ដោយ លី ឈូន
លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមគ្រប់រូប នៅក្នុងស្រុក ត្រូវតាំងចិត្តឲ្យក្លាហាន ជួយរាយការណ៍រឿងពិតបន្ថែមទៀត នូវទង្វើធ្វើទុក្ខបុកម្នេញមកលើខ្លួន ពីសំណាក់អាជ្ញាធរវៀតណាម មកកាន់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីមានភស្តុតាងគ្រប់គ្រាន់ សម្រាប់តស៊ូមតិលើឆាកអន្តរជាតិ ក្នុងគោលបំណងបំបាត់ទាំងស្រុង នូវអំពើរើសអើងជាតិសាសន៍ និងអំពើរំលោភបំពានសិទ្ធិសេរីភាព ចំពោះពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ។ ការលើកឡើងរបស់លោកប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ដោយមើលឃើញថា សព្វថ្ងៃអាជ្ញាធរវៀតណាម នៅតែអាចធ្វើទុកបុកម្នេញរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម ជាបន្តបន្ទាប់ ក៏ព្រោះតែជនរងគ្រោះ មិនហ៊ាននិយាយការពិត អំពើរំលោភបំពានទាំងនោះ មកដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ការលើកឡើងរបស់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម បែបនេះ នៅក្នុងឱកាសលោកផ្ដល់បទសម្ភាសន៍ដល់វិទ្យុសំឡេងកម្ពុជាក្រោម កាលពីថ្ងៃពុធម្សិលមិញ ក្នុងទិវាបុណ្យសែនដូនតាប្រពៃណីជាតិ ។ ក្នុងបទសម្ភាសន៍នោះ លោកអះអាងថា ការតស៊ូដោយសន្តិវិធី និងអហិង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើឲ្យយុវជនខ្មែរក្រោម អ្នកតស៊ូមតិជាច្រើនរូប គេចផុតពីការប៉ុនប៉ងធ្វើទុកបុកម្នេញ ពីសំណាក់អាជ្ញាធរវៀតណាម ខណៈស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក៏មានសិទ្ធសេរីភាពប្រសើរជាងមុនដែរ ។

ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោកប្រាក់សេរីវុឌ្ឍ អំពាវនាវដល់ពលរដ្ឋខ្មែរក្រោមគ្រប់ រូបឲ្យចូលរួមការតស៊ូជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីស្វែងរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើមាតុភូមិកម្ពុជាក្រោម៖ «បើបងប្អូនណាថា មិនអាចជួយរឿងរ៉ាវខ្មែរក្រោម ដោយផ្ទាល់បាន បងប្អូនអាចជួយជាថវិកាបាន ម្យ៉ាងទៀតបើបងប្អូនគ្មានប្រាក់កាសសម្រាប់ជួយសង្គម ហើយចំណេះវិជ្ជាក៏គ្មាន បងប្អូនអាចជួយការងារសហព័ន្ធបាន តាមរយៈការផ្សព្វផ្សាយណែនាំឱ្យបងប្អូនដទៃទៀតឲ្យបានដឹងអំពីសហព័ន្ធ ។ គេថាឈើកោងធ្វើកង់ ឈើត្រង់ធ្វើកាំ សូមឲ្យរួមដៃជួយទាំងអស់គ្នា ទាំងអ្នកមានចំណេះវិជ្ជានិងអ្នកមិនមានចំណេះវិជ្ជាទាំងព្រះសង្ឃទាំងគ្រហស្ថ ទាំងប្រុសទាំងស្រី ទាំងបងប្អូនជនពិការនិងអ្នកមានកាយសម្បទាមាំមួន គឺយើងត្រូវជួយជំរុញនាវាកម្ពុជាក្រោមឲ្យបានទៅដល់ទីដៅនៅពេលខាងមុខ» ។
