ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មានព្រៃនគរ
អេឡិកសាន់ឌើ មហារាជ (Alexander the Great) កើតនៅខែកក្កដា ឆ្នាំ ៣៥៦ មុនគ្រឹស្តសករាជ ស្លាប់ នៅខែមិថុនា ឆ្នាំ ៣២៣ មុនគ្រឹស្តសករាជ ព្រះជន្ម ៣២ ឆ្នាំ ជាក្សត្រទី ១៤ នៃអាណាចក្រ ម៉ាស៊ីតដូនៀ ។ អេឡិចសាន់ឌើ មហារាជ គឺជាបញ្ញវន្តមួយរូបដែលពូកែខាងកំណាព្យ និងទស្សនវិជ្ជា ហើយក៏ជាអ្នកជំនាញ ខាងទ័ពសេះ ផងដែរ ។ នៅក្នុងរាជ្យរបស់ព្រះអង្គ ទ្រង់ចំណាយពេលតិចណាស់ក្នុងការគ្រប់គ្រងនគរនៅ ម៉ាស៊ីតដូនៀ ជាស្រុកកំណើតរបស់ព្រះអង្គ ។ ព្រះអង្គបានចំណាយពេលភាគច្រើននៅលើសមរភូមិជាមួយ នឹងទាហានក្នុងការវាយកម្ទេចប្រទេស និងអាណាចក្រនានាដើម្បីពង្រីកអាណាចក្ររបស់ទ្រង់ ។ អេឡិច សាន់ឌើ មហារាជ ត្រូវបានគេចាត់ទុកថា ជាមេទ័ពដែលពូកែយុទ្ធសាស្ត្រសង្គ្រាម និងទទួលបានជោគជ័យ បំផុតនៅក្នុងប្រវត្តិសាស្ត្រ ។
បន្ទាប់ពីស្តេច ហ្វីលីព ដែលជាបិតា ត្រូវគេលបធ្វើឃាត នៅឆ្នាំ ៣៣៦ មុន គ.ស. អេឡិចសាន់ឌើ មហារាជ ដែលមានវ័យត្រឹមតែ ២០ ឆ្នាំ ប៉ុណ្ណ៉ោះ បានឡើងគ្រងរាជជាស្តេចរបស់ អាណាចក្រ ម៉ាស៊ីតដូនៀ ។ អេឡិច សាន់ឌើ មហារាជ បានវាយបំបាក់កងទ័ពរបស់អាណាចក្រពែរស៍ នៅតួកគី ហើយបន្ទាប់មក វាយចុះទៅទិសខាងត្បូង ចូលកាន់កាប់លីបង់ ស៊ីរី អ៊ីស្រាអែល អេហ្ស៊ីប បាប៊ីឡូន (អ៊ីរ៉ាក់) និងចុងក្រោយ ទឹកដីពែរស៍ផ្ទាល់ (អ៊ីរ៉ង់) ។
នៅឆ្នាំ ៣៣១ មុន គ.ស. អេឡិចសាន់ឌើ មហារាជ បានប្រកាសខ្លួនថា ជាអធិរាជរបស់ពិភពលោក ពេល ដែលទ្រង់បានវាយកម្ទេច អាណាចក្រពែរស៍ ដែលនៅសេសសល់ចុងក្រោយឲ្យត្រូវដួលរលំ ។
អាណាចក្រ ម៉ាស៊ីតដូនៀ ដែលដឹកនាំដោយ អេឡិចសាន់ឌើ មហារាជ ដែលត្រូវបានគេចាត់ទុកថា អធិរាជ របស់ក្រិកដែរនោះ បានជំនួសអាណាចក្រពែរស៍ក្នុងឋានៈជាមហាអំណាចពិភពលោក គ្រប់គ្រងដែនដី ដែលលាតសន្ធឹងចាប់តាំងពីតំបន់ មេឌីទែរ៉ាណេ កាត់តាមដើមបូព៌ា រហូតដល់អាស៊ី ។ ជាង ១០ ឆ្នាំ ក្រោម ការដឹកនាំរបស់ទ្រង់ ម៉ាស៊ីតដូនៀ និង ក្រិក បានស្គាល់នូវភាពរុងរឿង ក្នុងឋានៈជា មហាអំណាចពិភពលោក ដែលគ្រប់គ្រងផ្ទៃដីលាតសន្ធឹងជាង ៥ លានគីឡូម៉ែត្រក្រឡា ហើយវប្បធម៌ និងអរិយធម៌ក្រិកបានជះ ឥទ្ធិពលទៅគ្រប់ទីកន្លែង ចាប់តាំងពីអឺរ៉ុប និងមេឌីទែរ៉ាណេ រហូតដល់ឥណ្ឌា ។ មានតែចិនមួយប៉ុណ្ណោះ ដែលមិនទទួលឥទ្ធិពលពីក្រិក ។
នៅឆ្នាំ ៣២៣ មុន គ.ស. ក្រោយពីគ្រងរាជ្យបានតែ ១៣ ឆ្នាំ អេឡិចសាន់ឌើ មហារាជ បានចូលទិវង្គត ក្នុងវ័យ ៣២ ឆ្នាំ ដោយសារជំងឺគ្រុនចាញ់នៅទីក្រុង បាប៊ីឡូន ប្រទេសអ៊ីរ៉ាក់ សព្វថ្ងៃ ។
