ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK
កំណត់ពិសេសរំលឹកឡើងវិញៈ ’’ខ្មែរកម្ពុជាក្រោម’’គឺជាឈ្មោះខ្មែររស់នៅលើទឹកដីសណ្តរនៃទន្លេមេគង្គ នៃទឹកដីប្រទេសវៀតណាមបច្ចុប្បន្ន។ ទឹកដីកម្ពុជាក្រោមមានទំហ៊ំ៦៧,៧០០គីឡូម៉ែត្រក្រឡា គឺជា ទឹកដីកេរមត៌កជាប្រពៃណីរបស់ខ្មែរក្រោម។ ជនជាតិដើមនៃទឹកដីកម្ពុជាក្រោម គឺខ្មែរក្រោម ជនជាតិដ៏ ចំណាស់ បន្តពូជសាសន៍នៃមនុស្សអាណាចក្រនគរភ្នំ (ឬ ហ៊្វូណន់ បើតាមការបកប្រែរបស់ចិន)។ ឆ្លង តាមប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងឈ្មោះរបស់ប្រជាពលរដ្ឋខ្មែរក្រោម និងទឹកដីកេរមត៌ករបស់គេ បាន ត្រូវប្តូរ ឬក៏ត្រូវហៅខុសៗគ្នា ដោយកម្លាំងធ្វើអាណានិគមនិយមផ្សេងៗគ្នា។ នៅក្រោមអាណានិគម បារាំង កម្ពុជាក្រោមបានត្រូវហៅថា កូសាំងស៊ីន។ ពាក្យថាខ្មែរ ខ្មែរក្រោម និងវៀតណាមដើមកំណើត ខ្មែរ បានត្រូវប្រើឆ្លាស់គ្នាម្តងៗ ចំពោះប្រជាពលរដ្ឋនៃអាណាចក្រហ៊្វូណន់។ ជាច្រើនសតវត្សរ៍មកហើយ ខ្មែរក្រោមបានបន្តប្រើសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចវាសនាខ្លួនដោយខ្លួនឯង ដែលជាសិទ្ធិរបស់មនុស្ស ទាំងអស់ក្នុងពិភពលោក ក្រោមច្បាប់អន្តរជាតិ។ ខ្មែររក្សាការគោរព ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ស្តីពីសន្តិភាព លិទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌។ យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះការចូលរួមយ៉ាង សកម្ម ក្នុងការធ្វើឱ្យសម្រេចបាន នូវសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ។
ប្រទេសវៀតណាមជាប្រទេសទីមួយនៅទ្វីបអាស៊ី និងជាប្រទេសទីពីរក្នុងពិភពលោក ដែលបានធ្វើ សច្ចាប័ន ចំពោះអនុសញ្ញាស្តីពីសិទ្ធិកុមារ។ យើងបានអបអរសាទរចំពោះប្រទេសវៀតណាម ដែលបាន សាកល្បងកែលំអរលក្ខណៈជីវភាពប្រជាពលរដ្ឋវៀតណាម ជាពិសេសកុមារ ប៉ុន្តែមានការងារច្រើន ណាស់ដែលត្រូវបំពេញ ដើម្បីឱ្យបានរីកចម្រើន និងកិច្ចការពារប្រជាពលរដ្ឋនៃប្រទេសវៀតណាម និងការពារចំពោះសិទ្ធិកុមារ ជាពិសេស កុមារជនជាតិដើម ដូចជាកុមារខ្មែរក្រោម ដែលនៅក្រោមការ គាបសង្កត់ក្នុងប្រទេសវៀតណាម។
