បទយកការណ៍៖ ព្រះសង្ឃ និងយុវជនទៅទស្សនកិច្ចកម្ពុជាក្រោម ដើម្បីបង្ហាញពីឈាមជ័រខ្មែរតែមួយ

ដោយ សុត បាន | VOD Khmer

ព្រះសង្ឃ និងយុវជនដែលរស់នៅកម្ពុជាកណ្ដាល បានធ្វើទស្សនកិច្ចនៅទីតាំងដើមឈើទាលឧកញ៉ា ស៊ឺន គុយ ស្ថិតនៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ (សុត បាន)
ព្រះសង្ឃ និងយុវជនដែលរស់នៅកម្ពុជាកណ្ដាល បានធ្វើទស្សនកិច្ចនៅទីតាំងដើមឈើទាលឧកញ៉ា ស៊ឺន គុយ ស្ថិតនៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ (សុត បាន)

«ជាក់ស្ដែង នៅពេលដែលយើងទៅទស្សនកិច្ចអ៊ីចឹងទៅ [ខ្មែរក្រោម] វាជាការឆ្លុះបញ្ចាំងមួយថា កម្ពុជាលើ កម្ពុជាកណ្ដាល កម្ពុជាក្រោម យើងមិនទុកគ្នាចោលបងប្អូនកម្ពុជាក្រោមទេ យើងឈាមជ័រខ្មែរតែមួយ យើងនៅតែមានការរាប់អានគ្នា នៅក្នុងស្ថានភាពណាក៏ដោយ យើងនៅតែផ្សារភ្ជាប់គ្នាដដែល» ។

នេះជាថេរដីការបស់ព្រះតេជព្រះគុណ សាន់ ម៉េងលី ដែលបាននិមន្តទៅទស្សនកិច្ ចនៅកម្ពុជាក្រោមផ្ទាល់ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១ មករា ឆ្នាំ ២០២៣ ។ ព្រះអង្គ​បានរៀបរាប់ថា ដំណើរទស្សនកិច្ចទៅទឹកដីកម្ពុជាក្រោមនេះ គឺជាសកម្មភាពមួយបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជា នៅតែនឹករលឹកចំពោះពលរដ្ឋខ្មែរក្រោម ដែលមានឈាមដូនតាខ្មែរតែមួយ កំពុងរស់នៅក្នុងទឹកដីគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ។ ជាងនេះទៅទៀត ព្រះអង្គលើកឡើងថា ​ការធ្វើទស្សនកិច្ចនេះ គឺជាការបណ្ដុះស្មារតីយុវជនជំនាន់ក្រោយឈ្វេងយល់ ពីប្រវត្តិកំណើតជាតិសាសន៍របស់ខ្លួន និងបញ្ចៀសការជាន់ដានប្រវត្តិសាស្រ្តជាលើកទីពីរ ។

ព្រះអង្គមានថេរដីកាថា៖ «ជាពិសេសទាក់ទងទៅនឹងស្ថាប័នព្រះសង្ឃ មានការប្រឡងខាងធម្មវិន័យអីក្ដីជាដើមហ្នឹង គឺយើងសិក្សាមើលពីរបៀបរបបគ្នាទៅវិញទៅមក អ៊ីចឹងឆ្លុះបញ្ចាំងឃើញថា កម្ពុជាក្រោម និងបងប្អូនកម្ពុជាយើង លើកនេះ មិនទុកគ្នាចោលទេ ។ ថ្វីដ្បិតតែមានបងប្អូនកូនចៅខ្លះ គាត់មិនដឹង មិនស្គាល់ពិតមែន [ខ្មែរក្រោម] ជាក់ស្តែងនៅពេលយើងបានទៅលេងអ៊ីចឹងទៅ ក្មេងៗ មួយចំនួនខ្លះ គាត់អត់ដឹងថា នៅកម្ពុជាក្រោមនៅទីណាទេ ក៏មានដែរ! ប៉ុន្តែ ក៏មានបងប្អូនខ្មែរយើងជាច្រើនទៀត គាត់ចង់ទៅលេង ហើយបងប្អូននៅកម្ពុជាក្រោមនោះ ក៏ទទួលស្វាគមន៍ដោយរីករាយជាទីបំផុត» ។

