ដោយ ស៊ឺន ចែងចើន
នៅថ្ងៃ ៤ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក នឹងប្រារព្ធខួប ៧០ ឆ្នាំ ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។

ខាងក្រោមនេះ ជាដំណឹងនៃពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដែល នឹងប្រារព្ធដោយអង្គការ សមាគមខ្មែរកម្ពុជាក្រោម សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបាន នៅថ្ងៃទី ៣១ ខែឧសភា នេះ ។
នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា នឹងប្រារព្វខួប ៧០ ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្រ្ត ដែលបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ឬកូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ពិធីនេះ នឹងធ្វើឡើង នៅថ្ងៃទី ៤ មិថុនា នៅទីស្នាក់ការកណ្តាលរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅប្រទេសថៃ ក្រុមជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងជ្រកកោននៅប្រទេសនេះ នឹងប្រាព្វពិធីខួប ៧0 ឆ្នាំ នេះ នៅថ្ងៃទី ៤ មិថុនា នៅទីស្នាក់ការរបស់ខ្លួន ស្ថិតនៅផ្សារស៊ីមុមមឿង ស្រុកឡាំលូកកា ខេត្តប៉ាថុមថានី នៃទីក្រុងបាងកក ។ ព័ត៌មានបន្ថែម សូមទាក់ទងលោក ឡឹម សំណាង អនុប្រធានគណៈកម្មការបុណ្យ ទូរស័ព្ទលេខ (៦៦) ៦២០ ៧២៩ ៥១៦ អ្នកស្រី ហង្ស ធីតា លេខាធិការគណៈកម្មការបុណ្យ ទូរស័ព្ទលេខ (៦៦) ៦២៨ ៣៦៧ ០០២ ។
នៅប្រទេសកូរ៉េខាងត្បូង នឹងប្រារព្វ នៅថ្ងៃអាទិត្យ ទី ២ ខែមិថុនា ។ ពិធីនេះ រៀបចំដោយសមគមខ្មែរក្វាងជូ នៅប្រទេសកូរ៉េខាងត្បូង និងមានតំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ចូលរួមផងដែរ ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០១០៥៩០ ១៥៩៧៥ ។
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋញូវសៅវ៉េល នៃប្រទេសអូស្រ្តាលី នឹងប្រារព្វ នៅថ្ងៃអាទិត្យ ទី ២ ខែមិថុនា នៅវត្តរតនារាម ។ ទីកន្លែងប្រារព្វ វត្តរតនារាម 114 Broomfield St, Cabramatta NSW 2166 ។ ព័ត៌មានបន្ថែម សូមលោកអ្នកទាក់ទង ; ព្រះតេជព្រះគុណ ពរ សាវឿន តាមរយៈទូរស័ព្ទលេខ 0449893889 ។
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី នឹងប្រារព្វ នៅថ្ងៃអាទិត្យ ទី ២ ខែមិថុនា នៅវត្តរតនារាម ។ កម្មវិធីនេះ ធ្វើនៅវត្តធម្មារាម អាស័យដ្ឋាន 53-57 Balmoral Ave Springvale Vic 3171 ។ ព័ត៌មានបន្ថែម សូមលោកអ្នកទាក់ទង ; លោក យ៉ាញ់ បូណាត តាមរយៈទូរស័ព្ទលេខ 0423033374 ។
នៅសហរដ្ឋអាមេរិក ពលរដ្ឋខ្មែរក្រោម នៅទីក្រុងស៊ើរិស នឹងប្រារព្ធទិវា ៤ មិថុនា នេះ នៅក្នុងវត្តអង្គរបុរី ឋិតនៅក្នុងទីក្រុង ស៊ើរិស (Ceres) រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ ។ ព័ត៌មានបន្ថែម សូមលោកអ្នកទាក់ទង អ្នកស្រី សុភី ចៅ ដែលជាប្រធានគណៈកម្មការរៀបចំបុណ្យ តាមរយៈទូរស័ព្ទលេខ (209) 568-8478 ។
ចំណែក នៅអ៊ឺរ៉ុប សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រារព្វពិធីនេះរួមគ្នា នៅក្នុងអគារនៃវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងសហការជាមួយអង្គការចំនួនពីរទៀត គឺអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) និងវិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស នឹងធ្វើសន្និសីទអន្តរជាតិ នៅក្នុងអគារដដែលនេះ ក្រោមប្រធានបទ “សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងរបស់ខ្មែរក្រោម” ។ សន្និសីទនេះ នឹងមានអ្នកមុខអ្នកការសាធារណ: សាស្ត្រាចារ្យ បណ្ឌិតសភា និង សកម្មជន អន្តរជាតិ មកធ្វើជាវាគ្មិន ដើម្បីធ្វើកិច្ចពិភាក្សាអំពីលំនាំច្បាប់ ដែលខ្មែរក្រោមអាចធ្វើការតស៊ូមតិចំពោះសិទ្ធិរបស់ខ្លួន ក្នុងការទទួលបាននូវសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ហើយដែលសហគមន៍អន្តរជាតិអាច នឹងគាំទ្រកាន់តែខ្លាំង ចំពោះសិទ្ធិនេះ ។
គួរជម្រាបជូនថា រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី ៤ ខែមិថុនា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម ទូទាំងពិភពលោក ដូចជា ប្រទេសកម្ពុជា ; ថៃ ; សហរដ្ឋអាមេរិក ; កាណាដា អូស្តាលី New Zealand និងប្រទេសមួយចំនួននៅអឺរុប ដូចជា បារាំង ស្វិស អ៊ីតាលី ហូឡង់ ជាដើម តែងតែប្រារព្ធទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ជាអតីតទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជា ឲ្យទៅយួនបន្តធ្វើអាណានិគមលើខ្មែរក្រោម ។
កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ ក្នុងការប្រគល់ដែនដីកូស័ងស៊ីន ឲ្យទៅជារដ្ឋចំណុះ វៀតណាមដែលពលរដ្ឋខ្មែរចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់ ។
ដែនដីកូស័ងស៊ីន ឬកម្ពុជាក្រោម មានទំហំ ៦៧.៧០០ គីឡូម៉ែត្រក្រឡា នៅតំបន់ដីសណ្តទន្លេមេគង្គ ឬ ភាគខាងត្បូងនៃប្រទេសវៀតណាម សព្វថ្ងៃ ។ ក្រោយពីបារាំងបានកាត់ដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាម មក ពលរដ្ឋខ្មែរក្រោមវាល់លាននាក់ជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម បានបន្តរស់នៅក្រោមនឹមអាណា និគមយួនរហូតមកដល់ សព្វថ្ងៃ ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម មិនមានសិទ្ធិប្រារព្ធខួប ទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ដែលអាណានិគមនិយមបារាំងបានកាត់ដែនដីកម្ពុជាក្រោម និងវាសនារបស់ខ្លួន ផ្ទេរឲ្យទៅនៅក្រោមនឹមអាណានិគមថ្មីរបស់យួននោះឡើយ ។ ទិវានេះ ប្រារព្ធបានតែពលរដ្ឋខ្មែរក្រោមនៅក្រៅ ប្រទេសតែប៉ណ្ណោះ ៕