ឧបាសិកាគម្រូក្នុងការអានព្រះត្រៃបិដក

វត្តខេមររង្សី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៥
ដោយ ភិក្ខុ ត្រឹង ថាច់ យុង (នាថសីលោ)

ឧបាសិកា លីម ង៉ែត កើត​នៅ ឆ្នាំ ១៩៥០ នៅ​ភូមិ​ព្រះ​នេ​ត្ត​ព្រះ ស្រុក​ព្រះ​នេ​ត្ត​ព្រះ ខេត្តបាត់ដំបង បច្ចុប្បន្ន​ជា​ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​, ស្វាមី ឧបាសក យ៉ាំ សម កើត​ឆ្នាំ ១៩៥០ មានកូន​ទាំងអស់ ៤ នាក់ ប្រុស ៣ ស្រី ១ គឺ​ ៖

  1. ​កូន​ទី ១ ឧបាសិកា យ៉ាំ លី​ដី​យ៉ា​
  2. ​កូន​ទី ២ ឧបាសក យ៉ាំ ជិ​កាយ​
  3. ​កូន​ទី ៣ ឧបាសក យ៉ាំ ជី​កែវ​
  4. ​កូន​ទី ៤ ឧបាសក យ៉ាំ ជីវ៉ា​ន់ ។​
វត្តខេមរង្សី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៥៖ ឧបាសិកា លីម ង៉ែត កំពុងធ្វើធម្មសាកច្ឆាស្ដីពីការអានព្រះត្រៃបិដក ។
វត្តខេមរង្សី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៥៖ ឧបាសិកា លីម ង៉ែត កំពុងធ្វើធម្មសាកច្ឆាស្ដីពីការអានព្រះត្រៃបិដក ។

​ក្រុមគ្រួសារ​ឧបាសិកា​បាន​ភៀសខ្លួន​មក​ជំរំ​ខាវ​អី​ដាង ប្រទេស​ថៃ នៅ​ឆ្នាំ ១៩៨០ ហើយ​បានមក​រស់នៅ​អាមេរិក នៅ​ថ្ងៃទី ១៤ មិថុនា ឆ្នាំ ១៩៨៤ នៅ​រដ្ឋ Oregon ក្រោយមក​ផ្លាស់​ទៅ​នៅ​ទីក្រុង​ម៉ូ​ដេ​ស្ទោ (Modesto) រដ្ឋ កាលីហ្វ័រ​ញ៉ា (California), បន្ទាប់មកទៀត​នៅ​ឆ្នាំ ១៩៩៣ ផ្លាស់​មក​រស់នៅ​ក្រុង​សាន់​ហូ​ស្សេ (San Jose) រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) សហរដ្ឋអាមេរិក រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ ។​

ឧបាសិកា លីម ង៉ែត ជា​ស្ត្រី​ខ្មែរ​អាមេរិកាំង​មួយរូប​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​អា​មេ រិ​កាំ​ង​រាប់ម៉ឺន​នាក់​ទៀត ដែល​កាន់ខ្ជាប់​វប្បធម៌​ប្រពៃណីជាតិ និង​ព្រះពុទ្ធសាសនា ។ មិន​ត្រឹមតែ​ឧបាសិកា​ផ្ទាល់ខ្លួន​ម្នាក់ឯង​ជា​អ្នក​កាន់​ពុទ្ធសាសនា រក្សា​ធម៌​ក្នុងការ​រស់នៅ​តែឯង​នោះទេ គឺ​ទាំង​ស្វាមី ទាំង​កូនប្រុស​ស្រី​របស់​ឧបាសិកា​សុទ្ធតែជា​ពុទ្ធសាសនិកជន​ខ្មែរ ហើយ​ប្រកប​ជីវិត​រស់នៅ​ប្រកបដោយ​ធម៌ ដោយ​ដំបូន្មាន ។​

ឧបាសិកា លីុម ង៉ែត កំពុងអានព្រះត្រៃបិដក នៅផ្ទះរបស់គាត់ នាទីក្រុង San Jose ។
ឧបាសិកា លីុម ង៉ែត កំពុងអានព្រះត្រៃបិដក នៅផ្ទះរបស់គាត់ នាទីក្រុង San Jose ។

លើស​ជាងនេះទៅទៀត​ឧបាសិកា​បានចាប់ផ្តើម​អាន​ព្រះ​ត្រៃបិដក ដើម្បី​ឲ្យ​ចេះដឹង​ពុទ្ធសាសនា​នៅ​ចុងឆ្នាំ ២០១២ ទាំង​ដែល​ខ្លួន​កំពុងមាន​ជំងឺ​ប្រចាំ​ខ្លួន ។ ឧបាសិកា​បាន​ខិតខំ​ព្យាយាម​អាន​ព្រះ​ត្រៃបិដក លុះត្រាតែ​ចប់​ព្រះ​ត្រៃបិដក​ដែលមាន​ចំនួន ១១០ ក្បាល​ជា​ស្ថាពរ​ដូច​សេចក្តីប្រាថ្នា នៅ​ថ្ងៃពេញបូណ៌មី ខែ​ចេ​ត្ត ឆ្នាំមមែ សប្តស័ក ព​. ស​. ២៥៥៨ ទន្ទឹមនឹង​ពេលដែល​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​ឧបាសិកា​ថា ជីវិត​របស់​ឧបាសិកា នៅសល់តែ​ត្រឹម ៦ ខែ​ទៀត​ប៉ុណ្ណោះ គឺ​ឧបាសិកា​បាន​ខិតខំ​ប្រើពេល​ប្រពេ​ល​ប្រមាណ ២ ឆ្នាំ ដើម្បី​អាន​ឲ្យ​ចប់​ព្រះ​ត្រៃបិដក​ជា​គម្ពីរ​ដើម​របស់​ព្រះពុទ្ធសាសនា ដែល​កត់ត្រា​ចារ​ចងទុក​នូវ​ធម៌អាថ៌​វិន័យ​ច្បាប់​ព្រះពុទ្ធសាសនា​ទាំងស្រុង​នៅក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​នេះឯង ។ នៅ​ពេលឮ​លោកគ្រូ​ពេទ្យ​ប្រាប់ថា​នៅ ៦ ខែ​ទៀត​ស្លាប់ ផ្ទុយ​ពី​ការតក់ស្លុត​ភ័យខ្លាច​នឹង​សេចក្តីស្លាប់ ឧបាសិកា​បែរជា​ត្រេកអរ​លាន់មាត់​ឡើង​កណ្តាល​សំឡេង​ទ្រហោយំ​ទាំង​តក់ស្លុត​របស់​ស្វាមី និង​កូនចៅ​ញាតិមិត្ត​នៅ​ជុំវិញ ” ប្រាប់​ទៅ​កូន​នៅក្បែរនោះ​ថា “​ឱ ! បើរ​ស់បាន ៦ ខែ​ទៀត ជាការ​ល្អ​ណាស់ ម៉ែ​នឹង​បាន​អាន​ព្រះ​ត្រៃបិដក​ដែល​នៅសល់ ១០ ក្បាល​ទៀត​នោះ ដល់​ចប់​ហើយ ។ ឧបាសិកា​បានបញ្ជាក់​ប្រាប់ថា ឧបាសិកា​រស់នៅ​ដោយ​ធម៌​មិន​ខ្វល់​ពី​ជីវិត​នៅសល់​បាន​ប៉ុន្មាន​នោះទេ សំខាន់​គឺ​ឧបាសិកា​បាន​បំពេញ​បំណង​ខ្លួន​រួចហើយ​, បាន​ប្រើប្រាស់​ជីវិត​ដ៏​ត្រឹមត្រូវ​តាម​គន្លង​ធម៌​ដោយ​គ្មាន​ការសោកស្តាយ​ទៀតឡើយ ព្រោះ​បាន​អាន​ព្រះ​ត្រៃបិដក​ចប់សព្វគ្រប់ ធ្វើ​ឲ្យ​មានការ​យល់ដឹង​ត្រឹមត្រូវ​ត្រង់​តាម​ពុទ្ធ​សាសន៍ រឹតតែ​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា ដែល​ទុកជា​ថ្នាំ​សម្រាប់​ព្យាបាល​ចិត្ត​ឧបាសិកា​កុំ​ឲ្យ​តក់ស្លុត​ភិតភ័យ​នឹង​សេចក្តីស្លាប់ ដែល​ឧបាសិកា​កំពុង​ប្រឈម​, អ្វីដែល​គួរ​ឲ្យ​អស្ចារ្យ​ក្នុង​ចិត្ត គឺ​ពេល​សួរថា​ពេលវេលា​រស់នៅ​របស់​ឧបាសិកា​នៅសល់​បាន​ប៉ុន្មាន​ទៀត ? ឧបាសិកា​ឆ្លើយ​ទាំង​ញញឹម​ថា​នៅសល់ ១ ខែ​ទៀត ។ សេចក្តីក្លាហាន ប្រឈមមុខ​នឹង​សេចក្តីស្លាប់​របស់​ឧបាសិកា​បញ្ជាក់​ឲ្យ​ឃើញថា​ការសិក្សា ការអាន ការយល់ដឹង ការប្រតិបត្តិ​ពុទ្ធសាសនា​របស់​ឧបាសិកា​ពិតជា​មាន​ប្រសិទ្ធភាព​ផ្តល់​ក្តី​សុខ​ឲ្យ​ឧបាសិកា​ប្រាកដ​មែន , ព្រះធម៌​ពិតជា​អាចធ្វើ​ឲ្យ​អ្នកប្រតិបត្តិ​អាច​ហ៊ាន ក្លាហាន សមាទាន កាន់​យក​ប្រទីប​គឺ​ព្រះធម៌​បំភ្លឺ​ផ្លូវ​នៃ​ជីវិត​ឲ្យ​មើលឃើញ​សេចក្តី​ពិត