ដោយ គឹម សាវតា
ខណៈដែលប្រទេសកម្ពុជា កំពុងតែធ្វើជាប្រធានប្តូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ក៏បានចូលរួមជាមួយប្រជាជាតិប្រទេសក្នុងតំបន់មួយនេះ ដើម្បីចែករំលែកព័ត៌មាន ស្តីពីការលំបាករបស់ពលរដ្ឋខ្មែរក្រោម និងទទួលយកបទពិសោធន៍ថ្មីៗ ដើម្បីយកមកដោះស្រាយបញ្ហា ដែលកើតមាន តាមរយៈវេទិការប្រជាពលរដ្ឋអាស៊ាន ។

សន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាជនអាស៊ាន ចាប់ផ្ដើមដំណើរការពីឆ្នាំ ២០០៥ ដែលសន្និសិទនេះ ផ្ដល់ឱកាសឲ្យអង្គការសង្គមស៊ីវិលលើកឡើង និងចែករំលែកបទពិសោធន៍ ក្នុងប្រទេស នៃ តំបន់អាស៊ានទាំង ១០ និងប្រទេសទីម័រផងដែរ ហើយក៏អាចលើកឡើង ពីការព្រួយបារម្ភ កំហុស ការឈឺចាប់ខុសៗ គ្នា ។
អ្នកស្រី គៀង ធីប៉ា អគ្គលេខាធិការអង្គការស្រ្តីខ្មែរកម្ពុជាក្រោម ដែលបានចូលរួមសិក្ខាសាលា ស្ដីពីការណែនាំ អំពីវេទិកា ប្រជាពលរដ្ឋអាស៊ានកាលពីថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២២ នេះ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ក្នុងរាជធានីភ្នំពេញ បង្ហាញចំណាប់អារម្មណ៍ថា វេទិកាមួយនេះ ពិតជាបានផ្តល់ឱកាសដល់ពលរដ្ឋ និងអង្គការស៊ីវិល ដែលធ្វើការជាមួយប្រជាពលរដ្ឋផ្ទាល់ ហើយអង្គការស្រ្តីខ្មែរកម្ពុជាក្រោម ក៏នឹងលើកពីបញ្ហារបស់ស្រ្តីខ្មែរក្រោម ឲ្យអាស៊ានទាំងមូលបានដឹងតាមរយៈវេទិកាផងដែរ ។
អ្នកស្រី កៀង ធីប៉ា «យើងរស់នៅសព្វថ្ងៃ យើងដឹងហើយថា មានបញ្ហាប្រឈម ក្នុងការខ្វះខាត ក្នុងជីវភាពរស់នៅ ប្រជាពលរដ្ឋនៅតាមតំបន់នានា គាត់មិនសូវទទួលបានព័ត៌មានសំខាន់ៗ» ។
នៅក្នុងប្រទេសកម្ពុជា មានអង្គការ សមាគមចំនួន ១២ ដែលជាអ្នករៀបចំកម្មវិធី ដើម្បីឲ្យសង្គមស៊ីវិលដទៃទៀត បានចូលរួម ។ ក្នុងចំណោមអង្គការ សមាគមទាំង ១២ នោះ ក៏មាន សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ផងដែរ ។
លោក សឺន យឿង ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មានប្រសាសន៍ថា សមាគមរបស់លោកបានចូលរួមវេទិកានេះ តាំងពីឆ្នាំ ២០១២ មក ព្រមទាំងបានដាក់របាយការណ៍ ស្តីពីស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ឲ្យសង្គមស៊ីវិល ក្នុងតំបន់អាស៊ាន បានដឹង ហើយក៏ទទួលបានបទពិសោធន៍ថ្មីៗ ពីវេទិកាមួយនេះ ជាច្រើន ដើម្បីបំពេញការងារឲ្យកាន់តែល្អប្រសើរ ។ លោកបន្តថា អ្វីដែលអង្គការរបស់លោក នឹងលើកយកទៅប្រាប់ដល់សង្គមស៊ីវិលអាស៊ាននៅឆ្នាំ ២០២២ នេះ គឺបញ្ហាអត្តសញ្ញាណរបស់ពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា ។
