ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាមដែលបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោមដែលហ៊ានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយពីសិទ្ធិជនជាតិដើមនៅទឹកដីកំណើត។ អាជ្ញាធរវៀតណាម បានប្រើប្រាស់វិធានការច្បាប់ ផាកពិន័យ សម្លុតបំភ័យ និងប្រើប្រាស់ហិង្សាលើយុវជនខ្មែរក្រោមពេលសួរចម្លើយពួកគេ។

យុវជនខ្មែរកម្ពុជាក្រោម ជាសកម្មជនសិទ្ធិមនុស្សពីរនាក់ទៀត ត្រូវបានវៀតណាមផាកពិន័យជាច្រើនរយដុល្លារ និងកោះហៅទៅសម្លុតឲ្យឈប់ប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយរឿងសិទ្ធិជនជាតិដើម។ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមថា ជាការសងសឹកនឹងពលរដ្ឋខ្មែរក្រោម ជាពិសេសយុវជនខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិជនជាតិដើមនិងហ៊ាននិយាយរឿងពិតពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «នេះជាទង្វើការសងសឹកពលរដ្ឋខ្មែរក្រោមរបស់វៀតណាម។ វៀតណាមមិនត្រឹមតែគំរាមកំហែងបំបាក់ស្មារតីទេ គឺថែមទាំងប្រើប្រាស់ហិង្សាលើយុវជនខ្មែរក្រោមធ្វើយ៉ាងណាកុំឲ្យយុវជនខ្មែរក្រោមហ៊ានក្រោកតស៊ូមតិ ក៏ដូចជាការផ្សព្វផ្សាយច្បាប់ជនជាតិដើមនិងប្រវត្តិសាស្ត្ររបស់ខ្មែរក្រហមនៅដែនដីកម្ពុជាក្រោម»។
អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង កាលពីចុងខែមករា បានផាកពិន័យយុវជនខ្មែរក្រោម លោក ត្រេវ ស៊ីវ ចំនួន ៧ លានកន្លះ (ដុង) ឬប្រមាណជាង ៣០០ ដុល្លារ ។ អាជ្ញាធរវៀតណាម បានចោទប្រកាន់យុវជន ត្រេវ ស៊ីវ ពីបទកេងចំណេញលើសិទ្ធិសេរីភាព និងបំពានលើផលប្រយោជន៍របស់រដ្ឋ។ ការផាកពិន័យនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរវៀតណាមហៅយុវជន ត្រេវ ស៊ីវ ទៅគំរាមកំហែងចំនួន ៣លើករួចមកហើយ ដោយហាមមិនឲ្យបង្ហោះព័ត៌មានទាក់ទងនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម និងសៀវភៅឯកសារ ស្តីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ កាលពីថ្ងៃទី១០ មករា ពេលឃុំខ្លួន និងសួរចម្លើយ យុវជន ត្រេវ ស៊ីវ អាជ្ញាធរវៀតណាមបានប្រើប្រាស់អំពើហិង្សាវាយដុំទៅលើយុវជន ត្រេវ ស៊ីវ ឲ្យរងរបួសធ្ងន់មុននឹងដោះលែង។
ករណីដាច់ដោយឡែកមួយទៀត អាជ្ញាធរវៀតណាមនៅខេត្ត ឃ្លាំង កាលពីថ្ងៃទី៧ កុម្ភៈ ក៏បានកោះហៅ យុវជន យ័ញ ម៉ិញក្វាង ជាសកម្មជនខ្មែរក្រោមទៅ សាកសួរអស់រយៈពេលជាច្រើនម៉ោងទើបអនុញ្ញាតឲ្យទៅផ្ទះវិញ។ អាជ្ញាធរវៀតណាមបានសាកសួរនិងគំរាមកំហែង យុវជន យ័ញ ម៉ិញក្វាង ចំនួនដប់លើករួចហើយ។ វៀតណាមចោទយុវជនខ្មែរក្រោមរូបនេះរឿងផ្សព្វផ្សាយ ឯកសារច្បាប់អន្តរជាតិ ស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ហើយព្រមានមិនឲ្យយុវជនខ្មែរក្រោម ពាក់អាវយឺត ដែលមានរូបសញ្ញាទង់ជាតិ និងផែនទីកម្ពុជាក្រោមតទៅ។
