សារ​ពី​កម្ពុជា​ក្រោម ជូន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ដោយ យុវសង្ឃកម្ពុជាក្រោម | ភិក្ខុ ថាច់ ឌីណេ កុលានុរក្ខិតោ

​ជាដំបូង​សូម​គោរព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម  និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ដែលជា​ទំពាំង​ស្នង​ឫស្សី ព្រមទាំង​បងប្អូន​ជន​រួម​ឈាម​ខ្មែរ​ទូទាំង​ពិភពលោក​ជាពិសេស​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ។​

សូម​គោរព​លោក​ប្រធាន និង​តំណាង​ជាតិ​សាសន៍​នានាប្រទេស​ដែលមាន​វត្តមាន​ក្នុង​អង្គ​មហាសន្និបាត​ថ្ងៃនេះ ។ ថ្ងៃនេះ ខ្ញុំ​ជា​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​មួយរូប​ក៏ដូចជា​តំណាង​ឲ្យ​យុវជន​ទាំងអស់​ដែល​កំពុង​មានជីវិតរ​ស់ ​នៅលើ​ទឹកដី​កម្ពុជា​ក្រោម​ដែលជា​ទឹកដី​កំណើត​ខ្លួន​, កំពុង​កើត​សេចក្តី​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​មាតុភូមិ​នៃ​ខ្លួន​ហើយក៏​កំពុង​រីករាយ​យ៉ាង​ក្រៃ​លែងយក​អ្វី​មក​ប្រៀប​ពុំបាន​ដោយ​ពេលនេះ​ខ្ញុំ​បាន និង​កំពុងមាន សំឡេង​នៅក្នុង​កន្លែង​មួយ​នេះ​ដែល​ជាតិ​សាសន៍​ទូទាំង​សកលលោក​ទុកចិត្ត​និង​ជឿជាក់​យ៉ាងច្បាស់​ថា “​កន្លែង​យុត្តិធម៌​,​សេរីភាព​,​អ​ព្យា​ក្រិ​ត្យ​ភាព និង ឯករាជ្យ​” ។ កន្លែង​ដែល​ខ្ញុំ​កំពុង​បញ្ចេញ​សំឡេង​នេះ​ខ្ញុំ​មិន​បានដឹង​ច្បាស់​ថា មាន​នាម​អ្វី​ទេ​ប៉ុន្តែ​ខ្ញុំ​អាច​ដឹងបាន​ថា “​កន្លែង​សម្រាប់​រក​យុត្តិធម៌​ផ្តល់ជូន​ដល់​ជាតិ​សាសន៍​ណា​ដែល​កំពុងមាន​ការបំបាត់​,​បំផ្លិចបំផ្លាញ​,​កែខៃ​រឿង​ពិត​ប្រឌិត​រឿង​កាឡៃ និង​ជិះជាន់​គាប សង្កត់​សិទ្ធិសេរីភាព​ពី​សំណាក់​ជាតិ​សាសន៍​មួយ​ផ្សេង ។ ខ្ញុំ​ជា​យុវជន​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន​ដទៃ​ជាច្រើន​ទៀត​មួយអន្លើ​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ក្នុងស្រុក​កំពុងតែ​ឆ្កួត​វង្វេង ដោយ​មិនដែល​បាន​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​នៃ​ជាតិ​កំណើត​ខ្លួន​, ធំក្តី​ឡើង​ឃើញតែ​ខ្លួន​សិក្សា​រៀនសូត្រ​តែ​អក្សរសាស្ត្រ​, ភាសា​, ប្រវត្តិសាស្ត្រ​របស់​ជាតិ​សាសន៍​ដទៃ​ហើយ​ខ្លួន​មិន​ប្រាកដថា “​ជា​សាសន៍​អ្វី​ឲ្យ​ប្រាកដ​ទេ​” គ្រាន់តែ​បាន​ដឹងឮ​តៗ​ពី​ដូនតា​ម្តាយ​ឪពុក​ថា “​យើង​ជា​ខ្មែរ​ហើយ​ឯង​ហ្នឹង​ក៏​ជា​ខ្មែរ​ដែរ​” ។ តែ​លុះដល់​ខ្ញុំ​ចង់ដឹងថា​ខ្លួន​ជា​ខ្មែរ​ពិត​ឬទេ​នោះ​ក៏​ខិតខំ​ស្រាវជ្រាវ​រក​ប្រវត្តិ​ដើម្បី​បញ្ជាក់​ជា​តឹកតាង​តែ​ការស្វែងរក​របស់ខ្ញុំ​ពុំដែល​បាន​ប្រទះ​ទល់ តែ​សោះ ហើយ​មិនដឹងថា​បន្តទៅ​ស្វែងរក​ឯណា​ទៀត​ទេ ហើយក៏​មិនទាន់​ហ៊ាន​អះអាងថា​ខ្លួន​ជា​ខ្មែរ​ដែរ ពីព្រោះ​ជាតិ​សាសន៍ នីមួយៗ​ដែល​ពិភពលោក​ទទួលស្គាល់​សុទ្ធតែ​យោងទៅលើ​ប្រវត្តិសាស្ត្រ​ជា​ភស្តុតាង​ទើប​យក​ជា​ផ្លូវការ ។ ចំណែក​ខ្មែរ    នៅ​កម្ពុជា​ក្រោម​យើងខ្ញុំ មាន​អ្វី​មក​ធ្វើជា​គោល​អាង​ដើម្បី​បញ្ចា​ក់ថា ខ្លួន​ជា​ខ្មែរ​កម្ពុជា​ក្រោម​? បើ​ប្រវត្តិសាស្ត្រ​ជាតិ​កំណើត​ពុំមាន ។ កុំ​ថា​អី​ដឹង​, យល់ ស្គាល់​ប្រវត្តិសាស្ត្រ សូម្បីតែ អក្សរ​,​ភាសា​និយាយ​ក៏​មិនត្រូវ​ទៅតាម​បែបបទ​អក្ខរ​វិរុទ្ធ​ផង​! តើ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​នៅឯណា​?​នរណា​យក​?​តើ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​ពិត​មាន​ទេ​?

