ព្រះសង្ឃ និងក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រមាណ ១១ អង្គ និង រូប នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ បានផ្ញើសារទៅប្រធានាធិបតី បារ៉ាក់ អូបាម៉ា សូមជួយអន្តរាគមន៍ ទៅរដ្ឋាភិ បាលវៀត ណាម ឲ្យគោរព សិទ្ធិជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ លិខិតនេះធ្វើឡើងរួមគ្នា ខណៈដែលពួកគេ បានចូលរួមប្រជុំនៅក្នុងវេទកាអចិន្ត្រៃយ៍ នៃអង្គការសហប្រ ជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) រយៈពេល ២ សប្ដាហ៍ នៅទីក្រុង New York សហរដ្ឋអាមេរិក ចាប់ពី ថ្ងៃទី ៩ ដល់ទី ២០ ខែ ឧសភា កន្លងទៅនេះ ។

ខ្លឹមសារនៃសារលិខិតដែលបានផ្ញើចេញពីការិយាល័យកណ្ដាល នៃអង្គការសហប្រជាតិ នាទីក្រុង New York ព្រះសង្ឃ និង យុវជនខ្មែរក្រោមបានលើកយកបញ្ហា របស់ពលរដ្ឋ ខ្មែរនៅដែន ដីកម្ពុជាក្រោម ចំនួន ៥ ចំណុច ជូនទៅលោក បារ៉ាក់ អូបាម៉ា ដើម្បីស្នើទៅរដ្ឋាភិបាលវៀតណាម ។ បញ្ហាទាំងនោះ រួមមាន ការធ្វើ ទុក្ខបុកម្នេញលើសេរីភាពសាសនា និងការចាប់ព្រះសង្ឃ ដាក់ពន្ធនាគារ ការហាមមិន ឲ្យព្រះ សង្ឃបង្កើត ស្ថាប័នសាសនាឯករាជ្យ ការអភិរក្សភាសាជនជាតិដើមតាមរយៈការទទួលស្គាល់និងការប្រើប្រាស់នៅក្នុង សាលារៀនរដ្ឋ សិទ្ធិមិនស្មើគ្នាក្នុង ការទទួលបានការអប់រំ និង ឱកាស សម្រាប់សិស្ស និស្សិតជនជាតិដើមតិច ជាងជនជាតិយួន និង ជម្រុញឲ្យមានគោលនយោបាយ ដើម្បីជួយដល់កសិករខ្មែរក្រោមដែលកំពុងតែប្រឈមនឹង ការលំបាកដែល កើតចេញពីផល ប៉ះពាល់ នៃការផ្លាស់ប្តូរ អាកាស ធាតុ ។
ខ្លឹមសារដើមនៃសារលិខិតនេះបានបញ្ជាក់យ៉ាងនេះថា៖
“សូមគោរពមក លោកប្រធានាធិបតី អូបាម៉ា
តាងនាមសមាជិកក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ដែលកំពុងតែចូលរួមប្រជុំនៅក្នុងវេទិកា អចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីអំពីបញ្ហាជនជាតិដើម (UNPFII) ចាប់ពីថ្ងៃទី ៩ ដល់ ២០ ខែឧសភា នៅទីក្រុង New York យើងខ្ញុំសូមឲ្យលោកមានសុវត្ថិភាព និងជោគជ័យក្នុងដំណើរទស្សនកិច្ចនៅវៀត ណាមថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៦ ។
ឋិតនៅក្នុងឱកាសនេះ យើងខ្ញុំសូមឲ្យលោកមេត្តាជួយយកចិត្តទុកដាក់ដល់បញ្ហាការរំលោភសិទ្ធិមនុស្សពី រដ្ឋាភិបាលវៀតណាម ដែលជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម កំពុងតែ ប្រឈម សព្វថ្ងៃ ។ យើងខ្ញុំ សូមស្វែងរកការជួយអន្តរាគន៍ពីលោកជម្រុញឲ្យរដ្ឋាភាលវៀតណាម លើបញ្ហាមួយចំនួនដូចខាងក្រោម៖