ការប្រើប្រាស់អំពើហិង្សា និងផាកពិន័យយុវជនខ្មែរក្រោមនេះ ធ្វើឡើងក្រោយពេលដែលវៀតណាមបានក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ៣ឆ្នាំ។ សមាជិកភាពរបស់វៀតណាមបានចាប់ផ្ដើមកាលពីដើមខែមករា ឆ្នាំ២០២៣។ វៀតណាមបានចំណាយពេលឃោសនា និងដើរបញ្ចុះបញ្ចូលប្រទេសជាសមាជិកអង្គការសហប្រជាជាតិដើម្បីឲ្យបោះឆ្នោតគាំទ្រដោយសន្យានឹងលើកស្ទួយសិទ្ធិមនុស្ស។
ទោះបីជាយ៉ាងណា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗបានសំដែងក្តីបារម្ភពីការបន្តរំលោភសិទ្ធិមនុស្ស និងសាសនារបស់រដ្ឋាភិបាលវៀតណាម។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានដាក់សំណួរជាលិខិតទៅរដ្ឋាភិបាលវៀតណាមឲ្យឆ្លើយតបរឿង ការចោទប្រកាន់ នៃការធ្វើទុក្ខបុកម្នេញលើយុវជនខ្មែរក្រោម រឿងសំដែងមតិអំពីសិទ្ធិជនជាតិដើម ការចែកចាយឯកសារសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ និងសេរីភាពប្រតិបត្តិសាសនាជាដើម។
មកទល់ពេលនេះ វៀតណាមមិនទាន់ឆ្លើយតបនឹងសំណួររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅឡើយទេ។ ពាក់ព័ន្ធនឹងការបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោមនេះ ព្រះភិក្ខុ សឺងយ៉ឹងរតនា សំណូមពរឲ្យអាជ្ញាធរវៀតណាម បញ្ឈប់ជាបន្ទាន់រាល់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ជាពិសេសយុវជនខ្មែរក្រោម។
ព្រះភិក្ខុ សឺងយ៉ឹងរតនា៖ «ចំពោះបញ្ហាដែលរដ្ឋាភិបាលវៀតណាម និងអាជ្ញាធរតាមស្រុកភូមិនៅតាមបណ្ដាខេត្តដែលកោះហៅយុវជនខ្មែរក្រោមទៅគំរាមជាទង្វើអយុត្តិធម៌។ ពួកគាត់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងផ្សព្វផ្សាយប្រវត្តិសាស្ត្រតនៃដែនដីកម្ពុជាក្រោម»។
របាយការណ៍សិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងក្រសួងការបរទេសអាមេរិកបន្តរកឃើញថា រដ្ឋាភិបាលវៀតណាមបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ កាលពីឆ្នាំ ២០២២ កន្លងទៅ អាជ្ញាធរវៀតណាម រងការចោទប្រកាន់ពីការចាប់ចងមនុស្សដោយខុសច្បាប់ និងសម្លាប់មនុស្សយ៉ាងអានាធិបតេយ្យ ការធ្វើទារុណកម្ម បង្កអំពើឃោរឃៅ និងអមនុស្សធម៌។ ទោះបី រដ្ឋាភិបាលវៀតណាម ម្ដងម្កាលដាក់ទោសមន្ត្រីដែលរំលោភសិទ្ធិមនុស្ស និងអ្នកប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែមន្ត្រីប៉ូលិស និងមន្ត្រីមានអំណាចនូវតែអាចគេចផុតពីសំណាញ់ច្បាប់ដោយសារតែអំពើនិទ្ទណ្ឌភាព៕