ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃសៅរ៍ ទី ៨ ខែកក្កដា ចុងសប្ដាហ៍កន្លងទៅនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington សហរដ្ឋអាមេរិក បានប្រារព្ធខួប ១៦ ឆ្នាំ ថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមា ជិកអង្គការប្រជាជាតិ និងប្រជាជានគ្មានតំណាង ហៅកាត់ជាភាសាអង់គ្លេសថា UNPO ។ ពិធីនេះ មានការចូលរួម ពីគណៈកម្មការនាយក និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ និងសាខា មួយចំនួន ដូចជា ៖
• លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ
• លោក ម៉ៅ មុនី ជាអនុប្រធានប្រតិបត្តិ
• លោក ចៅ រៀប ជាប្រធានសភាព្រឹទ្ធាចារ្យ
• លោក ត្រឹង ម៉ាន់ រិន្ទ ជាប្រធានផែនការ
• លោក ចៅ សេរី ជាប្រធានហិរញ្ញិក
• លោក លោក ថាច់ តង ជាប្រធានសាខាប្រចាំតំបន់អាមេរិក ខាងលិច
• លោក ថាច់ ជូន ជាអនុប្រធានសាខាប្រចាំទីក្រុង San Jose
• លោក ឡឹម ស៊ីវេត ជាហិរញ្ញិក នៃសាខាប្រចាំទីក្រុង San Jose
• លោក ថាច់ សាមី អ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម

លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងទៅកាន់អ្នកចូលរួម កម្មវិធីរំឭកឡើងវិញ នូវប្រវត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិក U.N.P.O យ៉ាងនេះថា៖
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក បានចូលជាសមាជិក អង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ថា U.N.P.O នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈ ការចូលជាសមាជិក នៃ អង្គការនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើការតស៊ូមតិ នៅលើឆាកអន្តរ ជាតិដើម្បីជំរុញឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិខ្មែរក្រោម ជាម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម ។
អង្គការ U.N.P.O បានបង្កើតឡើង នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩១ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេស ហូឡង់ ។ ក្នុងគោលបំណង តស៊ូមតិដោយ ដោយសន្តិវិធី និង អហិង្សាដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិវប្បធម៌ជូនសមាជិក របស់ខ្លួន ។ ចាប់តាំងពី U.N.P.O បានបង្កើតមកដល់សព្វថ្ងៃ មានសមាជិកទាំងអស់ជិត ៩០ មកពីគ្រប់ទ្វីបក្នុងពិភពលោក ក្នុងនោះ មានជនជាតិដើម ជនជាតិភាគតិច និងជនជាតិដែលគេមិន ទទួលស្គាល់ ឬ ជនជាតិដែលកំពុងត្រូវបរទេសធ្វើអាណានិគម ។ សព្វថ្ងៃ សមាជិក U.N.P.O នៅសល់ប្រមាណជាង ៤០ ប៉ុណ្ណោះ ។