KKF អំពាវនាវអន្តរជាតិការពារការរំលោភសិទ្ធិមនុស្សខ្មែរក្រោម

ដោយៈ ចៅ មុនីខេមរា
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហ-រដ្ឋអាមេរិកបានឲ្យដឹងថា លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរក្រោមកម្ពុជាក្រោម (KKF) បានដឹកនាំប្រតិភូមួយក្រុមចូលជួបមន្រ្តីគណៈកម្មការ សហរដ្ឋអារមេរិក ទទួលបន្ទុកផ្នែកសេរីភាពសាសាសនាអន្តរជាតិ និងមន្រ្តីសំខាន់ ៗ ក្នុងជួររដ្ឋាភិបាលអាមេរិក ដើម្បីរៀបរាប់ពីទុក្ខសោករបស់ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ដោយសារការញាំញីធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរយួន មកលើជនជាតិដើមខ្មែរកម្ពុជាក្រោម ។
 លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម រួមដំណើរជាមួយលោក ត្រឹង យ៉ាប, លោក ថាច់ ឡេន នី និងព្រះតេជគុណ ធីធី ធម្មោ អគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម បានពាំនាំសារទុក្ខរបស់ខ្មែរក្រោមប្រមាណ ៨ ទំព័រ ស្តីពីការរំលោភសិទ្ធិមនុស្ស ការរំលោភសេរីភាពសាសនា ការរឹបអូសយកដីធ្លីប្រជាពលរដ្ឋ និងបញ្ហាជាច្រើនទៀត ដែលកំពុងត្រូវបានរដ្ឋាភិបាលកុម្មុយនិស្ត អនុវត្តន៍ច្រាសបណ្តោយមកលើជនជាតិដើមខ្មែរកម្ពុជាក្រោម ។
 តាមរយៈសេចក្តីអំពាវនាវ ដែលមានចំនួន៨ ទំព័រ សហ-ព័ន្ធខ្មែរកម្ពុជាក្រោម ជូនមន្រ្តីសំខាន់ នៃអ្នកនយោបាយអាមេរិក ជាពិសេសលោក Scott Flipse មន្រ្តីជាន់ខ្ពស់ នៃគណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានរៀបរាប់ពីនយោបាយរបស់រដ្ឋាភិបាល យួន ដែលមានបំណងផ្តាច់ផ្តិលពូជសាសន៍ខ្មែរក្រោមផងដែរ ។
 សេចក្តីថ្លែងការណ៍របស់សហព័ន្ធ បានលើកឡើងករណីដែលរដ្ឋាភិបាលកុម្មុមយនិស្តយួនចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម ក្នុងខេត្តព្រះត្រពាំង និងខេត្តឃ្លាំងជាដើម ។ ជាអាទ៌ព្រះតេជគុណ
ថាច់ លី ភោ ត្រូវបានអាជ្ញាធរយួនខេត្តព្រះត្រពាំងចាប់ផ្សឹកនូវថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០០៥ ហើយបញ្ជូនដាក់ពន្ធនាគារអស់រយៈ ៣ ខែ និង ១៨ ថ្ងៃ ។ ក្រៅពីនោះមានព្រះសង្ឃជាង ២០ អង្គ នៅខេត្តឃ្លាំង ត្រូវបានអាជ្ញាធរយួនផ្សឹក រីឯព្រះសង្ឃ ៥ អង្គផ្សេងទៀតត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារទាំងគឃ្លើន ។
 ជាមួយគ្នានឹងសេចក្តីថ្លែងការណ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មានភ្ជាប់នូវរូបថតជាភស្តុតាងស្តែង ៗ អំពីការរំលោភសិទ្ធិមនុស្ស និងសេរីជំនឿសាសនា ។ ជាឧទាហរណ៍ការចាប់ផ្សឹកព្រះតេជគុណ ទឹម សាខន ដោយលោកតា ទេព វង្ស និងមន្រ្តីក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា ហើយបញ្ជូនទៅដាក់ពន្ធនាគារនៅស្រុកយួន ។ មកដល់សព្វថ្ងៃនេះ ទោះបីព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរយួនដោះលែង បន្ទាប់ពីជាប់គុកអស់រយៈពេល ១ ឆ្នាំ ប៉ុន្តែព្រះតេជគុណ ទឹម សាខន នៅតែពុំទាន់មានសិទ្ធិសេរីក្នុងការដើរហើរដដែល ។
 ក្រៅនេះ សេចក្តីថ្លែងការណ៍របស់សហព័ន្ធ បានលើកឡើងពីករណីដែលអាជ្ញាធរយួន រឹបអូសយកដីធ្លី និងសកម្មភាព