ព្រះសង្ឃនិមន្តមកពីខេត្តកំពង់ចាម មានវ័យ ២៤ វស្សាអង្គនេះ បានបង្ហាញអារម្មណ៍ស្រណោះទឹកដីកម្ពុជាក្រោម ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ក្នុងពេលបច្ចុប្បន្ន ​។ ព្រះអង្គបន្តថា ពលរដ្ឋខ្មែរក្រោម នៅតែខិតខំថែរក្សាប្រពៃណីវប្បធម៌ដែលជាអត្តសញ្ញាណ បញ្ជាក់ថា ពួកគេជាជនជាតិខ្មែរ ទោះបីរងការរឹតត្បិតពីអាជ្ញាធរវៀតណាម នាពេលកន្លងមកក៏ដោយ ។

ព្រះអង្គបន្តថា៖ «បើទាក់ទងនឹងអារម្មណ៍នេះ វាកប់ក្នុងអារម្មណ៍របស់យើង ក្នុងនាមយើងជាកូនខ្មែរ ទាំងខ្មែរលើ ខ្មែរក្រោមហ្នឹង យើងមានអារម្មណ៍ថា ពេលខ្លះទៅ អាណិតពួកគាត់ ដែលរស់នៅក្រោមការគ្រប់គ្រងរបស់គេ ប៉ុន្តែ ព្យាយាមថែរក្សាគ្រប់ទម្រង់ខ្មែរ ។ ជាក់ស្តែង យើងអាណិត ហើយក៏មិនទាន់ដឹងថា ត្រូវធ្វើម៉េចអីច្រើនដែរ! គ្រាន់តែបានសួរសុខទុក្ខ និងសិក្សាបន្ថែមទៀតអ៊ីចឹងទៅ» ។

ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅថា ដែនដីកូសាំងស៊ីន មានទំហំ ៦៧ ៧០០ គីឡូម៉ែត្រការ៉េ ឬមានចំនួន ២១ ខេត្ត-ក្រុង ត្រូវបាន​បារាំង​ចុះហត្ថលេខាប្រគល់​ទៅ​ឱ្យ​ប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ នៅក្នុងអំឡុងពេលដែលអាណានិគមបារាំងត្រួតត្រា​ដែនដីឥណ្ឌូចិន ។

ស្រដៀងគ្នានេះដែរ កញ្ញា នៅ ស៊ូទាង ប្រាប់់វីអូឌីថា កញ្ញារំភើបដែលបានស្គាល់បងប្អូនខ្មែរក្រោម ដោយថា នេះជាលើកទីមួយ ដែលកញ្ញាបានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយពួកគាត់ ។ ប្រភពដដែលបន្តថា ខណៈដែលកញ្ញាបានជួបខ្មែរក្រោមបែបនេះ កញ្ញាហាក់ទទួលមានអារម្មណ៍ឈឺចាប់ខ្លាំង ដែលបានបែកបងប្អូន ដែលធ្លាប់ជាជាតិសាសន៍តែមួយ ប៉ុន្តែ បច្ចុប្បន្នត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេងកាន់កាប់ទៅវិញ ។

កញ្ញា នៅ ស៊ូទាង និយាយថា៖ «មានអារម្មណ៍ថា សប្បាយនៅពេលបានជួបបងប្អូនកម្ពុជាក្រោម ឱ្យតែនឹកឡើងមានអារម្មណ៍ថាឈឺចាប់ ដែលយើងបាត់បង់ទឹកដីខ្លួនឯង ហើយបាត់បង់ប្រជាជនខ្មែរដែលមានចិត្តល្អ មានឆន្ទៈមោះមុតក្នុងការស្នេហាស្រឡាញ់ប្រទេសជាតិ វប្បធម៌ខ្លួនឯង ទៅឆ្ងាយពីពួកយើង ។ ហើយចំណែកឯប្រជាជនយើងនៅខាងកណ្ដាលនេះ ហាក់បីដូចភ្លើតភ្លើនជាមួយនឹងអ្វី ដែលកំពុងតែមានបច្ចុប្បន្ន អាចថាពេលខ្លះគាត់ភ្លេចខ្លួន អាចនឹងជាការបាត់បង់ជាដើម» ។

យុវតីវ័យ ២៤ ឆ្នាំរូបនេះ បន្ថែមថា៖ «ស្តាយនោះ ហួសពីស្តាយ ដោយសារទឹកដីយើងត្រូវបាន ហើយប្រជាជនខ្មែរយើង នៅកម្ពុជាក្រោម គាត់រស់នៅដោយក្រោមការដឹកនាំរបស់គេ ។ ទោះបីយ៉ាងម៉េច ក៏វាមិនដូចពុកម៉ែខ្លួនឯងដែរ ។ ហើយមានអារម្មណ៍ថាស្តាយ ដែលយើងនៅឃ្លាតឆ្ងាយពីពួកគាត់ ។ ហើយពួកគាត់ប្រជាជនខ្មែរដែរ ប៉ុន្តែ យើងមើលឃើញថា គាត់រងាគាត់ក្តៅ ក៏យើងនៅពីចម្ងាយ យើងពិបាកក្នុងការជួយគាត់ដែរ»

មិនខុសគ្នានេះដែរ យុវជន ជាន ភឿន មកពីភូមិជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងដែរថា ពេលដែលលោកបានចួបខ្មែរក្រោមភ្លាម ហាក់មាននិស្ស័យ និងស្និទ្ធស្នាលខ្លាំង ហាក់បីដូចជាបងប្អូនបង្កើត ដែលបានបែកគ្នាយូរហើយ និងបានជួបគ្នាម្តងទៀតអ៊ីចឹង ។ លោកបន្តថា បងប្អូនខ្មែរក្រោម មានភាពរួសរាយរាក់ទាក់ខ្លាំង និងបានសួរនាំពីសុខទុក្ខយើងថា «ប្អូនមកពីណា? មកពីស្រុកអី? ម៉េចដែរបងប្អូនខ្មែរយើងសុខទុក្ខយ៉ាងណាដែរ? ជាដើម»

លោក ជាន  ភឿន និយាយថា៖ «គ្រាន់តែជួបពួកគាត់ [ខ្មែរក្រោម] មានអារម្មណ៍ភាពស្និទ្ធស្នាលតែម្តងបង មិនចាំបាច់ថា អូស្គាល់តាំងពីមុន មិនស្គាល់តាំងពីមុនទេ​ ចួបពួកគាត់ គឺមានអារម្មណ៍ថាស្និទ្ធស្នាល សួរសុខទុក្ខគាត់អំពីការរស់នៅ ហើយគាត់ក៏សួរពួកយើងមកពីខ្មែរលើ ខ្មែរកណ្តាល​ ឬគាត់តែងតែសួរយើងថាអ្នកមកពីភ្នំពេញ គឺមានអារម្មណ៍ថាស្និទ្ធស្នាល ដូចក្នុងនាមយើងជាបងប្អូនតែមួយ ។ ជាធម្មតា យើងបងប្អូនតែមួយ អ៊ីចឹងគ្រាន់តែចួបគ្នា ស្និទ្ធស្នាលស្រាប់ទៅហើយ» ។

យុវជនវ័យ ៣០ ឆ្នាំរូបនេះ ស្នើសុំឱ្យបងប្អូនខ្មែរកណ្ដាល គួរតែមានពេលវេលា ឬឆ្លៀតពេលវេលាខ្លះទៅទស្សនកិច្ច ឬសួរសុខទុក្ខពលរដ្ឋខ្មែរក្រោម ឱ្យបានកាន់តែច្រើន​ ដើម្បីបង្ហាញពីភាពសាមគ្គីគ្នា និងរាប់អានគ្នាក្នុងនាមខ្មែរតែមួយ ។

