ដោយ ថាច់ ប្រីជា គឿន
ប្រតិភូ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មួយក្រុម នៅប្រទេសអូស្រ្តាលី បានចូលរួមប្រជុំនៅក្នុងក្រសួងការបរទេសអូស្ត្រាលី ដើម្បីធ្វើរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម លើពលរដ្ឋខ្មែរ នៅដែនដីកម្ពុជាក្រោម ។ កិច្ចប្រជុំនេះធ្វើឡើង ខណៈដែលក្រសួងការបរទេស និង ពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី (Department of Foreign Affairs and Trade) បានធ្វើកិច្ចសន្ទនាសិទ្ធិមនុស្សរវាងអូស្ត្រាលី និង វៀតណាម នៅក្នុងទីក្រុងកង់បេរ៉ា (Canberra) នៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែមិថុនា សប្ដាហ៍នេះ ។

ប្រតិភូ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំនេះ រួមមាន បណ្ឌិត Joshua Cooper ជាទីប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម, លោក លឹម គីម បិន, លោក យាញ់ បូណាត, ព្រះតេជព្រះគុណ ចៅ សៀប, ព្រះតេជព្រះគុណ ពួរសា វឿង និង លី ថាន់ តឹង ។

លោក លី ថាន់ តឹង ជាប្រធានសាខា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងស៊ីដនីយ៍ (Sydney) នៃ ប្រទេសអូស្រ្តាលី បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានជម្រាបដល់រដ្ឋាភិបាលអូស្ត្រាលីឲ្យបានជ្រាបអំពីបញ្ហាដែលរដ្ឋាភិបាល វៀតណាម បានរំលោភសិទ្ធិលើពលរដ្ឋខ្មែរក្រោម និងស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីជាម្ចាស់ជំនួយ និង ធ្វើជំនួញនៅក្នុងប្រទេសវៀតណាម ត្រូវគិតដល់បញ្ហាសិទ្ធិមនុស្សជាចម្បង ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង មានសាខានៅជុំវិញ ពិភពលោក តែងតែធ្វើរបាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ទៅរដ្ឋាភិបាលនានា ក្នុងនោះ មានសហរដ្ឋអាមេរិក ជាដើម ដើម្បីគាបសង្កត់ទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិខ្មែរក្រោមជាម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម ។ ហេតុនេះ ទើបនៅថ្ងៃ ទី ២១ ខែមិថុនា ឆ្នាំ ២០១៩ ចុងសប្ដាហ៍នេះ គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ (United States Commission on International Religious Freedom) បានចេញផ្សាយនូវសៀវភៅរបាយការណ៍ ឆ្នាំ ២០១៨ ស្ដីពីស្ថានភាពសេរីភាពសាសនានៅក្នុងពិភពលោក ក្នុងនោះ មានករណីខ្មែរក្រោម ផងដែរ ។ នៅក្នុងរបាយការណ៍កម្រាស់ ៧ ទំព័រ ផ្ដោតលើសេរីភាពសាសនានៅក្នុងប្រទេសវៀតណាម សៀវ ភៅនេះ ក៏បានរាយការណ៍ ករណី ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ជាព្រះសង្ឃខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាមចាប់ផ្សឹក និងដាក់គុកពី ៤ ទៅ ៦ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៣ ផងដែរ ៕