អ្នកជំនាញ​ផ្នែក​ច្បាប់ អះអាងថា​ទង្វើ​ដែល​វៀតណាម ធ្វើ​មកលើ​ពលរដ្ឋ​ខ្មែរក្រោម​គឺ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​

ដោយ គឹម សាវតា

​បើទោះជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម អះអាងថា ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សហគមន៍​នៃ​ជនជាតិភាគតិច​ចំនួន ៥៤ នៅ​វៀតណាម ដែល​បាន​រួមរស់​ជាមួយគ្នា​ដោយ​ស្មើភាព​គ្នា​ក្តី ប៉ុន្តែ អាជ្ញាធរ​វៀតណាម​នៅតែ បន្តធ្វើ​ទុក​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរក្រោម លើ​វិស័យ​ជាច្រើន ដែល​ករណីនេះ គឺ​បានធ្វើ​ខុសពី​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។​

សកម្មភាពតស៊ូមតិទាមទារអាជ្ញាធរវៀតណាម ដោះលែងសកម្មជនខ្មែរក្រោម កាលពី​ថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ។ រូបៈ ស៊ឺន ចែងចើន

​យោងតាម​បទ​បង្ហាញ​របស់លោក ថាច់ ចន្ទ្រា ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែ​កម្ពុជា​ក្រោម ស្ដីពី​ស្ថានភាព​ទូទៅ​របស់​យុវជន ខ្មែរក្រោម ដែល​បានលើកឡើង​ក្នុងការ​ប្រារព្វ​ពិធី​អបអរ​ខួប ១៦ ឆ្នាំ​ទិវា​អង្គការសហប្រជាជាតិ​ចេញ​សេចក្តីប្រកាស ស្តីពី​សិទ្ធិ​ជនជាតិដើម ដែល​ប្រារព្ធ​ឡើង កាលពី​ថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យដឹងថា នៅក្នុង​ឆ្នាំ ២០២៣ នេះ មាន​ចំណុច​សំខាន់​ចំនួន ៣ ទាក់ទង​នឹង​ការធ្វើ​ទុក​បុក​ម្នេញ ពី​អាជ្ញាធរ​វៀតណាម​មាន ដូចជា ទី ១ ការតស៊ូ​មតិ​លើ​បណ្ដាញ​សង្គម​របស់​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ពួកគេ​បាន​ផ្សព្វផ្សាយ​អំពី​គោល​ការ​ច្បាប់​នានា ជាពិសេស​គឺ​ច្បាប់​សិទ្ធិ​ជនជាតិដើម ហើយក៏​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់ពន្ធនាគារ​  ទី​២ គឺ​ការរក្សា​មត៌ក​អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀម​ទំលាប់ លោក​បាន​លើកឡើងថា ការរក្សា​មត៌ក​អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀម​ទំលាប់​មានការ​ផុសផុល​ដោយសារតែ​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដូចនេះ​ឃើញថា​យុវជន សិស្ស មានការ​ចូលរៀន​ពី​ប្រពៃណី​ទំនៀមទម្លាប់​គួរឱ្យកត់សម្គាល់ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​បាន​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​តាម​រូបភាព​ផ្សេងៗ​។ លោក​បាន​លើក​ករណី​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទែ​ក្នុង​របស់​វត្ត​ទ្រនំ​សេក ក្នុង​ខេត្ត​ឡុង​ហោរ និង​បញ្ហា​មួយទៀត​គឺ​ប្រពៃណី​រាំច្រៀង និង​ការសម្ដែង​ខុសពី​ប្រភពដើម​របស់​ខ្មែរក្រោម ពី​សំណាក់​ជនជាតិ​វៀតណាម ដែល​នៅ​ពីក្រោយ​ដោយ​រដ្ឋាភិបាល​វៀតណាម​។ ដោយឡែក​ករណី​ទី​៣ ការរំលោភបំពាន​លើ​ព្រះពុទ្ធសាសនា​ខ្មែរក្រោម​ផ្នែក​ថេរវាទ​យ៉ាងធ្ងន់ធ្ងរ ដោយ​រដ្ឋាភិបាល​វៀតណាម​បាន​កែប្រែ​ទម្លាប់​ពី​ការ​ចូលមក​បួស​របស់​យុវជន ពី​ម្ដាយ​ឪពុក មកសុំ​អាជ្ញាធរ​ជា​ចាំបាច់ ដូចជា​ករណី​ព្រះតេជព្រះគុណ យឿ​ង ខាយ និង​ករណី​តម្រូវឱ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ផ្នែក​ថេរវាទ គោរព​ថ្វាយបង្គុំ​ព្រះសង្ឃ​យួន​ផ្នែក​មហាយាន​ជាដើម​។ ករណី​បន្ទាប​ប​ន្ធោ​ក​ព្រះសង្ឃ​ខ្មែរក្រោម មិន​ស្មើនឹង​គណៈ​កម្មាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ហើយ​ករណីនេះ មួយទៀត​គឺ​ការដាក់​កម្មាភិបាល​មក​ឈ្លបយកការណ៍ និង​តាមដាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដោយ​គ្រាន់​តែម​កមក​វត្ត​ធ្វើ​បុណ្យទាន​ជាដើម ។​

