ដោយ ស៊ឺន ចែងចើន l VOKK
នៅក្នុងសន្និបាត ប្រចាំឆ្នាំ ២០១៧ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រព្រឹត្តទៅ នៅទីក្រុង Orlando រដ្ឋ Florida ចាប់ពីថ្ងៃទី ៨ ដល់ ១០ ខែធ្នូ លោក ថាច់ សេ ជាប្រធានសភាតំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានតែងតាំង លោក គឹម សាក់ ត្វង ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំខេត្តកេបិច (Quebec) ប្រទេសកាណាដា, លោក ត្រឹង ស៊ី ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំខេត្តអន់ធារីយោ (Ontario) ប្រទេសកាណាដា, លោក កៀង សុវណ្ណ ជាប្រធាន សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Massachusetts សហរដ្ឋអាមេរិក និងលោក ចៅ ចឿង ជាប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Victoria ខេត្ត British Columbia ប្រទេសកាណាដា, ព្រះតេជព្រះគុណ សួន បូរ៉ា និង ព្រះតេជព្រះគុណ គឹម មឿន គង់នៅវត្តសុរិយារង្សីខ្មែរក្រោម នៅទីក្រុង Philadelphia ជាជំនួយការ លោក ត្រឹង ម៉ាន់រិន នាយកផែនការ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង ព្រះតេជព្រះគុណ ថាច់ សុបិន គង់នៅវត្តខេមររង្សី ទីក្រុង San Jose រដ្ឋ California ជាជំនួយការ លោក ថាច់ សេ ដែលជាប្រធានសភាតំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ទាក់ទងនឹងការតែងតាំងនេះដែរ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧ ប្រធានសភាតំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលស្គាល់ នូវគណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ ទេសហូឡង់ ដោយមាន លោក ត្រឹង ចន្ទសារ័ត្រ ជាប្រធាន និង សឺន សាវ៉ាង ជាអនុប្រធាន ។ នៅថ្ងៃ ទី ៩ ខែវិច្ឆិកា បានទទួលស្គាល់ គណៈកម្មការ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Oregon ដោយមាន លោក ត្រឹង មិន ជាប្រធាន អ្នកស្រី ឡឹម សាវី ជាប្រធានស្ត្រី និង អ្នកស្រី ឡឹម សាមីន ជាអនុប្រធានស្ត្រី និងទទួលស្គាល់ គណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California ដោយមាន លោក ថាច់ ជូន ជាប្រធាន និង លោក ចន្ទ សុផាត ជាអនុប្រធាន ផងដែរ ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំសន្និបាតប្រចាំឆ្នាំ ២០១៧ របស់ខ្លួន នៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋ អាមេរិក ដោយមានព្រះសង្ឃ និងថ្នាក់ដឹកនាំ គណៈកម្មការនាយក សមាជិក សមាជិកា និងអ្នកគាំ ទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ប្រមាណជិត ២០០ អង្គ និង រូប និមន្ត និង អញ្ជើញ ទៅពីប្រទេសកម្ពុជា ប្រទេសអូស្ត្រាលី ប្រទេសបារាំង ប្រទេសកាណាដា និងរដ្ឋនានាជុំវិញសហរដ្ឋ អាមេរិក និងមានភ្ញៀងបរទេសចំនួន ៣ រូប គឺ បណ្ឌិត Joshua Cooper នាយក វិទ្យាសិទ្ធិមនុស្សរដ្ឋហាវៃ និង ជាទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម, អ្នកស្រី Laura Harth តំណាងគណបក្សចម្រុះជាតិសាសន៍ និង ចម្រុះគណបក្ស (NRPTT) និង លោក Marvin Kunetat តំណាងអង្គការ UNPO អញ្ជើញចូលរួមជាវាគ្មិន ផងដែរ ៕