ភាគទី១
មាត្រា២-
វៀតណាមជាប្រទេសមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបក្ខកុម្មុយនិស្តវៀតណាម ក្រោមរដ្ឋសភា ជាតិ ដែលត្រូវបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។ ក្នុងប្រព័ន្ធគ្រប់គ្រងនៃរបបនេះ វាសឹងតែជាការទៅមិនរួច ចំពោះប្រទេសវៀតណាម ក្នុងការអនុវត្តប្រព័ន្ធច្បាប់ដើម្បីការពារមនុស្សគ្រប់គ្នា ឱ្យមានភាពស្មើគ្នា ចំពោះមុខច្បាប់ និងចៀសវាងការប្រកាន់បែងចែក។
ប្រព័ន្ធច្បាប់នៃប្រទេសវៀតណាមការពារតែជនជាតិវៀតណាមប៉ុណ្ណោះ និងអ្នកណាដែលមានលុយ ឬមានសាច់ញាតិធ្វើការក្នុងរដ្ឋាភិបាល។ នៅពេលដែលជនជាតិដើមខ្មែរក្រោមប្រឈមនឹងការកាត់ក្តី អយុត្តិធម៌ ពួលគេគ្មានមេធាវី ឬសិទ្ធិដើម្បីការពារខ្លួន នៅចំពោះមុខប្រព័ន្ធតុលាការវៀតណាមទេ។ សិទ្ធិ ជាមូលដ្ឋានរបស់ខ្មែរក្រោម គ្មានទាល់តែសោះ។ ជាការពិតប្រកដហើយ ដែលសិទ្ធិកុមារនៅវៀតណាម មិនត្រូវបានការពារទេ។
លើសពីនោះទៅទៀត មានកុមារជាច្រើនពាន់នាក់ ដែលកំពុងរៀនសូត្រនៅសាលាអនុវិទ្យាល័យ នៃ ប្រទេសវៀតណាម ប៉ុន្តែមិនទាំងបានដឹងផងទេ អំពីអនុសញ្ញានេះ។ យើងទទូចសុំ ឱ្យវៀតណាមធ្វើការ បកប្រែអនុសញ្ញានេះ ទៅជាភាសាជនជាតិដើមផ្សេងៗ ជាពិសេស ភាសាខ្មែររបស់យើង ហើយបង្រៀន កុមារខ្មែរក្រោមរបស់យើង អំពីសិទ្ធិរបស់ពួកគេ កុំបង្រៀនតែកុមារវៀតណាមឡើយ។
មាត្រា៦-
កុមារខ្មែរក្រោមដោយភាគច្រើន កំពុងរស់នៅលើដែនដីសណ្តរនៃទន្លេមេគង្គ។ ដោយមានការប្រែប្រួល ធាតុអាកាស ដែនដីសណ្តរនៃទន្លេមេគង្គជាទីកន្លែងដែលងាយរងគ្រោះធម្មជាតិ ហើយបណ្តាលផល ប៉ះពាល់ចំពោះជីវភាព ការរស់រានមានជីវិត និងការរីកចម្រើនរបស់កុមារខ្មែរកម្ពុជាក្រោម។ ដោយ អកុសល កុមារខ្មែរក្រោមដោយភាគច្រើន ទោះជានៅក្នុងសាលាវិទ្យាល័យក្តី បានដឹងយ៉ាងតិចតួចបំផុត
អំពីផលប៉ះពាល់ ដែលបណ្តាលមកពីការឡើងកំដៅនៃផែនដី ចំពោះទឹកដីដែលពួកគេកំពុងរស់នៅ។