យុវជន ជាន ភឿន សំណូមពរថា៖ «ជាចុងក្រោយរបស់ខ្ញុំ ខ្ញុំសំណូមពរថា បងប្អូនយើង [ខ្មែរទាំងពីរ] គួរតែទៅលេងគ្នាឱ្យបានញឹកញាប់ ខ្មែរកណ្តាល ខ្មែរលើហ្នឹង គួរតែមកលេងបងប្អូនខ្មែរក្រោម ហើយបងប្អូនមានឆ្លៀតឱកាសបានទៅលេងអង្គរវត្ត ទៅលេងភ្នំពេញ ។ ជាចុងក្រោយមួយទៀត ជូនពរបងប្អូនខ្មែរយើងចួបតែសេចក្តីសុខ សេចក្តីចម្រើន ទាំងអស់គ្នា» ។

អគ្គលេខាធិការ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានចាត់ទុកសម្មភាពនៃដំណើរទស្សនកិច្ចរបស់ព្រះសង្ឃ និងយុវជននេះ ពិតជាបានរួមចំណែកទំនាក់ទំនងសាច់ឈាមខ្មែរតែមួយ ដែលជារូបភាពមួយបង្ហាញថា ពលរដ្ឋនៅកម្ពុជាមិនទុកឱ្យខ្មែរក្រោមនៅឯកោឡើយ ។

ទោះជាយ៉ាងណា លោកថា ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅដោយមិនមានសិទ្ធិសេរីភាពពេញលេញដូចពលរដ្ឋវៀតណាមឡើយ ។ លោកថា ពួកគេកំពុងប្រឈមបញ្ហាមួយចំនួន ដូចជា ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ការហាមប្រាមមិនឱ្យសិក្សាប្រវត្តិសាស្រ្តខ្មែរ និងអាជ្ញាធរវៀតណាម បានបិទសិទ្ធិក្នុងការទទួលបានព័ត៌មានពិត ជាដើម ។

លោកថា៖ «បើយើងនិយាយជារួមទៅ បច្ចុប្បន្ននេះ ទាក់ទងទៅនឹងការសង្កេតរបស់យើង ដែលយើងធ្វើការវិស័យសិទ្ធិមនុស្សខ្មែរក្រោមហ្នឹង បើពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស គឺមានបញ្ហាប្រឈមច្រើន! ក្នុងហ្នឹងពាក់ព័ន្ធសិទ្ធិសេរីភាពក្នុងការជួបជុំគ្នា ការប្រមូលផ្តុំគ្នា សិទ្ធិក្នុងការបញ្ចេញមតិ ជាដើម គឺបញ្ហាទាំងអស់ហ្នឹងនៅ ជាការងនូវការប្រឈមនៅឡើយ»

ជាមួយគ្នានេះ លោក សឺន ជុំជួន សង្កេតឃើញថា ពលរដ្ឋវៀតណាម នៅកម្ពុជារស់នៅមានវាសនាល្អជាងខ្មែរកម្ពុជាក្រោម ក្នុងទឹកដីវៀតណាម ។ លោកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា មានកិច្ចសហការទៅរដ្ឋាភិបាលវៀតណាម ដើម្បីបើកសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋខ្មែរក្រោម ទទួលបានសិទ្ធិរស់នៅជាប្រជាពលរដ្ឋពេញលេញ ដូចជនជាតិវៀតណាមដែរ ។

លោកថា៖ «សុំឱ្យរដ្ឋាភិបាលហ្នឹងមានការផ្តាំផ្ញើទៅដល់អាជ្ញាធរវៀតណាម រដ្ឋាភិបាលវៀតណាម ជាពិសេសបញ្ហាប្រឈម សិទ្ធិនានាដែលកំពុងប្រឈម មើលទៅគម្លាតខុសគ្នារវាងការរស់នៅរបស់ខ្មែរយើងដែលនៅកម្ពុជាក្រោម នឹងគម្លាតនៃការរស់នៅរបស់វៀតណាមដែលនៅកម្ពុជា ឃើញថាគម្លាតហ្នឹងខុសគ្នាឆ្ងាយ។ ដូច្នេះ សុំឱ្យរដ្ឋាភិបាលហ្នឹងទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលវៀតណាម» 