​លោក ថាច់ ចន្ទ្រា បន្ថែមថា «​ដូច​ករណី​ព្រះ​តេជគុណ យឿ​ង ខាយ រហូតដល់​តាម​ធាក់​ម៉ូតូ​ទៀត ក្រោយពី​លោក​ទៅ​ចូលរួម​កម្មវិធី​ហ្នឹង (​កម្មវិធី​ជួបជុំ​) ក្រោយ​ពេលដែល​លោក​ត្រឡប់​ទៅវិញ​តាម​ធាក់​ម៉ូតូ​លោក​ទៀត ។ យើង​ឃើញ​ហើយ​ថា បើ​ធាក់​ត្រូវ​ម៉ូតូ​ហើយ​ដួល មនុស្ស​នឹង​ស្លាប់​តើ​រដ្ឋាភិបាល​វៀតណាម​គោរព​ច្បាប់​កន្លែង​ណា​? ក្នុងនាម​ខ្លួនឯង​ជា​សមាជិក​អចិន្ត្រៃយ៍​នៅ ក្នុង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ បណ្ដោយឱ្យ​កម្មាភិបាល​បណ្ដោយឱ្យ​អ្នក​ស្លៀកពាក់​ស៊ីវិល​ជា​ភ្នាក់ងារ​របស់​ព្រះ​តេជគុណ យឿ​ង ខាយ ហ្នឹង​»

​ទាក់ទង​ករណីនេះ លោក​បណ្ឌិត សឺ​ន ជុំ​ជួន   អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែលជា​មេធាវី​មួយរូប​ផងដែរ​នោះ លើកឡើងថា រដ្ឋធម្មនុញ្ញ​របស់​វៀ​ត​ណា​ម បានធ្វើ​វិសោធនកម្ម​ចុងក្រោយ នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ក្នុងនោះ នៅត្រង់​ជំពូក ២  មាត្រា ១៤ ចែងថា សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​សង្គម និង​វប្បធម៌​ត្រូវបាន​ទទួលស្គាល់ ការគោរព ការការពារ និង​ធានា​ដោយ​រដ្ឋធម្មនុញ និង​ច្បាប់​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ហើយ​មាត្រា ២៥ ចែងថា ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​ទទួលបាន​ព័ត៌មាន ការជួបជុំ ការបង្កើត​សមាគម និង​បាតុកម្ម ។​

​លោក​បន្តថា «​យើង​មើល​ច្បាប់ ច្បាប់​នេះ បំពាន​មួយទៀត ច្បាប់​ជំនឿ និង​ប្រណិប័តន៍​សាសនា ច្បាប់​ហ្នឹង​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ ២០១៦ កាល​ហ្នឹង​យើង (​ខ្មែរក្រោម​) តស៊ូ​មតិ​ខ្លាំងណាស់​» ។​

