សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​រាយការណ៍​បញ្ហា​សិទ្ធិមនុស្ស​ ដល់​មន្ត្រី​សហរដ្ឋអាមេរិក​

ដោយ ស៊ឺន ចែងចើន l VOKK

នៅ​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ដឹកនាំ​គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលជួប​មន្ត្រី​ក្រសួង ការបរទេស​សហរដ្ឋ​អាមេរិក (U. S. Department of State) និង​មន្ត្រី គណៈកម្មការ​សាសនា អន្តរជាតិ នៃ​សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) នៅ​រដ្ឋធានី​វា​ស៊ីន​តោន ឌី​ស៊ី សហរដ្ឋអាមេរិក ដើម្បី​ជំរាប​អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្រោម ។

គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នាពេលកន្លងមក ។
គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នាពេលកន្លងមក ។

នៅក្នុង​កិច្ចប្រជុំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ជូន​នូវ​របាយការណ៍​សំខាន់ៗ ដែល​ទាក់ទិន​នឹង​រដ្ឋាភិបាល​យួន​កំពុង​ធ្វើទុក្ខបុកម្នេញ និង​រំលោភ​យក​ដី​វត្ត នៅ​ខេត្ត​មាត់ជ្រូក​ជាដើម ជូន​ដល់​មន្ត្រី​ក្រសួងការបរទេស សហរដ្ឋអាមេរិក ឱ្យជួយ​ធ្វើ​អន្តរាគមន៍ និង​ដាក់​គំនាប​ទៅ រដ្ឋាភិបាល​យួន ឱ្យ​គោរព​សិទ្ធិមនុស្ស​ខ្មែរក្រោម និង​សេរីភាព​ជំនឿ​សាសនា របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែលជា​ម្ចាស់​ស្រុក​ជនជាតិដើម ។​

គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមមាន លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បណ្ឌិត Joshua Cooper) ជានា​យក វិទ្យាស្ថាន​សិទ្ធិមនុស្ស រដ្ឋ​ហា​វ៉ៃ និង ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ប្រធាន​គណៈកម្មការ​សាសនា អន្តរជាតិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក វ៉ាង យឿ​ង មន្ត្រី ទំនាក់ទំនង​សាធារណៈ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​សូម​ជំរាប​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ប្រជុំ​វេទិកា​អចិន្ត្រៃយ៍​អង្គការ សហប្រជាជាតិ ផ្នែក​ជនជាតិដើម នៅ​បូរី​ញូវយ៉ក ជា​រៀងរាល់ឆ្នាំ និង ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ UNPO និង ជា​សមាជិក​អង្គការសហប្រជាជាតិ​ផ្នែក​ព័ត៌មាន​សាធារណៈ (UNPDI) ព្រមទាំង​សមាជិក គណបក្ស​ចម្រុះ​ជាតិ​សាសន៍ (TRP) នៅ​ទ្វីបអឺរ៉ុប​ជាដើម ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ចលនា តស៊ូ​ដោយ​ផ្អែកលើ​គោលការណ៍​អហិង្សា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ៕