លោក សឺន យឿង «បើយើងនិយាយក្នុងឆ្នា ២០២២ នេះ សំខាន់ជាងគេ គឺខាងអត្តសញ្ញាណខ្មែរក្រោមតែម្ដង ដែលយើងត្រូវការលើកយកបង្ហាញដល់អាស៊ានឲ្យបានដឹង អំពីថា ខ្មែរកម្ពុជាក្រោម ដែលមករស់នៅលើទឹកដីកម្ពុជា ជាង ១ លាននាក់ហ្នឹង គឺនៅសល់ប្រហែលជា ២០ ទៅ ៣០ ភាគរយ មិនទាន់ទទួលនូវអត្តសញ្ញាណជាខ្មែរ ។ អញ្ចឹងដើម្បីឲ្យរដ្ឋាភិបាលទាំងអស់ហ្នឹង ដឹងអំពីបញ្ហាទាំងអស់ហ្នឹង លើកឡើងក្នុងអង្គពិធីហ្នឹង ដើម្បីឲ្យរដ្ឋាភិបាលយើងបានដឹង ហើយទទួលស្គាល់» ។
លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ បានលើកឡើង ក្នុងសិក្ខាសាលា ស្ដីពីការណែនាំ អំពីវេទិកា ប្រជាពលរដ្ឋអាស៊ាន មិនថាតែវាទិកានេះ រៀបចំនៅក្នុងប្រទេសណានោះទេ គឺតែងតែមានអង្គការ សមាគមទៅពីប្រទេសកម្ពុជាចូលរួមជាបន្តបន្ទាប់ ។ យ៉ាងនេះក្តី លោកស្រី នៅតែអំពាវនាវឲ្យអង្គការ សមាគម ដែលមានមូលដ្ឋាននៅកម្ពុជា ចូលរួមឲ្យកាន់ច្រើន ព្រោះថា គឺជាការចែករំលែកនូវបទពិសោធន៍ ចែករំលែកចំណេះដឹងទៅវិញទៅមក ដើម្បីឲ្យការងារបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព ។
លោក ស្រី សេង រាសី «គោលបំណងរបស់យើងក្នុងមួយព្រឹកនេះ គឺចង់ជម្រាបដំណឹងទៅដល់អង្គការ សង្គមស៊ីវិលទាំងអស់ ដែលធ្វើកិច្ចការងារក្នុងប្រទេសកម្ពុជាហ្នឹង បានដឹងពីវេទិកាមួយនេះ។ ខ្ញុំជឿជាក់ថាអស់លោក លោកស្រីដែលមានវត្តមានវត្តមាននៅទីនេះ សុទ្ធតែជាអ្នកធ្លាប់ចូល (ចូលរួមវេទិកា) អ្នកខ្លះធ្លាប់ចូលបានមួយដង ពីរដង អ្នកខ្លះធ្លាប់ចូលរូមនៅប្រទេសផ្សេងៗ ជាមួយពួកយើងដែរ» ។
សន្និសិទអង្គការ សង្គមស៊ីវិលអាស៊ាន និងវេទិកា ប្រជាពលរដ្ឋអាស៊ាន ត្រូវបានប្រារព្ធឡើង ដោយមានការផ្លាស់ប្តូរធ្វើជាម្ចាស់ផ្ទះ ពីប្រទេសមួយទៅប្រទេសមួយ ក្នុងតំបន់អាស៊ានដោយយោងទៅតាមកិច្ចប្រជុំអាស៊ាន ។ សម្រាប់ឆ្នាំ ២០២២ នេះ កម្ពុជាបានក្លាយជាប្រធានប្តូរវេណនៃកិច្ចប្រជុំអាស៊ាន ហើយក៏ជាឱកាសមួយ ដែលអង្គការ សង្គមស៊ីវិលនៅកម្ពុជា លើកពីអ្វី ដែលខ្លួនជួយប្រទេះទៅប្រាប់ដល់ប្រទេសជាសមាជិកអាស៊ានផងដែរ ៕