- ដោះលែងព្រះសង្ឃរបស់យើង គឺ ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូតឆ្នាំ ១៩៨៥ ដែលត្រូវវៀត ណាមផ្ដន្ទាទោសឲ្យជាប់គុក ៦ ឆ្នាំ និងព្រះតេជព្រះគុណ លីវ នី ប្រសូតឆ្នាំ ១៩៨៦ ត្រូវ ផ្ដន្ទាទោស ឲ្យជាប់គុគ ៤ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ មក ដោយគ្រាន់តែព្រះសង្ឃទាំងពីរអង្គនេះ ទាមទារនូវ សិទ្ធិរបស់ខ្លួនដោយសន្តិវិធីក្នុងការបង្រៀនភាសាខ្មែរដល់កូនចៅខ្មែរក្រោម និងសេរីភាពក្នុងការ ប្រតិបត្តិសាសនា ។
- អនុញ្ញាតឲ្យព្រះសង្ឃរបស់យើងបង្កើតសមាគមព្រះសង្ឃឯករាជ្យរបស់ខ្លួន ដើម្បីជួយលើកកម្ពស់ ដល់ប្រវត្តិសាស្ត្រ សាសនា និងវប្បធម៌របស់យើង ដែលមិនមែនជាក្រុមមួយគិតតែពី ការឃោសនា លើកតម្កើងដល់គោលនយោបាយរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួននោះឡើយ ។
- សូមលោកមេត្តាជួយរំឭកដល់រដ្ឋាភិបាលវៀតណាមផងថា “សេរីភាពនៃការប្រតិបត្តិសាសនា” គឺជា សិទ្ធិ វាមិនមែនជាឯកសិទ្ធិដែលផ្ដល់ដោយរដ្ឋនោះទេ ។
- គាំទ្រ និងអនុវត្តលើសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) និងគិតគូរអំពីការទទួលស្គាល់ជនជាតិដើមទាំងអស់នៅក្នុងប្រទេសរាប់ទាំង ខ្មែរក្រោម ផង ។
- អនុញ្ញាតឲ្យសិស្ស និងនិស្សិតខ្មែរក្រោមរៀនអក្សរខ្មែរចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ ។ រាល់ការបំពេញពាក្យ ដូចជា ទម្រង់លិខិតរដ្ឋបាល ត្រូវតែសរសេរជាពីរ ភាសា គឺ ភាសាខ្មែរ និងយួន ។
- ផ្ដល់ឱកាសស្មើគ្នាដល់និស្សិតជនជាតិដើមក្នុងការទទួលបានការអប់រំរបស់ពួកគេ ជាពិសេស ឱកាសទៅបន្តការសិក្សានៅក្រៅប្រទេស មានសហរដ្ឋអាមេរិក ជាដើម ។
- អនុវត្តនូវគោលនយោបាយជួយដល់កសិករខ្មែរក្រោម ដែលកំពុងតែប្រឈមនឹងបញ្ហាធាតុអាកាស ប្រែប្រួល ដែលកំពុងតែធ្វើឲ្យប៉ះពាល់ជាទម្ងន់ដល់ជីវភាពរបស់នៅរបស់ពួកគាត់ ។
ពលរដ្ឋខ្មែរក្រោមកំពុងរស់នៅក្នុងភាពក្រីក្រ និងភិតភ័យគ្រប់ពេលវេលា ។ យើងខ្ញុំមានក្ដីសង្ឃឹមយ៉ាងមុត មាំថាដំណើរទស្សនកិច្ចរបស់លោក នឹងធ្វើឲ្យវៀតណាមមានការផ្លាស់ប្ដូរឥរិយាបថ សម្រាប់ពលរដ្ឋខ្មែរក្រោម របស់យើង ដើម្បីឲ្យពួកគេបានទទួលនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនមាននៅក្នុងច្បាប់អន្តរជាតិ ដែលវៀតណាមបានផ្ដល់សច្ចាប័ន ។
ដោយសេចក្ដីគោរពយ៉ាងជ្រាលជ្រៅពីយើងខ្ញុំ
ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម