ខូចកេរ្តិ៍​ឈ្មោះ​អ្នកដទៃ ១, វៀរចាក​ការនិយាយ​ឡេះឡោះ​រោយរាយ​ឥតប្រយោជន៍ និយាយដើម​ដង្ហើម​ឫស​គ្នី​គ្នាឯង (​តាម​ការកត់សម្គាល់​ឃើញ​ថា អ្នកមាន​ជំងឺ​ចរិត​និយាយដើម​គេ ភាគច្រើន​តែងតែ​និយាយដើម​គ្នាឯង​) នាំ​ឲ្យ​មានការ​ប្រេះឆា​សៅហ្មង​អសោច​ជួជាតិ​ជាប់​ជា​ទម្លាប់​អាក្រក់​គួរ​ឲ្យ​ខ្ពើម​ក្នុងសង្គម ១ ។​

​ទី ២ ពេល​ថ្ងៃត្រង់​សិរី​ឋិត​នៅត្រង់​ដើមទ្រូង គឺ​សំដៅ​ដល់​បេះដូង​ដែល​នៅត្រង់​ទ្រូង​, គប្បី​យល់ថា បេះដូង​គឺ​ហទយវត្ថុ​, ហទយវត្ថុ​ជា​គុហា​នៃ​ចិត្ត ប្រែ​ថា​បេះដូង​ជាទី​អាស្រ័យ​នៃ​ចិត្ត ឬ​ចិត្ត​អាស្រ័យ​នៅ​បេះដូង ឬក៏​ចិត្ត​ឋិត​ក្នុង​ប្រអប់​បេះដូង មួយ​ទៀតថា​បេះ​ជា​លំនៅឋាន​នៃ​ចិត្ត (​វិសុទ្ធិមគ្គ​, ព្រះ​ពុទ្ធឃោសាចារ្យ​) ។ សេចក្តី​ត្រង់នេះ​ដៅ​ដល់​មនោ​សុចរិត ៣ គឺ​វៀរចាក​ចិត្ត​ដែល​គំនុំ​គុំ​គួ​ន​ចងអាឃាត​ព្យាបាទ ប៉ុនប៉ង​សម្លាប់​ជីវិត​ដទៃ ១, វៀរចាក​ការ​រំពៃ​ចង់បាន ចង់​លួច​ប្លន់​របស់ទ្រព្យ​ជា​កម្មសិទ្ធិ​របស់​អ្នកដទៃ ១, វៀរចាក​មិច្ឆាទិដ្ឋិ ការយល់​ខុស​អំពី​ការពិត​ដូច​យ៉ាង ម៉ែឪ​គ្មាន​គុណ ការ​ធ្វើបាប​មិនមាន​ផល​បាប ការធ្វើ​បុណ្យ​មិនមាន​ផល​បុណ្យ​ជាដើម ១ ។​

