ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មានព្រៃនគរ
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington សហរដ្ឋអាមេរិក នឹងប្រារព្ធពិធីអបអរ សាទរខួប ១៥ ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកអង្គការ ប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ជាភាសាអង់គ្លេសថា UNPO ។
ពិធីនេះ ប្រារព្ធនៅថ្ងៃសៅរ៍ ទី ២៣ ខែកក្កដា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ៦ ដល់ម៉ោង ១២ អាធ្រាត នៅសណ្ឋាគារ Imperial Dragon Restaurant ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់សហព័ន្ធ ខ្មែរម្ពុជាក្រោមមួយចំនួន ដូចជា លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ លោក ចៅ សេរី អនុប្រធានទី ២ លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ បណ្ឌិត Joshua Cooper ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម និងមានការចូល រួម និងយកព័ត៌មានពី លោក ស៊ឺន ចែង ចើន អ្នកយកព័ត៌មានវិទ្យុសំឡេងកម្ពុជាក្រោម ដែលបាន ធ្វើណើរមកពីប្រទេសកម្ពុជា ផងដែរ ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកាត់ជាភាសាអង់គ្លេសថា KKF មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានចូលជាសមាជិក នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈអង្គការនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើចលនាតស៊ូដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិ ពេលកន្លងមកបានធ្វើឲ្យពិភពលោកស្គាល់ខ្មែរក្រោមជានរណា និងកំពុងតែបន្តបេសកកម្មរបស់ខ្លួន នៅលើឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យអង្គការសហប្រជាជាតិដាក់គំនាបលើរដ្ឋាភិបាលអាណានិគម យួនគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម ។
យោងតាមគេហទំព័រជាផ្លូវការរបស់អង្គការ UNPO បានបញ្ជាក់ថា អង្គការនេះ ជាក្រុមចលនាអន្តរជាតិ មួយ ធ្វើការតស៊ូដោយសន្តិវិធី អហិង្សា និងលទ្ធិប្រជាធិបតេយ្យ តំណាងឲ្យក្រុមជនជាតិដើម, ជនជាតិ ភាគតិច និងជនជាតិនៅតាមដែនដីដែលត្រូវបានគេវាតទីយក ហើយមិនមានការទទួលស្គាល់ ជាដើម ។ បច្ចុប្បន្ន អង្គការនេះ មានប្រជាជាតិជាសមាជិកប្រមាណជាង ៧០ នៅក្នុងពិភពលោក ។ ពួកគេរួបរួម គ្នាធ្វើការតស៊ូ ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន, ការពារវប្បធម៌របស់ ពួកគេ មិនឲ្យបាត់បង់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់ រាល់វិបត្តិដែលជះឥទ្ធិពល ដល់ពួកគេ ។ អង្គការ UNPO បានបង្កើតឡើង កាលពីឆ្នាំ ១៩៩១ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ ដោយមានការចូលរួមពីសហស្ថាបនិក ចាប់តាំង ពីចំនួន ១៥ រហូតដល់បច្ចុប្បន្នបនេះ កើនឡើងដល់ចំនួនជាង ៧០ នៅក្នុងពិភពលោក ។
យោងតាមគោលការរបស់អង្គការ UNPO សមាជិកទាំងអស់ រួមទាំងសហព័ន្ធខ្មែរកម្ពុជាក្រោម ផង ត្រូវគោរពគោលធំៗចំនួន ៥ គឺ អហិង្សា, សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង, ការពារបរិស្ថាន និង ការយោគយល់ ៕