យើងស្នើជម្រុញចំពោះរដ្ឋាភិបាលវៀតណាម ឱ្យផ្សព្វផ្សាយព័ត៌មានអំពីការប្រែប្រួលធាតុអាកាស ចំពោះពួកកុមារខ្មែរក្រោម ហើយបង្រៀនដល់ពួកគេ នូវមធ្យោបាយទាំងឡាយ ដើម្បីឱ្យបានរស់រាន មានជីវិត ក្នុងស្ថានភាពប្រឈមនឹងទឹកជំនន់។
មាត្រា៧ និង ៨-
ខ្មែរក្រោមជាជនជាតិដើមនៅលើដែនដីសណ្តរនៃទន្លេមេគង្គ។ ប៉ុន្តែដោយអភព្វ រដ្ឋាភិបាលវៀតណាម បានប្រកែកមិនទទួលស្គាល់ ថាខ្មែរក្រោមជាជនជាតិដើម នៅលើទឹកដីមត៌កកេរដូនតារបស់គេ។ ខ្មែរ ក្រោមបានត្រូវចាត់ទុកជាតិពន្ធភាគតិច ហើយបានត្រូវបែងចែកទៅជាពលរដ្ឋថ្នាក់ទីពីរ។ ពាក្យថា ’’ខ្មែរក្រោម’’ មិនត្រូវបានអនុញាតឱ្យហៅ ចំពោះខ្មែរក្រោមឡើយ។
ប្រវត្តិសាស្ត្រខ្មែរក្រោមមិនត្រូវបានបង្រៀនតាមសាលាសាធារណៈទេ។ ដូច្នោះហើយ កុមារខ្មែរក្រោម ដោយភាគច្រើន មិនបានដឹងអំពីប្រវត្តិពិតរបស់ខ្លួន និងអត្តសញ្ញាណរបស់ខ្លួនឡើយ។ មួយចំនួនច្រើន មិនទាំងបានដឹងផងទេ ថាហេតុអ្វីបានជាពួកគេជាខ្មែរក្រោម ប៉ុន្តែរដ្ឋាភិបាលវៀតណាមមិនអនុញាតឱ្យ ពួកគេហៅខ្លួនឯង ថាជាខ្មែរក្រោមផងទេ។ សិទ្ធិក្នុងការថែរក្សាអត្តសញ្ញាណខ្មែរក្រោម ចំពោះកុមារខ្មែរ ក្រោម មិនបានត្រូវទទួលស្គាល់ទេ។
យើងទទូចឱ្យវៀតណាមទទួលស្គាល់ការពិត ហើយទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម នៃដែនដី សណ្តរទន្លេមេគង្គ ហើយអនុញាតឱ្យកុមារខ្មែរក្រោមបានរៀនអំពីប្រវត្តិសាស្ត្ររបស់ពួកគេ នៅក្នុង សាលារៀនសាធារណៈ ដើម្បីឱ្យគេបានដឹង និងការពារថែរក្សាអត្តសញ្ញាណរបស់គេជាខ្មែរក្រោម។
មាត្រា១២ និង ១៣-
នៅកម្ពុជាក្រោម គ្មានទស្សនាវដ្តីឬសៀវភៅជាភាសាខ្មែរ ដែលឯករាជ គ្មានការចូលលូកឡំពីរដ្ឋាភិបាល វៀតណាម ដើម្បីឱ្យកុមារខ្មែរក្រោមអាចបញ្ចេញមតិយោបល់របស់ខ្លួនបានទេ។ ការចូលរួមក្នុងកិច្ច ពិភាក្សាប្តូរយោបល់ របស់កុមារខ្មែរដែលរៀននៅសាលាវិទ្យាល័យ មានកំរិតតិចតួចបំផុត ជាពិសេស ក្នុងការប្រើអ៊ិនតឺណែត។ កុមារខ្មែររស់នៅក្នុងភាពភ័យខ្លាច ព្រោះពួកគេអាចនឹងមានរឿងរ៉ាវយ៉ាងងាយ ប្រសិនបើពួកគេបាននិយាយអ្វីដែលទាក់ទងដល់ការ ’’បន្តុះបង្អាប់រដ្ឋាភិបាល’’ ។
