អំពី​គុណសម្បត្តិ​របស់​ឧបាសិកា លីម ង៉ែត​

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

lim nget_1
ឧបាសិកា លីម ង៉ែត

​ឧបាសិកា លីម ង៉ែត ជា​ឧបាសិកា​មួយរូប​ក្នុង​ពុទ្ធសាសនា ។ ពាក្យ​ថា​ឧបាសិកា ឬ​ឧបាសក គឺ​សំដៅ​ចំពោះ​ជន​អ្នកមាន​សទ្ធា​ជឿជាក់​ប្រាកដប្រជា​លើ​គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ហើយ​តម្កល់​កាយ វាចា ចិត្ត​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរឭក ឈ្មោះថា​ឧបាសក ឬ​ឧបាសិកា ដោយ​មិន​សំដៅ​ដល់​វ័យ​ឡើយ ។ ឯ​សទ្ធា​នោះ បាន​ដល់​ការជឿជាក់​លើ​កម្ម​គឺ​អំពើ​ល្អ និង​អំពើអាក្រក់ ថា​អំពើ​ល្អ​គឺ​បុណ្យ អំពើអាក្រក់​គឺ​បាប​មាន​ពិតប្រាកដ​មែន ដោយមាន​កាយ វាចា ចិត្ត ល្អ និង អាក្រក់​របស់​មនុស្ស​-​សត្វ​ជា​ប្រភព ។ ជឿជាក់​លើ​ច្បាប់​កម្មផល​ថា ជន​ណា​ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ; ជន​ណា​ធ្វើ​អាក្រក់ ជន​នោះ​តែង​អាក្រក់​ដោយ​អំពើអាក្រក់​របស់ខ្លួន​, ជន​ណា​ធ្វើ​ល្អ ជន​នោះ​តែង​ល្អ​ដោយ​អំពើ​ល្អ​របស់ខ្លួន ។ ជឿជាក់ថា​អំពើអាក្រក់​ជា​បាប​ឲ្យ​ផល​ជា​ទុក្ខ អំពើ​ល្អជា​បុណ្យ​ឲ្យ​ផល​ជា​សុខ ។​
​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រា​ស់ថានរ​ជន​ណា​មាន​សទ្ធា និង​បញ្ញា​ដល់​នូវ​ព្រះ​រតនត្រៃ​ជាទី​ពឹង ទីរឭក ជឿ​លើ​កម្មផល ហើយ​ធ្វើ​នូវ​ទាន សមាទាន​នូវ​សីល ចម្រើន​នូវ​ភាវនា​ខ្ជាប់ខ្ជួន​មួន​មាំ​ក្នុង​ជីវិត ពុំ​ជឿ​លើ​មង្គល​ភ្ញាក់ផ្អើល ឬ​ស្វែងរក​ទីពឹង ឬ​ស្រែបុណ្យ​ក្នុង​សាសនា​ដទៃ​ឈ្មោះថា​ជា​ឧបាសក​-​ឧបាសិកា ដ៏​ប្រសើរ​វិសេស​ក្នុង​សាសនា ។​

