ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
ខែមករា
នៅថ្ងៃពុធ ៣ រោច ខែបុស្ស ឆ្នាំថោះ ត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹង ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ លោកគ្រូ មហា ថាច់ កេញ អាចារ្យបង្រៀន សាលាបាលី នៅខេត្តត្រពាំងបាន ទទួលអនិច្ចកម្ម ដោយជរាពាធ ក្នុងជន្មាយុ ៨៦ ឆ្នាំ ។ លោក គ្រូ មហា ថាច់ កេញ បានចំណាយពេលជាង ៥០ ឆ្នាំ ដើរបង្រៀនអក្សរសាស្ត្រខ្មែរ និងភាសាបាលី នៅតាមវត្តអារាមនានាក្នុងខេត្តព្រះត្រពាំង ។ លោកគ្រូ មហា ថាច់ កេញ កើតក្នុង ព. ស. ២៤៦៩ គ. ស. ១៩២៥ នៅវត្តក្រពុំឈូក (ក្នក) ស្រុកកំពង់ធំ (Chau Thanh) ខេត្ត ព្រះត្រពាំង ។

ថ្ងៃទី ២០ ខែមករា អាជ្ញាធរយួនបានប្រគេនស្រា ដល់មន្ត្រីសង្ឃខ្មែរក្រោមនៃខេត្តព្រះត្រពាំង នៅក្នុងពិធីអបអបសាទរថ្ងៃចូលឆ្នាំយួន ដែលបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ នាមន្ទីរគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ។
ខែកុម្ភៈ
អាជ្ញាធរយួនកុម្មុយនិស្ត នៅភូមិកូនក្អែក ឃុំដើមពោធិ៍ ស្រុកអណ្តូងទឹក ខេត្តឃ្លាំង កម្ពុជាក្រោម បានធ្វើការរា រាំងមិនឲ្យពុទ្ធបរិស័ទនៅភូមិនេះ ប្រារព្ធធ្វើពិធីបុណ្យពុទ្ធាភិសេក បច្ច័យ ៤ ទៅតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនាខ្មែរទេ ដោយបានលើកឡើងពីមូលហេតុ ថា ថ្ងៃ ០៨ កុម្ភៈ គឺជា ថ្ងៃដែលសមណសិស្សសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង ក្រោក ឡើងធ្វើការបាតុកម្មទាមទារសិទ្ធិសេរីភាពជំនឿសាសនាកាល ឆ្នាំ២០០៧ ។
ខែមេសា
និស្សិតខ្មែរក្រោមដែលកំពុងសិក្សានៅមហាវិទ្យាល័យឱសថសាស្ត្រ ព្រែកឫស្សី (Trường Đại học Y Dược Cần Thơ) ដែនដីកម្ពុជាក្រោម បាន ប្រាព្ធពិធីអបអបបុណ្យ ចូលឆ្នាំខ្មែររបស់ខ្លួនក្រោមការ ចាត់តាំងរបស់សាលា កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១២ (មុនចូលឆ្នាំខ្មែរ ៧ ថ្ងៃ) ដោយមានការលេងល្បែងប្រជាប្រីយ៍កម្សាន្តផ្សេងៗ។
ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមជាច្រើនបានអះអាងថា សិស្សនិស្សិតខ្មែរក្រោមនៅកម្ពុជា ក្រោមដែលកំពុងសិក្សានៅតាមសាលារដ្ឋវៀតណាមនានា មិនត្រូវបានឈប់សម្រាក ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនទេ ។
ខែឧសភា
កុមារសេក្ខវត្តខ្មែរក្រោមឈ្មោះ ចៅ រ៉ូយ៉ាល ត្រូវបានកូនយួនវាយសំពងនឹងក្បាល ខ្សែក្រវាត់បណ្ដាលឲ្យបែកក្បាលដោយការប៉ះទង្គិចសម្ដីគ្នា ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង ៤៥ នាទី រសៀលថ្ងៃទី ១៩ ខែឧសភា នេះ នៅតាមផ្លូវចំមុខវត្តជីក្អេងក្រោម ក្នុងស្រុកស្វាយទង (Tri Ton) ខេត្តមាត់ជ្រូក (An Giang) ។ ក្រោយហេតុការណ៍នេះ អាជ្ញាធរវៀតណាម បានមកសម្របសម្រួលដោយ លើកឡើងថា នេះជារឿងក្មេងៗ ហើយគ្រាន់តែជួយថ្នាំព្យាបាលជំងឺដល់ជនរងគ្រោះ បន្តិចបន្តួចតែប៉ុណ្ណោះ ។
ខែមិថុនា
អាជ្ញាធរវៀតណាម ហាមពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោមប្រារព្ធពិធីបុណ្យទានផ្សេងៗចំ ឬ ជិតថ្ងៃទី ០៤ ខែមិថុនា ដែលជាថ្ងៃពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសប្រារព្ធពិធីបុណ្យ «បាត់បង់ដែនដីដែនកម្ពុជាក្រោម»រៀងរាល់ឆ្នាំ ។
ពុទ្ធបរិស័ទខ្មែរក្រោម នៅភូមិក្រ សាំង ចំណុះជើងវត្តចម្ប៉ាអង្គរជ័យ (ចំការ)ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ត្រូវ អាជ្ញាធរវៀតណាម ហាមធ្វើពិធីបុណ្យកម្សាន្តស្រុក នៅថ្ងៃទី ០៥ ខែមិថុនា កន្លងទៅនេះ ដោយលើកហេតុផលថា ថ្ងៃនោះជិតនឹងថ្ងៃទី ០៤ ខែមិថុនា ដែលខ្មែរក្រោម នៅក្រៅប្រទេសប្រារព្ធពិធីបុណ្យ«បាត់បង់ដែនដីកម្ពុជាក្រោម» ។
ខែកក្កដា
សម្ដេចសង្ឃរាជ ទេព វង្ស នៃប្រ ទេសកម្ពុជា បំពេញទស្សនកិច្ច កាន់ប្រ ទេសវៀតណាម រយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី ១០ ដល់ទី ១៩ ខែកក្កដា ដើម្បីអ្វីមួយដែលគេហៅថា “រឹតបន្តឹងចំណងមិត្តភាព រវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម និងរវាងព្រះពុទ្ធសាសនាខ្មែរ និងវៀតណាម ។ ក្នុងដំណើរបំ ពេញទស្សនកិច្ចនេះ ក្រៅពីបំពេញទស្សនកិច្ចនៅស្ថាប័នរដ្ឋ នៃបក្សកុម្មុយនិស្តវៀតណាមប្រតិភូសង្ឃខ្មែរបានចូល ទៅទស្សនកិច្ច នៅតាមវត្តខ្មែរនាដែនដី កម្ពុជាក្រោម ក្នុងនោះ មានវត្តចន្ទរង្សី ទីក្រុងព្រៃនគរ, នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ ឋិតនៅក្នុងវត្តពោធិសំរោង ស្រុកអូរមល្ល (Ô Môi) ខេត្តព្រែកឫស្សី (Cần Thơ) , នៅសាលាមធ្យម សិក្សាបំពេញវិជ្ជាវប្បធម៌បាលីណាមបូ ឬ អតីតសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង ដែលមានមូលដ្ឋាននៅក្នុងវត្តឃ្លាំង ,និងសាលាគណខេត្តព្រះត្រ ពាំង ឋិតនៅក្នុងវត្តពោធិលាលរាជ (កំពង់) ដែលជាមជ្ឈមណ្ឌលកិច្ចការសង្ឃខ្មែរក្រោមនៃខេត្តមួយនេះ ។
