នៅថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០១៩ សប្ដាហ៍កន្លងទៅនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំ រដ្ឋ Washington State សហរដ្ឋអាមេរិក បានរៀបចំពិធីបុណ្យ ខួប ៧០ ឆ្នាំ នៃទិវាកម្ពុជាក្រោម ឋិតនៅក្រោមនឹមអាណានិគមយួន ។ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងសមជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលពិធីនេះ នៅក្នុងវត្តចន្ទរង្សី នាទីក្រុង Tacoma ដើម្បីរំឭកដល់ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឲ្យយួនគ្រប់គ្រងកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

កម្មពិធីនេះ ប្រព្រឹត្តទៅដោយមានកិច្ចនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និងថ្វាយភត្តដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនខ្មែរគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ និងសាសនានៅដែនដីកម្ពុជាក្រោម ។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅរដ្ឋវ៉ាស៊ិនតោនស្តេត បានឡើងថ្លែងចាប់អារម្មណ៍ម្នាក់ម្តងៗ ទាក់ទិន នឹងពិធីនេះផងដែរ ។
ទាក់ទង នឹងពិធីបុណ្យខួប ៧០ ឆ្នាំ នេះដែរ ពលរដ្ឋខ្មែរក្រោមនៅទីក្រុងស៊ើរិស នឹងប្រារព្ធនៅក្នុងវត្តអង្គរបុរី ឋិតនៅក្នុងទីក្រុង ស៊ើរិស (Ceres) រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។ យោងតាមសេចក្ដីជូនដំណឹង ពិធីនេះ នឹងប្រារព្ធចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ២ រសៀល ដើម្បីរំឭក់ដល់ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន និងគោរពដល់វីរបុរស និងវីរសមណខ្មែរក្រោម ជាច្រើនរូប ក្នុងនោះ មាន ឧកញ៉ា សឺង គុយ ជាដើម ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនាខ្មែរ នៅដែនដីកម្ពុជាក្រោម ។
ព័ត៌មានបន្ថែម សូមលោកអ្នកទាក់ទង អ្នកស្រី សុភី ចៅ ដែលជា គណៈកម្មការរៀបចំតាមរយៈទូរស័ព្ទលេខ (209) 568-8478 ។