ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨ នេះ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានចេញដំណើរពីសហរដ្ឋអាមេរិក ទៅទ្វីបអឺរ៉ុប ដើម្បីជួបមន្ត្រីមសមាជិក នៃ សភាអឺរ៉ុប ជម្រាបអំពីបញ្ហាសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ដែលត្រូវរដ្ឋាភិបាលវៀតណាមរំលោភបំពានជាបន្តបន្ទាប់ ។ បេសកកម្មនេះ ធ្វើឡើង ខណៈដែលសហភាពអឺរ៉ុបកំពុងតែពិភាក្សាជាមួយនឹងប្រទេសវៀតណាម អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង អឺរ៉ុប (EV FTA) ។ ក្រៅពី សហព័ន្ធខ្មែរកម្ពុជាក្រោម មន្ត្រីសមាជិក នៃ សភាអឺរ៉ុប ចំនួន ៣២ រូប ក៏បានផ្ញើញត្តិរួមគ្នាមួយ ជូនចំពោះមន្ត្រីជាន់ខ្ពស់ នៃ ស្នងការពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុប ដើម្បីអំពាវនាវឲ្យ សហភាពអឺរ៉ុប កំណត់នូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិសម្រាប់ប្រទេសវៀតណាមអនុវត្ត មុនពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានដាក់ជូនទៅសភាអនុម័ត ។
យោងតាម លោក ម៉ៅ មុនី ជាអនុប្រធាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា លោក ប្រាក់ សេរីវុឌ្ឍ នឹងលើកយកបញ្ហារបស់ខ្មែរក្រោមដែលត្រូវរដ្ឋាភិបាលវៀតណាម រំលោភបំពានទៅជម្រាបសមាជិក នៃ សភាអឺរ៉ុប នោះ មានដូចជា អត្តសញ្ញាណ, ភាសា និង វប្បធម៌ខ្មែរ នៅកម្ពុជាក្រោម ដែលត្រូវរដ្ឋាភិបាលយួនកាឡៃ, គ្មានសេរីភាព នៃការបញ្ចេញមតិ, សេរីភាពក្នុងការប្រតិបត្តិសាសនា ត្រូវយួនរំលោភបំពាន ដូចជា ករណី ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន នៃ វត្តសេរីតាសេក ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវអាជ្ញាធរយួនចាប់ផ្សឹក និង ដាក់ពន្ធនាគារ និង បញ្ហាដែលគ្មានសមភាពក្នុងវិស័យអប់រំ ដូចជា កូនចៅខ្មែរក្រោម ទៅរៀននៅសាលារដ្ឋរបស់យួន ចេះតែអក្សរ និង ភាសាយួន តែប៉ុណ្ណោះ ដែលធ្វើឲ្យកូនខ្មែរនៅកម្ពុជាក្រោម នាពេលបច្ចុប្បន្ន លែងចេះអាននូវអក្សរខ្មែរ ជាអក្សរជាតិរបស់ខ្លួន ។
បើតាម លោក ម៉ៅ មុនី ដដែល ក្រៅពីជំរាបអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នឹងផ្ដល់អនុសាសន៍ដល់សមាជិក នៃ សភាអឺរ៉ុប ដើម្បីជំរុញឲ្យប្រទេសវៀតណាម អនុវត្តតាមសេចក្ដីស្នើមួយចំនួន ដូចជា រដ្ឋាភិបាលវៀតណាម ត្រូវតែទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម និងត្រូវតែអនុវត្តតាមសេចក្ដីប្រកាសជាសកល នៃអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ដែលវៀតណាមបានចុះហត្ថលេខទទួលស្គាល់ ។ ត្រូវមានកម្មវិធីសិក្សា ជាសាធារណៈទាក់ទងនឹងប្រវត្តិសាស្ត្រ នៃដែនដីកម្ពុជាក្រោម ហើយត្រូវតែប្ដូរឈ្មោះ ភូមិឃុំ ស្រុក និង ខេត្ត នានា នៅកម្ពុជាក្រោម ដែលយួនបានប្ដូរទៅជាភាសាយួននោះ មកជាភាសាដើមរបស់ខ្មែរ វិញ ។ អនុញ្ញាតឲ្យកូនខ្មែរនៅកម្ពុជាក្រោមរៀនអក្សរសាស្ត្រខ្មែរ នៅតាមសាលារៀនជាសាធារណៈ និងត្រូវទទួល ស្គាល់ភាសាខ្មែរ ជាភាសាផ្លូវការនៅដែនដីកម្ពុជាក្រោម ជាដើម ។
ទាក់ទងនឹងករណីនេះ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ សមាជិក នៃ សភាអឺរ៉ុប ចំនួន ៣២ រូប ក៏បានផ្ញើញត្តិរួមគ្នាមួយ ជូនចំពោះអ្នកស្រី Cecilia Malmström ជា មន្ត្រីជាន់ខ្ពស់ នៃ គណៈកម្មការពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប និង អ្នកស្រី Federica Mogherini ជាតំណាងជាន់ខ្ពស់ផ្នែកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ របស់សហភាពអឺរ៉ុប សម្ដែងនូវការព្រួយបារម្ភជាទម្ងន់អំពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសវៀតណាម ដូចជា ការដាក់គុកក្រុមអ្នករិះគន់រដ្ឋាភិបាល, ការរឹតត្បិតសេរីភាពខាងបញ្ចេញមតិ, គ្មានសេរីភាពសារព័ត៌មាន និង ការត្រួតពិនិត្យលើអ៊ីនធើណិត ។ សមាជិកសភាអឺរ៉ុប ក៏បានព្រមានថា បើគ្មានការកែលម្អ “វានឹងមានការលំបាក” សម្រាប់ពួកគេ ដើម្បីផ្តល់នូវការយល់ព្រមចុងក្រោយ របស់ពួកគេចំពោះកិច្ចព្រមព្រៀងនេះ ដែលវាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបានចូលជាធរមាន ។
នៅក្នុងញត្តិដដែលនេះ សមាជិកនៃសភាអឺរ៉ុប បានអំពាវនាវដល់សហភាពអឺរ៉ុប ត្រូវកំណត់នូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិមួយ សម្រាប់ប្រទេសអាស៊ីអនុវត្តជាក់ស្ដែង មុនពេលកិច្ចព្រមព្រៀងត្រូវបានដាក់ជូនសភា ដើម្បីអនុម័តជាផ្លូវការ ជាពិសេសនៅក្នុងវិស័យ សេរីភាពនៃការបញ្ចេញមតិ, សេរីភាពសាសនា និងសិទ្ធិការងារ ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង អឺរ៉ុប (EV FTA) បានចាប់ផ្ដើមពិភាក្សារវាង រដ្ឋាភិបាលវៀតណាម និង សហភាពអឺរ៉ុប ជាច្រើនលើក ចាប់តាំងពី ខែមិថុនា ឆ្នាំ ២០១២ មកម្លេះ តែមិនទាន់បានអនុម័តជាផ្លូវការ ។ កិច្ចពិភាក្សានេះ នឹងបន្តធ្វើនៅក្នុងខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ។
ប្រសិនបើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង អឺរ៉ុប (EV FTA) បានអនុម័តជាផ្លូវការ វានឹងជួយឲ្យប្រទេសវៀតណាមរួចបង់ព័ន្ធចំនួន ៩៩ % នៅក្នុងប្រទេសចំនួន ២៨ ជាសមាជិក នៃ សហភាពអឺរ៉ុប ។ វៀតណាមជាប្រទេសទី ២ នៅក្នុងតំបន់អាស៊ីអាគ្មេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ៕