កូនខ្មែរក្រោមម្នាក់ធ្វើបាតុកម្ម នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅ កម្ពុជាក្រោម ។
កូនខ្មែរក្រោមម្នាក់ធ្វើបាតុកម្ម នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅ កម្ពុជាក្រោម ។

​ខ្ញុំ​ជា​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​រៀនអក្សរ​សាស្ត្រ​កំណើត​ខ្លួន ៧ ឆ្នាំ​នៅលើ​ទឹកដី​កំណើត តែ​ការរៀន​នេះ​មិន​បានទទួល​សិទ្ធិ​ពេញលេញ​ទេ ហើយ​ការរៀន​អក្សរ​ខ្មែរ​តាម​វត្ត សុទ្ធតែ​មានការ​តាមដាន​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​គ្រប់ពេល​វេលា​, ក្រៅពី​រៀន​ក៏មាន​ការតាមដាន​គ្រប់​សកម្មភាព​របស់​ព្រះសង្ឃ​និង​អ្នកសិក្សា​ដែរ ។ ក្នុង​រយៈពេល ៧ ឆ្នាំ​សិក្សា​នោះ ខ្ញុំ​មិនដែល​បាន​ស្គាល់​រៀន​ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួន​ឡើយ តែ​កាល​ខ្ញុំ​រៀនអក្សរ​សាស្ត្រ ភាសា វៀតណាម​អស់ ១០ ឆ្នាំ​គឺ​បាន​រៀន​ប្រវត្តិសាស្ត្រ​អស់ ៦-៧ ឆ្នាំ ទៅហើយ តែ​រៀន​ប្រវត្តិសាស្ត្រ​វៀតណាម​សុទ្ធសាធ ហើយក៏​មិនដែល​បានឃើញ​ឈ្មោះ​ខ្មែរ​ឬ​ជាតិខ្មែរ​នៅក្នុង​ប្រវត្តិសាស្ត្រ​វៀតណាម​ដែរ ។ ខ្ញុំ​នៅចាំ​បាន​កាល​ខ្ញុំ​រៀន​ឆ្នាំ​ទី ១០ គឺ​ថ្នាក់​ទី ១០ រវាង​ឆមាស​ទី ១​ខ្ញុំ​បាន​សួរ​ទៅ​លោកគ្រូ​វៀតណាម​ម្នាក់​ដែល​គាត់​បង្រៀន​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​សាធារណរដ្ឋ​វៀតណាម​ថា “​វត្ត​ពោធិ​សាល​រាជ​” (​កំពង់​) វត្ត​នេះ​មាន​ប្រវត្តិ​ដូចម្តេច​? បានជា​មានឈ្មោះ​ដូច្នេះ​?​ហើយ​កសាង​នៅ​ឆ្នាំ​ណា​? ក្រោម​សា្ន​ដៃ​របស់​អ្នកណា​?​តែ​គាត់​ធ្វើ​មុខ​រាបស្មើ ហើយ​គាត់​ប្រាប់ថា គាត់​មិនដឹង​ដែរ ហើយ​គាត់​បង្វែរ​ថា បើ​ចង់ដឹង​មានតែ​ទៅ​សួរ​ព្រះចៅអធិការ​វត្ត​នោះ​បានដឹង ។ ខ្ញុំ​ក៏​បង្អាក់​សួ​រត  តែ​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា អ្នក​បង្រៀន​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ខ្លួន​ហេតុ​ម៉េច​បាន​មិនដឹង​ទៅវិញ​?​រឿងនេះ​ខ្ញុំ​នៅមាន​ការ​ឆ្ងល់​ច្រើនណាស់​តែ​មិនដឹង​ទៅ​ស្រាវជ្រាវ​ឯណា​???

