ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ ជាព្រះចៅអធិការវត្តសង្វរថ្មមាស (អូរទទឹង) ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម និងជាព្រះមេគណរងខេត្តព្រះត្រពាំង ទើបតែបានទទួលអនិច្ចធម្ម នៅវេលាម៉ោង ៥ : ១៥ នាទីល្ងាច ថ្ងៃអាទិត្យ ១២ កើតខែផល្គុន ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ១ មីនា គ្រិស្តសករាជ ២០១៥ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៦៨ ឆ្នាំ, វស្សាផ្នួស ៥៥ វស្សា ។

កម្មវិធីបុណ្យឈាបនកិច្ចរបស់ព្រះអង្គ ត្រូវបានព្រះមន្ត្រីសង្ឃខេត្ត និងស្រុកនានា ព្រមទាំងសិស្សគណ មួយអន្លើដោយពុទ្ធបរិស័ទទាំងឡាយ បានប្រារព្ធកិច្ចប្រតិបត្តិសពព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ តាមពុទ្ធសាសននិយមកិច្ច និងជាតិប្បវេណីនិយមកិច្ច នៅពេលរាត្រី ថ្ងៃអាទិត្យ បន្ទាប់ពីព្រះអង្គបានទទួលអនិច្ចធម្មភ្លាម ។
យោងតាមគណៈកម្មការចាត់តាំងបុណ្យ នៅថ្ងៃចន្ទ ១៣ កើត ត្រូវនឹងថ្ងៃទី ២ ខែមីនា វេលាម៉ោង ៩ : ១៥ នាទីព្រឹក ប្រារព្ធកិច្ចលើកព្រះសពដាក់មឈូស តម្កល់ក្នុងមហាកុដិវត្តសង្វរថ្មមាស (អូរទទឹង) ធ្វើទក្ខិណានុប្ប ទានចំនួន ៣ ថ្ងៃ ដើម្បីឧទ្ទិសបុណ្យប្រគេនព្រះអង្គតាមពុទ្ធឱវាទ ។
លុះដល់ថ្ងៃពុធ ពេញបូណ៌មី ខែផល្គុណ ឆ្នាំមមី ឆស័ក ព. ស. ២៥៥៨ ត្រូវថ្ងៃទី ៤ មីនា គ. ស. ២០១៥ ដង្ហែព្រះសពប្រទក្សិណវិហារ ៣ ជុំ រួចហើយដង្ហែទៅកាន់ព្រះមេរុដើម្បីបូជាព្រះសព ក្រោយពីបញ្ចប់សាសននិយមកិច្ចនៅទីព្រះមេរុ ។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ សព្វថ្ងៃ ជាព្រះចៅអធិការវត្តសង្វរថ្មមាស (អូរទទឹង) ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម, ព្រះអង្គជាព្រះស្ថាបនិកវត្តរតនសាគរ (ព្រើម) នៅឆ្នាំ ១៩៧២, ជាព្រះឧបជ្ឈាយ៍ដែលមានវត្តចំណុះចំនួន ១៨ វត្ត ស្ថិតនៅក្នុងស្រុកទាំង ២ គឺស្រុកកញ្ចោងចំនួន ៩ វត្ត និងស្រុកកំពង់ស្ពានចំនួន ៩ វត្ត រួមមានសិទ្ធិវិហារិក និងអន្តេវាសិករាប់រយអង្គ កំពុងបន្តការសិក្សា និងបំពេញសកម្មភាពសាសនកិច្ចទាំងក្នុង និងក្រៅប្រទេស, ជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកំពង់ស្ពាន ក្នុងឋានៈជាព្រះអនុគណស្រុកកំពង់ស្ពាន និងជាព្រះមេគណរង ខេត្តព្រះត្រពាំង ផងដែរ ។