ខែសីហា
នៅព្រឹកថ្ងៃទី ០១ ខែសីហា ក្រុមមន្ត្រីសង្ឃខ្មែរក្រោមដែលជាកម្មាភិបាលបក្សកុម្មុយ និស្តវៀតណាមបានចូលទៅវត្តសេរីតាសេក ដើម្បីចាប់ព្រះតេជព្រះ គុណ ថាច់ ធឿន ផ្សឹក ក្រោយពីពួកគេបានចេញសេចក្ដីប្រកាស មួយចុះ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១២ ថា នឹងចាប់ព្រះអង្គផ្សឹកឲ្យបានក្នុងអំឡុងពេល ០៣ ថ្ងៃចាប់ពីថ្ងៃ ចុះហត្ថលេខា ។
តាមលិខិតមួយច្បាប់ចេញដោយគណៈកម្មការប្រតិបត្តិព្រះពុទ្ធសាសនាវៀតណាមខេត្តឃ្លាំង ចុះថ្ងៃទី ២៨ ខែ កក្កដា បានសម្រេចថា “មិនទទួលស្គាល់ ព្រះភិក្ខុ ថាច់ ធឿន ប្រសូតឆ្នាំ ១៩៨៥ នៅវត្តតាសេក ឃុំវិញហាយ (Vinh Hai ) ស្រុកជ្រោយញរ ខេត្តឃ្លាំង ថា ជាព្រះសង្ឃ នៃសមាគមព្រះពុទ្ធសាសនាវៀតណាមទៀតទេ ” ។
លិខិតនេះបានបញ្ជាក់ អំពីមូលហេតុដែលចាប់ព្រះភិក្ខុ ថាច់ ធឿន ផ្សឹកថា ” បានបំពានធម្មនុញ្ញ និងលក្ខន្តិកៈនៃសមាគមព្រះពុទ្ធសាសនាវៀតណាម និងបានបំពានឱវាទ, ព្រះវិន័យនៃព្រះពុទ្ធសាសនាគណៈថេរវាទវាទខ្មែរ” ។
ព្រះវិហារវត្តខ្មែរចំនួន ៣ ត្រូវបានឆេះដោយភ្លៀងវស្សាក្នុងខែសីហា ។ វត្តទាំងនោះរួមមាន ទីមួយ ព្រះវិហារ មួយនៅខេត្តព្រែកឫស្សី ( ấp 6, xã Vị Thủy, huyện Vị Thủy, tỉnh Hậu Giang) ត្រូវឆេះនៅថ្ងៃទី ០៨ ខែសីហា ទី ២ វត្តប្រាសាទគង់ជាវត្តបុរាណ របស់ខ្មែរក្រោមដែលមានអាយុកាល ៧៨៨ ឆ្នាំ គឺបានកសាងឡើង ព. ស. ១៧៦៨ គ. ស. ១២២៤ ឆេះ នៅថ្ងៃទី ១៣ ខែសីហា និងព្រះវិហារវត្តបឹងកក់ ឋិតនៅក្នុងភូមិបឹងកក់ ស្រុកពងទឹក ខេត្តឃ្លាំង ត្រូវឆេះនៅថ្ងៃទី ២៥ ខែសីហា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ព្រះវិហារវត្តសេរីតេជោមហាទុបឋិតនៅក្នុងខេត្តឃ្លាំងត្រូវ បានឆេះដោយករណីដូចគ្នាផងដែរ ។
ខែកញ្ញា
ព្រះសង្ឃខ្មែរក្រោមមួយអង្គ គង់ចាំព្រះវស្សានៅវត្តចន្ទរង្សី, ក្រុងព្រៃនគរ បានសរសេរលិខិតមួយច្បាប់ជម្រាបទៅអាជ្ញាវៀតណាម គ្រប់លំដាប់ថ្នាក់ឲ្យជួយស្វែងរកដំណោះស្រាយបញ្ហា ដល់ព្រះអង្គអំពីករណីព្រះសង្ឃយួន បានហាមព្រះអង្គនិយាយភាសាខ្មែរ នៅក្នុងទីសាធារណៈ ។
