ដោយ ថាច់ ប្រីជា គឿន l VOKK
សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ ២០២២ ដើម្បីបូកសរុបលទ្ធផលកិច្ចការឆ្នាំចាស់ និង ដាក់ចេញនូវគំរោងកិច្ចការថ្មី សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៣ នេះ ដើម្បីបន្តផែនការ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់ពលរដ្ឋនៅដែនដីកម្ពុជាក្រោម ។ ប្រធានបទ នៃ កិច្ចប្រជុំដំណាច់ឆ្នាំ ២០២២ មានឈ្មោះថា «បន្តសាងគ្រឹះរឹងមាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីលើកកម្ពស់ការការពារសិទ្ធិមនុស្ស និងអនុវត្តយុទ្ធសាស្ត្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង សម្រាប់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម» ។ គំរោងថ្មីដែលបានអនុម័តនេះ ធ្វើឡើងនៅក្នុង «កិច្ចប្រជុំដំណាច់ឆ្នាំ ២០២២» របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃសុក្រ, សៅរ៍, និង អាទិត្យ ត្រូវនឹងថ្ងៃទី ១០, ១១, និង ១២ ខែមីនា ចុងសប្ដាហ៍កន្លងទៅនេះ នៅវត្តសុរិយរង្សី នាទីក្រុងភីឡាដែលផ្យា (Philadelphia) រដ្ឋផែនស៊ីលវេនៀ (Pennsylvania) សហរដ្ឋអាមេរិក ។ ក្រៅពីកិច្ចប្រជុំដំណាច់ឆ្នាំ ប្រធាន គណៈកម្មការស្ត្រី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានរៀបចំរាត្រីសមោសរមួយ ដើម្បីអបអរសាទរខួប ១១២ ឆ្នាំ នៃ ទិវានារីអន្តរជាតិ ៨ មីនា ផងដែរ ។ យោងតាមសេចក្ដីកំណត់ហេតុ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា កិច្ចប្រជុំដំណាច់ឆ្នាំ ២០២២ នេះ មានថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មកពីជុំវិញពីភពលោកជិត ១០០ នាក់ និង ព្រះសង្ឃចំនួន ១៣ អង្គ ក្នុងនោះមានមកពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិក, ប្រទេសអ៊ីតាលី, បារាំង, ហុល្លង់, កាណាដា, អូស្ត្រាលី, និងប្រទេសកម្ពុជា ។

ព្រះតេជព្រះគុណ ទៀ ថេន ជាអគ្គលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា គំរោងដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានអនុម័តសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៣ រួមមាន គំរោងរបស់គណៈកម្មការទាំង ៨ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនោះ មាន គណៈកម្មការផែនការ, ព័ត៌មាន, សាសនា, យុវជន, រដ្ឋបាល, ស្ត្រី, ហេរញ្ញវត្ថុ និងកិច្ចការទំនាក់ទំនងការបរទេស ។ គំរោងទាំងនេះ រួមមាន៖
- គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ចុះជួបផ្ទាល់ថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន នៅតាមមូលដ្ឋាន ក្នុងនោះមានថ្នាក់តំបន់ និងសាខានីមួយៗ ។
- ជួបជុំយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមនៅជុំវិញពិភពលោក ។
- ពង្រឹងពង្រីកការផ្សាយ សំឡេងកម្ពុជាក្រោម (VOKK) ដោយមាន គណៈកម្មការអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអ្នកទ្រទ្រង់ផ្នែកថវិកា ។
- គណៈកម្មការអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើទំនាក់ទំនងជិតស្និតជាមួយនឹងព្រះសង្ឃខ្មែរក្រោម និងព្រះសង្ឃខ្មែរនៅជុំវិញពិភពលោក ។
- ធ្វើទំនាក់ទំនងជាមួយអង្គការសាសនាអន្តរជាតិនានា ដើម្បីជួយអន្តរាគមន៍ដល់ការរំលោភសិទ្ធិសេរីភាពសាសនានៅដែនដីកម្ពុជាក្រោម ។
- ធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅតាមវត្តអារាម ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់ដល់សកម្មភាព របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
- ក្រុមយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលប្រជុំនៅក្នុងកិច្ចប្រជុំនៅក្នុង វេទិកាអចិន្ត្រៃយ៍ នៃ អង្គការសហប្រជាជាតិ (UNPFII) នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក និង យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម (EMRIP) នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វិស ។
- អំពាវនាវដល់មាតាបិតាខ្មែរក្រោមជួយណែនាំកូនចៅរបស់ខ្លួនជាយុវជនឲ្យចូលរួមសកម្មភាពនៅលើឆាកអន្តរជាតិជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ។
- ផ្នែករដ្ឋបាល នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្វែងរកសមាជិក ដើម្បីជួយការងារចំពោះកិច្ច និងសកម្មភាពពីសាខានានា និងតែងតាំងសមាជិកបន្ថែម ។
- គណៈកម្មការស្ត្រី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្វែងរកស្ត្រីបន្ថែម ដើម្បីជួយដល់កិច្ចចាំបាច់របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
- គណៈកម្មការហេរញ្ញវត្ថុ ស្នើដល់ប្រធានតំបន់ និងសាខាជួយរៀបចំកម្មវិធីរៃអង្គាសថវិកាទៅតាមលទ្ធភាព ។
- សហព័ន្ធខ្មែរកម្ពុជាក្រោម ពង្រឹងកិច្ចការទំនាក់ទំនងការបរទេស ក្នុងនោះមាន អធិបតី នៃ សហព័ន្ធ ខ្មែរកម្ពុជាក្រោម នឹងធ្វើដំណើរទៅប្រជុំ និងជួបជនភៀសខ្លួនខ្មែរក្រោម នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីជូនដំណឹងអំពីផែនការ Welcome Corp របស់ សហរដ្ឋអាមេរិក ក្នុងការទទួលយកជនភៀសខ្លួន, គំរោងរៀបចំភាពយន្តឯកសារខ្មែរក្រោម និងធ្វើទំនាក់ទំនងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ សិទ្ធិជនជាតិដើម, ក្រសួងការបរទេសសហរដ្ឋអាមេរិក និងប្រទេសនានា និងចូលរួមប្រជុំនៅក្នុងមហាសន្និបាត នៃ អង្គការសហប្រជាជាតិ ដែលជាប់ទងទងនឹងបញ្ហាខ្មែរក្រោម ។
ក្រៅពីគំរោងខាងលើ គណៈកម្មនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានអនុម័តជាផ្លូវការ សម្រេចយក «ផ្កាសាលព្រឹក្ស» ធ្វើជាផ្កាជាតិរបស់ខ្មែរក្រោម និងអនុម័តជាផ្លូវការថា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោកនឹងឯកភាពប្រើឆាយាលក្ខណ៍ ឬរូបថត ឧកញ៉ា សឺន គុយ ជាវីរបុរសជាតិនៅដែនដីកម្ពុជាក្រោម ដែលគូរកាលពីឆ្នាំ ២០១៧ ដោយ វិចិត្រករ ថៃ សាន នៅប្រទេសកម្ពុជា សម្រាប់តាំងនៅក្នុងកិច្ចប្រជុំនានា និងកំណត់យកឆ្នាំកើតនៅឆ្នាំ ១៧៧១ និងឆ្នាំស្លាប់ នៅឆ្នាំ ១៨៤១ ក្នុងជន្មាយុ ៧០ ឆ្នាំគត់ និងកំណត់ក្នុងការសរសេរឈ្មោះជាផ្លូវការក្នុងអក្សរខ្មែរថា «សឺន គុយ» និងក្នុងអក្សរឡាតាំងថា «Son Kuy» ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានឈ្មោះហៅកាត់ជាភាសាអង់គ្លេសថា KKF សព្វថ្ងៃ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាចលនាតស៊ូដោយសន្តិវិធី និងអហិង្សា ស្វែងរកសំឡេងគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិជាដើម ដើម្បីការពារនូវសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើម ខ្មែរក្រោម និងជំរុញពលរដ្ឋខ្មែរក្រោមឲ្យចេះប្រើនូវសិទ្ធិរបស់ខ្លួនជាជនជាតិដើម ក្នុងការឈានទៅយក «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នាពេលអនាគត ៕