អាមេរិកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងកិច្ចប្រជុំ ECOSOC

ដោយ ថាច់ ប្រជា គឿន

សហរដ្ឋអាមេរិក​ បាន​គាំទ្រ​ ​ខណៈ​ដែល​ប្រទេស​វៀតណាម​ បាន​ជំទាស់​ចំពោះ​សំណើ​របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KKF​) ក្នុង​ការ​ទទួល​នូវ​ឋានៈ​ជា​អ្នកផ្ដល់​យោបល់​ដល់​ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​ សង្គមកិច្ច​ របស់​អង្គការសហប្រជាជាតិ​ (ECOSOC​) ។ គណៈកម្មការ​របស់​ ECOSOC​ នឹង​ពន្យា​ពេល​ ៦ ខែ​ទៀត​ សម្រាប់​ពិនិត្យ​ឡើងវិញ​នូវ​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដោយសារ​ មាន​ប្រទេស​មួយចំនួន​បាន​ដាក់ជា​សំនួរ​ និង​ផ្ដល់​ជា​អនុសាសន៍​ ទៅ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ឲ្យ​ធ្វើការ​បំភ្លឺ​ទាក់ទង​នឹង​បេ​សស​កម្ម​ របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។ ​

ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​ សង្គមកិច្ច​ របស់​ អង្គការសហប្រជាជាតិ​ ដែល​ហៅ​កាត់​ជា​ភាសាអង់គ្លេស​ថា​ អ៊ី​កូ​សក់​ (ECOSOC​) បាន​ពិនិត្យ​សាជាថ្មី​នូវ​សំណើ​លើក​ទី​ ៣ របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KKF​) ក្នុង​ការ​ទទួល​នូវ​ឋានៈ​ជា​អ្នកផ្ដល់​យោបល់​ដល់​ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​ សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ​ (ECOSOC​) ។ ការពិនិត្យ​នេះ​ ធ្វើឡើង​នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ​ នាទី​ក្រុង​ New​ York​ ​ សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី​ ២០​ និង​ ២១​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ ។ នៅក្នុង​កិច្ចប្រជុំ​ដែល​មាន​វត្តមាន​ប្រទេស​នានា​ ជាស​មា​ជិ​ក ECOSOC​ ​ ចូលរួម​ផង​នោះ​  នៅ​ថ្ងៃទី​ ២១​ ខែឧសភា តំណាង​ នៃ​ប្រទេស​វៀតណាម​ បាន​ថ្លែង​ជំទាស់​ចំពោះ​សំណើ​ររបស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដោយ​លើក​ហេតុផល​ថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​អង្គការ​មាន​គោលបំណង​បំបែក​ទឹកដី​ចេញពី​ប្រទេស​វៀតណាម​ដោយសារ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មាន​ទង់ជាតិ​ ភ្លេងជាតិ​ និង​ ផែនទី​ដែនដី​កម្ពុជាក្រោម​ ។ ចំណែក​តំណាង​សហរដ្ឋអាមេរិក​ វិញ​ បាន​ថ្លែង​ជំទាស់​ចំពោះ​សេចក្ដីថ្លែង​ការណ៍​របស់​វៀតណាម​ ដោយ​សរសើរ​ថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​អង្គការ​មួយ​ដែល​ធ្វើការ​បាន​យ៉ាង​ល្អ​ប្រសើរ​ ក្នុង​ការ​លើកកម្ពស់​នូវ​សិទ្ធិមនុស្ស​ ​វប្បធម៌​ និង​ សាសនា​ របស់​ជនជាតិ​ដើម​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ។ សង្គ្រាម​ពាក្យសម្ដី​រវាង​ប្រតិភូ​វៀតណាម​ និង​ សហរដ្ឋអាមេរិក​ ធ្វើឡើង​ក្រោយ​មួយថ្ងៃ​ដែល​ ប្រតិភូ​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថ្លែង​ជម្រាប​ដល់​អង្គប្រជុំ​ អំពី​បេសកកម្ម​ និង​គោលបំណង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក្នុង​ការ​ស្នើសុំ​ឋានៈ​ជា​អ្នកផ្ដល់​យោបល់​ដល់​ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​ សង្គមកិច្ច​ របស់​អង្គការសហប្រជាជាតិ​ (ECOSOC​) នៅ​ថ្ងៃទី​ ២០​ ខែឧសភា​ ដើម​សប្ដាហ៍​នេះ​ ។

