ដោយ ស៊ឺន ចែងចើន
សហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបប្រជុំជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក ដើម្បីដាក់របាយការណ៍ ស្ដីពីស្ថានភាពសិទ្ធិមនុស្សរបស់ខ្មែរក្រោម កំពុងរស់នៅដែនដីកម្ពុជាក្រោម ដែលគ្រប់គ្រងដោយប្រទេសវៀតណាម ។ ការស្នើនេះ ធ្វើឡើងនៅមុនកិច្ចសន្ទនាប្រចាំឆ្នាំលើកទី ២៥ ស្តីពី «សិទ្ធិមនុស្សរវាងសហរដ្ឋអាមេរិក និងវៀតណាម» ។ ឆ្លើយតបនឹងសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក អះអាងថា នឹងដាក់បញ្ជូលក្នុងរបៀបវារៈជជែកគ្នា នៅក្នុងកិច្ចសន្ទនា ជុំវិញបញ្ហាសិទ្ធិមនុស្ស នៅវៀតណាម ។

កាលពីថ្ងៃទី ៦ ខែវិច្ឆិកា កន្លងទៅ នៅឯរដ្ឋធានីវ៉ាស៊ីនតោន សហព័ន្ធខ្មែរកម្ពុជាក្រោម និងក្រុមអង្គការ សង្គមស៊ីវិល សិទ្ធិមនុស្សអន្តរជាតិ បានជួបប្រជុំនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សា អំពីករណីរំលោភបំពានសិទ្ធិមនុស្ស នៅប្រទេសវៀតណាម ក្នុងពេលដែលប្រទេសទាំងពីរ បើកវេទិកាសន្ទនា ជុំវិញបញ្ហាសិទ្ធិមនុស្សប្រចាំឆ្នាំរបស់ខ្លួន ។
លោក ម៉ៅ មុនី ជាអនុប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបាចូលរួមកិច្ចប្រជុំជាមួយបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ថា លោកបានផ្តល់របាយការណ៍ជូនមន្ត្រីអាមេរិក ជុំវិញការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ។ លោកថា នៅក្នុងរបាយការណ៍នោះ លោកបានលើកឡើងពី ការរឹតត្បិតសិទ្ធិសេរីភាពក្នុងការប្រតិបត្តិជំនឿសាសនា ការគាបសង្កត់លើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាន ការចាប់ខ្លួនសកម្មជនខ្មែរក្រោម ករណីហាមឃាត់ចែកចាយសៀវភៅរបស់អង្គការសហប្រជាជាតិ និងការធានា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកម្មករខ្មែរក្រោម ដោយគ្មានការរើសអើង ឬប្រកាន់ពូជសាសន៍ឡើយ ។
បើតាមរបាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកបង្ហាញករណីធ្វើទុក្ខបុកម្នេញ ដែលកើតឡើងថ្មីៗ នៅដែនដីកម្ពុជាក្រោម ហើយទទូចដល់ប្រតិភូអាមេរិកជំរុញរដ្ឋាភិបាលវៀតណាម នូវចំណុចសំខាន់ៗ មានដូចជា ៖
- ដោះលែង លោក ហ្វិន វ៉ាំងឌែប ដោយគ្មានលក្ខខណ្ឌ ។ លោក ហ្វិន វ៉ាំងឌែប ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ។
- ដោះលែង លោក ថាច់ រ៉ីន ដោយគ្មានលក្ខខណ្ឌ ។ លោក ថាច់ រ៉ីន កំពុងប្រឈមនឹងការសងសឹក ដោយអាជ្ញាធរវៀតណាម ព្រោះតែបានពាក់អាវយឺតមាននិមិត្តសញ្ញា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង តស៊ូមតិទាមទារឱ្យមានការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយធានាថា គ្មានខ្មែរក្រោមណាម្នាក់ត្រូវបានគេបោះបង់ចោលឡើយ ។
- អនុញ្ញាតឱ្យពលរដ្ឋខ្មែរក្រោម ចែកចាយឯកសារអង្គការសហប្រជាជាតិ ដោយសេរី ។ រដ្ឋាភិបាលវៀតណាម មិនត្រូវរឹបអូស ហើយចាត់ទុកឯកសាររបស់អង្គការសហប្រជាជាតិ ជាឯកសារឃោសនានោះទេ ។
