កាលពីថ្ងៃអាទិត្យ ទី ២៣ ខែមេសា ចុងសប្តាហ៍កន្លងទៅនេះ ព្រះសង្ឃ និងគណៈកម្មការវត្តពុទ្ធឃោសាចារ្យ និងវត្ត ខេមររង្សី នៅទីក្រុងសាន់ហូស្សេ នៃរដ្ឋកាលីហ្វរញ៉ា ភាគខាងជើងសហរដ្ឋអាមេរិក បាន បើកកិច្ចប្រជុំ លើកដំបូង ស្តីអំពី ការបង្កើតគណៈកម្មការរៀបចំមហាសន្និបាតសកលលើកទី ១០ ក្រោមអធិបតីភាព ព្រះតេជ ព្រះគុណ ត្រឹង គុយ ព្រះចៅអធិការ វត្តពុទ្ធឃោសាចារ្យ និងព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ព្រះចៅអធិការ វត្តខេមររង្សី។ កិច្ចប្រជុំបាន ឯកភាពគ្នាផ្តោតលើរបៀបវារៈចំនួន ៣ គឺ៖

- ទី១ បង្កើតជារចនាសម្ព័ន្ធគណៈកម្មការមួយ ប្រចាំនៅទីក្រុងសាន់ហូស្សេ ។
- ទី២ រៀបចំកម្មវិធីមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងសាន់ហូស្សេ ។
- ទី៣ ស្តាប់របាយការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម ។
បន្ទាប់ពីបានជជែកប្តូរយោយល់ និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើប្រធានបទ ដែលបានកំណត់ ក្នុងរបៀបវារៈនោះ អង្គប្រជុំបានសម្រេចបង្កើត រចនាសម្ព័ន្ធគណៈកម្មការចម្រុះមួយ ដើម្បីរៀបចំមហាស ន្និបាត សកលលើកទី ១០ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៧, ២៨, ២៩ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខនេះ នៅទីក្រុង សាន់ហូស្សេ ប្រកបដោយភាពជោគជ័យ និង សម្រាប់ផលប្រយោជន៍ខ្មែរកម្ពុជា ក្រោមទាំងអស់មូល។ គណៈ កម្មការរៀបចំមហាសន្និបាត បានបែងចែកផ្នែកទទួលបន្ទុកនីមួយៗរួមមាន៖ លោក លី ឃោន ប្រធានសាខា សហព័ន្ធ ខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងសាន់ហូស្សេ ជាប្រធានគណៈកម្មការ, លោក លឹម ស៊ីវេត ជាអនុប្រធានទី១ ទទួល បន្ទុកហេរញ្ញឹក, ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា, លោក ថាច់ វឿង, លោក ថាច់ ចួន ជាអនុប្រធានទី២ ទទួល បន្ទុក រៀបចំកម្មវិធីប្រជុំ, លោក ថាច់ តង អនុប្រធានទី៣ ទទួលបន្ទុលរៀបចំសាលប្រជុំ, ព្រះតេជព្រះគុណ ត្រឹង គុយ និងលោក ថាច់ វិន អនុប្រធានទី៤ ទទួលបន្ទុក ដឹកជញ្ជូន, អ្នកស្រី យឿង ថឹង និងអ្នកស្រី ឡឹម ហេន អនុប្រធានទី៥ ទទួលបន្ទុកម្ហូបអាហារ, លោក ឡឹម ឃេន អនុប្រធានទី ៦ ទទួលបន្ទុកកន្លែងស្នាក់នៅ និង លោក ថាច់ សាង, លោក ថាច់ តង លោក វិញ តាយ អនុប្រធានទី ៧ ទទួលបន្ទុកសន្តិសុខ ។
អង្គប្រជុំបានបង្កើតគណៈកម្មការទទួលបន្ទុកផ្នែកនីមួយៗ និងបានស្តាប់របាយការណ៍សំខាន់ៗ របស់ លោក ចៅ សេរី អនុប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម រួចមក សមាជិក សមាជិកា នៃអង្គប្រជុំបានរួបរួម សាមគ្គី គ្នា ប្តេជ្ញាចិត្តការ ពារ សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយស្មោះស្ម័គ្រ និងធ្វើសកម្មភាពស្វែងរកថវិកា ដើម្បីឧបត្ថម្ភ ដល់មហាសន្និបាត សកល លើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែល គ្រោងនឹង រៀបចំនៅ ទីក្រុងសាន់ហូស្សេ នាចុង ខែឧសភានេះ ៕