ចំពោះ​សម្តី​អ្នកគ្រប់គ្រង​ប្រទេស​វៀតណាម​វិញ​មាន​ភ្នាក់ងារ​ជា​នគរបាល​ខេត្ត​,​ស្រុក​,​ឃុំ​,​ភូមិ​ជាដើម​, ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​មិនដែល​ឮ​ហាម​ថា មិន​ឲ្យ​ជជែក​,​បរិយាយ​,​អធិប្បាយ​,​ខ្យា​យ​ពី​រឿង​សង្គម​ខ្មែរ ប្រវត្តិសាស្ត្រ​ខ្មែរ​ទេ ហើយ​ក្នុង​រដ្ឋ​ធម្ម   នុ​ញ្ញ​នៃ​ប្រទេស​ក៏​មិនបាន​ចេញ​ខ​បញ្ញា​តិ​ដែលថា​ហាមឃាត់​ដែរ តែបើ​កាលណា​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​និយាយ​រឿង​ខ្មែរ​កម្ពុជា​ក្រោម​និង​លួច​អាន​សៀវភៅ​ប្រវត្តិ សាស្ត្រ​កម្ពុជា​ក្រោម​ដែល​បាន​លួចលាក់​យក​មកពី​ប្រទេស​កម្ពុជា គឺ​នគរបាល​ហៅ​ឬ​ចាប់​យកទៅ​សម្លុត​,​គម្រាម​គំហែង​,​ឃុំឃាំង​រហូតដល់​ចាប់​ដាក់គុក​ដោយ​គ្មាន​ពាក្យ​តវ៉ា​ឬ​យុត្តិធម៌​ឡើយ ។ បញ្ហា​នេះ​កើតមានឡើង​ច្រើនណាស់​ដែល​វៀតណាម​ប្រព្រឹត្តិ​យ៉ាង​ឃោរឃៅ​សាហាវ​ជាទីបំផុត​មកលើ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រាប់មិនអស់​តាំងពី​ដូនតា​មក​, ហើយ​បច្ចុប្បន្ននេះ​អំពើ​ដែល​វៀតណាម​ធ្លាប់​បានធ្វើ​ពីមុន​នោះ​នៅតែមាន​, ហើយ​មាន​កាន់តែ​ច្រើនយ៉ាង​ក្តៅគគុក​នៅលើ​ទឹកដី​កម្ពុជា​ក្រោម  ដូច​កាល​ចុងឆ្នាំ ២០១៣ នៅ​ថ្ងៃទី ២៥ និង​ទី ២៧ ខែកញ្ញា ព្រះសង្ឃ​ពីរ​ព្រះអង្គ​គឺ​ព្រះ​ភិក្ខុ លីវ នី និង ថាច់ ធឿន ព្រមទាំង​ពលរដ្ឋ​ខ្មែរក្រោម ៦ នាក់​ទៀត​នៅ​វត្ត​សេរី​តាសេក ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ត្រូវ រដ្ឋាភិបាល​វៀតណាម​ចោទប្រកាន់​គ្រប់បែបយ៉ាង តាម​ប្រ​ម៉ាញ់​អស់​រយៈពេល​យូរ​ខែ​រហូតដល់​ធ្វើ​ទារុណ​ដាក់ពន្ធនាគារ សព្វថ្ងៃ អ្នក​ទាំងនោះ​ខ្លះ​បាន​ដល់កំណត់​ចេញ​ហើយ ខ្លះ​នៅជាប់​ក្នុង​គុក​នៅឡើយ តើ​អ្នក​ទាំងអស់នោះ​ធ្វើ​ខុស​រឿង​អី​?​បើ​ព្រះសង្ឃ​បួស​ក្នុង​វត្ត​ទីពឹង​ពុទ្ធបរិស័ទ​ហើយ​បរិស័ទ​គឺ​សុទ្ធតែ​ក្រីក្រ សុទ្ធតែ​អ្នកស្រែ មិនសូវ​ដែល​ស្គាល់​អ្វី​ផង គ្រាន់តែ​ចង់បាន​សិទ្ធ​សេរីភាព​ក្នុង​ការបើក​សាលា​សិក្សា​រៀនសូត្រ ហើយ​ទាក់ទង​ខ្មែរ​គ្នាឯង​ប៉ុណ្ណោះ ។ ហើយ​ខ្ញុំ​នៅ​ជឿជាក់ថា នៅមាន​បន្ត​ចាប់​ព្រះសង្ឃ​,​ពលរដ្ឋ​ខ្មែរក្រោម​ទៀត​នៅ​ថ្ងៃ​ខាងមុខ​, ព្រោះ​សេរីភាព​បច្ចុប្បន្ន​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ត្រូវការ​ចាំបាច់ និង​ជំនឿ​សាសនា រក្សា​អត្តសញ្ញាណ តែ​ការចង់បាន​សិទ្ធិសេរីភាព​របស់​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បែបនេះ​បែរ​ទៅជា​អ្នកមាន​ទោស​និង​ត្រូវបាន​ចាប់​ដាក់គុក​ដោយ​រដ្ឋាភិបាល​វៀតណាម ។ រឿងនេះ​ខ្ញុំ​ជឿជាក់ថា​ពិភពលោក​ទាំងមូល​ជាពិសេស​អង្គការ​សហ​ប្រជា​តិ​និង​អ្នក​យុត្តិធម៌​សង្គម​ខ្នាត​អន្តរជាតិ​ប្រហែល​បានដឹង បានឮ​និង​ឃើញច្បាស់​ហើយ ហើយ​ខ្ញុំ​មាន​ទំនុកចិត្ត​ជំនឿ​យ៉ាងច្បាស់​ថា​ អង្គការ​ទាំងនេះ​មិន​ព្រងើយ​ទេ​គឺ​កំពុង​រក​មធ្យោបាយ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​រឿង​ខ្មែរ​កម្ពុជា​ក្រោម ជូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​ចង់បាន ។ ខ្ញុំ​មិនបាន​ដឹង​,​ស្គាល់​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួន​ទេ គ្រាន់តែ​បាន​ដឹងឮ​ខ្លះៗ​ត​មកពី​ជីដូន​ជីតា​ម្តាយ​ឪពុក ហើយក៏​មិនដែល​បាន​ចូល​សាលា​កាន់​សៀវភៅ​ដែលជា​តួឯក​ដ៏​សំខាន់​បង្ហាញ​ពី​ជាតិ​កំណើត​ខ្លួន​ឡើយ ។​

​តែ​ចំពោះ​ខ្ញុំ​និង​ពលរដ្ឋ​ខ្មែរក្រោម​ទូទៅ​មិនចាំបាច់​រៀន​ប្រវត្តិសាស្ត្រ​ជាតិ​ក៏​បានដឹង​ច្បាស់​ដែរ ព្រោះ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​បែប​រូបភាព​ដែលជា​ភស្តុតាង​នៅរស់​និង​នៅមាន​ជីវិត​ច្រើនណាស់​ដូចជា វត្ត​អារាម​, វប្បធម៌​,​ទំនៀមទម្លាប់​,​ប្រពៃណី​។​ល​។ និយាយ​ឲ្យ​ខ្លី​ដំណែល​កេរ​ទាំងអស់នេះ​បញ្ជាក់ថា​ប្រវត្តិសាស្ត្រ​ពិត​របស់​កម្ពុជា​ក្រោម ហើយ​មាន​អាយុកាល​យ៉ាងយូរ​រាប់ពាន់​ឆ្នាំ​ហើយ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ឲ្យ​,​ទាំងអស់​ហ្នឹងហើយ​ជា​ភស្តុតាង​សម្រាប់​បញ្ជាក់​ពី​ប្រវត្តិ ។ ភស្តុតាង​ខ្លះ​មាន​អាយុកាល​ជាង ១០០០ ពាន់ ហើយ​ភស្តុតាង​ទាំងនោះ​មិនអាច​លើកដាក់​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ដូច​៖​វត្ត​អារាម​ខ្មែរ​ជាដើម គឺ​វត្ត “​សម្បួរ​រង្សី​”(​សម្បួរ​)​កសាង​នៅ គ​. ស​. ៣៧៣ មាន​អាយុកាល ១៦៤២ ឆ្នាំ​ហើយ ឆ្នាំ ២០១៥ នេះ ។ វត្ត​មួយ​នេះ មានកំណើត​នៅ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង​, “​វត្ត​កប់​ត្រែង​”​មាន​អាយុកាល ១៦១៤ ឆ្នាំ វត្ត​នេះ​នៅ​ខេត្ត​មាត់ជ្រូក​,​ក្រៅពីនេះ​នៅមាន​វត្ត​ដែលជា​ភស្តុតាង​ជាច្រើន​ទៀត ហើយ​មាន​អាយុកាល​ចាស់ៗ នៅលើ​ទឹកដី​កម្ពុជា  ក្រោម ។ ពី​សម័យបុរាណ​ខ្ញុំ​បាន​ឮថា វត្ត​ខ្មែរ​កម្ពុជា​ក្រោម មាន​ជាង ៥០០ វត្ត តែ​មកដល់​បច្ចុប្បន្ន​នៅតែ​ជាង ៤៥៩ វត្ត​ប៉ុណ្ណោះ​, តាម​ដំណាល​ចាស់ៗ​ថា​វត្ត​មួយចំនួន​ដែល​បាន​បាត់​ទៅហើយនោះ គឺ​ត្រូវបាន​កំទេច​បំផ្លិចបំផ្លាញ​ដោយ​សត្រូវ​នៅ​ជិតខាង​និង​ជាតិ​សាសន៍​ដែល​កំពុង​ត្រួតត្រា ។ ប៉ុណ្ណេះ​ជា​ប្រវត្តិសាស្ត្រ​រូបភាព​ច្បា​ស់ឥត​ប្រកែក​បាន ហើយ​ខ្ញុំ​យល់ថា​វត្ត​ទាំងនោះ​ចាស់​តែ​មិន​ចាស់​ជាង​មនុស្ស​ជាតិខ្មែរ​កម្ពុជា​ក្រោម​ឡើយ ព្រោះ​ខ្ញុំ​យល់ថា មាន​មនុស្ស​ហើយ​បាន​កសាង​វត្ត មិនមែន​វត្ត​កសាង​មនុស្ស​ទេ ។​

​ប្រវត្តិសាស្ត្រ​រូបភាព​មាន​ប្រាក​ដពិត​យ៉ាងនេះ​បើ​ប្រៀបធៀប​ទៅនឹង​អាយុកាល​នៃ​ប្រទេស​វៀតណាម​វិញ ឃើញថា ជាតិ​សាសន៍​ខ្មែរ​កម្ពុជា​ក្រោម​មាន​ដើមកំណើត​បង (​មុន​) ជាតិ​សាសន៍​យួន ៦២៧ ឆ្នាំ ដោយ​យោងទៅលើ​អាយុកាល​វត្ត​សម្បួរ​រង្សី និង​បុណ្យខួប ១០០០ ឆ្នាំ នៃ​ថាំង​ឡុង​ហាណូយ កាលពី​ថ្ងៃទី ០១ ខែតុលា ដល់ ថ្ងៃទី ១០ ខែតុលា​ឆ្នាំ ២០០០ នៅ​ប្រទេស​វៀតណាម ។ នេះ​គិត​នៅឯ​ទឹកដី​ហាណូយ​ភាគ​ខាងជើង​ឯណោះ តែបើ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម  វិញ ទើប​យួន​កុ​ម្មុយ​និ​ស្ត​ទើបតែ​ចូលកាន់​កាន់​ដែនដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទេ ហើយ​ទឹកដី     កម្ពុជា​ក្រោម រដ្ឋាភិបាល​បារាំង ទើបតែ​ប្រគល់​ឲ្យ​វៀតណាម ៦៥ ឆ្នាំ ប៉ុណ្ណោះ បើ​គិត​តាំង​ពីថ្ងៃ ០៤ ខែមិថុនា ឆ្នាំ ១៩៤៩   មក ។ នេះ​ខ្ញុំ​គ្រាន់តែ​បញ្ជាក់​បន្តិច​ដោយហេតុ​ប្រសាសន៍​របស់​ស្ថានទូត​វៀតណាម គឺ​លោក ត្រឹង វ៉ាន់ ថុង ដែល​តំណាង​ឲ្យ​ប្រទេស​ខ្លួន នៅ​កម្ពុជា​និយាយ​ជាមួយ​វិទ្យុ​អាស៊ីសេរី​ខេមរភាសា​កាលពី​ថ្ងៃទី ០៦ កក្កដា​ថា “​ដី​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ជា​ទឹកដី​របស់​វ​.​ណ​តាំងពី​ដូនតា​យូរយារ​មក ”​និយាយ​បែបនេះ​ខ្ញុំ​យល់ថា​និយាយ​ដោយ​រំលោភបំពាន​ហើយ​មិនដឹង​។​នេះ​ប្រហែលជា​មិនដែល​បាន​រៀន​ឬឮ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ខ្លួន​ទេ​មើលទៅ ហើយ​ជាតិ​សាសន៍​ខ្លួនឯង​គ្មាន​នរណា​បំបិទ​សិទ្ធ​មិន​ឲ្យ​រៀន ឯណា​ម៉េច​ក៏​មិនដឹង ,​អ្នក​អាច​បំបិទ​បំបាត់​កំចាត់​ប្រវត្តិសាស្ត្រ​ដែល​សរសេរ​នៅលើ​ក្រដាស់​ក្នុង​សៀវភៅ​បានតែ​អ្នក​មិនអាច​បំបាត់ ប្រវត្តិសាស្ត្រ​រូបភាព​ពិត​បានឡើយ ។ រឿង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ខ្ញុំ​ជឿជាក់ថា អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អ្នក​ប្រវត្តិវិទូ​នានា​បានដឹង​ច្បាស់​ជាង​ពលរដ្ឋ​ខ្មែរក្រោម​ទៅទៀត ពីព្រោះ​លោកអ្នក​ប្រវត្តិសាស្ត្រ​ដូចជា​ព្រះអាទិត្យ​ដែលមាន​ពន្លឺ​ភ្លឺ​ច្បាស់​ភពផែនដី យ៉ាងណាមិញ​អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ក៏​ដូច្នោះ​ដែរ ។​

​បច្ចុប្បន្ននេះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រាប់លាន​នាក់​ជាពិសេស “​យុវជន ដែលជា​សសរទ្រូង​នៃ​ប្រទេសជាតិ​”​នោះ កំពុងតែ​បារម្ភ​យ៉ាងខ្លាំង​ដោយ​ឃើញថា សព្វថ្ងៃ​រដ្ឋាភិបាល​វៀត​ណា​ម មានការ​បំបាត់​មិន​ឲ្យ​ស្គា​ល់ពី​ប្រវត្តិ​ពិត​នៃ​ជាតិ​កំណើត កាឡៃ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ជាពិសេស កាឡៃ​ប្រវត្តិសាស្ត្រ  ។ ដូច្នេះ តើ​ខ្មែរ នៅ​កម្ពុជា​ក្រោម​ពឹង​ទៅលើ​អ្នកណា​ដើម្បី​ជួយ​បង្ហាញ​ប្រវត្តិ​ពិត​របស់​ជាតិ​ខ្លួន​? ។​

​សព្វថ្ងៃ ព្រះសង្ឃ ព្រមទាំង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជំនឿ និង​ធ្វើ​ពីរ​ផ្លូវ ហើយពីរ​ផ្លូវ​នោះ​លទ្ធផល​ដែល​ចេញមក​ទទួលបាន គឺ​សុទ្ធតែ​វិនាស​ជាតិ វិនាស​ខ្លួន​ទាំងអស់ ។​

ទីមួយ​៖ បើ​ជំនឿ​ជឿ​ធ្វើតាម​រដ្ឋាភិបាល​វៀតណាម​គឺ ជាតិ​មិន​ពិត​ជាតិ វប្ប​ធ៌​ម​មិន​ចំ​វប្ប​ធ៌​ម ទំនៀមទម្លាប់ ប្រពៃណី​មិនសូវ​ត្រូវ អក្សរសាស្ត្រ​មិន​ចំ​អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ​មិនមែន​ប្រវត្តិសាស្ត្រ សុទ្ធតែ​បង្វែរ ដាន ប​ង្ខួ​ច​បន្តិច​ម្ដងៗ ពី​រដ្ឋាភិបាល​វៀតណាម នេះ​ជា​ជំនឿ​ទៅរក​ផ្លូវ​ក្រ​ឡៃ​ជាតិ​សាសន៍ ។​

​ទី​ពីរ​៖ បើ​ជឿ​ទៅលើ​ជាតិ​សាសន៍​ខ្លួនឯង​ជជែក​ពី​បញ្ហា​សង្គម​ស្វែងរក​ការពិត និង​ប្រយោជន៍​ជូន​ជាតិ​កំណើត ជាពិសេស​មានការ​ជំនឿ​ជឿ​លើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ដែលជា​ឈាមជ័រ​ជាតិ​សាសន៍​ខ្លួនឯង​តែមួយ បច្ចុប្បន្ន​កំពុងធ្វើការ​តស៊ូ​មតិ​យ៉ាងសកម្ម​ស្របច្បាប់​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ទាមទារ​តវ៉ា​សិទ្ធិសេរីភាព ជូន​ជាតិ​សាសន៍​ខ្លួនឯង​ដែល​កំពុងរ​ស់រង​វេទនា​ខ្លោចផ្សា​នៅលើ​មាតុ​ភូមិកំណើត​គឺ​កម្ពុជា​ក្រោម លទ្ធផល​ទទួលបាន​គឺ​គំរាម​គំហែង សំលុត និង​ចាប់​ដាក់គុក យ៉ាង​អ​យុ​ត្តិ​ធ៌​ម​តួ​យ៉ាងដូច​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រដ្ឋាភិបាល​វៀតណាម ទើបតែ​ចប់​ដាក់គុក​ថ្មីៗ ប្រហែលជា​លោក​ប្រធាន និង​តំណាង​ជាតិ​សាសន៍​នានា​នៅក្នុង​ម​ហាស​ន្និ​បាន​ជ្រាប​ហើយ​។ តើ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ជឿ​តាម​អ្នកណា បើ​ទាំងពីរ​នេះ​លទ្ធផល​សុទ្ធតែ​វិនាស​ទាំងអស់ ។​