- អនុញ្ញាតឱ្យពលរដ្ឋខ្មែរក្រោម នៅភូមិកន្រែង ឃុំកំពង់ប៉េង ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ បន្តសាងសង់សាលាឆទានពុទ្ធសាសនារបស់ពួកគេ ។
- ធានាថា ផ្តល់ការចាក់វ៉ាក់សាំងដល់ពលករខ្មែរក្រោម និងធានាថា ពួកគេអាចវិលត្រឡប់ទៅធ្វើការតាមរោងចក្រវិញ ដោយសុវត្ថិភាព ។ មានពលករខ្មែរក្រោម ជាច្រើន បានស្លាប់នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ។ រដ្ឋាភិបាលវៀតណាម គួរផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារពលករខ្មែរក្រោម ដែលបានបាត់បង់ជីវិតបន្សល់ទុកនូវកូនៗ ដែលកំពុងរស់នៅជួបការលំបាកក្នុងជីវភាព ។
ការិយាល័យអ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីភាគីទាំងពីរបានបិទបញ្ចប់កិច្ចសន្ទនាសិទ្ធិមនុស្សអាមេរិក-វៀតណាម លើកទី ២៥ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា រដ្ឋធានីវ៉ាស៊ីនតោន នៃ សហរដ្ឋអាមេរិក ។
គណៈប្រតិភូអាមេរិក ដឹកនាំដោយឧបការីរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ លោកស្រី Lisa Peterson ហើយភាគីវៀតណាម ដឹកនាំដោយប្រធាននាយកដ្ឋានអង្គការអន្តរជាតិ និងជាឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ។
សេចក្តីប្រកាសព័ត៌មានដដែល ឱ្យដឹងថា «កិច្ចសន្ទនា បានផ្តោតទៅលើបញ្ហាសិទ្ធិមនុស្សជាច្រើន រួមមានសេរីភាពសំដែងមតិ សេរីភាពជំនឿសាសនា សិទ្ធិការងារ នីតិរដ្ឋ កំណែទម្រង់ច្បាប់ កិច្ចសហប្រតិបត្តិការពហុភាគី ស្តីពីសិទ្ធិមនុស្ស និងករណីមួយចំនួន ពាក់ព័ន្ធនឹងបុគ្គល ដែលជាការបារម្ភ ។ កិច្ចសន្ទនានោះ ក៏បានផ្តោតទៅលើបញ្ហាសិទ្ធិមនុស្សរបស់បុគ្គល ក្នុងស្ថានភាពកំពុងងាយរងគ្រោះ ដូចជាសមាជិក នៃក្រុមជនជាតិភាគតិច ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងជនពិការ» ។
សេចក្តីប្រកាសព័ត៌មាន បានបន្ថែមទៀតថា «ការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការលើកកំពស់ការគោរពសិទ្ធិមនុស្ស គឺជាមូលដ្ឋានរបស់អាមេរិក និងជាធាតុដ៏សំខាន់មួយ នៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិក ។ ការជំរុញ លើកកំពស់ និងការពារការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសវៀតណាម នៅតែជា «អាទិភាពចម្បង» សម្រាប់រដ្ឋបាល បៃឌិន-ហារីស (Biden-Harris) និងសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសវៀតណាម» ។
អនុប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី ឲ្យដឹងថា មូលហេតុដែលប្រទេសវៀតណាម តែងតែចូលរួមនៅក្នុងវេទិកាសន្ទនា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ជាមួយក្រុមប្រទេសលោកសេរី ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងសហគមន៍អឺរ៉ុប ដោយសារតែរដ្ឋាភិបាលវៀតណាម កំពុងតែព្យាយាមធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច