យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រៀន វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ព្រះសង្ឃ និង​គ្រហស្ថ​នៅ​អឺរ៉ុប ទើបតែ​បានបញ្ចប់​ការ ចូលរួម សិក្សា​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ (International Human Rights Training)  ជាមួយ មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា ភាសា​អង់គ្លេស ថា UNPO នៅ​ការិយាល័យ អង្គ UNPO នាទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ។ វគ្គ​សិក្សា​នេះ មាន​រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី ថ្ងៃទី ៥ ដល់ទី ៧ ខែសីហា ដើម្បី​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិ មនុស្ស​អន្តរជាតិ​ដល់​ក្រុម យុវជន​មកពី​អង្គការ​ជា​សមាជិក​រប​ស់ អង្គការ UNPO នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ក្លាយជា​សកម្មជន​តស៊ូ​មតិ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ។​

ក្រុមព្រះសង្ឃ និងយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមកាន់ទង់ជាតិកម្ពុជាក្រោម ពេលបញ្ចប់ការសិក្សា ។ រូបថត លី សឿង
ក្រុមព្រះសង្ឃ និងយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមកាន់ទង់ជាតិកម្ពុជាក្រោម ពេលបញ្ចប់ការសិក្សា ។ រូបថត លី សឿង

​លោក លី សឿង អតីត​ព្រះសង្ឃ​ខ្មែរក្រោម​ដែល​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ​ក្នុង ព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧ ហើយ​សព្វថ្ងៃ បាន​តាំង​ទីលំនៅ នៅ​ប្រទេស​ហូ​ឡង់ ដែល​បាន​ចូល​សិក្សា វគ្គ​បណ្ដុះបណ្ដាល​នេះដែរ​នោះ បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា  ព្រះសង្ឃ និង​យុវជន​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដែល​ចូល​សិក្សា​នោះ​រួមមាន ព្រះតេជព្រះគុណ កឹម សែត​, ព្រះតេជព្រះគុណ  ទ្រី ស៊ី​ណាវ​, ព្រះ តេជ​ព្រះ​គុណ កឹម ចក​, ព្រះតេជព្រះគុណ ឡាយ ឡា​ត​, និង ច​ន្ទ័ សូ​ធា ។​

​យោងតាម​គេហទំព័រ​អង្គការ UNPO វគ្គ​សិក្សា​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​ដែលមាន ឈ្នោះ​ថា “Speak Out” ឆ្នាំនេះ គេ​បង្រៀន​ឲ្យ​យុវជន​មានការ​យល់ដឹង និង​ចេះ​នូវ​របៀប​តស៊ូ​ផ្ដោតលើ​ចំណុច​មួយ ចំនួន​ដូចជា បញ្ហា​ប្រឈម​របស់​ជនជាតិដើម​នៅក្នុង​សតវត្សរ៍​ទី ២១ , សិទ្ធិមនុស្ស​របស់​ជន​ជាតិដើម​, ការតស៊ូ មតិ​នៅក្នុង​អង្គការសហប្រជាជាតិ​, ការបញ្ចុះ​បញ្ចូល​ស​ភាអឺរ៉ុប និង​យុទ្ធសាស្ត្រ​ទំនាក់ទំនង ផ្នែក​តស៊ូ​មតិ​ជា ដើម ។​

​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ Speak Out នេះ ត្រូវ​អង្គការ UNPO បើក​រៀងរាល់ឆ្នាំ ហើយ ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​តែងតែបាន​ចុះឈ្មោះ​ចូល​សិក្សា​ជា​បន្តបន្ទាប់​ផងដែរ ។​

​អង្គការ UNPO បានទទួល​ស្គាល់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​របស់ខ្លួន ចាប់តាំងពី​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០១ មក ។ តាមរយៈ​ការចូល​សមាជិក​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម​គោរព​សិទ្ធិ ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

យោងតាម​គេហទំព័រ​ជា​ផ្លូវការ​របស់ អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិ​មួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម​, ជនជាតិភាគតិច និង​ជនជាតិ​នៅតាម​ដែនដី​ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ។ បច្ចុប្បន្ន អង្គការ UNPO មាន​ប្រជាជាតិ​ជា​សមាជិក​ចំនួន ៤៣ នៅក្នុង​ពិភពលោក ។ ពួក​ប្រជាជាតិ​ជា​សមាជិក UNPO ទាំង​នោះបាន​រួបរួមគ្នា​ធ្វើការ​តស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​,  ការពារ​វប្បធម៌​របស់ ពួកគេ​មិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ទប់ស្កាត់​រាល់​វិបត្តិ​ដែល ជះឥទ្ធិពល​មក លើ​ខ្លួន​ពី​សំណាក់​បរទេស ឬ ពី​ប្រទេស​ដែល​ដាក់​អាណានិគម​លើ​ខ្លួន ។​

​អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ ដោយមាន​ការចូលរួម​ពី​សហ​ស្ថាបនិក​ចាប់ពី​ចំនួន ១៥ ជា​សមាជិក ។ បន្ទាប់ពី ២៤ ឆ្នាំ ដែល​អង្គការ UNPO បាន​បង្កើតឡើង មាន​សមាជិក​កើន​កើនឡើង​ដល់​ជាង ៧០ ហើយ​បច្ចុប្បន្ននេះ មាន​សមាជិក​នៅសល់​ចំនួន ៤៣ តែប៉ុណ្ណោះ បន្ទាប់​សមាជិក​មួយចំនួន បាន​ឯករាជ្យ ហើយ​សមាជិក​មួយចំនួន​ត្រូវ​ដាច់​សមាជិកភាព ព្រោះ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ដែល UNPO តម្រូវការ ។​
​យោងតាម​គោលការណ៍​របស់​អង្គការ UNPO សមាជិក​ទាំងអស់ រួមទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផង ត្រូវ គោរព​គោល​ធំៗ​ចំនួន ៥ គឺ អហិង្សា​, សិទ្ធិមនុស្ស​, លទ្ធិប្រជាធិបតេយ្យ​, សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន ឯង​, ការពារ​បរិស្ថាន និង​ការយោគយល់ ៕