យើងទទូចស្នើចំពោះរដ្ឋាភិបាលវៀតណាម ឱ្យបោះពុម្ពទស្សនាវដ្តី និងសៀវភៅដោយឯករាជ ជាភាសា ខ្មែរ ដើម្បីកុមារខ្មែរក្រោមអាចបញ្ចេញមតិ និងសំឡេង ដែលពួកគេមានចំណាប់អារម្មណ៍។
មាត្រា១៤-
កុមារខ្មែរក្រោមដោយភាគច្រើន ជាអ្នកកាន់ពុទ្ធសាសនា។ ខ្មែរក្រោមប្រតិបត្តិពុទ្ធសាសនាថេរវាទ ចំណែកជនជាតិវៀតណាមប្រតិបត្តិពុទ្ធសានាមហាយាន។ ជាប្រពៃណី កុមារខ្មែរក្រោមតែងបួស ជាព្រះសង្ឃ ដើម្បីរៀនសូត្រពីគោលការណ៍ពុទ្ធសាសនា និងចរិយាធម៌ដើម្បីឱ្យបានទៅជាពលរដ្ឋល្អ។
ដោយអភព្វ រដ្ឋាភិបាលវៀតណាមបានដាក់កំណត់ឱ្យមានការសុំច្បាប់អនុញាត ដើម្បីសាងផ្នួសបាន។ ប្រសិនបើរដ្ឋាភិបាលមិនអនុញាតឱ្យសាងផ្នួស នោះជាការរំលោភបំពានសិទ្ធិជាមូលដ្ឋាន ក្នុងកិច្ច ប្រតិបត្តិ និងការគោរពតាមសាសនារបស់គេផ្ទាល់។
យើងទទូចស្នើដល់រដ្ឋាភិបាលឱ្យអនុញាតចំពោះខ្មែរក្រោម អាចប្រតិបត្តិពុទ្ធសាសនាថេរវាទដោយ សេរី។ កុមារខ្មែរក្រោមគួរតែមានសិទ្ធិសេរីភាពពេញលេញ ក្នុងការសាងផ្នួសតាមបំណងរបស់គេ។
មាត្រា១៥-
រដ្ឋាភិបាលវៀតណាមមិនអនុញាត ឱ្យកុមារខ្មែរក្រោមបង្កើតសមាគមបានទេ។ នៅលើដែនដីសណ្តរនៃ ទន្លេមេគង្គទាំងមូល គ្មានទាំងសមាគម ឬក្លឹបនៃពួកសិស្សានុសិស្សនិងនិស្សិតដែលឯករាជឡើយ។ កុមារខ្មែរ ក្រោមគ្មានទាំងក្រុមកីឡាផងទេ។
យើងទទូចស្នើចំពោះរដ្ឋាភិបាល ឱ្យអនុញាតឱ្យកុមារខ្មែរក្រោម មានសិទ្ធិក្នុងការរៀបចំជាសមាគមនានា ដើម្បីឱ្យពួកគេអាចជួបជុំ និងលេងកីឡាជាមួយគ្នា ដោយគ្មានការលូកដៃចូលពីរដ្ឋាភិបាល។
មាត្រា១៧-
កុមារខ្មែរក្រោមដោយភាគច្រើនរស់នៅក្នុងតំបន់ដាច់ស្រយាល។ ពួកគេគ្មានលទ្ធភាពក្នុងការទទួលបាន នូវព័ត៌មានផ្សេងៗឡើយ។ គ្មានបណ្ណាល័យដែលមានសៀវភៅជាភាសាខ្មែរ សម្រាប់កុមារខ្មែរក្រោម អានទេ។ កុមារខ្មែរក្រោមមិនមានលទ្ធភាពចំពោះការប្រើអ៊ិនតឺណែតទេ។ ពួកគេពុំបានដឹងអ្វីសោះ អំពី ព្រឹត្តិការណ៍ដែលកើតឡើងនៅជុំវិញពិភពលោកឡើយ។
យើងទទូចស្នើចំពោះរដ្ឋាភិបាល ឱ្យបង្កើតបណ្ណាល័យ និងឱ្យមានការប្រើប្រាស់អ៊ិនតឺណែត ដោយមិន បាច់បង់ថ្លៃ ដើម្បីឱ្យកូនខ្មែរក្រោមបានយល់ដឹង អំពីព័ត៌មានសាធារណៈ ជាពិសេស ដើម្បីអាចបានអាន សៀវភៅជាភាសាខ្មែររបស់ខ្លួន។