នៅលើពិភពលោកទាំងនោះ ដើម្បីទទួលបានការអនុគ្រោះពន្ធនាំចូល ។ លោក ម៉ៅ មុនី អះអាងថា ការដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមតាមការអញ្ជើញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គឺដោយពួកគេមានបំណងប្រមូលព័ត៌មានបន្ថែម ដើម្បីវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម ដើម្បីអាចធានាបានថា រាល់ការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ត្រូវមានភ្ជាប់លក្ខខណ្ឌតឹងរ៉ឹង ដែលតម្រូវឲ្យប្រទេសវៀតណាម ត្រូវតែគោរពស្តង់ដារសិទ្ធិមនុស្ស ។
គួរជម្រាបជូនថា មុនពេលចាប់ផ្តើមនៃកិច្ចសន្ទនាសិទ្ធិមនុស្សនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយភាគីវៀតណាម ដើម្បីជំរុញឲ្យរដ្ឋកុម្មុយនីស្តមួយនេះ ដោះលែងអ្នកកំពុងជាប់ឃុំ ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត ។
អង្គការសិទ្ធិមនុស្សអន្តរជាតិនេះ លើកឡើងថា មានសកម្មជនសិទ្ធិមនុស្សយ៉ាងតិច ១៤៥ នាក់ ត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ខ្លួនដាក់ពន្ធនាគារ ។ ដោយឡែក នៅក្នុងឆ្នាំ ២០២១ នេះ ទីក្រុងហាណូយ បានកាត់ទោស និងដាក់គុកយ៉ាងហោចណាស់មនុស្ស ៣១ នាក់ ដែលភាគច្រើននៃពួកគេ គ្រាន់តែបញ្ចេញមតិ នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម និងដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល ។
កាលពីឆ្នាំមុន អាជ្ញាធរវៀតណាម បានចាប់ខ្លួនអ្នកកាសែតឯករាជ្យម្នាក់ ឈ្មោះ ផាម ដ្វងត្រាង (Pham Doan Trang) ពីបទធ្វើសកម្មភាពប្រឆាំងរដ្ឋវៀតណាម ។ ស្រ្តីរូបនេះ ត្រូវបានគេស្គាល់ថា គឺជាអ្នកនិពន្ធ និងអ្នកកាសែត ដែលតែងតែបានសរសេរសៀវភៅ និងអត្ថបទនានា បរិហារអំពី អំពើហិង្សា ការប្រើអំណាចផ្តាច់ការរបស់អាជ្ញាធរវៀតណាម និងការធ្វើទារុណកម្មទៅលើអ្នកកាសែត នៅវៀតណាម ។ ការចាប់ខ្លួននេះ គឺបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៤ រវាងវៀតណាម និងសហរដ្ឋអាមេរិក ស្តីអំពីការគោរពសិទ្ធិមនុស្ស ។
ករណីស្រដៀងគ្នានេះ ក៏កើតមានឡើង ចំពោះកសិករខ្មែរក្រោមផងដែរ ។ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ លោក ហ្វិន វ៉ាំងឌែប ត្រូវអាជ្ញាធរវៀតណាម ក្នុងខេត្តក្រមួនស ចាប់ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ ។ កសិករខ្មែរក្រោម រូបនេះ ត្រូវបានតុលាការវៀតណាម ចាប់ខ្លួន ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ក្នុងពេលប៉ះទង្គិចនឹងសមត្ថកិច្ចវៀតណាម ដែលចុះទៅរឹបអូសដីស្រែពលរដ្ឋខ្មែរក្រោម ។
