សមាជិក​ ៣ ​រូប ដើរ​ចេញ​ពី គ.ជ.ប ​ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

នៅ​ទី​បំផុត​ទៅ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប ចំនួន ​៣ ​រូប ដែល​ជា​បេក្ខភាព​ស្នើ​ដោយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​ប្រកាស​ដើរ​ចេញ​ពី​ស្ថាប័ន​ជាតិ​មួយ​នេះ​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​ត្រូវ​បាន​រំលាយ ។ ប៉ុន្តែ​សមាជិក គ.ជ.ប ​ម្នាក់​ទៀត ជា​កូតា​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ​នោះ នៅ​តែ​រក្សា​ជំហរ​បន្ត​ការ​ងារ​ក្នុង គ.ជ.ប ដដែល ។

លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គជប លោក រ៉ុង​ ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ជាសមាជិក បាន​ប្រកាស​ដើរ​ចេញ​ពី​គជប
លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គជប លោក រ៉ុង​ ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ជាសមាជិក បាន​ប្រកាស​ដើរ​ចេញ​ពី​គជប

សមាជិក​គណៈកម្មាធិកា​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ចំនួន ​៣ ​រូប ដែល​បាន​ប្រកាស​ដើរ​ចេញ​ពី​ គ.ជ.ប នោះ​មាន លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គ.ជ.ប លោក រ៉ុង​ ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ជា​សមាជិក ។ អ្នក​ទាំង ​៣ ​សុទ្ធ​សឹង​ជា កូតា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ។

ក្នុង​លិខិត​ដែល​ផ្តិត​ស្នាម​មេដៃ ដាក់​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដែល​ទើប​ធ្លាក់​ដល់​ដៃ​អ្នក​កាសែត​នៅល្ងាច​ថ្ងៃ ២០ ​វិច្ឆិកា​នេះ សមាជិក​ គ.ជ.ប ​ទាំង​ ៣ ​រូប​នោះ ​បាន​គូស​បញ្ជាក់​ថា មូល​ហេតុ​ដែល​ពួក​គេ​មិន​អាច​បន្ត​ការងារ​បោះ​ឆ្នោត​បាន​ត​ទៅ​ទៀត ​ដោយ​សារ​តែ​មាន​ការ​បែង​ចែក​អាសនៈ​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​ពលរដ្ឋ​មិន​គាំទ្រ ។ ក្នុង​លិខិត​ដដែល​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា​ បាន​ជះ​ឥទ្ធិពល​ដល់​ដំណើ​រ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨ ដែល​មិន​បាន​ធានា​ឲ្យ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ។​

បើ​តាម​សមាជិក គ.ជ.ប ទាំង ​៣ ​រូប​នេះ ក្នុង​នាម​ជា​អាជ្ញា​កណ្តាល​ ពួក​គេ​មិន​អាច​នៅ​បន្ត​ការងារ​ក្នុង​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​តទៅ​ទៀត​ទេ​ដោយ​ថា​វា​ក្បត់​ នឹង​ឧត្តម​គតិ​របស់​ពួក​គេ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដែល​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គជប មិន​អាច​ទាក់​ទង​បាន​ភ្លាមៗ ​ទេ ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ហាក់​ដូច​ជា​ភ្ញាក់​ផ្អើល​ដែរ​នៅ​ពេល ​ឮ​ថា​សមាជិក គ.ជ.ប ទាំង ​៣ ​រូប​លា​លែង​ពី​តំណែង​ព្រមៗ ​គ្នា​នេះ តែ​ថា​ជា​សិទ្ធិ​របស់​ពួក​គេ ។ ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ អះ​អាង​ថា តាម​ច្បាប់ ​គឺ​អាច​ជ្រើស​រើស​អ្នក​ជំនួស​ករណី​អវត្តមាន​សមាជិក​ណា​ម្នាក់ ។

សូម​បញ្ជាក់​ថា សមាជិក គ.ជ.ប មក​ពី​កូតា​អតីត​គណបក្ស​សង្រ្គោះ​ជាតិ មាន ​៤ ​រូប គឺ​មាន​លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គ.ជ.ប លោក រ៉ុង​ ឈុន លោក​ស្រី តែ ម៉ានីរ៉ុង និង​លោក ហ៊ីង ធីឬទ្ធិ ជា​សមាជិក ។ ប៉ុន្តែ លោក ហ៊ីង ធីឬទ្ធិ បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា ​“ខ្ញុំ​នៅ​រក្សា​ជំហរ​បន្ត​ការ​ងារ​ក្នុង ​គ.ជ.ប ​ត​ទៅ​ទៀត​ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់គណបក្ស​នយោបាយ​ទាំង​អស់​ ដែល​ចូល​រួម​ការ​បោះ​ឆ្នោត រហូត​ដល់​ចប់​អាណត្តិ” ។

គួរ​រំលឹក​ដែរ​ថា សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត សរុប​មាន​ចំនួន​៩​រូប ដោយ​៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ និង​១​រូប​គឺ​លោក​បណ្ឌិត ហង្ស ពុទ្ធា តំណាង​មក​ពី​សង្គម​ស៊ីវិល។

ការ​បង្កើត គ.ជ.ប ថ្មី​នេះ គឺ​ជា​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង ក្រោយ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ ​២០១៣​ ដោយ​ចោទ​ថា​ គ.ជ.ប មិន​ឯករាជ្យ ។

គ.ជ.ប ថ្មី​នេះ ត្រូវ​បាន​ជួយ​ជ្រោម​ជ្រែង​ផ្នែក​បច្ចេកទេស ​ដោយ​ប្រទេស​ជប៉ុន សហភាព​អ៊ឺរ៉ុប ចិន ​និង​សហរដ្ឋ​អាមេរិក ។ ​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តាច់​ជំនួយ​មក គ.ជ.ប ដោយ​សារ​តែ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង ។ តែ​ជាមួយ​គ្នា​នោះ ប្រទេស​រុស្ស៊ី បាន​ចេញ​មុខ​ជួយ​ឧបត្ថម្ភ​ដល់ គ.ជ.ប ​របស់​កម្ពុជា​ជំនួស​វិញ ៕ RFI