​ឧបាសិកា លីម ង៉ែត ជា​ឧបាសិកា​មួយរូប​ដែល​តែងតែ​រក្សាខ្លួន​ឲ្យ​ឋិត​នៅក្នុង​គុណសម្បត្តិ ៥ យ៉ាង ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ក្នុង​គម្ពីរ​អ​ង្គុ​ត្ត​រ​និកាយ បញ្ច​ក​និបាត​គឺ ទី ១ ជា​អ្នកមាន​សទ្ធា​, ទី ២ ជា​អ្នកមាន​សីល​, ទី ៣ ជា​អ្នក​មិន​ប្រកាន់​មង្គល​ភ្ញាក់ផ្អើល​, ទី ៤ ជា​អ្នក​ជឿ​តែ​កម្ម មិន​ជឿ​មង្គល​ជា​អ​បិ​យ​ជំនឿ​, ទី ៥ ជា​អ្នក​មិន​ស្វែងរក​ទក្ខិណេយ្យបុគ្គល ខាងក្រៅ​ពុទ្ធសាសនា ធ្វើបុណ្យ​តែ​ក្នុង​ពុទ្ធសាសនា​នេះ ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ជាក់ថា​ធម៌​ទាំង ៥ យ៉ាងនេះ​កាលបើ​ស្ថិតនៅក្នុង​ឧបាសក ឧបាសិកា​ណា​ហើយ ឧបាសក ឧបាសិកា​នោះ ឈ្មោះថា ជា​រតន​ឧបាសក​ផង ឈ្មោះថា​បទុម​ឧបាសក បុណ្ឌរីក​ឧបាសក​ផង បានសេចក្តីថា​ជា​ឧបាសក ឧបាសិកា​វិសេស វិសុទ្ធ​ផុត​ធម៌​សៅហ្មង​ដែលជា​គុណវិបត្តិ​របស់​ឧបាសក​ទាំង ៥ យ៉ាង គឺ​ឧបាសក ជា​អ្នក​មិនមាន​សទ្ធា ១, ជា​អ្នក​ទ្រុស្តសីល ១, ប្រកាន់​មង្គល​ភ្ញាក់ផ្អើល ១, ជឿ​តែ​មង្គល​អ​បិ​យ​ជំនឿ មិន​ជឿ​កម្មផល ១, ជា​អ្នកស្វែងរក​ទក្ខិណេយ្យបុគ្គល ខាងក្រៅ​ពុទ្ធសាសនា ហើយ​ធ្វើបុណ្យ​នឹង​ទក្ខិណេយ្យបុគ្គល​នោះ មិន​អើពើ​ក្នុងការ​ឧបត្ថម្ភ​ពុទ្ធសាសនា ១ ប្រៀបដូចជា​ផ្កាឈូក​លូតលាស់​ផុស​ផុតពី​ល្បាប់​ភក់​គគ្រក់​ស្មោកគ្រោក ហើយ​រីក​ក្រអូប​សាយភាយ​សព្វ​ទិសា ។ ដើម្បី​ស្តែង​ឲ្យ​ឃើញ​នូវ​គុណសម្បត្តិ​ទាំងនេះ ទាល់តែ​យើង​សង្កេតមើល​ដោយ​ការពិចារណា​ទៅលើ​សកម្ម​ភាពជា​ការងា​រ​ជាក់ស្តែង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ឧបាសិកា ។​​

ឧបាសិកា លីម ង៉ែត (កណ្តាល)
ឧបាសិកា លីម ង៉ែត (កណ្តាល)