មាត្រា២៧-
ប្រទេសវៀតណាមបានទទួលចំណាត់ថ្នាក់ទីពីរ ក្នុងការនាំអង្ករចេញទៅប្រទេសនានា។ ភោគផលស្រូវ ទាំងនេះ ដោយភាគច្រើនបានត្រូវផលិតចេញពីដីសណ្តរនៃទន្លេមេគង្គ។ ខ្មែរក្រោមសុទ្ធតែជាអ្នកធ្វើ ស្រែ ប៉ុន្តែពួកគេគ្មានទាំងអង្ករគ្រប់គ្រាន់ដើម្បីទទួលទានផងទេ ដោយព្រោះតែដើមទុនដែលត្រូវ ចំណាយទៅលើការធ្វើស្រែនោះ ច្រើនពេក។ ដល់ដូច្នេះទៅ ខ្មែរក្រោមក៏ក្លាយជាអ្នកដែលក្រីក្របំផុត នៅលើដែនដីសណ្តរនៃទន្លេមេគង្គ។ភាពក្រីក្រនេះ បានយាយីប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ និងអនាគត នៃកុមារខ្មែរក្រោម។
នៅក្នុងឆ្នំាកន្លងទៅថ្មីៗ កុមារខ្មែរក្រោមបានបោះបង់ចោលសាលាការរៀន ក្នុងកំរិតគួរឱ្យយកចិត្ត ទុកដាក់ណាស់។ បើគ្មានការសិក្សាអប់រំទេ កុមារខ្មែរក្រោមនឹងគ្មានអនាគតល្អឡើយ។
ប្រទេសវៀតណាមបានទទួលជំនួយបរទេសជាច្រើនលានដុល្លា និងបានទទួលចំណូលរាប់ពាន់លាន ដុល្លា ពីការបូមប្រេងចេញពីក្នុងខេត្តអូរកាប់(ដែលបានត្រូវដាក់ឈ្មោះថ្មីជា យុងតាវ) ជាដែនដីមត៌កកេរ ដូនតារបស់ខ្មែរក្រោម។
យើងទទូចស្នើចំពោះរដ្ឋាភិបាល ឱ្យចំណាយថវិការជាជំនួយដល់កុមារខ្មែរក្រោម ដើម្បីឱ្យពួកគេអាច រៀនសូត្រ និងអាចបន្តការសិក្សាបានដល់ថ្នាក់ខ្ពស់ ដើម្បីអនាគតល្អផង។
មាត្រា២៨- ២៩ និង៣០-
កម្មវិធីសិក្សាភាសាខ្មែរក្នុងសាលាសាធារណៈ នាពេលបច្ចុប្បន្ននេះ ពុំមែនជាកម្មវិធីដែលផ្តល់លទ្ធភាព ចំពោះកូនសិស្សខ្មែរក្រោម ឱ្យចេះភាសារបស់ខ្លួនពិតប្រាកដឡើយ។ សាលាខ្លះ បានត្រឹមតែផ្តល់នូវការ រៀនភាសាខ្មែរពីរឬបីម៉ោង ក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។ របៀបនេះ សិស្សខ្មែរក្រោមដោយភាគច្រើន មិនចេះអាននិងសរសេរភាសាខ្មែររបស់ខ្លួនឡើយ។