​ពេលវេលា​ជាស​ច្ចៈ​ស្មោះស្ម័គ្រ​ទៀងត្រង់ មិន​ទៅមុខ​មុន មិន​វិល​ថយក្រោយ មិនមាន​ឧបាយ​ល្បិចកល តែ​មនុស្ស​មិន​ទៀងត្រង់​សច្ចៈ ។ ចំពោះ​ខ្ញុំ​យល់ថា ក្នុង​ពេលនេះ​អ្នក​ទាំងអស់​សុទ្ធតែ​ជាម​នុស្ស​ស្មោះត្រង់ តុល្យភាព យុ​ត្តិ​ធ៌​ម និង​សុគតិ​ដើម្បី​ជួយ​ជាតិ​សាសន៍​ណា​ដែល​កំពុងមាន​ការគាបសង្កត់​,​ជិះជាន់​បំបិទ​សិទ្ធ​សេរីភាព ធ្វើទុក្ខ​ទណ្ឌ ពី​ជាតិ​សាសន៍​ផ្សេង​បំពាន ។ រី​នៅឯ​ស្រុក​ខ្ញុំ​គឺ​កម្ពុជា​ក្រោម​វិញ ខ្ញុំ​ឃើញ​និង​បាន​យល់ច្បាស់​ថា រដ្ឋាភិបាល​វៀតណាម​សព្វថ្ងៃ​គ្រប់ពេលវេលា​តែងតែ​រក​គ្រប់​មធ្យោបាយ ល្បិចកល ធ្វើ​ឲ្យ​ជាតិ​សាសន៍​ខ្មែរក្រោម​មិន​តាំងនៅ​ស្ថិតស្ថេរ​ប្រាកដ​ទៀត គឺ​បង្វែរ​បង្ខូច​រាល់ថ្ងៃ​ឲ្យ​តែ​អ្វី​ដែលជា​កេរ​ម៌​តក​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ប្រសិនបើ​ប្រគល់​ទុកពេល​វេលា​នេះ​ឲ្យ​ទៅ​យួន​តទៅទៀត ខ្ញុំ​សន្និដ្ឋាន​យ៉ាង​ប្រាកដថា មិន​ហួស​ពី​៥​ទៅ​ដប់ឆ្នាំ​ទៀត​ទេ ខ្មែរ​កម្ពុជា​ក្រោម​រាប់លាន​នាក់​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ខ្លួន អស់​ស្កាល់​អ្វីៗ​ដែលជា​របស់​ជាតិ​ខ្លួន​ហើយ សូម្បីតែ​សព្វថ្ងៃនេះ​ភាសា​និយាយ​មានការ​លាយ​លាំ​ច្រើន តែបើ​សរសេរ​វិញ​មិនបាន ១៥% ផង ឯ​ប្រវត្តិសាស្ត្រ​ជាតិ​សូម្បី ៥% ក៏​មិនបាន​ដឹងផង បើដូច្នោះ​ធ្វើ​ម្តេច​នឹង​រក្សាបាន ហើយ​ភាសា​គេ​ប្រើ​ជា​ផ្លូវការ​។ បច្ចុប្បន្ន​វ​.​ណ​នៅតែ​បន្ត​ប្រល័យពូជសាសន៍​ខ្មែរក្រោម​ដោយ​ប្រើ​មធ្យោបាយ​មូលដ្ឋាន គឺ​វ​.​ណ​យល់ថា​មូលដ្ឋាន​ជា​គ្រឹះ ដូច្នោះ​វៀតណាម​ត្រូវតែ​ចាត់ការ​តួយ៉ាង​ជាក់ស្តែង​ព្រះសង្ឃ​យុវជន​ណា​ដែល​បាន​រៀន​ចប់​ភាសា​កំណើត​ថ្នាក់​ទី ៩ ឬ​ទី ១២ ចេញពី​វត្ត គឺ​រដ្ឋាភិបាល​វៀតណាម​តាមដាន​ឃ្លាំមើល​យ៉ាង​ស្អិតរ​មួ​ត​បើ​បុគ្គល​រូប​ណា​ដែល​វៀតណាម​ចាត់ទុកថា​ជា​បុគ្គល មានគំនិត​ជាតិនិយម​ស្រឡាញ់​ជាតិ គឺ​វៀតណាម​មិន​ឲ្យ​បង្រៀនអក្សរ​សាស្ត្រ​ដល់​កូនចៅ​ខ្មែរក្រោម​ឡើយ ។ ក្នុង​ការមិន​ឲ្យ​នោះ​គឺ​វៀតណាម​មិន​ចេញមុខ​ហាមឃាត់​បាំងបិទ​រារាំង​ទេ គឺ​ទៅ​ខុ​ក​ខិត​និង​អ្នកគ្រប់គ្រង​វត្ត​ឬ​គ​ណា ចា​រ្យ​ញោមវត្ត ថា​សង្ឃ​អង្គ​នេះ​,​អង្គ​នោះ​ឬ​គ្រូ​ឧបាសក​រូបនេះ​ឬ​រូបនោះ​កំពុងមាន​បញ្ហា​ត្រូវការ​សង្កេត​ឃ្លាំមើល​ពី​រដ្ឋាភិបាល​ចឹ​ង​មិនអាច​អនុញ្ញាតិ​ឲ្យ​ចូល​សាលាបង្រៀន​បានឡើយ​, នេះ​គឺ​ឧបាយកល​វ​.