ដោយ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៃខេត្តចង្វាត្រពាំង (កំពង់ស្រកាត្រី) ឬហៅថា ខេត្តដូនណៃជាភាសាយួន បានកោះហៅយុវជនខ្មែរក្រោមម្នាក់ ដែលឈឺឆ្អាលរឿងជួយយកអាសាមិត្តរួមការងារ ដែលតែងទទួលរងការមាក់ងាយ និងការរើសអើង ពីសំណាក់ក្រុមកម្មករជនជាតិយួន ឲ្យទៅបំភ្លឺ នៅចំពោះមុខសមត្ថកិច្ចអំពីករណីនេះ ចំនួនពីរលើក គឺនៅថ្ងៃទី ២០ និងថ្ងៃទី ២៣ ខែតុលា សប្តាហ៍នេះ ។

យុវជន យឿង ភុក ដែលត្រូវអាជ្ញាធរកោះហៅនោះ ថ្លែងថា ករណីនេះ គឺជាការសងសឹក និងចង់បំបាក់ស្មារតីមកលើរូបលោក ដោយសារតែអាជ្ញាធរឃុំសុងត្រូវ (Sông Trầu) នៃខេត្តដូនណៃ ចងកំហឹងគុំគួនបងប្រុសលោក ឈ្មោះ យឿង ខាយ ដែលជាតំណាងឲ្យកម្មករខ្មែរក្រោមជាង ២០០ នាក់ កាលពីចុងខែកក្កដា បានរួមគ្នាចុះហត្ថលេខាលើញត្តិរួមមួយ ដាក់ទៅក្រសួងពលកម្មវៀតណាម ដើម្បីស្នើឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តមួយនេះ ធ្វើអន្តរាគមន៍ជួយដល់កម្មករខ្មែរក្រោម ករណីក្រុមហ៊ុន និងរោងចក្រវៀតណាម មិនទទួលយកកម្មករជាខ្មែរក្រោមចូលធ្វើការ ដោយសារតែការរើសអើងជាតិសាសន៍ ។
យុវជនខ្មែរក្រោម មកពីខេត្តឃ្លាំង ដែលបច្ចុប្បន្នកំពុងធ្វើការនៅរោងចក្រមួយ នៅសួនឧស្សាហកម្មក្នុងខេត្តដូនណៃរូបនេះ ឲ្យដឹងថា លោកត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទ រារាំងការអនុវត្តច្បាប់ ដោយសារតែកន្លងមក លោកតែងចេញមុខជួយអន្តរាគមន៍ករណីវិវាទការងាររវាងកម្មករខ្មែរក្រោម ជាមួយ នឹងកម្មករជនជាតិវៀតណាម ។ លោកថា ជារឿយៗ កម្មករជាជនជាតិវៀតណាម តែងធ្វើបាប និងជិះជាន់កម្មករខ្មែរក្រោម ដែលធ្វើការក្នុងរោងចក្រជាមួយគ្នា ។
បន្ទាប់ពីសាកសួររអស់ជាច្រើនម៉ោង អាជ្ញាធរវៀតណាម ក៏បានព្រមានយុវជនរូបនេះ ដោយគំរាមកំហែងថា នឹងចាប់ខ្លួន បើលោកនៅតែបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឲ្យមានផលប៉ះពាល់ ដល់ផលប្រយោជន៍កម្មករជាជនជាតិវៀតណាម ។

ចំណែកកម្មករខ្មែរក្រោមម្នាក់ទៀត និងត្រូវជាបងប្រុសបង្កើតរបស់យុវជន យឿង ភុក គឺលោក យឿង ខាយ ប្រាប់សារព័ត៌មាន ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ថា អាជ្ញាធរមូលដ្ឋាន នៅតំបន់សួនឧស្សាហកម្មខេត្តដូនណៃ ធ្លាប់បានកោះហៅរូបលោកទៅព្រមានជាច្រើនលើកច្រើនសារ ហើយករណីចុងក្រោយបង្អស់ គឺនៅថ្ងៃទី ១ ខែសីហា ពាក់ព័ន្ធទៅ នឹងការដាក់ញត្តិប្ដឹងទៅក្រសួងពលកម្មវៀតណាម ជុំវិញរោងចក្រមួយចំនួន បានដេញកម្មករខ្មែរក្រោម ប្រមាណជាង ២០០ នាក់ ក្រោមហេតុផលនយោបាយ ។
លោក យឿង ខាយ លើកឡើងថា អាជ្ញាធរ នៅស្រុកត្រាងប័ម (Trảng Bom) ចោទប្រកាន់ លោកថា ធ្វើតាមការញុះញង់របស់អ្នកនៅក្រៅស្រុក ដែលបង្គាប់ឲ្យកម្មករខ្មែរក្រោមធ្វើញត្តិនេះ ។ តែលោកបានបដិសេធ ចំពោះការចោទប្រកាន់នេះ ដោយលោកឆ្លើយប្រាប់ពួកអាជ្ញាធរថា ការរួមគ្នាធ្វើញត្តិនេះ គឺដោយឆន្ទៈរបស់ពួកគេផ្ទាល់ និងមិនទទួលបានការបញ្ជា ពីអ្នកណាម្នាក់ឡើយ ។ យ៉ាងនេះក្តី លោកបញ្ជាក់ថា ញត្តិនោះ លោកបានដាក់តាំងពីថ្ងៃទី ២០ ខែកក្កដា មកម្ល៉េះ តែមកទល់ នឹងពេលនេះ នៅមិនទាន់ទទួលបានការឆ្លើយតប នៅឡើយទេ ។