​ទី ៣ ពេលយប់​សិរី​សួស្តី​នៅត្រង់​ជើង​, គប្បី​យល់ថា​ជើង​ជា​អ​វយៈ​ខាងក្រោម​នៃ ក្នុងការ​ឈរ និង​ដើរ​គឺ​ដៅ​ដល់​ការ​សង្រួម​ជើង​មិន​ដើរលេង​យប់​ព្រលប់​ខុស​កាល​វេលា​ចោលផ្ទះ​សម្បែង​កូន​ប្រពន្ធ​ឬ​ប្តី​តាម​ការ​សេពគប់​មិត្ត​អាក្រក់ ស្វែងរក​ការសប្បាយ ច្រៀង​រាំ​ខារ៉ាអូខេ មហោស្រព ប្រមូល​ប្តុំ​គ្នីគ្នា​ហិតកាវ ជក់​ជួញ​គ្រឿងញៀន លេងបៀរ អាប៉ោង ល្បែងភ្នាល់​ផ្សេង ៗ ឬ​ដើរ​លួច​ប្លន់​ឆក់កណ្តៀត បង្ហោះ​បង្ហើរ​យានយន្ត​ម៉ូតូ​ហុងដា ស្រី​ញី​ស៊ីចាយ បង្កហេតុ​ការណ៍​អន្តរាយ​សន្តិសុខ​សណ្តាប់ធ្នាប់​ភូមិ ឃុំ ស្រុក ទេស ដែលជា​ហេតុ​នាំ​ឲ្យ​វិនាស​ហិនហោច​ទ្រព្យសម្បត្តិ សុខភាព ជីវិត និង​សុភមង្គល និង​នាំ​បណ្តាល​ឲ្យ​មាន​ជា​ទុក្ខទោស​ទណ្ឌកម្ម​ផ្សេង ៗ ដល់​ខ្លួន និង​ឪពុកម្តាយ បងប្អូន ប្តី​ប្រពន្ធ​កូនចៅ​ផៅសន្តាន សង្គម​ភូមិដ្ឋាន​អាប់ឱន​ចលាចល​ជាដើម ។ សម​ដូច​ពាក្យចាស់​ដាស់តឿន​កូនចៅ​ថា ហៃ​កូនចៅ​កុំ​ចចើង​ចូលចិត្ត​ចង់​ដើរលេង​យប់​ពេក ប្រយ័ត្ន “​ដើរ​យប់​ជាន់​ជើង​ចោរ​” ។ ពាក្យ​នេះ​ចង់​រំឭកស្មារតី​អ្នកដើរ​យប់​ថា ការដើរ​យប់​នេះ​មានទោស​ច្រើនណាស់ ជួនកាល​យើង​ដើរ​ដោយ​ស្មោះត្រង់​ទេ តែ​ជួន​ទទួល​ត្រង់​ពេល​ចោរលួច​ប្លន់​របស់ទ្រព្យ​គេ កំពុង​រត់គេចខ្លួន ម្ចាស់ទ្រព្យ​ឬ​នគរបាល​សន្តិសុខ​កំពុង​ដេញតាម​ចាប់ ឬ​ដេញតាម​បាញ់​ក៏​ប៉ះពារ​មកលើ​យើង​ក៏មាន ។ មិនតែប៉ុណ្ណោះ ក្នុង​សិង្គាល​ក​សូត្រ គម្ពីរ​ទីឃនិកាយ (​ត្រៃ​បិ​. ១៩, ទំ​. ៧១) ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា​អបាយមុខ​គឺប្រធាន ប្រភព​នៃ​ការ​ការវិនាស​អន្តរាយ​ទ្រព្យសម្បត្តិ​មាន ៦ យ៉ាង គឺ ១. ដើរ​ផឹកស្រា ២. ដើរលេង​យប់ ៣. ដើរ​មើល​មហោស្រព ៤. ដើរលេង​ល្បែងភ្នាល់ ៥. ដើរ​សេពគប់​មិត្ត​អាក្រក់ ៦. ខ្ជិល (​ដើរ​យប់​ឆ្អែត ថ្ងៃ​ដេក​ខ្ជិល​ធ្វើការ​) ។ បណ្តា​អបាយមុខ​ទាំង ៦ ប្រការ​នោះ ត្រង់​ប្រការ​ទី ២ គឺ​ការដើរ​លែង​យប់​ដែល​ព្រះពុទ្ធ​ទ្រង់​ហៅថា “​ការ​ត្រាច់​ទៅតាម​ច្រកល្ហក​ខុស​កាល ប្រជា​ធាន​នៃ​សេចក្តី​វិនាស​ភោគៈ វិកាល​វិ​សិខា​ចរិយា​នុ​យោ​គោ ភា​គា​នំ អបាយ​មុ​ខំ​” មានទោស ៦ យ៉ាង​គឺ​

១. មិន​គ្រប់គ្រង មិន​ថែរក្សា​ខ្លួន គឺ​ញៀន​ញ៉ាម​នឹង​ដើរលេង​យប់​ឈប់​លែង​បាន​ដូច​ពាក្យចាស់​ថា “​ដើរ​យប់​យូរ ៗ ស្មៅ​តោង​ជើង​” ។ ទោស​យ៉ាង​ស្រាល​បំផុត​ក៏​នាំ​ឲ្យ​ខូចសុខភាព​, ទោស​យ៉ាង​ធ្ងន់​គឺ​បណ្តោយ​ខ្លួន​ឲ្យ​មាន​ជំងឺ​រោគ​កាច​សាហាវ​ស្លាប់​បង់ជីវិត​និង​ឆ្លង​ដល់​កូន​ប្រពន្ធ ។ ស្តាប់បង្គាប់​ជឿ​ងប់ងុល​តែ​មិត្តភក្តិ​អាក្រក់​រើ​លែងរួច ជាហេតុ​បណ្តាល​ឲ្យ​ធ្លាក់ខ្លួន​ក្នុង​ផ្លូវ​ងងឹត​លែង​ធ្វើ​ម្ចាស់ការ​លើ​ខ្លួនឯងបាន ។​

២. មិន​គ្រប់គ្រង មិន​ថែរក្សា​ប្រពន្ធ​កូន គឺ​បណ្តោយ​ឲ្យ​ប្រពន្ធ​កូនរង​ទុក្ខ​ទឹកភ្នែក​ជូត​ក្បាលជង្គង់ បាត់​ភាពកក់ក្តៅ មានតែ​ភាព​ត្រជាក់រ​ងារ​កំព្រា​ឯកា​កម្សត់​តោកយ៉ាក​លំបាកលំបិន​គ្មាន​ទីពឹងពាក់​ពំនាក់​អាស្រ័យ ក្លាយទៅជា​ប្តី ជា​ឪពុក​ស៊ី​ដោយសារ​ប្រពន្ធ​កូន​ទៅវិញ និង​ក្លាយទៅជា​អ្នក​រោច​ពន្លត់​ពន្លឺ​រស្មី​សុភមង្គល​និង​អនាគត​របស់​ប្រពន្ធ​កូន ។​