លោកប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បន្តលើកឡើងទៀតថា ពិសេសគឺពលរដ្ឋខ្មែរក្រោម នៅក្នុងស្រុកត្រូវហ៊ាននិយាយការពិត ការណ៍ការពិតនូវអំពើរំលោភបំពានពីសំណាក់អាជ្ញាធរវៀតណាម មកលើខ្លួន (ពលរដ្ឋខ្មែរក្រោមសព្វថ្ងៃ) ។ លោកមេចលនាតស៊ូដោយសន្តិវិធី អហិង្សារូបនេះ បន្តទៀតថា មាគ៌ារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម គឺការតស៊ូដោយសន្តិវិធីនិងអហិង្សា ស្របតាមច្បាប់ អន្តរជាតិ និងច្បាប់ជាតិ ដូច្នេះហើយ ទើបវៀតណាមមិនអាចធ្វើទុកបុកម្នេញ ចំពោះពលរដ្ឋខ្មែរក្រោម ដែលចូលរួមក្នុងចលនាតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានដូចសម័យមុនទៀតឡើយ៖ «ពីមុនមករឿងព្រះតេជគុណទឹម សាខន ព្រះតេជគុណ គឹម មឿន ព្រះតេជគុណ យ៉ាញ់ តោន ព្រះតេជគុណ លី ចិន្ដា ព្រះគុណលីវ គុណថាច់ ធឿន និងបងប្អូនជាច្រើនទៀតដែលត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់គុកធ្វើទារុណកម្ម វេទនារាប់ឆ្នាំ ទាំងជនជាតិវៀតណាមខ្លួនឯងទាំង ជនជាតិភាគតិចជនជាតិដើមតាំងប៉ុន្មានកន្លងមក ហើយវៀតណាមមិនដែលចេញសេចក្ដីឆ្លើយតបទេ ។ សូមបញ្ជាក់ថានេះគឺជាលើកទីមួយហើយ ដែលវៀតណាមចេញសេចក្ដីឆ្លើយតប ដោយផ្ញើលិខិតទៅសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សារភាពថាខ្លួនពិតបានចាប់សកម្មជនតស៊ូមតិខ្មែរក្រោម ក៏ពីព្រោះរឿងហ្នឹងវាធ្ងន់ពេក យុវជនខ្មែរក្រោមផ្សព្វផ្សាយច្បាប់ជនជាតិដើមរបស់អង្គការសហប្រជាជាតិ ហើយវៀតណាមខ្លួនឯងជាហត្ថលេខីទទួលស្គាល់នូវច្បាប់នេះ ដូច្នេះរឿងហ្នឹងវាធំណាស់» ។
ទាក់ទងនឹងការភ័យខ្លាចរបស់ពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុកនេះ ស្ត្រីកម្មករចំណាកស្រុកខ្មែរក្រោមម្នាក់ ឈ្មោះ សឺន ចាន់នី កំពុងធ្វើការក្នុងរោងសិប្បកម្មមួយនាខេត្តទទួលមោក ដែលវៀតណាមដាក់ឈ្មោះថ្មីថាបិញយឿង (Binh Duong) ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ ថា ពលរដ្ឋខ្មែរក្រោម ស្លូតត្រង់ខ្លះ ខ្លាចវៀតណាមណាស់ សូម្បីតែ ពេលធ្វើការក្នុងរោងចក្ រដែលមានពលរដ្ឋវៀតណាម ធ្វើជាមួយនោះ សូម្បីតែភាសាខ្លួនឯងក៏មិនហ៊ាននិយាយផង ព្រោះខ្លាចវៀតណាម រើសអើង ពេបជ្រាយ ។
អ្នកនាង ចាន់នី បន្តទៀតថា អ្នកខ្លះមិនហ៊ានបញ្ចេញយោបល់ ឬ ចែករំលែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននូវរឿងរ៉ាវ ដែលទាក់ទងនឹងការរំលោភសិទ្ធិរបស់វៀតណាម មកលើពលរដ្ឋខ្មែរក្រោមទៀតផង ៖ «ពួកគាត់អត់ហ៊ាននិយាយ អត់ហ៊ានថា ខ្ញុំចេះតែឡាយតាមផែករបស់ខ្ញុំ និយាយដដែលៗ អ្នកផ្សេងទៀតអត់និយាយ ។ ពេលជួបគ្នានៅកន្លែងធ្វើការក្ដី នៅទីសាធារណក្ដី ឬ ពេលមានហេតុអី រងគ្រោះអី ខំសួរនាំអី គ្មាននរណាហ៊ានឆ្លើយមួយផង សំងំដូចគេចុកអីចឹង ហើយសួរព័ត៌មានអ្វីក៏អត់ហ៊ានឆ្លើយទៀត ខ្លាចវៀតណាម សូម្បីតែនិយាយខ្មែរមិនចង់ហ៊ាននិយាយផង អត់ហ៊ាននិយាយប្រឹងខំតែនិយាយយួន» ។
ស្ត្រីកម្មករចំណាកស្រុករូបនេះ បញ្ជាក់បន្ថែមថា ការភ័យខ្លាចរបស់ពលរដ្ឋខ្មែរក្រោម មិនមែនទើបតែកើតមានពេលនេះទេ គឺកើតមានតាំងពីសម័យដូនតា ឪពុកម្ដាយនាងម្ល៉េះ និងបច្ចុប្បន្ននៅតែបន្តការភ័យខ្លាចវៀតណាមទៀត ក៏ព្រោះពលរដ្ឋខ្មែរក្រោម ទាំងនោះ មិនទាន់យល់ច្បាស់ ពីការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ការលើកឡើងមកនេះ ដោយមើលឃើញថា សព្វថ្ងៃ អាជ្ញាធរវៀតណាមនៅតែរំលោភបំពានដោយខុសច្បាប់មកលើពលរដ្ឋខ្មែរក្រោមដដែល