ប៉ុន្មានខែកន្លងទៅនេះ រដ្ឋាភិបាលវៀតណាមបានបោះពុម្ពនូវសៀវភៅជាភាសាខ្មែរ ដើម្បីឱ្យសិស្សខ្មែរ ក្រោមអាចរៀនភាសារបស់ខ្លួនបាន។ សៀវភៅទាំងនោះ ត្រូវបានសរសេរដោយជនជាតិវៀតណាម ហើយភាសាដែលសរសេរនោះ មិនត្រូវបានបង្រៀនដោយត្រឹមត្រូវទេ។ របៀបនេះ ធ្វើឱ្យសិស្សខ្មែរ ក្រោមមានក្តីមន្ទិល ថារដ្ឋាភិបាលមានចេតនាក្នុងការបង្រៀនបំភ្លៃបង្ខុស ចំពោះការអានភាសាខ្មែរ។ ប្រសិនបើរដ្ឋាភិបាលមានចេតនាល្អត្រឹមត្រូវ ក្នុងការបោះពុម្ពសៀវភៅ ឱ្យសិស្សខ្មែរក្រោមបានរៀន ភាសារបស់ខ្លួន គ្រូខ្មែរក្រោម និងព្រះសង្ឃខ្មែរ គួរតែបានត្រូវអញ្ជើញនិងនិមន្តឱ្យចូលរួម ក្នុងការ សរសេរសៀវភៅ ដើម្បីធានាថា ការសរសេរភាសាខ្មែរបានត្រឹមត្រូវពិតប្រាកដមែន។
យើងទទូចស្នើចំពោះរដ្ឋាភិបាលវៀតណាម ឱ្យអនុញាតឱ្យកុមារខ្មែរក្រោមអាចរៀនភាសារបស់ខ្លួន ក្នុងសាលាសាធារណៈ ចាប់តាំងពីថ្នាក់មត្តេយ្យ។ ភាសាខ្មែរគួរតែត្រូវបានប្រើប្រាស់ជាភាសាផ្លូវការ នៅកម្ពុជាក្រោម។ ការដាក់ពាក្យសុំទាំងឡាយ រាប់ទាំងបែបបទឯកសារដែលត្រូវបំពេញ គួរតែបានធ្វើ ជាភាសាទាំងពីរ គឺខ្មែរនិងវៀតណាម។
មាត្រា៣២-
ដោយរស់នៅក្នុងភាពក្រីក្រ កុមារខ្មែរក្រោមត្រូវតែរកការងារធ្វើ នៅពេលដែលពួកគេគួរតែបានរីករាយ ក្នុងជីវិតជាសិស្សនិងនិស្សិត ដូចជាកុមារវៀតណាមដែរ។ ការងារដោយភាគច្រើន គឺមានតែនៅក្នុង ទីក្រុងធំៗ។ កុមារខ្មែរក្រោមត្រូវតែចាកចេញចោលគ្រួសារជាទីស្រឡាញ់ និងមិត្តសំឡាញ់របស់គេក្នុង ភូមិកំណើត ដើម្បីទៅធ្វើការនៅទីក្រុង។ ដោយគ្មានការអប់រំរៀនសូត្រនិងជំនាញ កុមារខ្មែរក្រោមមិន អាចរកបានការងារក្នុងរោងចក្រនានាទេ។ ពួកគេបានត្រឹមតែការងារជាអ្នកបំរើ និងបោសសំអាតតាម ភោជនីយដ្ឋាន ឬក៏ជាអ្នកបំរើតាមផ្ទះជនជាតិវៀតណាម ដែលមានប្រាក់កម្រៃយ៉ាងទាបបំផុត។
រោងចក្រខ្លះស្វែងរកកម្មករដែលយកប្រាក់ខែតិច ហើយក៏យកកម្មករជាកុមារខ្មែរក្រោមដែលមិនទាន់ គ្រប់វ័យអាចធ្វើការ(១៨ឆ្នាំ) ដែលការងារនោះ ជនជាតិវៀតណាមមិនធ្វើ ដោយសារប្រាក់ខែតិច ហើយពេលម៉ោងធ្វើការវែងហួសធម្មតា។
យើងទទូចស្នើចំពោះរដ្ឋាភិបាលវៀតណាម ឱ្យមានប្រព័ន្ធយុត្តិធម៌ការពារផង ចំពោះកុមារខ្មែរក្រោម ដែលចូលក្នុងកម្លាំងពលកម្មក្នុងវ័យក្មេងពេក ហើយបញ្ឈប់ការកេងប្រវញ្ចន៍ចំពោះកុមារខ្មែរក្រោម។
