ដោយ គឹម សាវតា
ខណៈដែលប្រទេសមហាអំណាចមួយចំនួន ដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ កំពុងតែសហការជាមួយប្រទេសវៀតណាម លើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ជាពិសេសផ្នែកលំហសមុទ្រនោះ មន្ត្រីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជំរុញឲ្យប្រទេសទាំងនោះ គិតគូរពីបញ្ហារំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ ជាពិសេសគីសិទ្ធិជនជាតិដើម ឲ្យបានប្រសើរ ។

ក្នុងមួយរយៈថ្មីៗ ចុងក្រោយនេះ មានប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យធំៗ មួយចំនួន បានចាប់ដៃគូជាមួយប្រទេសវៀតណាម ក្នុងកិច្ចការសេដ្ឋកិច្ច និងការពារជាតិ ក្នុងនោះមានដូចជា នាថ្ងៃទី ២២ ខែកក្កដា កន្លងទៅ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Robert Ben Lobban Wallace បានបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដោយលោករដ្ឋមន្រ្តីរូបនេះ បានអះអាងថា ប្រទេសទាំងពីរបានចែករំលែកទស្សនៈវិស័យ និងផលប្រយោជន៍យុទ្ធសាស្ត្រ ដូចជាទស្សនៈ ស្តីពីពាណិជ្ជកម្មសេរី និង សារៈសំខាន់នៃ ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ ចក្រភពអង់គ្លេសក៏មានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញកិច្ចសន្ទនា សន្តិភាព និងស្ថិរភាពរួម ។ ចំណែក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd J. Austin III បានមកដល់ទីក្រុងហាណូយកាលពីថ្ងៃទី ២៨ ខែកក្កដា នេះ ដោយបានពិភាក្សាលើប្រធានបទសំខាន់ៗ មួយចំនួនរវាងប្រទេសទាំងពីរ ហើយបានចូលរួមការផ្ទេរនាវាល្បាតមួយគ្រឿងទៅឆ្មាំសមុទ្រវៀតណាម នៅពេលដែលលោកជួបជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ ផាង វ៉ាំង យ៉ាង (Phan Văn Giang) ។ នាវាល្បាតដែលសហរដ្ឋអាមេរិកប្រគល់ទៅដល់វៀតណាមនេះ នឹងក្លាយជានាវាវែងជាងគេនៅក្នុងកងនាវាវៀតណាម ហើយប្រើក្នុងគោលដៅរក្សាសន្តិសុខនៅសមុទ្រខាងកើត ។
ករណីនេះ លោក ចៅ សេរី ជាអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ នេះថា បើទោះជាសព្វថ្ងៃប្រទេសវៀតណាម ហាក់ដូចជាប្រទេសដែលមានអំណាច ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ប៉ុន្តែ វៀតណាមនៅតែសុំជំនួយពីបរទេស ដើម្បីទ្រទ្រង់ និងការពារប្រទេសខ្លួន។លោកបន្តថា សម្រាប់ប្រទេសណាដែលចង់ធ្វើកិច្ចសហប្រតិបត្តិការ ឬជួយដល់ប្រទេសវៀតណាម ក៏ត្រូវគិតពីវិស័យសិទ្ធិមនុស្សនៅប្រទេសវៀតណាម ផងដែរ ។
លោក ចៅ សេរី៖ «បើជួយប្រទេសយួនក៏ដោយ អាហ្នឹងជានយោបាយរបស់គេ គេធ្វើទៅ ប៉ុន្តែ សុំឲ្យរដ្ឋាភិបាលទាំងឡាយហ្នឹង ត្រូវឲ្យប្រទេសយួនគោរពសិទ្ធិមនុស្ស ។ ហើយអារឿងសិទ្ធិជនជាតិដើមហ្នឹង យើងនឹងលើកឡើងជាមួយគេ ធ្វើម៉េចឲ្យបងប្អូនយើងនៅក្រោមហ្នឹងមានសិទ្ធិដូចគេផ្សេងៗនៅលើពិភពលោកហ្នឹង» ។
សម្រាប់លោកបណ្ឌិត សឺន ជុំជួន ជាអគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មើលឃើញថា មួយរយៈចុងក្រោយនេះ វៀតណាម ហាក់ងាកមកចាប់ដៃគូជាមួយប្រទេសមហាអំណាច ដែលកាន់លទ្ធិប្រជាធិតេយ្យជាច្រើន តែទោះជាយ៉ាងណាលោកថា ប្រទេសវៀតណាម តាំងពីដើមមក និងមកដល់ពេលនេះ គឺបានរឹតបណ្ដឹង សិទ្ធិសេរីភាពនានា ជាទម្លាប់ទៅហើយ ដូចនេះ បើទោះជាចាប់ដៃគូជាមួយប្រទេសមហាអំណាច ដែលកាន់លទ្ធិប្រជាធិបតេយ្យក្តី ប៉ុន្តែ ពិបាកនឹងទទួលយកនូវអ្វីដែលជាជំរុញរបស់ប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់នោះណាស់ ។
លោក សឹន ជុំជួន «វៀតណាមអាចនឹងផ្លាស់ប្តូរបានដរាបណាជាការតស៊ូមតិ យ៉ាងខ្លាំងខ្លារបស់សកម្មជន ប្រជាធិតេយ្យ សកម្មជនសិទ្ធិមនុស្ស ដែលនៅក្រៅប្រទេសនោះ ជាដើម ។ ប៉ុន្តែបើការតស៊ូមតិ ប្រជាធិបតេយ្យ របស់អ្នកសិទ្ធិមនុស្សប្រជាធិបតេយ្យនោះ មិនបានស៊ីជម្រៅ ហើយធ្វើទៅ មិនដើរទៅតាមជំហាននៃការតស៊ូមតិឲ្យវៀតណាម ទទួលយកទេគឺវាមានការពិបាកក្នុងចំនុចនេះ» ។
ក្រោយពីសហភាពសូវៀត ដែលជាប្រទេសកុម្មុយនីស្តដ៏ធំមួយបានដួលរលំ សាធារណរដ្ឋសង្គមនិយមវៀតណាម ហាក់ងាកមកចាប់ដៃជាមួយប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាបន្តបន្ទាប់ ដើម្បីស្ដារសេដ្ឋកិច្ច និង ការពារដែនអធិបតេយ្យរបស់ខ្លួន ជាពិសេសគឺនៅតំបន់សមុទ្រជាប់ជាមួយចិន ។ បើទោះជាបានចាប់ដៃជាមួយប្រទេសប្រកាន់លទ្ធិប្រជាធិបតេ្យជាច្រើនក្តី ប៉ុន្តែ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេមើលឃើញថា នៅតែមានរំលោភសិទ្ធិមនុស្សដដែល ៕