ប្រតិភូវៀតណាម ។
ប្រតិភូវៀតណាម ។

តំណាង​នៃ​ប្រទេស​វៀតណាម​បាន​ថ្លែង​ជំទាស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ យ៉ាងនេះ​ថា​៖

“អរគុណ​លោក​ លោក​អធិបតី​ និង​ ប្រតិភូ​នានា​ ដែល​បាន​ផ្ដល់​វេទិកា​នេះ​ដល់​ខ្ញុំ​ ។ ខ្ញុំ​សូម​យក​វេទិកា​នេះ​ ថ្លែង​ទាក់ទង​នឹង​ក្រុម​ដែល​ហៅថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ឬ KKF​ ។ ខ្ញុំ​បានដឹង​ថា​ កាលពី​ម្សិលមិញ​ អង្គការសហប្រជាជាតិ​បាន​សន្ទនា​អំពី​រឿង​នេះ​ហើយ​ ។ នៅ​ព្រឹក​នេះ​ ខ្ញុំ​សូម​យក​វេទ​កា​នេះ​ ផ្ដល់​នូវ​ព័ត៌មាន​ដល់​គណៈកម្មការ​ និង​ប្រតិភូ​ទាំងអស់​បាន​ជ្រាប​ ។ ប្រតិភូ​របស់ខ្ញុំ​ ក្នុងនាម​ប្រតិភូ​ នៃ​ ប្រទេស​វៀតណាម​ សូម​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​សំណើ​របស់​អង្គការ​ដែល​ហៅថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ឬ KKF​ ។ KKF​ ជា​អង្គការ​បំផុសគំនិត​នយោបាយ​ និង​អនុវត្ត​នូវ​សកម្មភាព​ជាច្រើន​ក្នុង​ការ​បំបែក​បូរណភាព​ដែនដី​នៃ​ប្រទេស​វៀតណាម​ ។ ពួកគេ​ធ្វើដំណើរ​ឆ្ពោះទៅ​រក​ការបង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ ដោយ​ពួកគេ​បាន​បង្កើត​នូវ​និមិត្តសញ្ញា​សម្រាប់​រដ្ឋាភិបាល​របស់​ខ្លួន​ ដូចជា​ ទង់ជាតិ​ ​; ភ្លេង​ និង​ ចម្រៀង​គោរព​ទង់ជាតិ​ ​; ព្រមទាំង​ផែនទី​ជាតិ​ គ្របដណ្ដប់​លើ​ដែនដី​ទាំង​ ១៦​ ខេត្ត​ និង​ ប្រជាជន​រាប់​លាន​នាក់​ ក្នុង​នោះ​ មាន​ជនជាតិភាគតិច​ប្រមាណ​ ៥០​ ក្រុម​ ​; នៅ​ភាគ​ខាងត្បូង​ នៃ​ ប្រទេស​វៀតណាម​ សព្វថ្ងៃ​ ។ ពួកគេ​មាន​សមាជិក​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ ទី​ដែល​ពួកគេ​ធ្លាប់​បាន​ធ្វើបាតុកម្ម​ និង​ ដុត​ទង់ជាតិ​ប្រទេស​វៀតណាម​ នៅមុខ​ស្ថានទូត​វៀតណាម​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​មាន​គំរោង​បំផ្លិច​បំផ្លាញ​ស្ថានទូត​ ។ សកម្មភាព​ទាំងនេះ​ ជា​ទង្វើ​ពុះបំបែក​បូរណភាព​ដែនដី​នៃ​ប្រទេស​វៀតណាម​ និង​បាន​រំលោភបំពាន​ជា​ទម្ងន់​ដល់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ ។ សម្រាប់​មូលហេតុ​ក្នុង​ការ​ដាក់​សំណើ​របស់​ KKF​ ត្រូវ​ គណៈកម្មការ​ នៃ​ ក្រុមប្រឹក្សា​ សេដ្ឋកិច្ច​ និង​ សង្គមកិច្ច​ របស់​ អង្គការសហប្រជាជាតិ​ (ECOSOC​) បិទ​ចោល​ពីរ​លើក​រួចមក​ហើយ​ ​; ក្នុង​នោះ​ លើកទីមួយ​នៅ​ឆ្នាំ​ ២០១២​ និង​ លើក​ទីពីរ​នៅ​ ឆ្នាំ​ ២០១៦​ ។ វៀតណាម​ជំទាស់​យ៉ាង​ពេញទំហឹង​ចំពោះ​សំណើ​ររបស់​ KKF​ និង​មិន​មាន​អនុសាសន៍​ណាមួយ​គាំទ្រ​ចំពោះ​អង្គការ​នេះ​បាន​ទទួល​នូវ​ឋានៈ​ជា​អ្នកផ្ដល់​យោបល់​ដល់​ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​ សង្គមកិច្ច​ របស់​អង្គការសហប្រជាជាតិ​ (ECOSOC​) និង​ ប្រតិភូ​របស់​យើងខ្ញុំ​បាន​ត្រៀម​ជា​ស្រ​ចក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ គណៈកម្មការ​ ECOSOC​ ក្នុងករណី​ចាំបាច់​ ។ សូម​អរគុណ​ លោក​អធិបតី​ !” ។

