សហព័ន្ធខ្មែរកម្ពុជាក្រោមបានចុះឈ្មោះចូលថ្លែងការណ៍នៅ UNPFII រួចហើយ

ដោយ ស៊ឺន ចែងចើន| VOKK

នៅថ្ងៃសុក្រ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះឈ្មោះ (Register) ជាមួយនឹងអង្គការសហប្រជាជាតិរួចហើយ ដើម្បីចូលថ្លែងការណ៍ នៅក្នុង មហាសន្និបាត លើកទី ១៦ នៃ វេទិកាអចិន្រ្តៃយ៍អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម (UNPFII) នៅបូរី New York សហរដ្ឋអាមេរិក ។ វេទិកានេះ គេធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឲជនជាតិដើមនៅជុំវិញពិភពលោកថ្លែងអំពីបញ្ហារបស់ខ្លួនប្រាប់ដល់សហគមន៍អន្តរជាតិ ។ ឆ្នាំនេះ វេទិកានេះនឹងធ្វើរយៈពេល ២ សប្តាហ៍ គឺចាប់ផ្តើមពីថ្ងៃទី ២៤ ខែ មេសា រហូតដល់ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខ ។

សហព៏ន្ធខ្មែរកម្ពុជាកក្រោមចូលថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម នៅការិយាល័យកណ្ដាលនៃអង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៣ ។
សហព៏ន្ធខ្មែរកម្ពុជាកក្រោមចូលថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម នៅការិយាល័យកណ្ដាលនៃអង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៣ ។

ចាប់តាំងពីឆ្នាំ ២០០៤ រហូតមកទល់ ឆ្នាំ ២០១៧ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលថ្លែងការណ៍នៅក្នុងវេទិកានេះបាន ១២ លើកហើយ ដើម្បីថ្លែងអំពីការរំលោភសិទ្ធិ មនុស្សលើជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ពីសំណាក់រដ្ឋាភិបាលកុម្មុយនិស្ត យួន ។

ដូចរៀងរាល់ឆ្នាំដែរ ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបញ្ជូនប្រតិភូព្រះសង្ឃ និង យុវជនខ្មែរក្រោម ឲ្យទៅចូលថ្លែងការណ៍ស្តីពីបញ្ហាខ្មែរក្រោមនៅក្នុងវេទិកានេះ ដើម្បីសង្កេត ការណ៍ និងថ្លែងការណ៍អំពីបញ្ហារំលោភសិទ្ធិមនុស្សថ្មីដែលរដ្ឋាភិបាលយួនបានរំលោភសិទ្ធិលើ ពលរដ្ឋខ្មែរក្រោមរបស់យើងនៅដែនដីកម្ពុជាក្រោម ។

ឆ្នាំនេះតាមគម្រោងសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវចំណាយថវិកា ចំនួន ៧០០០ ដុល្លារ សម្រាប់ឧបត្ថម្ភដល់ព្រះសង្ឃ និងក្រុមយុវជន ក្នុងការជួលកន្លែងស្នាក់នៅ, អាហារ និងយាន ជំនិះ សម្រាប់មធ្យោបាយធ្វើដំណើរទៅចូលរួមប្រជុុំរយៈពេល ២ សប្តាហ៍ នៅ បូរី New York ។

ដើម្បីជួយគាំទ្រដល់សហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍នៅក្នុងមហាសន្និបាតនេះ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើ សេចក្ដីអំពាវនាវមួយ ដល់ សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភព លោក និងសប្បុរសជននៅជិតឆ្ងាយ ជួយឧបត្ថម្ភថវិកា ដល់ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជា ក្រោម (KKFYC) ដែលនឹងចូលថ្លែងការណ៍នៅក្នុងវេទិកានេះ រយៈពេល ២ សប្តាហ៍ នៅក្នុង អង្គការសហប្រជាជាតិ ដើម្បីជំរុញឲរដ្ឋាភិបាលយួនគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម ។

ព័ត៌មានបន្ថែមសូមទាក់ទង វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ឬ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា តាមទូរស័ព្ទលេខ ៤០៨ ៥៥០ ៥០៦០ ឬ តាមប្រអប់សំបុត្រ KKF P.O. Box 51201 San Jose, CA 95151 (U.S.A)

ម្យ៉ាងទៀត លោកអ្នកក៏អាចឧបត្ភម្ភប្រាក់ដល់សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈ Online ដែលមានអសយដ្ឋាន ដូចខាងក្រោម៖

https://www.memberplanet.com/campaign/kkf/unpfii_khmerkromyouth_program