លោកអ្នក​សប្បុរស​ទាំង​អស់​នៅ​ជើងវត្ត​ខេមររ​ង្សី ក្រុង​សាន់​ហូ​ស្សេ​នេះ​សុទ្ធសឹងតែ​បាន​ស្គាល់ បានដឹង​ឧបាសិកា​លីម ង៉ែត រាល់គ្នា​ស្រាប់​ហើយ ថា​ចាប់តាំងពី​កសាង​វត្ត​ខេមររ​ង្សី​នេះ​ឡើង ឧបាសិកា​លីម ង៉ែត បាន​ខ្នះខ្នែង​ជ្រៅ​ម​ជ្រែង​រាល់​កិច្ចការងារ​វត្ត​មិនដែល​បណ្តែតបណ្តោយ​ថ្លោះធ្លោយ​ធ្វេសប្រហែស​ឡើយ តែងតែ​ជួយឧបត្ថម្ភ​វត្ត​ទាំង​កម្លាំង​ធនធាន​ទ្រព្យសម្បត្តិ ទាំង​កម្លាំងកាយ កម្លាំងចិត្ត ដូច​យ៉ាង​ការធ្វើ​វេន​ចង្ហាន់​ព្រះសង្ឃ​ប្រចាំ​សប្តាហ៍ មាន​ការធ្វើ​បុណ្យទាន​ផ្សេង ៗ មានបុណ្យ​បច្ច័យ ៤ បុណ្យផ្កា​ប្រាក់ បុណ្យកឋិន ជាដើម ។ លើស​ជាងនេះទៅទៀត ឧបាសិកា​ជា​អ្នក​ខ្ជាប់ខ្ជួន​ក្នុងការ​រក្សាសីល និង​ចម្រើន​ភាវនា​ទាំង​នៅពេល​បើក​វគ្គ​សមាធិ​ខ្លី ចំនួន ១០ នៅ​វត្ត​ខេមររ​ង្សី​ជា​រៀងរាល់ឆ្នាំ ទាំង​នៅ​គេហដ្ឋាន​ជាប្រចាំ​ថ្ងៃ ។ ទន្ទឹមនឹងនោះ អ្វីដែល​គួរ​ឲ្យ​យើង​គេ​រាល់គ្នា​កោតសរសើរ​ឧបាសិកា លីម ង៉ែត មិន​ដាច់​ពី​មាត់​នោះ​គឺ សូម្បីតែ​នៅពេលដែល​ឧបាសិកា​មាន​ជំងឺ​ប្រចាំកាយ​ជា​ទម្ងន់​ក៏​ឧបាសិកា​នៅតែ​មិន​លះបង់​ការព្យាយាម​អាន​ព្រះ​ត្រៃបិដក​ទាំង ១១០ ក្បាល ពី​ដើម​ដល់​ចប់ ចប់សព្វគ្រប់ ដែលជា​ការកម្រ​មាន​អ្នកអាន​ចប់ ។ មិនតែប៉ុណ្ណោះ ឧបាសិកា​នៅ​ទាំង​បាន​ទូន្មាន​កូនចៅ របស់ខ្លួន​ឲ្យ​លុះ​ដោយ​គន្លង​ធម៌ មាន​កតញ្ញុតាធម៌ ជាក់ស្តែង​ដូចជា​នៅពេលនេះ​ស្វាមី និង​កូនចៅ​របស់​ឧបាសិកា​កំពុង​ផ្តួចផ្តើម​ធ្វើបុណ្យ​ចម្រើន​ជន្មាយុ បុណ្យ​បច្ច័យ ៤ និង​បុណ្យ​ឆ្លង​ដើម​ពោធិព្រឹក្ស​ជូន​ឧបាសិកា ក្នុង​គោលបំណង​ធំ​បំផុត​គឺ​ប្រាថ្នា​ឲ្យ​ឧបាសិកា​បានជា​សះស្បើយ​ចាក​រោគ ហើយ​មាន​អាយុ​វែង ជា​ភាពកក់ក្តៅ និង​ជា​ម្លប់​គ្របដណ្តប់​លើ​កូនចៅ​តទៅ ។​

​សរុប​ខ្លី គុណសម្បត្តិ​ពិសេស​របស់​ឧបាសិកា លីម ង៉ែត គឺ​ការព្យាយាម​អាន​ចប់​ព្រះ​ត្រៃបិដក និង​ការ​កំពុង​អាន​អដ្ឋកថា និង​ការប្រតិបត្តិ​ទាន សីល ភាវនា ដែលជា ឧបាសកសម្បត្តិ​នេះ ចាត់ទុកថា​ជា​គំរូ ជា​តម្រាយ​របស់​ឧបាសក ឧបាសិកា​ជា​អនុ​ជន​តទៅ ។​
​សេចក្តីបញ្ជាក់​ខ្លី​ថា ឧបាសកសម្បត្តិ ដែល​ពោល​រៀបរាប់​មក​ខាងលើនេះ​គឺជា​អត្តសញ្ញាណប័ណ្ណ​របស់​ឧបាសក​-​សិ​កា​ក្នុង​ពុទ្ធសាសនា ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បានបញ្ជាក់ ។​

​នៅ​ទីបំផុត​សូម​ឲ្យ​ឧបាសិកា លីម ង៉ែត បាន​ស្ថិតនៅក្នុង​ឧបាសកសម្បត្តិ ជាដ​រាបរៀង​ទៅ កុំបី​ភ្លាត់​ឃ្លាត​ឡើយ ដើម្បី​ជា​ស្ពាន​ដើរ​ឆ្លង​ទៅកាន់​ត្រើយ​គឺ​ព្រះ​និព្វាន​ជា​សិវ​ស្ថាន ៕