ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅក្នុងថ្ងៃទី ២ នៃសប្ដាហ៍ទី ២ របស់កិច្ចប្រជុំលើកទី ១៤ នៃវេទិកាអចិន្ត្រៃយ៍ អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ដែលកំពុងតែប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក សហព័ន្ធខ្មែរកម្ពុជាក្រោម បានអធីបតីនៃកិច្ចប្រជុំអនុញ្ញាតឲ្យឡើងផ្ដល់អនុសាសន៍ដល់អង្គវេទិកា ស្ដីពីសេចក្ដីសម្រេចដោយមិនបង្ខំទាក់ទងនឹងសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ។

នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៥ នាង ត្រឹង បុប្ផា យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសអ៊ីតាលី បានអាននូវសេចក្ដីថ្លែងការណ៍ផ្ដល់អនុសាសន៍ដល់អង្គការសហប្រជាជាតិយ៉ាងនេះថា៖
លោក អធិបតី!
តាងនាមពលរដ្ឋរាប់លាននាក់ដែលកំពុងតែរស់នៅក្នុងដែនដីកម្ពុជាក្រោម ឬ ដីសណ្តទន្លេមេគង្គនៃប្រទេសវៀតណាម, យើងខ្ញុំ សូមថ្លែងអំណរគុណ លោកអធិបតីដែលបានអនុញ្ញាតឱ្យពួកយើងបានថ្លែងការណ៍ក្នុងនាម ជនជាតិដើមរបស់យើង ។ យើងខ្ញុំ សូមសម្ដែងនូវការគាំទ្ររបស់យើងចំពោះការបញ្ចូលនូវ “សេចក្ដីសម្រេចមិនបង្ខំ”មួយលើ “សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម” (UNDRIP) ដែលជាយន្តការមួយ អនុញ្ញាតឱ្យបុគ្គល និងជនជាតិដើមនានា អាចត្រួតពិនិត្យលើការអនុវត្តរបស់ខ្លួន និងការគាំពារជនជាតិដើម, រដ្ឋ, ភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានាដែលមានការទទួលខុសត្រូវ ។
យើងខ្ញុំ យល់ថា នៅមានបញ្ហាជាច្រើនដែលកំពុងតែប្រឈមនឹងកិច្ចអនុវត្តឲ្យមានប្រសិទ្ធភាពចំពោះសេចក្ដីសម្រេច មួយដែលមានលក្ខណៈអនុវត្តជាក់ស្ដែងយ៉ាងទួលំទូលាយរបស់ខ្លួន ។ ចុងក្រោយ យើងខ្ញុំ សូមផ្ដល់អនុសាសន៍ ជាការពិចារណាដូចខាងក្រោម ៖
ទី ១. បទប្បញ្ញត្តិនៃសេចក្ដីសម្រេចមិនចាប់បង្ខំនេះ គួរតែរួមបញ្ចូលជានីតិវិធីបណ្តឹង, នីតិវិធីស៊ើបអង្កេត និងប្រព័ន្ធព្រមានឲ្យបានឆាប់រហ័ស ។ ស្រដៀងគ្នាទៅនឹងសេចក្ដីសម្រេចសម្រាប់អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ។ សេចក្ដីសម្រេចមិនចាប់បង្ខំសម្រាប់ សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) នេះក៏គួរតែអនុញ្ញាតឱ្យមានការស៊ើបអង្កេតលើអំពើហិង្សាក្នុងនាមនៃមនុស្សឬក្រុមដែលមិនមានលទ្ធភាពដើម្បីរាយការណ៍ពីការរំលោភបំពានដោយសារតែការភ័យខ្លាចនៃការសងសឹក ។