ទាក់ទង នឹងបញ្ហានេះ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា លោក តាំង សារៈ បានលើកឡើងថា ការកោះហៅពលរដ្ឋខ្មែរក្រោម ដើម្បីសួរចម្លើយនោះ គឺជាសិទ្ធិអំណាច និងជាអធិបតេយ្យភាពរបស់ប្រទេសវៀតណាម ក្នុងការអនុវត្តច្បាប់ នៅក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួន ។ ប៉ុន្តែ លោកលើកជាចម្ងល់ថា តើរាល់ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្រោម ទាក់ទង នឹងឯកសារប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ឬគ្រាន់តែតវ៉ាប្រឆាំង នឹងរឿងអយុត្តិធម៌អ្វីមួយ សុទ្ធតែជារឿងខុសច្បាប់? ។ ត្រង់ចំណុចនេះ លោក តាំង សារៈ ស្នើឲ្យអាជ្ញាធរវៀតណាម ពិនិត្យមើលច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនឡើងវិញ ។ លោកបញ្ជាក់បន្ថែមថា វៀតណាម ត្រូវតែអនុវត្តនូវសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា ដែលខ្លួនបានផ្តល់សច្ចាប័ន ក្នុងនោះរួមមាន កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អនុសញ្ញាអន្តរជាតិ ស្តីពីការលុយបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ ជាពិសេស វៀតណាម ក៏ជាប្រទេសហត្ថលេខីទទួលស្គាល់សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងទទួលស្គាល់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើម ទៀតផង ។
នៅពេលសួរថា តើ នឹងមានវិធានការដូចម្ដេចទៀត បើករណីរំលោភសិទ្ធិមនុស្សរបស់វៀតណាម មកលើពលរដ្ឋខ្មែរក្រោម នៅតែបន្ត បើទោះជាកន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោមក្តី និងអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជាក្តី តែងតែទាមទារ និងអំពាវនាវដល់អាជ្ញាធរវៀតណាម ត្រូវតែឈប់ជាបន្ទាន់ នូវអំពើរំលោភបំពានមកលើខ្មែរក្រោម តទៅទៀត ។ ប៉ុន្តែ អាជ្ញាវៀតណាម ហាក់ដូចមិនចាប់អារម្មណ៍ នឹងការទាមទាររបស់ខ្មែរក្រោមនោះឡើយ ហើយនៅតែបង្កើនការរឹតត្បិតកាន់តែខ្លាំងឡើង លើការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ និងការតវ៉ារបស់ពលរដ្ឋខ្មែរក្រោម ជាដដែល ។ ចំណុចនេះ លោក តាំង សារៈ ពន្យល់ថា នៅក្នុងប្រទេសវៀតណាម ជាប្រទេសស្ថិតក្រោមរបបកុម្មុយនីស្ត មានបក្សតែមួយ ដូច្នេះ តែងប្រើអំណាចនយោបាយរបស់ខ្លួន ដោយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជា ការបំបិទ និងបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន គ្មានសិទ្ធិធ្វើការជួបជុំគ្នា ហើយពួកអាជ្ញាធរ តែងបំភិតបំភ័យប្រជាពលរដ្ឋណា ដែលហ៊ានដើរផ្ទុយពីបន្ទាត់នយោបាយរដ្ឋាភិបាល ។

សម្រាប់លោក តាំង សារៈ ក្នុងតួរនាទីជាសេនាធិការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា លោក នឹងធ្វើរបាយការណ៍ ពីករណីរំលោភសិទិ្ធមនុស្សរបស់អាជ្ញាធរវៀតណាម ទៅកាន់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីឲ្យសហព័ន្ធស្វែងរកកិច្ចអន្តរាគមន៍ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងកៀរគរការគាំទ្ររបស់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ព្រមទាំងប្រទេសម្ចាស់ជំនួយផ្សេងទៀត ឲ្យជួយដាក់សម្ពាធ និងគាបសង្កត់អាជ្ញាធរកុម្មុយនីសវៀតណាម ឲ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក កំពុងរស់នៅលើទឹកដីកំណើត ។
គួរជម្រាបជូនថា តាមរបាយការណ៍ របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា និងសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បង្ហាញថា នៅក្នុងឆ្នាំ ២០២០ នេះ មានសកម្មជនខ្មែរក្រោម ជាង ១០ នាក់ហើយ ដែលត្រូវបានអាជ្ញាធរវៀតណាម កោះហៅទៅសួរចម្លើយជាបន្តបន្ទាប់ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរ ដោយសារតែពួកគេ ប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ៕