តេជព្រះគុណ យ័ញ បា តិន ព្រះជន្ម ២៣ ព្រះវស្សា ស្រុកកំណើតនៅខេត្តក្រមួនស (Xa Vinh Thanh, huyen Giong Rieng, Tinh Kien Giang) បច្ចុប្បន្ន គង់ចាំព្រះ វស្សានៅវត្តចន្ទរង្សី ក្រុងព្រៃនគរ បានផ្ញើលិខិតមួយច្បាប់ ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១២ ទៅអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងរកយុត្តិធម៌ ដល់ព្រះអង្គ ព្រោះព្រះសង្ឃយួន ពីរអង្គគឺ ទីមួយឈ្មោះ ទៀង ដាក់ និង ទីពីរឈ្មោះ ហ្វាង មិន បានហាម ព្រះតេជព្រះគុណ យ័ញ បា តិន និយាយភាសាខ្មែរនៅក្នុងទីក្រុងព្រៃនគរ ។ មកដល់ពេល នេះ អាជ្ញាធរវៀតណាម មិនបានដាក់ទោសព្រះសង្ឃយួនទាំងពីរអង្គនេះ ដែលបំ ពានលើរដ្ឋធម្មនុញ្ញ នៃប្រទេសវៀត ណាមនៅឡើយ ។
ព្រះតេជព្រះគុណ ឡាំ យ៉ាន សំ ណាក់អាស្រ័យ នៅវត្តចម្ប៉ា អង្គរជ័យ (ចំការ) ទីរួម ខេត្តព្រះត្រពាំង បាននិមន្តទៅព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យពហុបច្ចេកវិជ្ជា ខេត្តព្រះត្រពាំង ត្រូវបានក្រុមវេជ្ជការីយួនរើសអើងមិនអនុញ្ញាតឲ្យព្រះអង្គសម្រាក នៅក្នុងបន្ទប់របស់អ្នកបួស ហើយបានឲ្យព្រះអង្គទៅសឹង នៅក្នុងបន្ទប់របស់អ្នកសម្រាលកូន ហើយបានឲ្យ ជនជាតិយួនទៅដេកសម្រាក់នៅក្នុងបន្ទប់សម្រាប់ព្រះសង្ឃទៅវិញ ។
ថ្ងៃទី ១៧ ខែកញ្ញា លោក ចៅ ហេន ត្រូវបានអាជ្ញាធរដោះលែងចេញពីពន្ធនាគារ ឲ្យនៅក្រៅឃុំ ទាំងខ្លួនលោកមានជំងឺធ្ងន់ធ្ងរនិយាយស្ដីអ្វីមិនបាន ។ ភរិយាលោក ចៅ ហេន គឺលោកស្រី នាង ធួន បានឲ្យដឹងនៅថ្ងៃទី២៥ កញ្ញា ថា ថ្វីត្បិតតែស្វាមីរបស់គាត់បានចេញមកនៅក្រៅមន្ទីរឃុំឃាំងក្ដី តែលោក ចៅ ហេន មិនមានសភាពដូចកាលពីមុនជាប់គុកនោះឡើយ ។ លោក ចៅ ហេន មានតែធ្វើកាយវិការបានខ្លះៗនៅពេលគាត់ចង់បានអ្វី ។
ថ្ងៃទី ២០ ខែ កញ្ញា គណៈកម្មការមូលធនបត្រ (SSC) នៃក្រសួងហិរញ្ញវត្ថុវៀតណាម កាលពីបានសម្រេចដាក់ពិន័យលើកករណីទិញ និងលក់ដូរភាគហ៊ុនខុសច្បាប់មួយនៃធនាគារ Sacom bank ដែលមានការទាក់ទិននឹងលោក ត្រឹម គៃ ហ្វា (Trầm Khải Hòa) ។
លោក ហ្វា កូនប្រុសរបស់ លោក ត្រឹម បេ បានទិញទំនិញភាគហ៊ុនចំនួន ៥៤០.០០០ កាលពីខែមិថុនា និងដើមខែកញ្ញា ឆ្លងកាត់តាមរយៈក្រុមហ៊ុនមូលធនបត្រភឿងណាម (PNS) ហើយបានលក់ចេញទំនិញភាគហ៊ុនចំនួនពីរលាន ។ ការផ្ដោះប្ដូរទំនិញទាំងពីរ នេះ ត្រូវបានព័ត៌មានរាយការណ៍ថា “មិនបានរាយការណ៍ និងចុះបញ្ជីស្របតាមច្បាប់ ដែលបានកំណត់” ។
