ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដើម្បី​ជម្រាប​បញ្ហា​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម​

ដោយ ស៊ឺន ចែងចើន l VOKK

កាលពី​ថ្ងៃទី ២២ ខែ មករា កន្លងទៅ​ថ្មីៗ នេះ លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ​គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលជួប​មន្ត្រី​ក្រសួង ការបរទេស​សហរដ្ឋ​អាមេរិក និង​មន្ត្រី​គណៈកម្មការ​សាសនា​អន្តរជាតិ នៃ​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វា​ស៊ីន​តោន ឌី​ស៊ី សហរដ្ឋអាមេរិក ដើម្បី​ជំរាប​អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្រោម ។ នៅក្នុង​កិច្ចប្រជុំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជម្រាបជូន​នូវ​របាយការណ៍​សំខាន់ៗ ដែល​ទាក់ទិន នឹង​រដ្ឋាភិបាល​យួន​កំពុង​ធ្វើទុក្ខបុកម្នេញ និង​រំលោភ​យក​ដី​វត្ត នៅ​ខេត្ត​មាត់ជ្រូក​ជាដើម ជូន​ដល់​មន្ត្រី​ក្រសួងការបរទេស សហរដ្ឋអាមេរិក ឱ្យជួយ​ធ្វើ​អន្តរាគមន៍ និង​ដាក់​គំនាប​ទៅ រដ្ឋាភិបាល​យួន ឱ្យ​គោរព​សិទ្ធិមនុស្ស​ខ្មែរក្រោម និង​សេរីភាព​ជំនឿ​សាសនា របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែលជា​ម្ចាស់​ស្រុក​ជនជាតិដើម ។​

លោក ប្រាក់ សេរីវុឌ្ឍន៍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ប្រាក់ សេរីវុឌ្ឍន៍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម

​គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមមាន លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បណ្ឌិត ចូ​ស្សួ ខូ​ប​ភឺ (Joshua Cooper) ជា​នាយក​វិទ្យាស្ថាន​សិទ្ធិមនុស្ស រដ្ឋ​ហា​វ៉ៃ និង ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ប្រធាន​គណៈកម្មការ​សាសនា អន្តរជាតិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក វ៉ាង យឿ​ង មន្ត្រី ទំនាក់ទំនង​សាធារណៈ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​បន្ទាប់ពី​ការជួប​ធ្វើ​សវនាការ​ជាមួយ នឹង​មន្ត្រី​ក្រសួងការបរទេស​រួច​មក ។ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​អញ្ជើញ​ទៅ​ជួប​មន្ត្រី​នាយកដ្ឋាន​រដ្ឋា​បាល​នៃ​សហរដ្ឋអាមេរិក​មួយចំនួន​ទៀត មាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជាដើម និង​នៅ​ថ្ងៃជា​បន្តបន្ទាប់ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏ នឹង​ចូលទៅ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី (RFA) និង​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ដើម្បី​រាយការណ៍​អំពី​លទ្ធផល​នៃ​ការជួប​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ និង​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផងដែរ ។​

​សូម​ជំរាប​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ប្រជុំ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ ផ្នែក​ជនជាតិដើម នៅ​បូរី​ញូវយ៉ក ជា​រៀងរាល់ឆ្នាំ និង​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ UNPO និង​ជា​សមាជិក​អង្គការសហប្រជាជាតិ​ផ្នែក​ព័ត៌មាន​សាធារណៈ (UNPDI) ព្រមទាំង​សមាជិក គណបក្ស​ចម្រុះ​ជាតិ​សាសន៍ (TRP) នៅ​ទ្វីបអឺរ៉ុប​ជាដើម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ចលនា តស៊ូ​ដោយ​ផ្អែកលើ​គោលការណ៍​អហិង្សា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ៕