មិន​ភ័យភិត មិន​គេចវេះ​ពី​សេចក្តី​ពិត​នៃ​ជីវិត​ដូចដែល​ជីវិត​មិនមាន​ព្រះធម៌ គឺ​ឧបាសិកា​អាច​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​ជាមួយ​ជីវិត​ដ៏​ខ្លី​តាមន័យ​ដែល​លោកគ្រូ​ពេទ្យ​អាមេរិកាំង​បាន​ប្រាប់​, អាច​រក្សា​ចិត្ត​ឲ្យ​សុខ​ក្នុង​ជីវិត​ដែល​កំពុងមាន​ជំងឺ​ដែលមាន​អាការ​ប្រែប្រួល ឈឺចាប់​, នេះហើយ​ជាត​ម្លៃ​នៃ​បញ្ញា និង​ជាត​ម្លៃ​នៃ​ការរក្សា​គ្រប់គ្រង​ចិត្ត​តាម​គន្លង​ធម៌ សូម្បីតែ​រូប​កាយ​ឈឺ ក៏​គេ​អាច​រក្សា​ចិត្ត​ឲ្យ​ជា ការពារ​ចិត្ត​កុំ​ឲ្យ​ឈឺ គ្រប់គ្រង​ចិត្ត​កុំ​ឲ្យ​ញាប់​ញ័រ​នឹង​លោកធម៌ គឺជា​ខ្លឹមសារ​នៃ​ជីវិត​ដែល​រកបាន​ដោយ​កម្រ​, ការរក្សា​អភិបាល​ចិត្ត​ឲ្យ​ជានា​ក្នុង​រូប​កាយ​ឈឺ ជាការ​រក្សា​អភិបាល​បាន​ដោយ​កម្រ ។ ម្ល៉ោះហើយ​បានជា​ព្រះពុទ្ធសាសនា​ឲ្យ​តម្លៃ​លើ​ការរក្សា​ចិត្ត ការគ្រប់គ្រង​ចិត្ត ការអប់រំ​ចិត្ត ការ​ទូន្មាន​ចិត្ត ការជម្រះ​ចិត្ត ជា​ការងារ​ចាំបាច់​បំផុត ព្រោះ​ចិត្ត​គឺជា​មេដឹកនាំ​លោក​នេះ លោក​នេះ​បាន​សុខ ឬ​ទុក្ខ​មកពី​ចិត្ត​ទាំងអស់​; យុគសម័យ​ណា​ចិត្តល្អ ចិត្តធម៌ ចិត្តជា ចិត្តបុណ្យ ចិត្ត​ចេះដឹង​មាន​វិជ្ជា ចិត្ត​ភ្លឺស្វាង​ដឹកនាំ​លោក លោក​នេះ​ក៏​រមែង​បាន​សេចក្តីសុខសាន្ត សន្តិសុខ សន្តិភាព វឌ្ឍនភាព សេរីភាព រុងរឿង​សម្បូណ៌​សប្បាយ តែ​យុគ​កាលណា​ចិត្តអាក្រក់ ចិត្ត​អធម្ម​ថោកទាប ចិត្ត​ឈឺ​ជោគជាំ​ដោយ​កិលេស ចិត្ត​បាប ចិត្ត​ល្ងង់​អវិជ្ជា ចិត្តខ្មៅ​ងងឹត ដឹកនាំ​លោក លោក​នេះ​រមែង​ទទួល​នូវ​ទុក្ខទោស​ទ័​ណ្ឌ វិនាស​អន្តរាយ​ស្លាយ​សូន្យ​បង់ គ្មានទេ​សេចក្តីសុខសាន្ត មានតែ​អសន្តិសុខ ភ្លើងសង្គ្រាម ហាយនភាព អយុត្តិធម៌ ទុរ្ភិក្ស​អត់ឃ្លាន ។ ពាក្យ​ថា “​លោក​” សំដៅយក​អត្តភាព​គឺ​ជិវិត​នៃ​បុគ្គល​ម្នាក់ ៗ​, ក្រុមគ្រួសារ​នីមួយ ៗ សហគមន៍​នីមួយ ៗ ប្រទេស​នីមួយ ៗ និង​ពិភពលោក​ទាំងមូល លោក​ទាំងនេះ​សុទ្ធតែ​ត្រូវចិត្ត​ដឹកនាំ ដោយហេតុនេះ​បានជា​ព្រះពុទ្ធ ទ្រង់​លើកកម្ពស់​ការអប់រំ​ទូន្មាន​ចិត្ត ការបង្រៀន​ចិត្ត​ឲ្យ​ចេះដឹង ការដឹកនាំ​ចិត្ត​ឲ្យ​ភ្លឺស្វាង មិន​បណ្តោយ​ទុក​ឲ្យ​ចិត្ត​ដឹកនាំ​ខ្លួន​តាម​ទំនើង ឬថា​ត្រូវ​ដឹកនាំ​ចិត្ត​ឲ្យ​បាន​បទ​ជាមុនសិន មុននឹង​ឲ្យ​ចិត្ត​ដឹកនាំ​ខ្លួន ឬ​មុននឹង​ធ្វើជា​មេដឹកនាំ ទោះបី​ដឹកនាំ​ខ្លួនឯង ដឹកនាំ​គ្រួសារ ដឹកនាំ​សហគមន៍ ដឹកនាំ​ប្រទេស ដឹកនាំ​ពិភពលោក ក៏​សុទ្ធតែ​ត្រូវ​ដឹកនាំ​ចិត្ត​ជាមុន​ទាំងអស់ ដើម្បី​បង្ការ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ដឹក​នាំទៅរក​ផ្លូវខុស ផ្លូវ​ទុក្ខទោស​វិនាស សម​នឹង​ព្រះពុទ្ធ​តម្រាស់​ថា​៖