ប្រការរំលោភបំពានទាំងនេះ កើតឡើងបានក៏ដោយសារខ្មែរក្រោម ភាគច្រើនជាជនរងគ្រោះ មិនហ៊ាននិយាយការពិតមិនហ៊ានរាយការណ៍ការពិត នូវអំពើរំលោភបំពានទាំងនោះទៅដល់សហគមន៍ជាតិ អន្តរជាតិ ឬ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ការអំពាវនាវរបស់លោកប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ៦ តុលា ម្សិលមិញនេះ គឺស្របក្នុងឱកាស ដែលលោកផ្ដល់បទសម្ភាសន៍ដល់វិទ្យុសំឡេងកម្ពុជាក្រោម នាឱកាសអបអរសាទរបុណ្យសែនដូនតា បុណ្យភ្ជុំបិណ្ឌ និងក្នុងឱកាសលោកឆ្លើយបំភ្លឺជុំវិញលិខិតរបស់អាជ្ញាធរវៀតណាម ចុះថ្ងៃទី ២០ កញ្ញាកន្លងទៅ ដែលជាលិខិតសារភាព ចំពោះអ្នករាយការណ៍ពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិថា វៀតណាមពិតជាបានចាប់សកម្មជនតស៊ូមតិខ្មែរក្រោមឈ្មោះ យឿង ខាយ មែន ។
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថាការទទួលស្គាល់នូវកំហុសរបស់ខ្លួន ដែលបានចាប់យុវជនតស៊ូមតិខ្មែរក្រោមក៏ពិតមែន ប៉ុន្ តែវៀតណាមនៅតែចចេសថា មិនមែនចាប់ដោយសារតែយុវជន យឿង ខាយ ផ្សព្វផ្សាយច្បាប់សិទ្ធិជនជាតិដើមនោះទេ តែគេចាប់នេះ គឺដើម្បីពង្រឹងសន្តិសុខសង្គមតែប៉ុណ្ណោះ ព្រោះ យឿង ខាយ ធ្វើខុសច្បាប់ប្រទេសវៀតណាម ។
លោកប្រាក់សេរីវុឌ្ឍន៍លើកឡើងថា វៀតណាមឆ្លើយនេះ គ្រាន់តែឆ្លើយយករួចខ្លួនមួយគ្រាតែប៉ុណ្ណោះ តែមិនអាចរួចពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិឡើយ ព្រោះការចុះចាប់យុវជនយឿងខាយ ដោយការគំរាមកំហែងយកកម្លាំងនគរបាលទៅ ហ៊ុំព័ទ្ធផ្ទះពលរដ្ឋខ្មែរក្រោម ហើយវៀតណាមមិនត្រឹមតែរំលោភច្បាប់សិទ្ធិជនជាតិដើមប៉ុណ្ណោះទេ វៀតណាម បានរំលោភបំពានរហូតដល់ច្បាប់សិទ្ធិស៊ីវិលទៀតផង ៖ «វៀតណាមមិនត្រឹមតែរំលោភសិទ្ធិជនជាតិដើមទេ វៀតណាមរំលោភរហូតដល់កតិកាសញ្ញា ICCPR របស់អង្គការសហប្រជាជាតិ ស្ដីអំពីសិទ្ធិរបស់ជនស៊ីវិល និងការបញ្ចេញមតិទៀតផង ។ ក្នុងកតិកាសញ្ញា ICCPR ហ្នឹងបានអនុញ្ញាត ទី ១ គឺការបញ្ចេញមតិរួមទាំងការផ្សាយវិទ្យុ ការបោះពុម្ពសារបោះពុម្ពជាកាសែត សៀវភៅសម្រាប់ផ្សព្វផ្សាយ និងទី២ទៀតគឺការនិយាយស្ដីដោយគ្មានការចាប់ឃុំឃាំង ។ ច្បាប់ហ្នឹងវៀតណាមបានបំពានទាំងស្រុងហើយវៀតណាមហ្នឹងឯងគឺជាហត្ថលេខីទទួលស្គាល់ នូវកតិកាសញ្ញា ICCPR ហ្នឹង» ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកគណៈកម្មការនាយកនៃអង្គការសម្រាប់ប្រជាជាតិគ្មានតំណាង នៅក្នុងអង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNPO ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានអាយុកាលជាង ២០ ឆ្នាំនេះ ជាអង្គការកំពូលរបស់ខ្មែរក្រោមតែមួយគត់ ដែលកំពុងធ្វើការតស៊ូដោយសន្តិវិធីនិងអហិង្សាទាំងលើឆាកជាតិ និងអន្តរជាតិ ការតស៊ូដោយស្មោះត្រង់ ស្វិតស្វាញនេះ ធ្វើឲ្យប្រទេសជាច្រើន នៅក្នុងសហគមន៍អន្តរជាតិ អាណិតស្រលាញ់ និងគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបខ្មែរក្រោមអាចមានភ្លេងជាតិទង់ជាតិ នៅលើឆាកអន្តរជាតិដូចសព្វថ្ងៃនេះ ៕