ដោយ ថាច់ ប្រីជា គឿន
អ្នកម្នាង ង្វៀង ផុក ង៉ុក វ៉ាង (Nguyễn Phúc Ngọc Vạn (阮福玉萬) កើតប្រហែលឆ្នាំ ១៦០៥ ស្លាប់ក្រោយឆ្នាំ ១៦៥៨ ជាបុត្រីទី ២ របស់ស្ដេចត្រាញ់យួន ង្វៀង ផុក ង្វៀង (Nguyễn Phúc Nguyên) ដែលកាន់អំណាចចាប់ពីឆ្នាំ ១៦១៣ ដល់ ១៦៣៥ ។ ឯកសារយួនខ្លះបានសរសេរថា អ្នកម្នាងមិនមែនជា រាជបុត្រី គឺ កូនរបស់ស្ដេច ទេ តែអ្នកម្នាងគ្រាន់តែជាបុត្រីរបស់មន្ត្រី ដែលបាន បំបែករដ្ឋតាំងខ្លួនជាស្ដេចនៅភាគកណ្ដាលប្រទេសវៀតណាម តែប៉ុណ្ណោះ ។

នៅឆ្នាំ ១៦២០ ស្ដេចត្រាញ់យួនឈ្មោះ ង្វៀង ផុក ង្វៀង បានថ្វាយ នាង ង៉ុក វ៉ាង ជាបុត្រីរបស់ខ្លួន ទៅ ព្រះបាទ ជ័យ ជេដ្ឋា ទី ២ ជាព្រះមហាក្សត្រិយ៍ នៃប្រទេសកម្ពុជា ។ ការរៀបអភិសេក នាង ង៉ុក វ៉ាង ធ្វើជាមហេសីនោះ ដោយ ព្រះបាទ ជ័យ ជេដ្ឋា ទី ២ ចង់ចងសម្ពន្ធភាពជាមួយនឹងស្ដេច ត្រាញ់យួន ត្រកូល ង្វៀង ដើម្បីធ្វើឲ្យមានតុល្យភាពឥទ្ធិពលរបស់ សៀម មកលើប្រទេសខ្មែរ នា ពេលនោះ ។ ដោយសារចំណងមេត្រីភាពនេះហើយ ទើបស្ដេចត្រាញ់យួនត្រកូល ង្វៀង មានទីតាំង រឹងមាំសម្រាប់ធ្វើសង្គ្រាមតតាំងជាមួយនឹងស្ដេចត្រាញ់យួន ត្រកូល ត្រិន (Chúa Trịnh) នៅភាគ ខាងជើង ហើយមានឱកាសឲ្យជនជាតិយួនពង្រីកទឹកដីឆ្ពោះទៅទិសខាងត្បូងបន្តិចម្ដងៗ ចូលមក ទឹកដីកម្ពុជាក្រោម បានយ៉ាងជោគជ័យ ។
អ្នកម្នាង ង៉ុក វ៉ាង ជាបុត្រីទី ២ របស់ ស្ដេចត្រាញ់យួន ង្វៀង ផុក ង្វៀង និង នាង ម៉ាក ធី យ៉ាយ (Mạc Thị Giai) ។ អ្នកម្នាងមានបងប្អូនប្រុសចំនួន ១១ នាក់ និងស្រី ៤ នាក់ ។ ស្រីទាំង ៤ នាក់នោះ រួមមាន៖
បុត្រីទី ១ ង្វៀង ផុក ង៉ុក ឡៀង (Nguyễn Phúc Ngọc Liên)
បុត្រីទី ២ ង្វៀង ផុក ង៉ុក វ៉ាង (Nguyễn Phúc Ngọc Vạn)
បុត្រីទី ៣ ង្វៀង ផុក ង៉ុក ខ្វា (Nguyễn Phúc Ngọc Khoa)
បុត្រីទី ៤ ង្វៀង ផុក ង៉ុក ឌិន (Nguyễn Phúc Ngọc Đỉnh)
សូមបញ្ជាក់ថា ព្រះបាទ ជ័យ ជេដ្ឋា ទី ២ ឬ ពញា ញោម ប្រសូត នៅ ឆ្នាំ ១៥៧៦ សោយរាជ្យនៅ ឆ្នាំ ១៦១៨ រហូតដល់សោយទីវង្គត នៅឆ្នាំ ១៦២៨ ក្នុងជន្មាយុ ៥២ ឆ្នាំ ជាបុត្ររបស់ ព្រះបរមរាជា ទី ៨ ។ ទ្រង់ជាស្ដេចខ្មែរដែលបានរើរាជធានីពី ស្រីសន្ធរ មកតាំងនៅ ឧត្ដុង្គ វិញ ហើយបានចង