យើងទទូចស្នើចំពោះរដ្ឋាភិបាលវៀតណាម ឱ្យផ្តល់ដល់កុមារខ្មែរក្រោម នូវសាលាបច្ចេកទេស ដែលជា ជំនួយដល់ពួកគេ ក្នុងការរកការងារធ្វើ។
មាត្រា៣៤ និង ៣៥-
យុវនារីខ្មែរក្រោមជាក្រុមមនុស្សដែលងាយរងគ្រោះបំផុត នៅលើដែនដីសណ្តរនៃទន្លេមេគង្គ។ ក្រីក្រ មិនបានទួលការរៀនសូត្រ ហើយមិនបានទទួលព័ត៌មានអ្វីទាំងអស់ យុវនារីច្រើននាក់ បានត្រូវបង្ខំ ឱ្យធ្វើការ ក្នុងស្ថានភាពមិនអាចទទួលបាន ដើម្បីរស់។
ភាពគ្មានការងារធ្វើក្នុងខេត្តឬតំបន់ដែលរស់នៅ បាននាំឱ្យយុវនារីខ្មែរក្រោមបង្ខំចិត្តធ្វើដំណើរចេញ ពីភូមិស្រុក ហើយក្លាយជាជនរងគ្រោះក្នុងការជួញដូរមនុស្ស។
យើងទទូចស្នើចំពោះរដ្ឋាភិបាល ឱ្យអនុវត្តនូវនយោបាយនិងនិតិវិធី ដើម្បីការពារចំពោះយុវនារីខ្មែរ ក្រោម និងផ្តល់នូវការអប់រំពន្យល់ណែនាំ និងការផ្សព្វផ្សាយព័ត៌មាន ចំពោះទាំងវៀតណាមនិងខ្មែរ ដើម្បីឱ្យពួកគេបានជ្រួតជ្រាប អំពីគ្រោះថ្នាក់នៃការជួញដូរមនុស្ស។
សេចក្តីសន្និដ្ឋាន
ដោយវៀតណាមជាប្រទេសទីមួយ ដែលបានបផ្តល់សច្ចាប័នចំពោះអនុសញ្ញានេះ វាជាពេលដែលត្រូវ រំលឹកដល់រដ្ឋាភិបាលនេះ ក្នុងកតព្វកិច្ចនៃកិច្ចសន្យារបស់ខ្លួន ចំពោះការការពារសិទ្ធិកុមារ ក្នុងប្រទេសវៀតណាម ជាពិសេស ចំពោះកុមារជាជនជាតិដើម ដោយព្រោះគេទាំងនោះ ត្រូវការការពារ និងការយកចិត្តទុកដាក់ ជាពិសេស។ កុមារខ្មែរក្រោមរស់នៅក្នុងភាពក្រីក្រ។ទោះជាសាលាសាធារណៈ មិនត្រូវបាច់បង់ថ្លៃចំពោះកុមារខ្មែរក្រោម ប៉ុន្តែកូនខ្មែរក្រោមមិនទាំងមានលទ្ធភាពអាចទិញសៀវភៅ ប៊ិច សម្លៀកបំពាក់ និងការចំណាយផ្សេងទៀត ដើម្បីបន្តការសិក្សាបញ្ចប់សាលាវិទ្យាល័យបានផងទេ។
ក្រៅពីការរស់នៅក្នុងភាពក្រីក្រ កុមារខ្មែរក្រោមកំពុងរស់នៅក្នុងភាពភ័យខ្លាច។ ពួកគេគ្មានសេរីភាព ក្នុងការបញ្ចេញមតិជាសាធារណៈ ឬក៏មិនទាំងអាចរៀនប្រវត្តិសាស្ត្រពិតរបស់ពួកគេ តាមភាសាខ្មែរ ផងទេ។
យើងសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងយកចិត្តទុកដាក់ ចំពោះអនុសាសន៍របស់យើង ដើម្បីធានាថា សិទ្ធិរបស់កុមារខ្មែរក្រោម អាចបានត្រូវការពារ និងលើកតំកើង។