​បើតាម​ខ្លឹមសារ​នៃ​ច្បាប់​នេះ ត្រង់​ជំពូក ២ មាត្រា ១៣ ចំណុច​ទី ១ ចែងថា តំណាង​គ្រិះ​ស្ថាន​សាសនា មាន​កាត​ព្វ​កិ​ច្វ ជូនដំណឹង​ក្នុងការ​ប្រារព្ធ​នៃ​ពិធីបុណ្យ​បែប​សាសនា ដែល​បានកើត​ឡើងជា​ទៀងទាត់​យ៉ាងហោចណាស់ ២០ ថ្ងៃ​ជាមុន ។ និង​ក្នុង​មាត្រ ៤០ ចែងថា ស្ថាប័នរដ្ឋ​គ្រប់គ្រង​នៃ​ជំនឿ​សាសនា នៅ​ថ្នាក់ជាតិ​សម្របសម្រួល​ជាមួយ​ក្រសួង​អប់រំ និង​បណ្ដុះបណ្ដាល ក្រសួងយុត្តិធម៌ ក្រសួង​ទីភ្នាក់ងារ​ពាក់ព័ន្ធ នៅក្នុង​ការណែនាំ​កម្មវិធីសិក្សា​អំពី​ប្រវត្តិសាស្ត្រ និង​ច្បាប់​នៃ​ប្រទេស​វៀតណាម ។ ត្រង់នេះ លោក សឺ​ន ជុំ​ជួន ក៏បាន​លើកឡើង​ពី​សេចក្តីប្រកាស​ជាស​កល ស្តីពី​សិទ្ធិមនុស្ស​ឆ្នាំ ១៩៤៨ ត្រង់​មាត្រា ១ ចែងថា មនុស្ស​ទាំងអស់​កើតមក​មាន​សេរីភាព និង​សមភាព​ក្នុង​ផ្នែក​សេចក្តីថ្លៃថ្នូ និង​សិទ្ធិ ។ ចំណែក​មាត្រា​២ (១) ចែងថា មនុស្ស​ម្នាក់ៗ អាច​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​ទាំងអស់ ដែល​បានប្រកាស​ក្នុង​សេចក្តីប្រកាស​នេះ ដោយ​គ្មាន​ការប្រកាន់​បែងចែក​បែបណា​មួយ មាន​ជាអាទិ៍ ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ ឬ​មតិ​ផ្សេងៗ​ទៀត ដើមកំណើត ជាតិ ឬ​សង្គម​កំណើត ឬ​ស្ថានភាព​ដទៃៗ ទៀតឡើយ​។​  និង​មាត្រា ៧ ចែងថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើ​ចំពោះមុខ​ច្បាប់ និង​មាន​សិទ្ធិ​ទទួល​ការការពារ​ពី​ច្បាប់​ស្មើៗ គ្នា​ដោយ​គ្មាន​ការរើសអើង​។​

​យ៉ាងនេះ​ក្តី កាលពីពេល​ថ្មីៗ នេះ លោកស្រី Pham Thu Hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម អះអាងថា ប្រជាពលរដ្ឋ​ខ្មែរ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សហគមន៍​នៃ​ជនជាតិភាគតិច​ចំនួន ៥៤ នៅ​វៀតណាម ដែល​បាន​រួមរស់​ជាមួយគ្នា​ដោយ​ស្មើភាព​គ្នា ប្រកបដោយ​សុខដុមរមនា និង​រួមវិភាគទាន​ក្នុង​បុព្វហេតុ​កសាង និង​ការពារជាតិ ។​

​លោកស្រី​បាន​មានប្រសាសន៍ថា ជនជាតិ​ទាំងអស់​នៅ​វៀតណាម ត្រូវបាន​ចាត់ទុក​ដោយ​ស្មើភាព ហើយ​រដ្ឋ​វៀតណាម ធានា និង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការអភិវឌ្ឍន៍​លើ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បន្ត​កែលម្អ​ជីវភាព​រស់នៅ ទាំង​សម្ភារៈ និង​ស្មារតី​របស់​ជនជាតិភាគតិច រក្សា​អត្តសញ្ញាណ​ជនជាតិ និង​លើកតម្កើង​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ពួកគេ ព្រោះ​ទំនៀម​ទំលាប់ ប្រពៃណី និង​វប្បធម៌ រួមចំណែក​ពង្រឹង​ការរួបរួម​ជាតិ​ ៕