សម្ពន្ធភាពជាមួយនឹងរាជវង្ស ង្វៀង ជាស្ដេចត្រាញ់របស់យួន ដើម្បីប្រឆាំងនឹងសៀម ។ ក្រោយពី ព្រះបាទ ជ័យ ជេដ្ឋា ទី ២ សោយទីវង្គតទៅ ព្រះឧទ័យ ជាមហាឧបរាជ ហើយត្រូវជាប្អូនបង្កើតរបស់ ព្រះជ័យជេដ្ឋា ទី ២ បានដណ្ដើមរាជ្យពីកូន ព្រះបាទ ជ័យជេដ្ឋាទី ២ ។ វិបត្តិរាជបល្លង្កដែលកើត ចេញពីការដណ្ដើមរាជ្យរវាងក្មួយនិងមា បងនិងប្អូន បានផ្ទុះជាសង្គ្រាមក្នុងស្រុក ក្លាយទៅជា សោកនាដកម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះតរៀងមក បានធ្វើឲ្យសៀម និងយួន លូកដៃចូលលុកលុយពុះប្រទេសកម្ពុជា ចេញជាពីរចំណែក ។
ព្រះបាទ ជ័យ ជេដ្ឋា ទី ២ មានមហេសី ចំនួន ៤ អង្គ គឺ៖
មហេសី ទី ១៖ អ្នកម្នាង សុក្រិត្យ (សុក) មានរាជបុត្រមួយអង្គគឺ ចៅ ពញា តូ ឡើងសោយរាជ្យ មាននាមថា ធម្មរាជា ទី ២ ។ ឡើងបន្តរាជ្យបន្ទាប់ពីព្រះបិតាបានសោយទីវង្គត ២ ឆ្នាំ គឺ សោយ រាជ្យចាប់ពីឆ្នាំ ១៦២៩ ដល់ ១៦៣២ ។ ដោយសារ លបមានស្នេហាជាមួយនឹងប្អូនស្រី បិតាជាមួយ មាតាទីទៃ របស់ខ្លួន ទើបត្រូវ ព្រះឧទ័យ ធ្វើឃាត ។
មហេសី ទី ២៖ អ្នកម្នាង ថង ឬ អ្នកម្នាង ធានី មានរាជបុត្រ និង រាជបុត្រី ២ អង្គ គឺ ទី ១ ចៅ ពញា នូ ឡើងសោយរាជ្យចាប់ពីឆ្នាំ ១៦៣២ ដល់ ១៦៤០ មាននាមថា អង្គទងរាជា និង ទី ២ រាជបុត្រី ឈ្មោះ អង្គវតី ។
មហេសី ទី ៣៖ អ្នកម្នាង បុស្បា ជាជនជាតិលាវ មានព្រះរាជបុត្រ ១ អង្គ គឺ ចៅ ពញា ចន្ទ ឡើង សោយរាជ្យមាននាមថា រាមាធិបតី ទី ១ ។ ធ្វើឃាត ព្រះបទុមរាជា ទី ១ ត្រូវជាបងប្អូនជីដូនមួយ ហើយឡើងសោយរាជ្យ ចាប់ពី ឆ្នាំ ១៦៤២ ដល់ ១៦៥៨ ។
មហេសី ទី ៤៖ ព្រះនាង ង្វៀង ផុក ង៉ុក វ៉ាង ជាជនជាតិយួន ត្រូវបានគេប្រទានព្រះបរមនាមថា ព្រះម៉ែ សម្ដេច ភគវតី ព្រះស្រី វររាជិនី ក្សត្រីយ៍ ហៅថា អ្នកអង្គ ចូវ មានរាជបុត្រី ២ អង្គ គឺ៖
ទី ១ ព្រះនាង អម្ចាស់ នា បុស្បាវតី ក្សត្រីយ៍ ហៅ អង្គ ញ៉ា យួនហៅថា ព្រះនាង ង៉ុក ញ៉ា (Ngọc Nhã) ត្រូវបានគេគ្រោងរៀបអភិសេកជាមួយនឹងបងប្រុស បិតាជាមួយមាតាទីទៃ គឺ ចៅ ពញា តូ តែ បែរជាត្រូវរៀបអភិសេកឲ្យធ្វើជាមហេសីទី ២ របស់ ព្រះឧទ័យ ដែលត្រូវជាមាបង្កើតរបស់ខ្លួនទៅ វិញ ។ ដោយសារ ក្រោយមក ព្រះនាង អង្គ ញ៉ា លបមានស្នេហាជាមួយនឹង ចៅ ពញា តូ ឬ ព្រះធម្មរាជា ទី ២ ទើប ព្រះឧទ័យ បានសម្លាប់អ្នកទាំងពីរនេះចោល ។
