(សារព័ត៌មាន ព្រៃនគរ) នៅថ្ងៃទី ០៩ ខែកញ្ញា អង្គការសមាគមខ្មែរក្រោមក្រោមដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា បានផ្ញើលិខិតមួយច្បាប់តាមរយៈ សារអ៊ីម៉ែលជូន លោក ថាច់ ង៉ុក ថាច់ ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីអំពាវនាវថវិកាសម្រាប់បោះពុម្ព សៀវភៅបង្កាន់ដៃ ស្ដីអំពីសេចក្ដីប្រកាសជាសកលនៃអង្គការសហប្រជាជាតិស្ដីសិទ្ធិមនុស្ស និងសិទ្ធិជន ជាតិដើម ។

អង្គការសមាគមខ្មែរក្រោមនៅកម្ពុជា មានគម្រោងផ្សព្វផ្សាយសៀវភៅសិទ្ធិមនុស្សដល់ពលរដ្ឋខ្មែរក្រោម
ក្នុងសារលិខិតនេះ លោក សឺន ជុំជួន ប្រធានបណ្ដាញយុវជនខ្មែរក្រោម បានបញ្ជាក់អំពីសកម្មភាពនៃអង្គ ការរបស់ខ្លួនថា ចាប់ពីពាក់កណ្តាលខែកញ្ញានេះទៅ ក្រុមការងារនៃអង្គការសមាគមខ្មែរក្រោមរបស់លោក នឹងទៅធ្វើការជាមួយពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា តាមសហគមន៍នានា ក្នុងខេត្តមួយចំនួន តាមតំបន់ជនបទដាច់ស្រយាល ក្នុងនោះមានខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកណ្តាល ខេត្តក្រចេះ និងខេត្តកំពង់ស្ពឺ ។
ផែនការដែលត្រូវចុះធ្វើការនេះ នឹងមានរយៈពេលជិតពីរខែ គឺចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ខែតុលា ដោយបានឯកភាពគ្នាក្នុងខេត្ត នីមួយៗមានក្រុមការងារចុះទៅចំនួន ៣ នាក់ ដូចជាខេត្តបាត់ដំបងខេត្តក្រចេះ និងខេត្តស្វាយរៀង ។ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្នុងខេត្តនីមួយៗមាន ៥ នាក់ ។ រីឯខេត្តតាកែវ អាចនិងមានច្រើនជាងនេះ ។
ផែនការដែលចុះធ្វើការនេះ គឺដើម្បីស្វែងយល់បន្ថែមពីស្ថានភាពរស់នៅរបស់ខ្មែរក្រោម ក្នុងនោះមាន ជីវភាពរស់ប្រចាំថ្ងៃ ការសិក្សាអប់រំ មុខរបរប្រចាំថ្ងៃ ការតាំងទីលំនៅ ការរស់នៅស្របតាមស្ថាន ភាពផ្លូវច្បាប់ ចំណេះដឹងសិទ្ធិមនុស្ស និងច្បាប់ជាដើម ។
ក្រុមការងារដែលត្រូវចុះទៅដោយពាំនាំទៅ ចែកជូនជាមួយនូវកម្រងឯកសារដូចជា សេចក្តីថ្លែងការជា សកលស្តីពីសិទ្ធិមនុស្ស, សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច ដែលមានជាភាសាខ្មែរ និងភាសាយួន (សម្រាប់ខ្មែរក្រោមខ្លះមិនចេះភាសាខ្មែរ តែចេះភាសាយួន) និង ឯកសារសង្ខេបស្តីពីខ្មែរក្រោម ដើម្បីពង្រឹងដល់ក្រុមគោលដៅនូវចំណេះដឹងទាំងនេះ ។
តាមសារអ៊ឺម៉ែលនេះ ឯកសារទាំងនេះ អង្គការសមាគមខ្មែរក្រោម នឹង បោះពុម្ភទៅជាកូនសៀវភៅតូច ល្មមដាក់ក្នុងហោប៉ាវបាន ដែលពលរដ្ឋខ្មែរក្រោមអាចយកទៅតាមខ្លួនបាន ។
លោក សឺន ជុំជួន បានបញ្ជាក់ គម្រោងការបោះពុម្ពសៀវភៅនេះថា ជាជំហានដំបូង ក្រុមលោកត្រូវ បោះពុម្ភជាកូនសៀវភៅតូចនៃកម្រងឯកសារនោះប្រមាណ ១០០០ ក្បាលស្មើ នឹងមួយក្បាលតម្លៃ ១៥០០ រៀល ។ សរុបទាំងអស់ត្រូវចំណាយថវិកា ១,៥០០,០០០ រៀល ស្មើនឹងប្រ មាណ ៣៧៥ ដុល្លារ សហរដ្ឋអាមេរិក ។ ប៉ុន្តែចំនួនដែលត្រូវចំនាយបោះពុម្ភនោះ គឺមិនទាន់ មាន នៅឡើយ ។ ហើយ ជំហានទី ២ នៅឆ្នាំ ២០១៤ អង្គការសមាគមខ្មែរក្រោមមួយនេះ នឹងធ្វើសកម្មភាពដូចគ្នានេះដែរ ប៉ុន្តែ ត្រូវឱ្យមានសកម្មជនដែលជាជនបង្គោលមកពីកម្ពុជាក្រោមចូលរួមក្នុងវគ្គពង្រឹងបែបនេះ ។
ចុងក្រោយ លោក សឺន ជុំជួន ក៏បានអំពាវនាវដល់ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរ កម្ពុជាក្រោម ឲ្យជួយថវិកាតាមសទ្ធាដើម្បីចូលបោះពុម្ពសៀវភៅនេះផងដែរ ៕