ប្រតិភូសហរដ្ឋអាមេរិក ។
ប្រតិភូសហរដ្ឋអាមេរិក ។

បន្ទាប់ពី​ប្រតិភូ​ នៃ​ ប្រទេស​វៀតណាម​ បាន​ថ្លែង​ជំទាស់​រួចមក​ ​ ប្រតិភូ​តំណាង​សហរដ្ឋអាមេរិក​ បាន​ថ្លែង​គាំទ្រ​ចំពោះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ យ៉ាងនេះ​ថា​៖

“អរគុណ​ជា​អតិបរមា​ចំពោះ​លោក​អធិបតី​ ។ ប្រតិភូ​ នៃ​ សហរដ្ឋអាមេរិក​ សូម​ថ្លែង​យោង​តាម​របាយ​ការណ៍​ ។ សូម​អរគុណ​ ។ ពាក់ព័ន្ធ​នឹង​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KKF​) គឺ​ បេសកកម្ម​របស់​អង្គការ​នេះ​ ធ្វើសកម្មភាព​ដើម្បី​ការពារ​ និង​ លើកកម្ពស់​នូវ​វត្តមាន​របស់​ខ្មែរក្រោម​ និង​ ធានា​នូវ​សិទ្ធិ​ជា​ មូលដ្ឋាន​របស់​ខ្មែរក្រោម​ក្នុងនាម​ជា​ពលរដ្ឋ​របស់​ប្រទេស​វៀតណាម​ ដែល​នឹង​ត្រូវ​បានការ​ពារ​ ។ KKF​ បាន​ធ្វើការ​យ៉ាង​ល្អ​ប្រសើរ​ ក្នុង​ការ​លើកកម្ពស់​នូវ​សេរីភាព​ខាង​សាសនា​ និង​ភាសា​របស់​ខ្មែរក្រោម​ ដើម្បី​ធានា​ថា​ ពួកគេ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ស្មើគ្នា​នឹង​ពលរដ្ឋ​នៅក្នុង​ប្រទេស​វៀតណាម​ ។ អង្គការ​នេះ​ ជា​តំណាង​ពលរដ្ឋខ្មែរ​ក្រោម​ រួម​ទាំង​ព្រះសង្ឃ​ខ្មែរក្រោម​ ផង​ដែរ​ ។ ព្រះសង្ឃ​ដែល​ធ្វើការ​តស៊ូ​មតិ​ដើម្បី​សេរីភាព​ខាង​សាសនា​ និង​ ធ្វើការ​អប់រំ​ដើម្បី​លើកកម្ពស់​និង​រក្សា​នូវ​ភាសា​ វប្បធម៌​ ភូមិ​សាស្រ្ត​ និង​ ប្រវត្តិសាស្ត្រ​ខ្មែរ​ នឹង​ត្រូវ​រង​ការ​ធ្វើទារុណកម្ម​ និង​វាយប្រហារ​ពី​រដ្ឋាភិបាល​វៀតណាម​” ។