ទី ២. មានការត្រួតពិនិត្យឲ្យបានញឹកញាប់ ។ ប្រទេសដែលត្រូវសំណូមពរត្រូវដោះស្រាយលើអនុសាសន៍ជាក់ស្ដែង លើករណីពេលដែលសេចក្ដីសម្រេចបានដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ ជាគំរូសម្រាប់ការត្រួតពិនិត្យជាសកល ។ នោះហើយ វាអាចធ្វើឲ្យសេចក្ដីសម្រេចមិនបង្ខំមានប្រសិទ្ធភាព ។ ឧទាហរណ៍ដូចជា ពាក្យបណ្ដឹង, ប្រព័ន្ធព្រមាន ប្រទេសនានាត្រូវតែដាក់សំណើរដើម្បីស្វែងរកដំណោះស្រាយ រាល់ពេលមានអ្វីកើតឡើង និងរាល់ពេលមានអនុសាសន៍ គណៈកម្មការត្រួតពិនិត្យត្រូវលើកយកមកធ្វើឲ្យមានដំណើរការទៅមុខ ។
ទី ៣. ផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពរបស់ព័ត៌មាន ទាក់ទងនឹងសេចក្ដីសម្រេចមិនបង្ខំដើម្បីធានាឲ្យបានថា ជនជាតិ ដើមមានការយល់ ដឹងដល់កម្រិតណា ដើម្បីធ្វើសេចក្ដីរាយការណ៍អំពីបញ្ហាសិទ្ធិមនុស្ស ។ នីតិវិធីនៃសេចក្ដីសម្រេច មិនបង្ខំ ក៏គួរតែអនុញ្ញាតឲ្យជនជាតិដើមធ្វើសេចក្ដីរាយការណ៍របស់ពួកគេស្ដីអំពីបញ្ហាការរំលោភសិទ្ធិមនុស្ស នៅក្នុងភាសារបស់ខ្លួន និងរាយការណ៍ដោយមិនតម្រូវឱ្យមានការចូលរួមវេទិកាអចិន្ត្រៃយ៍ក៏បាន ។
ទី ៤. ដំណើរការដែលអង្គការមិនមែនរដ្ឋាភិបាល, ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថាប័នឯកជនក្នុងប្រតិបត្តិការនៅក្នុងរដ្ឋជាសមាជិកមួយ អាចត្រូវទទួលការបណ្តុះបណ្តាលដើម្បីធ្វើសកម្មភាពជាការរាយការណ៍ស្ដីពីការរំលោភបំពានសិទ្ធិមនុស្ស ។ ក្នុងលក្ខណៈនេះ, មិនត្រឹមតែធ្វើឲ្យជនជាតិដើមនឹងមានមធ្យោបាយបន្ថែមដើម្បីរាយការណ៍តាមរយៈការរំលោភសិទ្ធិមនុស្ស ហើយវាក៏នឹងជួយសម្រួលដល់កិច្ចសហការរបស់អង្គការឱ្យស្គាល់កាន់តែទូលាយថែមទៀតដើម្បីជាការឆ្លើយតបទៅនឹងការរំលោភបំពានសិទ្ធិមនុស្ស ។ លើសពីនេះទៀត វាក៏នឹងលើកកម្ពស់សិទិ្ធមនុស្សជនជាតិដើម នៅក្នុងស្មារតី សង្គម និងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋជនជាតិដើម និងមិនមែនជនជាតិដើម ។
ចុងបញ្ចប់ យើងខ្ញុំ ចង់ឲ្យមានការពិនិត្យ និងការពិចារណាលើសំណួរមួយដែលវាអាចប៉ះពាល់ដល់ជនជាតិដើមទាំងឡាយដែលមិនត្រូវគេទទួលស្គាល់ – ភាពខ្វះការទទួលស្គាល់អត្តសញ្ញាណរបស់ជនជាតិដើមដោយរដ្ឋ វាជះឥទ្ធិពលយ៉ាងណាខ្លះទៅលើសេចក្ដីសម្រេចមិនបង្ខំរបស់ជនជាតិដើម ?
សូមអរគុណ លោកអធិបតី !