ទី ២ ព្រះនាង ទេវី បញ្ញា ត្រូវបានរៀបអភិសេកជាមួយនឹង ព្រះបទុមរាជា ទី ១ ឬ អង្គ នន្ទ ត្រូវ ជាបុត្ររបស់ ព្រះឧទ័យ ។ នៅឆ្នាំ ១៦៤២ ចៅ ពញា ចន្ទ ជាបុត្រទី ៣ របស់ ព្រះបាទ ជ័យ ជេដ្ឋា ទី ២ បានធ្វើឃាត ព្រះឧទ័យ ត្រូវជាមា ធ្វើឃាត អង្គ នន់ និង ព្រះនាង ទេវី បញ្ញា ដែលត្រូវ ជាបងប្អូនជីដូនមួយ និងបង្កើត ហើយឡើងសោយរាជ្យ មាននាមថា ព្រះរាមាធិបតី ទី ១ ។ ព្រះ បទុមរាជា ទី ១ និង ព្រះនាង ទេវី បញ្ញា មានបុត្រមួយអង្គ ព្រះបទុមរាជា ទី ២ ឬ ព្រះបាទ ជ័យ ជេដ្ឋា ទី ៣ ។
យោងតាម ឯកសារយួន ក្រោយពី ព្រះបាទ ជ័យ ជេដ្ឋា ទី ២ សោយទីវង្គត អ្នកម្នាង ង៉ុក វ៉ាង បានវិលត្រឡប់ទៅរស់នៅតំបន់ស្វាយកោង ហើយហួសទៅខេត្តព្រះសួគ៌ា ឬ ខេត្តបារៀ សព្វថ្ងៃ ។ ក្រោយមក អ្នកម្នាងបានឲ្យគេសាងវត្តយួនមួយឈ្មោះ វត្តយ៉ាឡាវ (Gia Lào) នៅភ្នំចឿចាង (Chứa Chan) នាខេត្ត ដូនណៃ (Đồng Nai) ហើយបានបួសជាដូនជីរហូតដល់ស្លាប់ ក្នុងជន្មាយុ ៥៣ ឆ្នាំ ។
និយាយអំពី ស្ដេចត្រាញ់យួន ង្វៀង ផុក ង្វៀង ជាបិតារបស់អ្នកម្នាង ង៉ុក វ៉ាង វិញ បាន បានទទួល ប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិយួនតាមរយៈចំណងសម្ពន្ធភាពនេះ ។
តាមឯកសារយួនបានបញ្ជាក់ថា ដោយសារតែឥទ្ធិពលរបស់អ្នកម្នាង ង៉ុក វ៉ាង ទើបស្ដេច ជ័យ ជេដ្ឋា ទី ២ បានប្រទានដល់ជនជាតិយួននូវតំណែងសំខាន់ៗនៅក្នុងរាជការ នៃក្នុងនគរកម្ពុជា, ឲ្យជន ជាតិយួនបង្កើតរោងចក្រ និងផ្សារនៅជិតទីក្រុង និងអនុញ្ញាតឲ្យបង្កើតប៉ុស្តិ៍យកពន្ធពាណិជ្ជកម្ម ចំនួន ២ កន្លែងនៅ ព្រៃនគរ និង កោះក្របី ។
នៅឆ្នាំ ១៦២៣ ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុម មកក្រាបបង្គំសុំស្ដេចខ្មែរអនុញ្ញាត ឈប់ យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេច ជ័យ ជេដ្ឋាទី ២ ក៏បានអនុញ្ញាតតាមពាក្យសុំរបស់ស្ដេចយួន ។
តាំងពីពេលនោះមក ជនជាតិយួនចាប់ផ្ដើមហូរចូលមករស់នៅលើទឹកដីខ្មែរបន្តិចម្ដងៗ រហូតទាល់តែទឹកដីកម្ពុជាក្រោម ទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃយួនទាំងស្រុង ទើសសព្វថ្ងៃនេះ ៕