នេះ​ជា​សំណើ​លើក​ទី​ ៣ របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បន្ទាប់ពី​ ២ លើក​មុន​ គឺ​ នៅ​ឆ្នាំ​ ២០១២​ និង​ ២០១៦​ មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​នូវ​ឋានៈ​ជា​អ្នកផ្ដល់​យោបល់​ដល់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​ សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ​ ។ សំណើ​របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​ត្រូវ​ពន្យា​ទៅ​ ៦ ខែ​ទៀត​ដើម្បី​ពិនិត្យ​ឡើងវិញ​ ដោយ​ប្រទេស​វៀតណាម​បាន​ជំទាស់​ និង​ប្រទេស​មួយចំនួន​ទៀត​បាន​ដាក់ជា​សំនួរ​ និង​ផ្ដល់​អនុសាសន៍​ទៅ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ឲ្យ​ធ្វើ​របាយការណ៍​លម្អិត​ទៅ​ពួកគេ​ ​ ។ ប្រទេស​ទាំងនោះ​ រួមមាន​ ចិន​, ឥណ្ឌា​, គុយបា​, ​ រុស្ស៊ី និង​ នី​កា​រ៉ា​វ៉ា​ (Nicaragua​) ។

លោក ម៉ៅ មុនី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ម៉ៅ មុនី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោក​ ម៉ៅ​ មុនី​ ជា​អនុប្រធាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​តំណាង​ប្រតិភូ​ខ្មែរក្រោម​ បាន​ថ្លែង​ឆ្លើយតប​ នឹង​សំនួរ​របស់​ប្រទេស​ដែល​បាន​សួរ​ទៅ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​ធ្វើ​របាយការណ៍​ពិស្ដារ​ជូន​ទៅ​ គណៈកម្មការ​ នៃ​ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​ សង្គមកិច្ច​ របស់​អង្គការសហប្រជាជាតិ​ បន្ទាប់ពី​កិច្ចប្រជុំ​លើក​នេះ​ ។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​ចលនាតស៊ូ​របស់​ខ្មែរក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​ មាន​សាខា​នៅ​ជុំវិញ​ពិភពលោក​ ធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា​លើឆាកអន្តរជាតិ​ ដើម្បី​បំផុសគំនិត​ឲ្យ​ពលរដ្ឋខ្មែរ​ ក្រោម​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្លួន​  ដើម្បី​ឆ្ពោះទៅ​រក​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួន​ឯង ក្នុងនាម​ជា​ម្ចាស់​ស្រុក​ នៃ​ដែនដី​កម្ពុជាក្រោម​ ។ សព្វថ្ងៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជាស​មា​ជិ​ក នៃ​ អង្គការ​ ប្រជាជាតិ​ និង​ ប្រជាជន​គ្មាន​តំណាង​ (UNPO​) និង​ បាន​ចូលរួម​ថ្លែងការណ៍​ជាបន្តបន្ទាប់​នៅក្នុង​អង្គការ​ សហប្រជាជាតិ​ ដើម្បី​ការពារ​នូវ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​កំពុងតែ​ រស់នៅ​ក្រោម​នឹម​អាណានិគម​យួន​ សព្វថ្ងៃ​ ៕