នៅក្នុងខែសីហា កន្លងទៅនេះ លោក ប្រាក់ សេរីវុធ អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលបន្ទុកកិច្ចការ អន្តរជាតិ និង បណ្ឌិត Joshua Cooper ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើបេសកកម្មទៅប្រទេសអូស្ត្រាលី ដើម្បីជម្រាប មន្ត្រីប្រទេសមួយនេះអំពីបញ្ហាដែលរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនកំពុងតែរំលោភសិទ្ធិ និងធ្វើទុក្ខបុកម្នេញលើពល រដ្ឋជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ការធ្វើដំណើរទៅប្រទេសអូស្ត្រាលីនេះ បន្ទាប់ពី លោក ប្រាក់ សេរី វុធ និង បណ្ឌិត Cooper បានទៅចូលរួម កិច្ចប្រជុំនៅក្នុង វេទិកាសង្គមស៊ីវិលអាស៊ាន ដែលបានធ្វើ នៅប្រទេសទីម័រ ខាងកើត នៅយរៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែសីហា ។ មូលហេតុដែលនាំឲ្យមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ជម្រាបដល់មន្ត្រីអូស្ត្រាលីរឿងនេះ ព្រោះអូស្ត្រាលីជាប្រទេសមួយដែលបានផ្ដល់ជំនួយសម្រាប់អភិវឌ្ឍនៅប្រទេសវៀត ណាមយ៉ាងច្រើនក្នុងមួយឆ្នាំៗ ហើយសុំស្នើដល់ប្រទេសម្ចាស់ជំនួយដ៏មានឥទ្ធិពលមួយនេះដាក់គំនាបទៅរដ្ឋាភិបាល វៀតណាម កុំឲ្យរំលោភសិទ្ធិលើខ្មែរក្រោមម្ចាស់ស្រុក ។
នៅថ្ងៃទី ១៧ ខែកញ្ញា ចុងសប្ដាហ៍ កន្លងទៅនេះ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន នៃទូរទស្សន៍ ព្រៃនគរ បាន សម្ភាស លោក ប្រាក់ សេរីវុធ អំពីបេសកម្មនេះ ហើយវិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកភាគបញ្ចប់ នៃកិច្ចសម្ភាស នេះមកចាក់ផ្សាយជម្រាបជូនលោកអ្នកបានស្ដាប់ដូចតទៅ៖