នៅក្រោយពេលដែល អេឡិចសាន់ឌើ មហារាជ ចូលទិវង្គត ដោយសារតែការឈ្លោះដណ្តើមរាជបល្ល័ង្ក រវាង មេទ័ពកំពូលៗ ម៉ាស៊ីតដូនៀ ក៏ត្រូវបាក់បែកគ្នា ហើយនៅឆ្នាំ ២៨១ មុន គ.ស. ក្រោយពីមានសង្រ្គាម ដណ្តើមរាជបល្ល័ង្កអស់រយៈពេល ៤០ ឆ្នាំ អាណាចក្ររបស់ អេឡិចសាន់ឌើ មហារាជ ក៏ត្រូវពុះជាបួន ចំណែកបង្កើតទៅជាអាណាចក្របួនផ្សេងគ្នា នៅអេហ្ស៊ីប នៅ បាប៊ីឡូន នៅ ក្រិក និង ម៉ាស៊ីតដូនៀ ។
ទោះបី អេឡិចសាន់ឌើ មហារាជ បានមានអំណាចអាចគ្រប់គ្រងជិតពាក់កណ្ដាលផែនដីយ៉ាងណាក៏ដោយ ក៏នៅទីបំផុតទ្រង់បានភ្ញាក់រឭកឃើញថា របស់គ្រប់យ៉ាងដែលខ្លួនមាន រាប់ទាំងអំណាចផង វាមិនមែនជា របស់ខ្លួន ហើយគង់តែនឹងស្លាប់នៅទីបំផុតគ្រប់រូប ។ នៅពេលចុងក្រោយនៃជីវិតរបស់ខ្លួន អេឡិចសាន់ឌើ មហារាជ បានហៅមេទ័ពគាត់ទាំងអស់មកក្បែរគ្រែរបស់ទ្រង់ ហើយបានផ្ដាំផ្ញើឲ្យជួយធ្វើកិច្ចការ ៣ យ៉ាងនៅពេលគាត់ផុតដង្ហើមទៅ៖
ទី ១ ៖សូមជ្រើសរើសគ្រូពេទ្យពូកែជាងគេ មកសែងមឈូសរបស់ខ្ញុំ
ទី ២ ៖ សូមយកទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់ ក្រាលធ្វើជាផ្លូវសម្រាប់ហែសាកសពខ្ញុំ
ទី ៣ ៖ សូមដាក់ដៃរបស់ខ្ញុំនៅខាងក្រៅមឈូសដើម្បីឲ្យអ្នកដទៃបានឃើញ
ក្រោយពីបានឮសម្តីរបស់ទ្រង់ហើយ មានមេទ័ពរបស់គាត់ម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវកិច្ចការទាំង ៣ យ៉ាងនោះ ទើបគាត់សួរ អេឡិចសាន់ឌើ មហារាជ ឲ្យបកស្រាយហេតុអ្វីធ្វើបែបនេះ ។
អេឡិចសាន់ឌើ មហារាជ ក៏បានពន្យល់ថា៖
ទី ១៖ សូមជ្រើសរើសគ្រូពេទ្យពូកែជាងគេ មកសែងមឈូសរបស់ខ្ញុំនេះ ដើម្បីបញ្ជាក់ថា មនុស្សមិនអាចគេចពីសេចក្ដីស្លាប់បានទេ នៅលើផែនដីនេះទោះគ្រូពេទ្យពូកែយ៉ាងណាក៏មិនអាចព្យាបាលមនុស្សឲ្យគេចពីសេចក្ដីស្លាប់បានដែរ ។
ទី ២ ៖ សូមយកទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់ ក្រាលធ្វើជាផ្លូវសម្រាប់ហែសាកសពខ្ញុំនេះ ដើម្បីបញ្ជាក់ ថា អ្វីដែលមាននៅផែនដី គឺសម្រាប់ផែនដី មិនអាចយកទៅជាប់ខ្លួនបានទេ ។
ទី ៣៖ សូមដាក់ដៃរបស់ខ្ញុំនៅខាងក្រៅមឈូស ដើម្បីឲ្យអ្នកដទៃបានឃើញនេះ ដើម្បីបង្ហាញថា កើតមកដៃទទេហើយស្លាប់ទៅវិញក៏ដៃទទេ ។ ប៉ុន្តែអ្វីដែលមានតម្លៃបំផុតនោះ គឺពេលវេលា ។
យើងអាចរកលុយកាក់មាសប្រាក់បាន តែមិនអាចបង្កើនពេលវេលាបន្ថែមសម្រាប់ជីវិតយើងទេ ។ ពេលដែលយើងលះបង់ពេលវេលាសម្រាប់នរណាម្នាក់ ឬលើកិច្ចការអ្វីមួយ គឺមានន័យថា យើងបានចំណាយមួយផ្នែកនៃជីវិតរបស់យើងសម្រាប់អ្នកនោះ និងកិច្ចការទាំងនោះហើយ មិនអាចទាមទារមកវិញបានទេ ។
ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែសួរខ្លួនឯងថា តើលោកអ្នកចំណាយពេលវេលារបស់អ្នកយ៉ាងដូចម្តេច ? ផ្ដល់ពេលវេលាដ៏មានតម្លៃរបស់អ្នកទៅនរណា និងលើកិច្ចការអ្វីខ្លះ ? ហើយអ្នកនៅសល់ពេលវេលាប៉ុន្មានទៀត?