​ណ​បាននិងកំពុង​ប្រព្រឹត្ត​សព្វថ្ងៃ ។ ហេតុដែល​បាន​ដូច​បំណង​គេ​គឺ​ព្រះចៅអធិការ​ភាគច្រើន​នៅក្រោម​ការបញ្ជា​គ្រប់គ្រង​ពីរ​ដ្ឋ​។​បើតាម​វិន័យ​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា និង​បុរាណសម័យ​ដូនតា​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​តែ​ព្រះសង្ឃ​បាន​រៀន​ចប់​គឺ​និមន្ត​ប្រគេន​តំណែង​ដល់​ព្រះសង្ឃ​ដែល​បាន​រៀន​ចប់​គឺ​គ្រូ​ចា​រ្យ​ឬ​គ្រូសូត្រ​ជាដើម ដើម្បី​ជួយ​ដល់​សង្គម​វត្ត​អារាម​មាន បង្រៀនអក្សរ​សាស្ត្រ ធ៌​ម​អាថ៌ វិន័យ​ដល់​ព្រះសង្ឃ​ជំនាន់​ក្រោយ​និង​បរិស័ទ តែ​សព្វថ្ងៃនេះ​រដ្ឋា​ផិ​បាល​វៀតណាម​បង្វែរ​អស់ហើយ​មិន​ដូចដើម​ទៀត​។ បើ​សង្ឃ​អង្គណា​បាន​រៀន​ចប់​មានគំនិត​ជាតិ​ស្រឡាញ់​សេរីភាព​គឺ​យួន​ប្រើ​គ្រប់​ល្បិច​កិច្ចកល​ដូច​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​អំបាញ់មិញ​អញ្ចឹង​។​ ជា​ការពិត​រូបខ្ញុំ​ផ្ទាល់​គឺ​រដ្ឋ​វៀតណាម​មិន​ឲ្យ​ចូល​ជួយ​បង្រៀន​កាលពី​ឆ្នាំ​២០១២​ ដោយ​វៀតណាម​ ចោទថា​ខ្ញុំ​កំពុងមាន​បញ្ហា​ និង​រដ្ឋ តែ​ខ្ញុំ​មិនដែល​បានទទួល​លិខិត​ណាមួយ​ដែល​បញ្ជាក់​ឲ្យ​ច្បាស់ ថា​ខ្ញុំ មាន​បញ្ហា​និង​មានទោស​ជាមួយនិង​រដ្ឋ​វៀតណាម​ម្តងណា​សោះ ។ ការ​ចោទ ការ​ថា ការមូល​បង្កាច់​គឺ​នៅលើ​រដ្ឋ​រៀ​ត​ណា​ម​ទាំងស្រុង​។​នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ខ្មែរក្រោម​កំពុង​ទទួលរង​ធ្វើបាប​ផ្លូវចិត្ត​ និង​កាយ​តាម​រូបមន្ត​មើលឃើញ​ខ្លះ មិនឃើញ​ខ្លះ​ពី​រដ្ឋ​វៀតណាម ហើយ​បញ្ហា​ទាំងឡាយ​នេះ​មិន​មែនមាន​ចំពោះតែ​រូបខ្ញុំ​ម្នាក់​ទេ​។ សេចក្តី​ទាំងអស់​តាំងពីដើម​រហូតមកដល់​នេះ​ខ្ញុំ​ជឿជាក់ថា លោក​ប្រធាន និង​តំណាង​ជាតិ​សាសន៍​នានា​ពិតជា​ជ្រាប​និង​យល់ច្បាស់​។ សូម​លោក​ប្រធាន​និង​បណ្តា​ប្រទេស​ជួយ​រក​ដំណោះស្រាយ​ជូន​ខ្មែរ​កម្ពុជា​ក្រោម​យើងខ្ញុំ​ផង​! អ​យុ​ត្តិ​ធ៌​មណាស់​!!!​។​

ចុងបញ្ចប់​ខ្ញុំ​សូម​តំណាង​យុវជន ​និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រាប់លាន​នាក់​ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​សូម​ជូនពរ លោក​ប្រធាន​ព្រមទាំង​សហការី​មួយអន្លើ​ដោយ​ជាតិ​សាសន៍​នានា​ ដែល​តំណាង​ឲ្យ​ជាតិ​សាសន៍​ខ្លួន​ពេលនេះ ជួបតែ​សេចក្តីសុខ សេចក្តីចំរើន​គ្រប់​ទិន្ន​ទិវារាត្រី​កុំបី​អាក់ខាន ៕​