ដោយ ស៊ឺន ចែងចើន|វិទ្យុសំឡេងកម្ពុជាក្រោម
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា នឹងប្រារព្ធទិវាគម្រប់ខួបឆ្នាំទី ៣៩ នៃព្រឹត្តិកាណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែលជាថ្ងៃតស៊ូទាមទារសិទ្ធិសេរីភាពពីវៀតណាម ដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើទឹកដីកម្ពុជាក្រោម ។ ពិធីជួបជុំនោះ នឹងធ្វើឡើង នៅថ្ងៃចន្ទ ទី ១៦ វិច្ឆិកា ២០១៥ នៅសហគមន៍បូរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាមាជិករដ្ឋសភា ដែលជាអ្នកផ្តួចផ្តើម ប្រារព្ធទិវារំឭកខួប ៣៩ ឆ្នាំ នេះ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា គោលបំណងនៃការំឭកព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ គឺដើម្បីរំឭកនឹកដល់គុណូបក្ការៈរបស់យុទ្ធជន យុទ្ធនារីខ្មែរក្រោមទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម ។
លោក យន្ត ថារូ បានរៀបរាប់ទាំងសំឡេងក្តុកក្តួលអួលណែនដើម.ក នៅពេលរម្លឹកពីព្រឹត្តិការណ៍ប៉ះទង្គិច រវាងក្រុមអ្នកតស៊ូខ្មែរក្រោម និងកងកម្លាំងនៃរដ្ឋអំណាចវៀតណាម នៅឆ្នាំ ១៩៧៦ ដែលនាំឲ្យដ្ឋាភិបាល បក្សកុម្មុយនិស្តយួនចាប់ខ្លួន និងសម្លាប់ពលរដ្ឋខ្មែរក្រោមជាច្រើន អ្នកខ្លះត្រូវបានរប្រហារជីវិត ចាប់ដាក់គុកអស់មួយជីវិត និងធ្វើទារុណកម្មរហូតដល់ស្លាប់ នៅក្នុងគុកជាដើម ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារូ បានធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរក្រោម ទាំងនៅក្នុងស្រុក និងក្រៅស្រុក ឲ្យនាំគ្នាប្រារព្ធទិវានេះ នៅតាមតំបន់ដែលខ្លួនរស់នៅ ដើម្បីជាការចងចាំ និងរំឭកដល់វីរបុរសខ្មែរ ដែលក្លាហានហ៊ានបូជាជីវិត ដើម្បីជាតិ សាសនាខ្មែរក្រោម ឲ្យបានគងវង់ដល់សព្វថ្ងៃ ។
គួររំឭកថា ព្រឹត្តិការណ៍ ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ កើតឡើងដោយការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម មិនចង់រស់នៅក្រោមរបបអាណានិគមយួន ហើយបានបង្កើតរណសិរ្សមួយឈ្មោះ ថារណសិរ្សសេរីភាពជាតិរំដោះខ្មែរកម្ពុជាក្រោម ដែលមានលោក សឺង ញ៉ ជាប្រធាន និង លោក លោក កៀង ហ៊ាន ជាអនុប្រធាន ។

ដោយឈឺចាប់ នឹងការជិះជាន់ពីសំណាក់រដ្ឋាភិបាលអាណានិគមយួន និងចង់បានសិទ្ធិម្ចាស់ការ ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោមចលនានេះ ក៏បានបើកយុទ្ធនាការវាយលុកចូលគ្រប់ស្ថាប័នបក្សកុម្មុយនិស្តយួន នៅថ្ងទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ។ ប៉ុន្តែជាអកុសល លទ្ធផលក្រោយពីព្រឹត្តិការណ៍នេះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជាច្រើន អង្គ/រូប ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនប្រហារជីវិត ចាប់ដាក់គុកអស់មួយជីវិត និងធ្វើទារុណកម្មរហូតដល់ស្លាប់ នៅក្នុងគុកជាដើម ៕