ព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះជន្ម ៥២ព្រះវស្សា ព្រះតេជព្រះគុណ គង់ សិលា ដែលគង់នៅក្នុងកុដិលេខ ៤៣ ក្នុងវត្តស្ទឹងមានជ័យ ត្រូវបានគេសង្ស័យថា បានយកពុទ្ធរូបប្រមាណ ១៧ អង្គ ទៅបោះចោលក្នុងទឹកស្រះក្រោយកុដិរបស់ព្រះគ្រូសូត្រស្តាំ កាលពីព្រឹកថ្ងៃទី ៤ ខែធ្នូ នោះ បានបដិសេធថាជារឿងមិនពិត ហើយថាករណីនេះជារឿងលាបពណ៌ ដើម្បីចង់ធ្វើបាបព្រះអង្គ ។

ការបដិសេធនេះ ធ្វើឡើងភ្លាមៗនៅមុនពេលគណៈកម្មាធិការវត្តស្ទឹងមានជ័យ បានរៀបចំកិច្ចប្រជុំមួយនៅព្រះវិហារវត្តស្ទឹងមានជ័យ ដើម្បីវិនិច្ឆ័យទោសព្រះសង្ឃខ្មែរកម្ពុជាក្រោមរូបនេះ នៅថ្ងៃទី ៦ ខែធ្នូ ។
កិច្ចប្រជុំនេះមានវត្តមានអនុគណខណ្ឌ មន្ត្រីសង្ឃវត្តស្ទឹងមានជ័យ មន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃប្រមាណជាង ៥០ អង្គ ព្រមទាំងសាក្សីដែលអះអាងថាបានឃើញហេតុការណ៍នេះ ។ កិច្ចប្រជុំនេះ ព្រះតេជព្រះគុណ គង់ សិលា មិនបាននិមន្តចូលរួមនោះទេ ដោយសារព្រះសង្ឃខ្មែរកម្ពុជាក្រោមជាច្រើនអង្គទៀត បានហាមឃាត់ព្រះតេជព្រះគុណ គង់ សិលា មិនឲ្យចូលទៅក្នុងកិច្ចប្រជុំនេះតែមួយអង្គឯង ព្រោះបារម្ភខ្លាចមានការចាប់ផ្សឹកព្រះអង្គដោយបង្ខំ ។ ព្រះសង្ឃខ្មែរកម្ពុជាក្រោម បានទាមទារឲ្យមានវត្តមានមន្ត្រីអង្គការ សង្គមស៊ីវិល និងអ្នកកាសែតចូលរួមក្នុងកិច្ចប្រជុំនោះ ទើបព្រមឲ្យព្រះតេជព្រះគុណ គង់ សិលា និមន្តចូលរួមដែរ ។
លទ្ធផលនៃកិច្ចប្រជុំនេះ គេមិនទាន់បង្ហើបឲ្យដឹងច្បាស់លាស់នៅឡើយទេ ថាតើអង្គប្រជុំនឹងសម្រេចយ៉ាងណាចំពោះព្រះតេជព្រះគុណ គង់ សិលា នោះ ៕ RFA
ខាងក្រោមនេះ ជារូបថតព្រះពុទ្ធរូបដែលគេចាត់ទុកថា ព្រះតេជព្រះគុណ គង់ សិលា បានយកទៅចោលនៅក្នុងស្រះ នៅក្នុងវត្តស្ទឹងមានជ័យ ។