សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជួបជុំគ្នា​ដើម្បី​កំណត់​ទិសដៅ​ស្វែង​សិទ្ធិ​ស្វ័យ​សម្រេច​ពី​វៀតណាម

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាប់ផ្តើម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​ដែល​មាន​តំណាង​សហព័ន្ធ​ពី​ប្រទេស​មួយ​ចំនួន នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ដើម្បី​បូកសរុប​ការងារ​ឆ្នាំ​ចាស់ ឆ្នាំ​២០២២ និង​ដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី។ កិច្ចប្រជុំ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​សុក្រ ទី​១០ មីនា ដល់​ថ្ងៃទី​១១ មីនា ដែល​ធ្វើឡើង​វត្ត​សុរិយរង្សី​នៅ​ទីក្រុង​ហ្វីឡាដេផ្យា (Philadelphia) រដ្ឋ​ផែនស៊ីវីនៀ (Pennsylvania)។

កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ជាមួយ​តំណាង​សហព័ន្ធ​ពី​ប្រទេស​មួយ​ចំនួន ពីជុំវិញ​ពិភពលោក ​ដើម្បី​បូកសរុប​ការងារ​ឆ្នាំ ​២០២២ និង​ដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី នៅទី​ ១០ ខែមីនា ឆ្នាំ ២០២៣ ​នា​ទីក្រុង​ហ្វីឡាដេផ្យា (Philadelphia) រដ្ឋ​ផែនស៊ីវីនៀ (Pennsylvania) សហរដ្ឋអាមេរិក ។ Photo courtesy of KKF
កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ជាមួយ​តំណាង​សហព័ន្ធ​ពី​ប្រទេស​មួយ​ចំនួន ពីជុំវិញ​ពិភពលោក ​ដើម្បី​បូកសរុប​ការងារ​ឆ្នាំ ​២០២២ និង​ដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី នៅទី​ ១០ ខែមីនា ឆ្នាំ ២០២៣ ​នា​ទីក្រុង​ហ្វីឡាដេផ្យា (Philadelphia) រដ្ឋ​ផែនស៊ីវីនៀ (Pennsylvania) សហរដ្ឋអាមេរិក ។ Photo courtesy of KKF

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះ​ភិក្ខុ សឹង យ៉ឹងរតនា មាន​ថេរដីកា​ថា​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ជជែក​ក្នុង​កិច្ចប្រជុំ​ដំណាច់​ឆ្នាំនេះ​ដើម្បី​កំណត់​ទិសដៅ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ឲ្យ​ជនជាតិ​ដើម​ខ្មែរក្រោម ពី​រដ្ឋាភិបាល​វៀតណាម​។ ព្រះអង្គ​បន្ត​ថា ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​វៀតណាម​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម​ឥតមាន​ពេល​ស្រាកស្រាន្ត​ឡើយ។

ព្រះ​ភិក្ខុ សឹង យ៉ឹងរតនា៖ «អាជ្ញាធរ​វៀតណាម​នៅតែ​ចិញ្ចឹមចិត្ត​ចងគំនុំ​សងសឹក​ពលរដ្ឋ​ខ្មែរក្រោម តែ​សំខាន់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅតែ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ជា​ម្ចាស់​ស្រុក​ជនជាតិ​ដើម ដើម្បី​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម»

ក្រោយ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​ហើយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​នឹង​មាន​ពិធី​ជួបជុំ​មួយទៀត ដែល​មាន​តំណាង​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​មកពី​គ្រប់ទិសទី​ប្រារព្ធ​ខួប​ទិវា​នារី​អន្តរជាតិ​ដើម្បី​ឧទ្ទិស​ដល់​សេចក្តី​ក្លាហាន​របស់​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​ហ៊ាន​ងើបឡើង​ទាមទារ​សិទ្ធិ​សេរីភាព​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹកដី​កំណើត​។ អ្នកយកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​នឹង​ទៅ​រាយការណ៍​ព័ត៌មាន​ផ្ទាល់​ពី​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ៕