សារប្រគេន និងជូនពរឆ្នាំថ្មី ឆ្នាំ ២០១៧ របស់អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម

នៅក្នុងឱកាសចូលឆ្នាំសកលដែលជិតនឹងឈានចូលមកដល់នេះ ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំសូម ប្រគេន និងជូនពរដល់ព្រះសង្ឃ និងលោកអ្នកឲ្យបានជួបតែសេចក្ដីសុខ ចម្រើន សប្បាយរីករាយ និង សុភមង្គលនៅក្នុងគ្រួសារ ។ ម៉្យាងទៀត  នៅក្នុងឱកាសចូលឆ្នាំនេះ សូមឲ្យពិភពលោកពោរពេញទៅដោយ សេចក្ដីសុខ សន្តិភាព ជានិច្ចនិរន្តរ៍ ។

ចំណុចសំខាន់នៃរដូវឈប់សម្រាក់នេះ គឺយើងធ្វើឲ្យថ្ងៃឈប់សម្រាកមានអត្ថន័យ ។ យើងខ្ញុំ  សូមសម្ដែងនូវ ការដឹងគុណជាពិសេសដល់សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោកដែលបានខំធ្វើការគ្រប់ ពេលវេលា មិនខ្លាចនឿយហត់ ដើម្បីចូលរួមដល់ការលើកកម្ពស់នូវសំឡេងរបស់ប្រជាជាតិខ្មែរក្រោមឲ្យ ពិភព លោកបានឮ ។ ដំណើរតស៊ូរបស់យើងចាប់ពី ទីក្រុង San Francisco, New York, Washington DC នៃសហរដ្ឋអាមេរិក ទៅ ទីក្រុង Toronto, Montreal នៃប្រទេសកាណាដា, ទីក្រុង Paris, Lyon, Toulouse  នៃប្រទេសបារាំង, ទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់, ទីក្រុង ហ្សឺណែវ (Geneva) នៃប្រទេស ស្វិស, ទីក្រុង Brussels បែលស្សិក, ទីក្រុងកង់ប៊ើរ៉ា (Canberra) នៃប្រទេសអូស្ត្រាលី, ទីក្រុង Bangkok នៃព្រះរាជាណាចក្រថៃ, ទីក្រុង Dili នៃប្រទេសទីម័រខាងកើត និង ទីក្រុង Gyeongju នៃប្រទេស កូរ៉េខាងត្បូង ដើម្បីបញ្ចេញនូវសំឡេងតំណាងប្រជាជាតិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដែលមិនមានសំឡេងឲ្យពិភព លោកបានដឹងកាន់តែច្បាស់ ។

នៅក្នុងខែឧសភា ឆ្នាំ ២០១៦ សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានមកជួបជុំគ្នានៅ ទីក្រុង សាន់ ហូស្សេ (San Jose) រដ្ឋកាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក ដើម្បីបោះឆ្នោតជ្រើសរើស គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់អាណត្តិកាល ឆ្នាំ ២០១៦-២០២០ ។ ជាលើកដំបូង ផងដែរ ដែលក្រមប្រតិបត្តិសម្រាប់គណៈកម្មការនាយកបានចុះហត្ថលេខា ដោយគណៈកម្មការនាយកដែល បានជាប់ឆ្នោត ដើម្បីធានាឲ្យបាននូវក្រមសីលធម៌របស់ពួកគេក្នុងបេសកកម្មបំរើផលប្រយោជន៍ជាតិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ឆ្នាំ ២០១៦ នឹងបានឆ្លងផុតទៅ  ឆ្នាំថ្មីនឹងឈានមកដល់នេះ យើងនឹងរំឭកដល់អនុស្សាវរីយ៍មួយដែលយើង បានបំពេញបេសកកម្មជាតិរួមគ្នាអស់រយៈពេល ២០ ឆ្នាំ កន្លងមកនេះ ។ នៅថ្ងៃ ១៣, ១៤, ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខ នេះ  គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងអ្នកគាំទ្រនឹងជួបជុំគ្នានៅទី ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដើម្បីធ្វើសន្និបាតប្រចាំ ឆ្នាំ ២០១៦ ដើម្បីធ្វើរបាយការណ៍ ប្រចាំឆ្នាំចាស់ និងឡើងផែនការឆ្នាំថ្មី សម្រាប់ឆ្នាំ ២០១៧  ។ គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងសង្ខេបសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានធ្វើក្នុងឆ្នាំ ២០១៦ និងឆ្លើយនឹងសំនួររបស់សមាជិក សមាជិកាដែលបានសួរចំពោះបញ្ហាផ្សេងៗដល់ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ខ្ញុំសង្ឃឹមថា យើង  នឹងបានជួបសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមទូទាំងពិភពលោកនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។

យើងខិតខំធ្វើការរួមគ្នាដើម្បី “ធ្វើឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមអស្ចារ្យសាជាថ្មី” និងចាប់ផ្ដើមធ្វើឲ្យឆ្នាំថ្មី ឆ្នាំ ២០១៧ នេះ ជាឆ្នាំនៃប្រវត្តិសាស្ត្រ ។

ដោយសេចក្ដីគោរពពីខ្ញុំព្រះករុណា ខ្ញុំបាទ

ថាច់ វៀន

អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម

………………………………

ចុចនេះ អានសារជូនពរនេះ ជាភាសាអង់គ្លេស

ចុចនេះ អានសារជូនពរនេះ ជាភាសាយួន