ព្រះតេជព្រះគុណ លី ចិន្ដា ពាក់ស្បង់ចីវរ ឡើងវិញ អាជ្ញាធរវៀតណាមចាប់លើកទីពីរ

ប្រភពព័ត៌មានពីវត្តព្រៃជាប់ ខេត្តឃ្លាំង បានប្រាប់ សារព័ត៌មានព្រៃនគរ នៅថ្ងៃទី ១៧ ខែឧសភា នេះ ថា ព្រះតេជព្រះតេជព្រះ គុណ លី ចិន្ដា បច្ចុប្បន្ន កំពុងស្នាក់នៅផ្ទះពុទ្ធបរិស័ទខ្មែរក្រោមម្នាក់ខាងក្រៅវត្តព្រៃជាប់ ព្រោះអាជ្ញាធរបានហាមព្រះអង្គមិន ឲ្យចូលវត្ត ។ ប្រភពបានប្រាប់ថា ពេលដឹងខ្លួន ព្រះតេជព្រះគុណ លី ចិន្ដា បានយកស្បង់ចីវរមកពាក់គ្រងឡើងវិញ ដោយព្រះអង្គ ចាត់ទុកថា ខ្លួននៅជាសង្ឃដដែល ហើយអាជ្ញាធរបានមកចាប់ ព្រះអង្គជាលើកទីពីរនៅក្នុងផ្ទះពុទ្ធបរិស័ទ ។

កាលពីថ្ងៃទី ១៦ ខែឧសភា អាជ្ញាធរវៀតណាមបានបញ្ជាឲ្យកងកម្លាំងសន្តិសុខរបស់ខ្លួនទៅគោះជញ្ជាំងកុដិព្រះតេជព្រះគុណ លី ចិន្ដា ហើយចាប់ព្រះអង្គដាក់ចូលបាវ រួចដាក់ឡើងឡានយក ទៅធ្វើទារុណកម្មនៅសាលាស្រុកជ្រោយញរ ។ នេះបើតាមការរៀបរាប់របស់ស្ត្រីម្នាក់នៅក្បែរវត្តដែលបានឃើញហេតុការណ៍ នេះ ។

រហូតមកទល់ពេលនេះ ខ្មែរក្រោមនៅភូមិព្រៃជាប់ ៧ នាក់ហើយ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ។ អ្នកទាំងនោះរួមមាន ទីមួយ លោក តាំង វ៉ឹង (Tang Quan), ទីពីរ លោក លី ថាន់ ហាយ (Ly Thanh Hai) អ្នកទាំងពីរនេះ ត្រូវចាប់កាលកាលពីខែមីនា កន្លង ទៅនេះ ។ ចំណែកអ្នកទាំង ៥ ទៀត រួមមាន ១. អ្នកស្រី ឡាំ ធី សាំង ឡាង (Lam Thi Xang Lan) អាយុ ៥៦ ឆ្នាំ (កើតឆ្នាំ ១៩៥៧) ,២. អ្នកស្រី លី ធី យ៉ាន់ (Ly Thi Danh) អាយុ ៤៣ ឆ្នាំ (កើតឆ្នាំ ១៩៧០) ,៣. អ្នកស្រី លី ធី សាប៊ន (Ly Thi Sa Bon) អាយុ ៥៨ ឆ្នាំ (កើតឆ្នាំ , ១៩៦៥) និង បុរសពីរនាក់ ទៀត គឺ លោក ម៉យ និង លោក ឌិន ។

ព្រះសង្ឃ ៥ ទៀតដែល ត្រូវបានអាជ្ញាធរវៀតណាមចាប់ទៅសួរ ចម្លើយ ហើយលែងមកវិញ  ព្រោះសង្ឃទាំងនោះមិនព្រមនិយាយ តាមអ្វីដែលពួកអាជ្ញាធរបង្គាប់បញ្ជាថា ព្រះតេជព្រះគុណ លី ចិន្ដា ស្មគ្រចិត្តលាចាកសិក្ខាបទដោយខ្លួនឯង មិនមែនអាជ្ញាធរបង្ខំទេ ។ នេះបើតាមការអះអាងរបស់អ្នកស្រុកព្រៃជាប់ ។

ប្រព័ន្ធឃោសនារដ្ឋ រួមមានវិទ្យុ និងទូរទស្សន៍រដ្ឋនៃរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម បានមកយកព័ត៌មានបង្ខំឲ្យម្ដាយរបស់ ព្រះ តេជព្រះគុណ លី ចិន្ដា សារភាពថា កូនរបស់គាត់ផ្សឹកដោយខ្លួន ឯង មិនមែនអាជ្ញាធរបង្ខិតបង្ខំឡើយ ។

សារព័ត៌មាន ព្រៃនគរ មិនអាចសុំការបំភ្លឺពី ព្រះតេជព្រះគុណ ថាច់ ហ៊ន បានឡើយ ទាក់ទិននឹងករណី ចាប់ព្រះតេជព្រះគុណ លី ចិន្ដា ផ្សឹកនេះ ៕