៣. មិន​គ្រប់គ្រង​រក្សាទ្រព្យ​សម្បត្តិ គឺ​មិន​ត្រឹមតែ​ខ្ជិល​មិនចេះ​ធ្វើការ​រកស៊ី​បង្កបង្កើនផល​រក​ចំណេញ​ចំណូល​ទ្រព្យសម្បត្តិ​ថ្មី​ទេ សូម្បីតែ​ទ្រព្យសម្បត្តិ​ចាស់​មាន​ស្រាប់​ដែលជា​កេរអាករ​ខាង​ឪពុក​ម្តាយបង្កើត និង​ឪពុក​ម្តាយក្មេក​ចែក​ឲ្យ​ក៏​លក់​បំផ្លាញ​ចាយវាយ​ហិនហោច​អស់រលីង​ដែរ ។​

៤. សេចក្តី​រង្កៀស​តែង​កើតមាន​ក្នុង​កន្លែង (​ដែល​ខ្លួន​ទៅដល់​) នោះ ៗ គឺ​កា​រង្កៀស​រកាំរកូស ឈ្លោះទាស់ទែង​ខ្វែងគំនិត​គ្នា រហូត​ឈានដល់​ការកាប់សម្លាប់​បាញ់ប្រហារ​គ្នា​តែង​កើតឡើង​រឿយ ៗ កម្រ​ចៀសផុត​ក្នុង​ជំនុំ​ជនពាល ។​

៥. ពាក្យ​មិន​ពិត​តែង​ធ្លាក់​មកលើ​ខ្លួន គឺ​សេចក្តី​នេះ​ស៊ី​សេចក្តី​នឹង​ពាក្យ​ថា “​ដើរ​យប់​ជាន់​ជើង​ចោរ​” ដូចដែល​បាន​និយាយ​រួចហើយ ។​

៦. បំពេញ​នូវ​ជា​ទុក្ខ​ច្រើន គឺ​បង្ក​ឲ្យ​មាន​ជា​រឿងរ៉ាវ​ទុក្ខ​ទោសទណ្ឌ​ច្រើន​ដល់​ខ្លួន ដល់​សង្គម​គ្រួសារ សង្គម​ភូមិ​ស្រុក សង្គមជាតិ និង​សង្គម​លោក​ទាំងមូល ។​

​ហេតុដូច្នេះ​ដើម្បី​សិរី​សួស្តី​ឆ្នាំ​ថ្មី កើតមាន​ដល់​ខ្លួន ដល់​សង្គម​គ្រួសារ សង្គម​ភូមិ​ស្រុក សង្គមជាតិ និង​សង្គម​លោក​ទាំងមូល ទាល់តែ​យើង​គ្រប់ ៗ គ្នា​នាំគ្នា​សមាទាន​រក្សាសីល ៥ វៀរចាក​អបាយមុខ​ទាំង ៦ លះបង់​អកុសលកម្មបថ​ទាំង ១០ ទើប​សិរី​សួស្តី​កើតមាន​ដល់​យើង​បាន ។ លើស​ជាងនេះទៅទៀត យើង​មិនមែន​ចង់បាន​សិរី​សួស្តី​តែ ៣ ថ្ងៃ​ចូលឆ្នាំថ្មី​ទេ គឺ​យើង​គ្រប់គ្នា​សុទ្ធតែ​ចង់បាន​សិរី​សួស្តី​ជានិច្ចកាល​ប្រចាំជីវិត ព្រោះហេតុនោះ​យើង​គប្បី​រក្សាសីល​ខ្ជាប់ខ្ជួន​មួន​មាំ​ជានិច្ចកាល តម​វៀរបង់​អកុសលធម៌ បាប​លាមក និង​អបាយមុខ​ឲ្យ​បាន​រាល់ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ ដើម្បី​រក្សា​សិរី​សួស្តី​ជយមង្គល​វិបុល​សុខ​សុភមង្គល​ឲ្យ​ឋិត​នៅ​ជាមួយ​ខ្លួន​យើង គ្រួសារ​យើង សង្គមជាតិ​យើង និង​សង្គម​លោក​ដែល​យើង​កំពុង​រស់នៅ ។​
(​សូម​រង់ចាំ​អាន​ជា​បន្ត​)​

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង
អតីតសាស្ត្រាចារ្យ នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី  និងជា
អ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម
អ៊ីមែល៖ tranthachdung9@gmail.com