ទន្ទឹមនឹងដំណឹងអនិច្ចធម្មរបស់ព្រះមេគណរង ឡឹម ពៅ ត្រូវបានដាក់ប្រកាសផ្សាយតាមបណ្តាញសង្គម Facebook មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយមមួយនេះ ជាពិសេស ព្រះសង្ឃនិងយុវជន ជាច្រើនបានផ្លាស់ profile របស់ខ្លួន ដោយដាក់ព្រះឆាយាលក្ខណ៍ព្រះ ឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ ក្របដោយស៊ុមដែលរចនាដោយកម្រងផ្កា និងបូកំណាន់មរណទុក្ខពណ៌ខ្មៅកាច់ជាស្រទាប់មានសណ្ឋានស្រដៀងនឹងផ្ការីក ដោយពាក្យថា “កាន់ព្រះមរណទុក្ខ ព្រះឧបជ្ឈាយ៍ ឡឹម ពៅ” ភ្ជាប់ដោយការបញ្ចេញជាទស្សនៈ ជាមតិផ្សេង ៗ គ្នា ខ្លះបានរៀបរាប់គុណូបការៈរបស់ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ខ្លះបានលើកឡើងនូវគុណសម្បត្តិរបស់ព្រះអង្គ ខ្លះប្រៀបប្រដូចព្រះឧបជ្ឈាយ៍ទៅនឹងព្រះអាទិត្យ ខ្លះលើកពីវីរភាព ពីព្រះទ័យស្នេហាជាតិសាសនារបស់ព្រះឧបជ្ឈាយ៍ ខ្លះលើកពីសន្តានព្រះទ័យរបស់ព្រះឧបជ្ឈាយ៍ ដែលប្រកបដោយព្រហ្មវិហារធម៌ដែលកម្ររកមានបុគ្គលប្រៀបផ្ទឹមបានជាដើម ដើម្បីសំដែងនូវទុក្ខសោក និងកតញ្ញុតាធម៌របស់ខ្លួនចំពោះព្រះឧបជ្ឈាយ៍ ។
Facebook ដែលប្រើឈ្មោះ Thach Khmer បានសរសេរនៅលើទំព័ររបស់ខ្លួន លាតត្រដាងនូវគុណធម៌របស់ព្រះតេជព្រះគុណ ព្រះវិភទ្ទញ្ញាណ ឡឹមពៅ ថា៖
“ព្រះឧប្ឈាយ៍ដែលមានប្រជាប្រិយភាពជាងគេ ក្នុងខេត្តព្រះត្រពាំងមានតែមួយព្រះអង្គគឺ ព្រះវិភទ្ទញ្ញាណ ឡឹមពៅ វត្តសង្វរថ្មមាស អូរទទឹង ស្រុកកំពង់ស្ពាន «ព្រះមេគណរងខេត្តព្រះត្រពាំង” ។
Facebook ឈ្មោះ Khmer Sante Pheap សរសេរថា៖
“ព្រះអង្គជាព្រះឧបជ្ឈាយ៍ដ៏ល្អរបស់ខ្ញុំ, ខ្ញុំសូមប្រាថ្នា ជាតិក្រោយជាសិស្សរបស់ព្រះ ឧបជ្ឈាយ៍ទៀត” ។
Facebook ឈ្មោះ Khmer Ekareach សរសេរថា៖
“ព្រះអង្គបានឃ្លាតឆ្ងាយហើយ គ្មានពេលវិល វិញទៀតឡើយ ។ ព្រះអង្គបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់សិស្សគណ ។ ព្រះគម្រូវីរភាពជាច្រើនទុកអោយយើងគេទាំងឡាយពិចារណាសិក្សាតាម ដើម្បីអនុវត្តក្នុងការបំរើសង្គមជាតិខ្មែរ និងព្រះពុទ្ធសាសនា វប្បធម៌ ខ្មែរ ។ សូមវិញ្ញាណក្ខន្ធព្រះអង្គបានទៅកាន់សុគតិភព” ។
Facebook ឈ្មោះ ផានី សុ បានសរសេរថា៖