“​សុ​ទុ​ទ្ទ​សំ សុ​និ​បុ​ណំ យ​ត្ថ កាម​និ​បា​តិ​នំ ចិ​ត្តំ រ​ក្ខេ​ថ មេធាវី ចិ​ត្តំ គុ​ត្តំ សុ​ខាវ​ហំ​” ។​

“​អ្នកមាន​ប្រាជ្ញា គួរ​រក្សា​ចិត្ត​ដែល​ឃើញ​ដោយ​កម្រ​ក្រៃពេក ដែល​ល្អិត​ពេក​ណាស់ មាន​ប្រក្រតី​ធ្លាក់ចុះ​ទៅតាម​សេចក្តីប្រាថ្នា ក្នុង​អារម្មណ៍​ណាមួយ (​ព្រោះថា​) ចិត្ត​ដែល​គេ​រក្សា​ហើយ រមែង​នាំមក​នូវ​សេចក្តីសុខ ” ។​

​ពុទ្ធ​ជន​ទាំងឡាយ​គួរ​ខំ​នាំគ្នា​បង្អោន​ចិត្ត​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា នាំ​ពុទ្ធសាសនា​ចូលមក​ទុក​ក្នុង​ខ្លួន កុំ​ទុក​ឲ្យ​ពុទ្ធ​នៅ​តែលតោល​តែ​ក្នុង​ទូ ក្នុង​វត្ត និង​នៅតែ​ក្នុង​ក្រដាស​អត្តសញ្ញាណប័ណ្ណ ។ មួយទៀត​កុំ​គប្បី​ទុក​ពុទ្ធសាសនា​ឲ្យ​នៅតែ​ក្នុង​ចុង​អណ្តាត ត្រូវ​ទុក​ពុទ្ធសាសនា​ក្នុង​ក្រអៅបេះដូង ក្នុង​ការធ្វើ ការនិយាយ ការគិត​ជា​វិជ្ជមាន ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បានសម្រេច​ជា​ហិតានុហិតប្រយោជន៍ ជំហាន​ដំបូង​តោង​មានការ​សិក្សា ការអាន ការស្រាវជ្រាវ ការ​ស្តាប់ ការ​ត្រិះរិះ​ពិចារណា ការរៀន​ព្រះ​ត្រៃបិដក អដ្ឋកថា និង​ស្នាដៃ​ថ្វីគំនិត​របស់​អ្នកប្រាជ្ញ​ពុទ្ធសាសនា ហើយ​ប្រឹងប្រែង​ប្រតិបត្តិ​ដោយ​ប្រិតប្រៀន​កុំ​ប្រិនប្រុន​ស៊ុនការ​នាំ​ឲ្យ​ខកខាន​ខូចខាត​ប្រយោជន៍​ដែល​ខ្លួន​ត្រូវបាន​ពី​ពុទ្ធសាសនា​ដ៏​វិសេស​លើសលន់​ពន់ពេក​ត្រចះត្រចង់​នេះ ៕​

…………………………………

ភិក្ខុ ត្រឹង ថាច់ យុង (នាថសីលោ)

អតីតសាស្ត្រាចារ្យ នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នាខេត្តព្រែកឫស្សី 

សរសរមកកាន់ ភិក្ខុ ត្រឹង ថាច់ យុង តាមរយៈអ៊ីមែល៖ tranthachdung9@gmail.com