បួនខែក្រោយមក នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត គឺ លោក ថាច់ រ៉ីន ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ រួចបញ្ជូនទៅឃុំខ្លួន និងសួរចម្លើយ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសជាច្រើន មានដូចជា ការប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីប្រឆាំងនឹងផលប្រយោជន៍រដ្ឋ ស្ថាប័ន និងបុគ្គល ការមួលបង្កាច់ខុសពីការពិត អំពីប្រវត្តិសាស្រ្តនៃទឹកដីខ្មែរកម្ពុជាក្រោម ដែលវៀតណាមហៅថា ដែនដីភូមិភាគនិរតី ឬភាគខាងត្បូងនៃប្រទេសវៀតណាម និងកាត់តច្នៃប្រឌិតរូបភាព ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អតីតមេដឹកនាំកុម្មុយនីស្ដវៀតណាម លោក ហូ ជីមិញ ។ បច្ចុប្បន្នលោក ថាច់ រ៉ីន កំពុងត្រូវបានជាប់ឃុំឃាំងបណ្តោះអាសន្ន ហើយអាជ្ញាធរវៀតណាម នៅមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ បញ្ជូនគាត់ទៅតុលាការ ដើម្បីជំនុំជម្រះលើសំណុំរឿងចោទប្រកាន់មកលើរូបគាត់ នៅឡើយទេ ។
កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ ក្រសួងការបរទេសវៀតណាម សហការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំវៀតណាម បើកសិក្ខាសាលាពិគ្រោះយោបល់អន្តរជាតិ លើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍នានា របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្រោមយន្តការត្រួតពិនិត្យ តាមកាលកំណត់ជាសកល (UPR) ដំណាក់កាលទី ៣ របស់ប្រទេសវៀតណាម ។
សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងហាណូយ កាលពីឆ្នាំ ២០១៩ បានទទួលយកអនុសាសន៍ ២៤១ ចំណុចនៃអនុសាសន៍សរុប ២៩១ ផ្តល់ដោយក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីធានាពីភាពល្អប្រសើរនៃសិទ្ធិមនុស្សរបស់ប្រទេស ខណៈបដិសេធអនុសាសន៍មួយចំនួន ដែលជាបញ្ហារស៊ើប ដោយអះអាងថា បញ្ហាទាំងនោះ ជាប់ពាក់ព័ន្ធនឹងគោលនយោបាយគ្រឹះ ដើម្បីធានាពីសុវត្ថិភាពប្រទេស ។
អនុសាសន៍ដែលវៀតណាម ព្រមទទួលនោះ គ្របដណ្តប់លើបញ្ហាពាក់ព័ន្ធការការពារសិទ្ធិមនុស្ស ដូចជា តាមប្រព័ន្ធច្បាប់ ការការពារសិទ្ធិស៊ីវិល សិទ្ធិនយោបាយ សិទ្ធិសង្គម-សេដ្ឋកិច្ច និងសិទ្ធិវប្បធម៌ សិទ្ធិអន្តោប្រវេសន៍ បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្តភាពជាដើម ។ ចំណែក អនុសាសន៍ដែលវៀតណាម មិនព្រមទទួលនោះ រាប់បញ្ចូលទាំងការធានាឲ្យបានសិទ្ធិបញ្ចេញមតិ សិទ្ធិជំនឿ និងសាសនា និងជាពិសេសនោះ លុបចោលការកាត់ទោសប្រហារជាតិ និងការបង្ខាំង និងការធ្វើទារុណកម្មជាដើម ។
បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំប្រទេស តាំងតែពីឆ្នាំ ១៩៧៥ និងជាប្រទេសមួយ ក្នុងចំណោមប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបំបិទ និងបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បានប្រកាសបេក្ខភាពរបស់ខ្លួន សម្រាប់មុខតំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៣-២០២៥ ។ នេះជាលើកទី ២ ហើយ ដែលប្រទេសវៀតណាម ដាក់ពាក្យសុំចូលជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានទីតាំង នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ៕