ដោយ ស៊ឺន ចែងចើន
លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា កាលពីថ្ងៃទី ១១ ខែកញ្ញា បានជួបជុំគ្នាប្រារព្ធខួបលើកទី ១៥ នៃ ទិវា អង្គការសហប្រជាជាតិ អនុម័តសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។ ការប្រារព្ធពិធីនេះ គឺក្នុងបំណងដើម្បីចូលរួមអបអរសាទរទិវានេះ ដែលនឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី ១៣ កញ្ញា ផង និងដើម្បីឆ្លុះបញ្ចាំង មើលការអនុវត្ត ចំពោះលិខិតូបករណ៍ទាំងឡាយ ដែលប្រទេសវៀតណាម បានផ្តល់សច្ចាប័ន ដូចជាកាតិកាសញ្ញា អនុសញ្ញានានា ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ក្នុងនោះ វៀតណាមក៏ជារដ្ឋភាគី ដែលបានបោះឆ្នោតឆ្នោតគាំទ្រឱ្យមានសិទ្ធិជនជាតិដើម កាលពីឆ្នាំ ២០០៧ ផង ។

ពិធីជួបជុំនេះ បានធ្វើឡើង នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលឋិតនៅបុរីសហគមន៍ព្រៃនគរ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីតំណាង អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម ព្រមទាំងព្រះសង្ឃប្រមាណជិត ៥០ អង្គ និងនាក់ ។
នៅក្នុងពិធីនោះ ក្រៅតែពីលើកឡើង អំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងការរំលោភសិទ្ធិ មានជាអាទិ៍ សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្រ្ត ការចាប់ចង និងបន្តធ្វើទុក្ខបុកម្នេញ លើសកម្មជនខ្មែរក្រោម ការរឹបអូសដីធ្លី និងផ្ទះសម្បែង ពីសំណាក់រដ្ឋាភិបាលវៀតណាម តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ក៏បានធ្វើបទបង្ហាញ ស្ដីពីខ្លឹមសារមួយចំនួន នៃ សេចក្ដីប្រកាសរបស់ អង្គការសហប្រជាជាតិ ស្ដីពី «សិទ្ធិជនជាតិដើម» ដែលពាក់ព័ន្ធនឹងស្ថានភាពខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម បច្ចុប្បន្នផង និងខ្លឹមសសារច្បាប់អន្តរជាតិ ដែលរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាទទួលស្គាល់ រួមមាន អនុសញ្ញា កាតិកាសញ្ញានានា ស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាដើម ។
លោក ថាច់ ចន្រ្ទា ប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោម បានឡើងធ្វើបទបង្ហាញ ស្តីពីស្ថានភាព នៃ ការរំលោភសិទ្ធិមនុស្ស នៅកម្ពុជាក្រោម សេរីភាពជំនឿសាសនា និងការប្រតិបត្តិ សេរីភាព នៃ ការធ្វើដំណើរ សិទ្ធិទទួលបានសញ្ជាតិមួយ សិទ្ធិទទួលបានការអប់រំ សិទ្ធិវប្បធម៌ និងថែរក្សាប្រពៃណី ទំនៀមទំលាប់ សិទ្ធិសេដ្ឋកិច្ច និង ភាពជាម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិឯកជន សិទ្ធិចូលរួមនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ខ្មែរក្រោម នៅព្រះរាជាណាចក្រកម្ពុជា ។

ពាក់ព័ន្ធនឹងការរំលោភបំពានលើសេរីភាពជំនឿសាសនា លោក ថាច់ ចន្រ្ទា បានលើកឡើង ពីករណីសាលាឆទានមួយ នៅភូមិកន្រែង ឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ដែលអាជ្ញាធរយួនប៉ុនប៉ងវាយកម្ទេចចោល និងគំរាមចាប់ខ្លួនម្ចាស់ដី និងអ្នកតំណាងពលរដ្ឋខ្មែរក្រោម ដែលជាអ្នកចេញមុខសាងសង់សាលាឆទានមួយនេះ ។ លោកបន្ថែមថា សាលាឆទាននេះ សាងសង់ជិតរួចរាល់ហើយ ប៉ុន្តែ អាជ្ញាធរវៀតណាម បានបង្គាប់បញ្ជាឱ្យមន្រ្តីសង្ឃមករុះរើ និងបង្អាក់ដំណើរការសាងសង់ និងហាមប្រាម ឬផាកពិន័យអ្នកលក់គ្រឿងសំណង់ទាំងអស់មិនឱ្យលក់សម្ភារសំណង់ ដល់ពុទ្ធបរិស័ទ និងព្រះសង្ឃខ្មែរក្រោម ដើម្បីយកទៅសាងសង់សាលាឆទានបន្តឡើយ ។ លោកអះអាងថា អាជ្ញាធរវៀតណាមថា បានបំភិតបំភ័យក្មេងៗ ដែលជាសិស្សសាលា និងជាកូនៗ របស់អ្នកភូមិ ប្រាប់ទៅឪពុកម្តាយ កុំឲ្យគាំទ្រការកសង់សាលាឆទាន នៅភូមិកន្រែង បើពុំដូច្នេះទេ ពួកគេ នឹងមិនអនុញ្ញាតឲ្យចូលសាលារៀនឡើយ ។
ចំពោះសិទ្ធិសេដ្ឋកិច្ច និងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីវិញ លោក ថាច់ ចន្រ្ទា បានលើកយកករណីទំនាស់ដីធ្លី ដែលអាជ្ញាធរវៀតណាម នៅខេត្តក្រមួនស រំលោភយកដីប្រជាពលរដ្ឋខ្មែរក្រោមរាប់រយហិកតារ ហើយចាប់កសិករខ្មែរក្រោម បីនាក់ ដាក់ពន្ធនាគារចន្លោះពី ៩ ខែ ទៅ ២ ឆ្នាំ ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» យ៉ាងដូច្នេះថា៖
ចំណែក វាគ្មិនមួយរូបទៀត គឺ លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានធ្វើបទបង្ហាញ ដោយវិភាគទៅលើខ្លឹមសារសំខាន់ៗ នៃ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ដែលពាក់ព័ន្ធនឹងស្ថានភាពខ្មែរក្រោម និងពន្យល់អំពី លិខិតូបករណ៍របស់អង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាម បទដ្ឋានច្បាប់នានាពាក់ព័ន្ធនឹងការធានាឱ្យពលរដ្ឋគ្រប់រូប អាចអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ស្រប់តាមច្បាប់ នៃ ប្រទេសរបស់ខ្លួន ។

ក្នុងបទបង្ហាញរយៈពេលប្រមាណជាង ១ ម៉ោង លោកបណ្ឌិត សឺន ជុំជួន បានលើកឡើងថា សេចក្តីប្រកាស ស្តីពី សិទ្ធិជនជាតិដើម (UNDRIP) របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ ២០០៧ ត្រូវបានអនុម័តឡើង ដើម្បីឲ្យសមស្របទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញា កាតិកាសញ្ញានានា ស្តីពីសិទ្ធិមនុស្ស ។ លោកបន្ថែមថា សេចក្តីប្រកាស ស្តីពី សិទ្ធិជនជាតិដើម ដែលមាន ៤៦ មាត្រា បានចែងក្នុងគោលបំណង ដើម្បីការពារជាពិសេស សិទ្ធិរបស់ជនជាតិដើម ដែលពាក់ព័ន្ធទៅនឹងសិទ្ធិវប្បធម៌ សង្គមកិច្ច សេដ្ឋកិច្ច នយោបាយ សិទ្ធិទទួលបានទទួលស្គាល់នូវអត្តសញ្ញាណ សិទ្ធិប្រើប្រាស់ភាសាកំណើត សិទ្ធិមានការងារធ្វើ សិទ្ធិក្នុងការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំ ។ បន្ថែមពីលើនេះ គឺនៅមានសិទ្ធិជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណី សិទ្ធិថែរក្សាមត៌កវប្បធម៌ សិទ្ធិជាសមោហភាពក្នុងការគ្រប់គ្រងសម្បត្តិធម្មជាតិ និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់ជនជាតិដើម ។ លោកសង្កត់ធ្ងន់ទៀត ថា សិទ្ធិទាំងនោះ ត្រូវបានការពារ និងធានា ថា ជនជាតិដើមអាចយល់ដឹង និងត្រូវធ្វើឱ្យបានយល់ដឹង អំពីដំណើរការនយោបាយ ច្បាប់ និងរដ្ឋបាល ហើយប្រសិនបើចាំបាច់ ត្រូវធ្វើឡើងតាមរយៈការពន្យល់ បកស្រាយ ឬតាមមធ្យោបាយសមស្របដទៃទៀត (ស្នើឱ្យមានការបកប្រែជាភាសាខ្មែរ) ។
នៅពេលសួរថា តើ UNDRIP ជាច្បាប់អន្តរជាតិដែរ ឬទេ? ។ លោកបណ្ឌិត សឺន ជុំជួន ពន្យល់ថា UNDRIP គឺជាច្បាប់អន្តរជាតិ ដែលមិនជាប់កាតព្វកិច្ច ។ ទោះបីជាយ៉ាងណាក៏ដោយ លោកលើកឡើង ថា ការអនុម័ត UNDRIP ដោយមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០០៧ គឺជាតំណាងឱ្យពេលវេលាដ៏សំខាន់មួយ សម្រាប់លើកកម្ពស់សិទ្ធិរបស់ជនជាតិដើម នៅទូទាំងពិភពលោក ។