បង្ក្រាបមកលើប្រជាពលរដ្ឋខ្មែរក្រោម ក្រោកឡើងតវ៉ារឿងដីធ្លី យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានលើកឡើងអំពីការរើសអើងក្នុងអប់រំ ដែលត្រូវបានគេសង្កេតឃើញថា ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម គឺមិនត្រូវបានក្រុងហាណូយផ្តល់ឱកាស ឬបង្កលក្ខណៈងាយស្រួល ដើម្បីទទួលបានការអប់រំខ្ពស់ ឬអាហារូបករណ៍ដើម្បីមកសិក្សានៅក្រៅប្រទេសឡើយ ។ ពិសេសប្រវត្តិសាស្រ្តខ្មែរក្រោម គឺត្រូវបានរដ្ឋាភិបាលយួនបិទទាំងស្រុង ។
 ក្នុងឱកាសជួបមន្រ្តីជាន់ខ្ពស់ និងគណៈកម្មការសហរដ្ឋអាមេរិកផ្នែកសេរីភាពសាសនាអន្តរជាតិ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានគេអញ្ជើញក្នុងពិធីលាងសាយភោជន៍ អបអរប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មីលោក បារ៉ាក់ អូបាម៉ា ដែលបានឡើងកាន់ដំណើរកាលពីថ្ងៃទី ២០ កន្លងទៅថ្មី ៗ នេះ លោក ថាច់ ង៉ុក ថាច់ បានសម្តែងការរជឿជាក់ដ៏មុតមាំថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី និងមន្រ្តីជាន់សហរដ្ឋអាមេរិក រួមជាមួយគណៈកម្មការសហរដ្ឋអាមេរិកផ្នែកសេរីភាពសាសនាអន្តរជាតិ នឹងចាត់វិធានការផ្នែកការទូត និងផ្លូវច្បាប់បង្ខំឲ្យរដ្ឋាភិបាលយួន ត្រូវតែបន្ទន់ឥរិយាបថរបស់ខ្លួន ។
 សេចក្តីថ្លែងការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានដាក់ជូនទៅលោក Scott Flipse មន្រ្តីគណៈកម្មាសហរដ្ឋអាមេរិក ផ្នែកសេរីភាពសាសនាអន្តរជាតិ ដែល “ព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម” ទទួលបានតាមរយៈអ៊ីមែល លោក ត្រឹង យ៉ាប សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរើសអើង ការរំលោភសិទ្ធិមនុស្ស សេរីភាពជំនឿសាសនា និងការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋជនជាតិដើមខ្មែរកម្ពុជាក្រោម ។
 តាមរយៈលោក ត្រឹង យ៉ាប បានអ៊ីមែលមកកាន់ការិយា-
ល័យព្រឹត្តិបត្រយើងខ្ញុំ សេចក្តីថ្លែងការណ៍រួមមានការអំពាវនាវចំនួន ១៣ ចំណុច ដាក់ជូនទៅគណៈកម្មការសហរដ្ឋអាមេរិកផ្នែកសេរីភាពសាសនាអន្តរជាតិ ។ ទី១-ជំរុញឲ្យប្រទេសយួន គោរពនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយបញ្ឈប់សកម្មភាពក្រុមមន្រ្តីអាជ្ញាធរ យួន ដែលកំពុងតាមបំភិតបំភ័យ ឃ្លាំមើលព្រះតេជគុណ ទឹម សាខន ហើយត្រូវតែបញ្ជូនព្រះអង្គត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញដោយឥតលក្ខខ័ណ្ឌ ។ ទី២-ជំរុញឲ្យប្រទេសយួន ដោះលែងព្រះសង្ឃ ៤ អង្គ ដែលត្រូវគេចាប់ផ្សឹក ហើយដាក់ពន្ធនាគារដោយឥតលក្ខខ័ណ្ឌ ។ ទី៣-ជំរុញឲ្យប្រទេសយួន អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរក្រោម អនុវត្តន៍សិទ្ធិរបស់ពួកគេដោយសេរី ដោយអនុញ្ញាតឲ្យបង្កើតអង្គការព្រះសង្ឃពុទ្ធសាសនាថេរវាទឯករាជ្យមួយ ដែលពុំមានការជ្រៀតជ្រែកពីរដ្ឋាភិបាលកុម្មុយនិស្តយួន ។ ទី៤-ជំរុញឲ្យប្រទេសយួន គោរពសិទិ្ធមនុស្សខ្មែរក្រោម ជាពិសេសសិទ្ធិកាន់កាប់ដីធ្លីកេរដូនតារបស់ពួកគេ ។ ទី៥-ជំរុញឲ្យប្រទេសយួន អនុញ្ញាតឲ្យខ្មែរក្រោមសិក្សាអក្សរសាស្រ្ត និងប្រវត្តិសាស្រ្តកំណើតខ្លួនដោយសេរី តាមលក្ខណៈឯករាជ្យ ដោយមិនមានការជ្រៀតជ្រែកពីសាលារដ្ឋ ។ ទី៦-ជំរុញឲ្យប្រទេសយួន អនុញ្ញាតឲ្យនិស្សិតខ្មែរក្រោមទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សាថ្នាក់ខ្ពស់នៅប្រទេសក្រៅ ។ ទី៧-ជំរុញឲ្យប្រទេសយួន អនុញ្ញាតឲ្យខ្មែរក្រោមមានសិទ្ធិបង្កើតសមាគមដោយសេរី ជាពិសេសអង្គការសិទ្ធិមនុស្ស ដើម្បីធ្លាំមើលករណីរំលោភសិទិ្ធមនុសខ្មែរក្រោមនៅក្នុងប្រទេសយួន ។ ទី៨-ជំរុញឲ្យប្រទេសយួន បញ្ឈប់ការប្រើអំពើហិង្សាប្រឆាំងនឹងស្រ្តីខ្មែរក្រោម ហើយត្រូវបើកវគ្គខ្លីបណ្តុះបណ្តាលដល់ស្រ្តីខ្មែរក្រោម ដើម្បីពួកគេទទួលបានជំនាញមូលដ្ឋានសំរាប់ស្វែងរកការងារធ្វើ និងជៀសវាងក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្ស ។ ទី៩-ជំរុញឲ្យប្រទេសយួន ផ្តើមទទួលយកលទ្ធផលនៃការចចារផ្ទាល់ជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានពាំនាំនូវសារទុក្ខរបស់ប្រជាពលរដ្ឋខ្មែរក្រោម និងត្រូវផ្តល់នូវដំណោះស្រាយ ថាគោរពសិទ្ធិមនុស្ស និងតំលៃថ្លៃថ្នូរខ្មែរក្រោមគ្រប់រូប ។ ទី១០-ជំរុញឲ្យប្រទេសកម្ពុជា ទទួលស្គាល់ឋានៈជនភៀសខ្លួនខ្មែរក្រោម ក្រោយពីពួកគេរត់ភៀសខ្លួនទៅដល់កម្ពុជា ពីព្រោះពួកគេភៀសខ្លួនពីប្រទេសយួន បំណងស្វែងរកឋានៈជាជនភៀសខ្លួន ។ ប្រសិនបើប្រទេសកម្ពុជា ប្រើល្បិចទទួលស្គាល់ជនភៀសខ្លួនខ្មែរក្រោម ថាជាប្រជាពលរដ្ឋកម្ពុជា ពិភពលោកនឹងមិនដឹងថា ខ្មែរក្រោមរត់ភៀសខ្លួនពីប្រទេសយួន ដោយសារទទួលរងការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលយួនឡើយ ។ ទី១១-ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យឲ្យហ្មត់ចត់ និងស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មព្រះតេជគុណ អៀង សាធឿន ហើយនាំឃាតករឡើងតុលាការផ្តន្ទទារទោសតាមច្បាប់។ ទី១២-ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមូលដ្ឋាន នៃការធ្វើបាតុកម្មដោយសន្តិវិធីរបស់ព្រះសង្ឃខ្មែរក្រោម ដែលគ្រាន់តែទាមទារឲ្យមានការដោះលែងព្រះសង្ឃជាប់ពន្ធនាគារក្នុងប្រទេសយួន និងទី ១៣-គាំទ្រដល់ជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាកលំបិនជាទីបំផុតក្នុងប្រទេសថៃ ។
 គួររំលឹកដែរថា មុនការចូលរួមពិធីលាងសាយភោជន៍អបអរប្រធានាធិបតីថ្មីនេះ និងដាក់សេចក្តីអំពាវនាវចំនួន ៨ ទំព័រជូនទៅមន្រ្តីគណៈកម្មការសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិនេះ កាលពីថ្ងៃទី ៨ ខែមករា គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោក ត្រឹង យ៉ាប បានចូលជួបពិភាក្សានឹងអ្នកស្រី Kelly Ryan តំណាងជំនួយការលេខាធិការរបស់ប្រជាជន ជនភៀសខ្លួន និងជនអន្តោរប្រវេសន៍, អ្នកស្រី ត្រឹង ធីហ្វា មន្រ្តីកម្មវិធីសំរាប់តំបន់អាស៊ីអាគ្នេយ៍ និងលោកPamela H. Lewis សម្ព័ន្ធការនៃសមាជ ។ ក្នុងកិច្ចជួបពិភាក្សានេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើងបញ្ហា ៤ ចំណុច ។ ទី១-ស្ថានភាពនៃការគាបសង្កត់ខ្មែរក្រោម នៅលើទឹកដីកំណើតរបស់ខ្លួន ។ ទី២-ករណីរដ្ឋាភិបាលកម្ពុជា គាបសង្កត់ និងរំលោភសិទ្ធិខ្មែក្រោមពេលទៅដល់ប្រទេសកម្ពុជា ដោយទទួលស្គាល់ថាជាពលរដ្ឋខ្មែរ ប៉ុន្តែមិនត្រូវបានរដ្ឋាភិបាលគាំពារ ។ ទី៣-បញ្ហាជនភៀសខ្លួនខ្មែរក្រោមនៅប្រទេសថៃ និងទី៤-អំពាវនាវ និងជំរុញឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក នាំយកពួកគេទៅកាន់ប្រទេសទីបី ៕.