បើតាមលោក សឺន ជុំជួន បានឱ្យដឹងថា ក្នុងឆ្នាំ ១៩៩៩ មានពលរដ្ឋខ្មែរក្រោម ប្រមាណជាង ៨ លាននាក់កំពុងរស់នៅក្នុងទឹកដីកម្ពុជាក្រោម ។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូឌីនៅថ្ងៃអង្គារថា លោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញដំណើរទស្សនកិច្ចជាឯកជនរបស់ប្រជាពលរដ្ឋនោះទេ ។

យ៉ាងណាក្ដី ចំពោះការលើកឡើងស្តីពីការរឹតត្បិតសេរីភាព ចំពោះប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីក្រោមការគ្រប់គ្រងរបស់វៀតណាមនោះ លោក ផៃ ស៊ីផាន បានឆ្លើយតបថា ពលរដ្ឋខ្មែរក្រោម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ដូច្នេះ លោកថា កម្ពុជាមិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាម បាននោះឡើយ ។

លោក ផៃ ស៊ីផាន បន្តថា៖ «ពីព្រោះអ្វីៗ យើងធ្វើ យើងគោរព ទី ១ ច្បាប់អន្តរជាតិ គឺការគោរពដែនអធិបតេយ្យភាពរបស់ប្រទេសវៀតណាម ហើយផលសង្ឃឹមរបស់ពួកយើងទុកឱ្យវៀតណាមគោរពអធិបតេយ្យភាពរបស់កម្ពុជាដែរ ។ យើងគោរពគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសជិតខាងល្អ ។ គោលនយោបាយប្រទេសជិតខាងល្អ គេបានសរសេរហើយ នៅក្នុងចំណុចហ្នឹង ។ ហើយចំណុចទី ២ យើងមិនអាចបោះសន្ទូចរំលងភ្នំបានទេ មានតែការអនុវត្តទៅតាមអ្វីដែលជាច្បាប់អន្តរជាតិនោះ [ដែលបានចែងក្នុង] អង្គការសហប្រជាជាតិ» ។

លោកបន្ថែមថា៖ «ហើយអង្គការសហប្រជាជាតិ មានការិយាល័យគេនៅខាងវៀតណាមហ្នឹងដែរតើ! ហើយប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាប្រជាពលរដ្ឋរបស់វៀតណាម មិនមែនជាប្រជាពលរដ្ឋរបស់ខ្មែរទេ គ្រាន់តែជាជនជាតិដើមរបស់ខ្មែរ ព្រោះស្ថិតនៅលើអ្វីទៅដែលជាភូមិសាស្រ្តជាក់ស្តែង ។ បច្ចុប្បន្នដែលយើងកំពុងកសាង ហើយបន្សល់មកពីប្រវត្តិសាស្រ្ត យើងមិនអាចលូកដៃជ្រៀតជ្រែកបញ្ហានយោបាយនៅក្នុងប្រទេសគេនោះទេ គឺអត់អាចធ្វើទៅបានទេ»

បើតាមរបាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឱ្យដឹងថា ក្នុងឆ្នាំ ២០១៤ កម្ពុជាក្រោម មានព្រះសង្ឃចំនួន ៨ ៧៥០ អង្គ ក្នុងនោះ ខេត្ត​ព្រះ​ត្រពាំង មាន ៣ ៦១៦ អង្គ និងមានវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្ត ក្នុងនោះ ខេត្តព្រះត្រពាំងមាន ១៤៣ វត្ត ។ វត្តដែលមានវ័យចំណាស់ជាងគេ គឺវត្ត សំបួររង្សី កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។

អតីតព្រះរាជលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្តម សីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលរបស់លោក លន់ នល់ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ប៉ុល ពត ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ គឺគ្មានរដ្ឋាភិបាលខ្មែរណាមួយទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោម ទៅឱ្យវៀតណាមនោះឡើយ ។ ដូច្នេះ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោម នៅតែជាទឹកដីរបស់ខ្មែរដដែល ៕