ដោយឡែក ថាតើ UNDRIP មានកាតព្វកិច្ចស្របច្បាប់ ឬយ៉ាងណា? ។ លោកបណ្ឌិត សឺន ជុំជួន អះអាង ថា UNDRIP មិនមានកាតព្វកិច្ចស្របច្បាប់ និងមានដែនកំណត់សំខាន់ៗ ក្នុងការស្វែងរក ការអនុវត្តច្បាប់អន្តរជាតិ ដែលចងភ្ជាប់នោះ គឺ សេចក្តីថ្លែងការណ៍ កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិ នៅតែអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍ និងការទទួលស្គាល់សិទ្ធិជនជាតិដើម នៅក្នុងរដ្ឋជាភាគី ។
ទាក់ទិននឹងអត្ថន័យ នៃ ពាក្យថា ការបោះឆ្នោតគាំទ្រ ការចុះហត្ថលេខា និងការផ្តល់សច្ចាប័ន លោកបណ្ឌិត សឺន ជុំជួន បានពន្យល់យ៉ាងដូច្នេះ ថា ៖
គួរជម្រាបជូនថា សេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ត្រូវបានអង្គការសហប្រជាជាតិ អនុម័ត នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានរដ្ឋសមាជិក នៃ អង្គការសហប្រជាជាតិ ចំនួន ១៤៤ ប្រទេស បានបោះឆ្នោតគាំទ្រ ក្នុងនោះ មាន ៤ ប្រទេសមិនគាំទ្រ និង ១១ ប្រទេសអវត្តមាន ។ ប៉ុន្តែ ក្រោយមកប្រទេសចំនួនបួន ដែលបោះឆ្នោតជំទាស់រួមមាន អូស្ត្រាលី កាណាដា នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរជំហររបស់ពួកគេ ដោយងាកមកគាំទ្រសេចក្តីប្រកាសនេះវិញ ។

ក្រៅពីសេចក្តីប្រកាស ដែលជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីការពារសិទ្ធិជនជាតិដើម ។ ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិ ដែលមានការិយាល័យកណ្ដាល នៅទីក្រុងញូវយ៉ក (New York) នៃ សហរដ្ឋអាមេរិក ក៏មានបើកវេទិកាអចិន្ត្រៃយ៍ ស្តីពីបញ្ហាជនជាតិដើម (UNPFII) រយៈពីរសប្តាហ៍ នៅអំឡុងចុងខែមេសា និងដើមខែឧសភា ។ វេទិកានេះ ជាស្ថាប័នផ្ដល់យោបល់ដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ (ECOSOC) ។ វេទិកានេះ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០០ ដើម្បីផ្ដល់ឱកាសឲ្យជនជាតិដើមនានា ក្នុងពិភពលាត ដែលបាត់ប្រទេស បានលាតត្រដាងនូវបញ្ហាកង្វល់របស់ខ្លួន នៅចំពោះមុខសហគមន៍អន្តរជាតិ ។ ចំណែក សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក នៃ វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម កាលពីឆ្នាំ ២០០៤ ។ វេទិកា ដែលរៀបចំឡើងជាទៀងទាត់ជារៀងរាល់ឆ្នាំម្តងនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងបញ្ជូនក្រុមយុវជនរបស់ខ្លួន ដែលមានឈ្មោះថា គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ទៅចូលរួមថ្លែងការណ៍តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គការសហប្រជាជាតិ ដើម្បីជម្រាបដល់អង្គការសហប្រជាជាតិ បានជ្រាបអំពីបញ្ហា ដែលរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានរំលោភសិទ្ធិលើជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ ការចូលប្រជុំនេះ បានធ្វើឲ្យសំឡេងរបស់ខ្មែរក្រោម នៅក្នុងស្រុក ដែលត្រូវរដ្ឋាភិបាលយួនបិទនោះ បានឮដល់សហគមន៍អន្តរជាតិកាន់តែច្បាស់ជាងមុន ៕