ខែតុលា
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម កាន់ទុក្ខចំពោះការសោយទិវង្គតរបស់ព្រះ ករុណាបាទ សម្ដេច នរោត្ដម សីហនុ ដែលបានសោយទិវង្គតកាលពីថ្ងៃទី ១៥ ខែតុលា នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយមានវត្តខ្លះបានបង្ហូតទង់ជាតិវៀតណាមចុះពាក់ កណ្ដាលដង និងវត្តខ្លះទៀតបានដារបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់ទ្រង់ ផងដែរ ។
ខែវិច្ឆិកា
នៅថ្ងៃទី ១០ ខែវិច្ឆិកា កម្មករខ្មែរក្រោម និង ជនជាតិយួន រាប់ ពាន់នាក់នៃរោង ចក្រស្បែក ជើងមីផុង (My Phong) ឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង បានធ្វើកូដកម្មដើម្បី សុំដំឡើងប្រាក់ខែ ។ ប្រភពព័ត៌មាន បានរាយការណ៍ថា កូដកម្មនេះ មានការ បង្ក្រាប ពីប៉ូលិស្តវៀតណាម បណ្ដាលឲ្យកម្មករខ្មែរក្រោមម្នាក់រងរបួស ។
ថ្ងៃទី ១៤ ខែវិច្ឆិកា អាជ្ញាធរវៀតណាម បានឡោមព័ទ្ធវត្តសេរីតាសេក ឋិតនៅក្នុងខេត្តឃ្លាំង ដើម្បីចាប់ព្រះតេជ ព្រះគុណ ថាច់ ធឿន ផ្សឹក ចោទពីបទថា ព្រះអង្គបានទាក់ទងពលរដ្ឋខ្មែរ ក្រោមនៅក្រៅប្រទេស ។
ខែធ្នូ
ក្នុងខែធ្នូ រូបថត ព្រះតេជព្រះគុណ យ័ញ ឡុង ព្រះចៅអធិការវត្តចន្ទរង្សី នៅទីក្រុងព្រៃ នគរ ពាក់ដូនបោដោយយួន ត្រូវបានបង្ហោះឡើងពាសពេញតាមបណ្ដាញ Facebook ធ្វើឲ្យពលរដ្ឋខ្មែររិះគន់យ៉ាងខ្លាំង ។ រូបថតព្រះតេជព្រគុណ យ័ញ ឡុង និមន្តជាមូយព្រះសង្ឃមហាយានយួននេះ ត្រូវបាន ក្រុមអ្នកប្រើ Facebook ផ្សាយបន្តពីគេហទំព័ររណសិរ្សតុភូមិវៀតណាម ខណៈដែលព្រះសង្ឃ ទាំងនេះធ្វើដំណើរទៅទស្សនកិច្ចនៅប្រជុំកោះ Spratly ឬ កោះ វ៉ាង សា និង ត្រឿងសា ដែលកំពុងមានជម្លោះនឹងចិន ។
ព្រឹកថ្ងៃទី ១១ ខែធ្នូ រដ្ឋាភិបាល វៀតណាម ខេត្តព្រះត្រពាំង បានកោះនិមន្តព្រះសង្ឃខ្មែរក្រោមនៃស្រុកទាំងពីរ គឺ ស្រុកកញ្ចោង និងស្រុកកំពង់ស្ពាន ដើម្បីចូលរួមវគ្គបំពាក់បំប៉នមនោគមវិជ្ជាកុម្មុយនិស្តវៀតណាម នៅសាលប្រជុំទីរួមស្រុកកំពង់ស្ពាន ដើម្បីបង្ហាញពីគោលជំហររបស់វៀតណាមថា ដែនដី កម្ពុជាក្រោមដែលភាសាយួន ហៅថា “ណាមបូ” នោះ ជាកម្មសិទ្ធិរបស់ជនជាតិយួន ៕