“ថ្ងៃនេះជាថ្ងៃអាទិត្យ ១២ កើតខែផល្គុន ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ គ.ស. ២០១៥ ព្រះឧបជ្ឈាយ៍ព្រះនាម វិភទ្ទញ្ញាណ ឡឹម ពៅ ព្រះអង្គគង់នៅវត្តសង្វរថ្មមាស (អូរទទឹង) ភូមិអូរទទឹង ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម ដែលព្រះអង្គបានអនិច្ចធម្មនៅវេលារសៀលថ្ងៃនេះហើយព្រះអង្គជាព្រះឧបជ្ឈាយ៍មួយព្រះអង្គ ធ្លាប់ល្បីល្បាញខាងរក្សាទំនៀមទម្លាប់ខាងព្រះពុទ្ធសាសនា និងវប្បធម៌ អរិយធម៌ខ្មែរ នៅកម្ពុជាក្រោម រឹងប៉ឹងបំផុត ឥឡូវព្រះអង្គទបានទួលអនិច្ចធម្មទៅហើយ ។ ពួកយើងខ្ញុំព្រះករុណាខ្ញុំបាទ សូមចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនេះផង” ។
Facebook ឈ្មោះ Tranthach Dung បានសរសេរថា៖
” ឱះ ឱ ! អនិច្ចាព្រះឧបជ្ឈាយ៍ ព្រះអង្គសុគត ប្រៀបដូចព្រះអាទិត្យអស្តង្គតរលត់រស្មី កូនចៅរស់អាស្រ័យមុខតែជួបទុក្ខភ័យ សត្រូវយួនអប្រិយប្រាកដជាលបលួចសាទរអរពេកក្រៃ ។
ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ ប្រៀបដូចជាព្រះអាទិត្យ ខេត្តព្រះត្រពាំងមួយដួង ដែលធ្លាប់តែរះបំភ្លឺជនានុជន អស់វារៈជាច្រើនទសវត្សរ៍មកហើយ ។ ឥឡូវនេះ ព្រះអាទិត្យនោះបានចរមកដល់យាមអស្តង្គតរលត់សូរ្យសែងលែងបានបំភ្លឺផ្លូវព្រះសង្ឃជាសិស្សគណ និងពុទ្ធបរិស័ទខ្មែរក្រោម នៅខេត្តព្រះត្រពាំងតទៅទៀតហើយ តែវីរធម៌ គុណធម៌ ព្រហ្មវិហារធម៌ របស់ព្រះអង្គនៅតែបន្តបំភ្លឺផ្លូវជនដែលមានភ្កីភាព និងកតញ្ញុតាធម៌ចំពោះព្រះអង្គជាអមតៈ ។
ការអនិច្ចធម្មរបស់ព្រះឧបជ្ឈាយ៍វិភទ្ទញ្ញាណ ឡឹម ពៅ ព្រះអនុគណស្រុកកំពង់ស្ពាន និងជាព្រះមេគណរង ខេត្តព្រះត្រពាំង កម្ពុជាក្រោម នៅពេលល្ងាចខណៈដែលព្រះអាទិត្យទោរទាបហៀបអស្តង្គត ថ្ងៃអាទិត្យ ១២ កើត ខែផល្គុន ឆ្នាំ មមី ឆស័ក ព. ស. ២៥៥៨ ត្រូវនឹងថ្ងៃ ទី ១ ខែមីនា គ.ស. ២០១៥ ក្នុងមហាកុដិ វត្តសង្វរថ្មមាស (អូរទទឹង) កណ្តាលចំណោមសិស្សគណទាំងឡាយ ប្រៀបដូចជាព្រះអាទិត្យអស្តង្គតរលត់រស្មីទុកឲ្យលោកិយងងឹតពេញមួយយប់ ធ្វើឲ្យសិស្សគណនិងពុទ្ធបរិស័ទតក់ស្លុតរន្ធត់ភិតភ័យ ដូចអ្នកវង្វេងព្រៃកណ្តាលអធ្រាត្រកាឡបក្ស” ។
Facebook ឈ្មោះ Khmer Sroksrea បានសរសេរថា៖
“ព្រះតេជព្រះគុណមានព្រះទ័យល្អណាស់ មិនប្រកាន់ ប្រកបដោយព្រហ្មវិហារធម៌ ម្តេចក៏ព្រះអង្គ សុគតឆាប់ម្ល៉េះ ? ចំណែក ឯអ្នកគិតតែប្រយោជន៍ផ្ទាល់ខ្លួន ម្តេចក៏រស់យូរទៅវិញ ? ដឹងហើយថា ជីវិតកើតហើយ តែងតែស្លាប់ទៅវិញជាធម្មតាក៏ពិតមែន តែខ្ញុំនៅតែស្តាយព្រះតេជព្រះគុណណាស់” ។
Facebook ឈ្មោះ Duong Thach បានសសេរថា៖
“លោកបងអើយយើងបាត់បង់ព្រះឧបជ្ឃាយ៍របស់យើងហើយ ព្រះសង្ឃនិងពុទ្ធបរិស័ទទួញយំទួញសោកសៅ និយាយលែងចេញហើយ ហាក់បីដូចជាថ្មមានទំហំធំមកគ្របសង្កត់ពីលើទ្រូងស្រែកហៅអ្នកជួយ ក៏ហៅលែងឮអ៊ីចឹង” ៕