ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋផែនសិលវ៉េនៀ (Pennsylvania ) សហរដ្ឋអាមេរិក ទើបតែបានបោះឆ្នោតជ្រើសប្រ ធានថ្មី កាលពីថ្ងៃអាទិត្យ ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៥ កន្លងទៅនេះ នៅវត្តសុរិយារង្សី នាទីក្រុងភីឡាដែលភា (Philladelphia) ។ ពិធីនេះ មានការចូលរួមពីគណៈកម្មការនាយកមួយចំនួននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដូចជា លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាល ,លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការ និង អ្នកស្រី សឺង ធី និត ប្រធានស្ត្រី ជាដើម ។

លទ្ធផលនៃការបោះឆ្នោត លោក ឡឹម កួន ត្រូវបានជាប់ជាប្រធាន ជំនួសឲ្យលោក កៀង តោក ដែលបានបំពេញកិច្ចការ ជាប្រធានអស់ ២ អាណត្តិកន្លងមកហើយនោះ ។
លោក កៀង តោក អតីតៈប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋផែនសិលវ៉េនៀ ឆ្នាំនេះ អាយុ ៧១ ឆ្នាំ អ្នកមាន ដើមកំណើតនៅភូមិស្វាយពក ស្រុកថ្កូវ ខេត្តព្រះត្រពាំង បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម អំពីមូលហេតុនាំឲ្យមានការបោះ ឆ្នោតថា ដោយសារលោកធ្លាប់ធ្វើជាប្រធានអស់ ២ អាណត្តិមកហើយ ដូច្នេះ បានជាគណៈកម្មការសម្រេចបោះឆ្នោតជ្រើស រើសប្រធានថ្មី ដើម្បីធ្វើការងារតទៅមុខទៀត ។
(សំឡេង 1)
លោក កៀង តោក បានបញ្ជាក់ថា គណៈកម្មការដែលជាប់ឆ្នោតថ្មីនេះរួមមាន លោក ឡឹម កួន ជាប្រធាន លោក ថាច់ សីណា ជាអនុប្រធានទី ១ លោក ថាច់ ហុង ជាអនុប្រធានទី ២ លោក សឺង ជុំ ជាលេខាធិការ និង លោក ថាច់ វៀន ជាហេរញ្ញិក ។
(សំឡេង 2)
លោក កៀង តោក បានបន្តទៀតថា ក្នុងពេលដែលលោកបានជាប់ឆ្នោតជាប្រធានសាខាប្រចាំរដ្ឋ ២ អាណត្តិកន្លងទៅនេះ លោកបានបំពេញការងារជួយដល់សហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើន ដូចជា ការដើរប្រមូលគ្នីគ្នាសម្រាប់គាំទ្រដល់កិច្ចប្រជុំ របស់យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមរៀងរាល់ឆ្នាំ ពេលដែលពួកគេចូលថ្លែងការណ៍ នៅក្នុងអង្គការសហប្រជាជាតិនៅបុរី New York ជាដើម ។ លោកបន្តទៀតថា ទោះបីជាលោកឈប់ធ្វើជាប្រធានក៏ដោយ តែលោកនៅតែជាទីប្រឹក្សា របស់គណៈកម្មការថ្មីដដែល ដើម្បីចូលរួមបំរើដល់សង្គមជាតិខ្មែរ ជាពិសេស សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែធ្វើការ តស៊ូនៅលើឆាកអន្តរជាតិទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងជូនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម សព្វថ្ងៃ ។
(សំឡេង 3)
ចំណែក លោក ឡឹម កួន ជាប្រធានថ្មីដែលទើបតែជាប់ឆ្នោត បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមអំពីមូលហេតុដែលនាំឲ្យលោក សម្រេចចិត្តចូលបំរើការងារជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោមថា ដោយសារ លោកកើតមកជាកូនខ្មែរ ត្រូវតែធ្វើការដើម្បីបំរើខ្មែរ ។ ម្យ៉ាងទៀត លោកថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការរបស់ខ្មែរក្រោមមួយដែលធ្វើការតស៊ូស្របតាមច្បាប់អន្តរជាតិ ទើបជំរុញឲ្យលោកចូលរួម ដើម្បីស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម ម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម ។
(សំឡេង 4)
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយរបស់ពលរដ្ឋខ្មែរក្រោម ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ធ្វើការតស៊ូដោយសន្តិវិធីដើម្បីជំរុញឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជា ក្រោម សព្វថ្ងៃ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិក នៃអង្គការអន្តរជាតិមួយចំនួន ដូចជា អង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ថា UNPO, វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) និងគណបក្សចម្រុះជាតិ សាសន៍នៅអឺរ៉ុប ជាដើម ៕