ដោយ លី ឈូន
យុវជនខ្មែរក្រោម ជាកម្មករចំណាកស្រុក ដែលធ្លាប់តែជួយកម្មកររួមគ្នា និងពលរដ្ឋខ្មែរក្រោម ចំពោះវិស័យរំលោភសិទ្ធិការងារ រំលោភសិទ្ធិមនុស្សនោះ នៅពេលនេះ ពួកគាត់កំពុងតែខ្នះខ្នែង បេះពីមាត់ពង្រាត់ពីក និងបានជំនួយពីសប្បុរសជនខ្លះផង យកទៅជួយជាស្បៀងអាហារដល់កម្មករខ្មែរក្រោម រាប់ពាន់នាក់ ដែលកំពុងរងការខ្វះស្បៀងអាហារ ព្រោះគ្មានការងារធ្វើ និងពលរដ្ឋខ្មែរក្រោម រាប់ពាន់គ្រួសារទៀត ដែលកំពុងរងការអត់ឃ្លានក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ទៅទាំងកម្ពុជាក្រោម ។ រយៈពេលជិតមួយខែមកហើយ ដែលវៀតណាម ធ្វើការរាំងខ្ទប់តំបន់មួយចំនួនក្នុងប្រទេស ដោយមិនឲ្យពលរដ្ឋចល័តឆ្លងកាត់ពីខេត្ត ពីស្រុកមួយទៅមួយទៀតឡើយ ជាហេតុធ្វើឲ្យកម្មករខ្មែរក្រោម រាប់ពាន់នាក់ ត្រូវបាត់បង់ការងារធ្វើ និងមិនអាចវិលត្រឡប់ទៅស្រុកកំណើតវិញបាន ដោយត្រូវស៊ូទ្រាំនៅឆ្ងាយផ្ទះទាំងអត់ឃ្លាន ។ កម្មករចំណាកស្រុកខ្មែរក្រោម ដែលបាត់បង់ការងារធ្វើ ព្រោះតែជំងឺកូវិ-១៩ វាយលុកនោះ ភាគច្រើនជាកម្មករសំណង់ ហើយពួកគាត់ធ្វើការងារក្រៅប្រព័ន្ធ ដោយគ្មានថៅកែទទួលរ៉ាប់រងឡើយ ។ សកម្មជនតស៊ូមតិខ្មែរក្រោម ទាំងក្នុង និងក្រៅស្រុកលើកឡើងថា ទោះជាអំណោយជាស្បៀងអាហាររបស់ព្រះសង្ឃតាមវត្តអារាម និងយុវជនមិនមានច្រើនក៏ដោយ តែនេះជាអំណោយដ៏ថ្លៃថ្លាណាស់ ព្រោះការរួមចំណែកជួយគ្នាក្នុងគ្រាក្រ ។ ហើយសកម្មជនតស៊ូមតិទាំងនោះ ក៏សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់ពួកគាត់ ដែលរងការខ្វះខាតទាំងនោះផង ព្រោះរហូតមកដល់ពេលនេះ មិនមានរដ្ឋអំណាច់ថ្នាក់ណាមួយជួយផ្គត់ផ្គង់ស្បៀងអាហារដល់ពួកគាត់ឡើយ ។

យុវជនខ្មែរក្រោម ម្នាក់ឈ្មោះ ថាច់ កឿង ជាកម្មករចំណាកស្រុកធ្វើការនៅទីក្រុង ព្រៃនគរ លោកលើកឡើង ក្នុងវេទិការសាធារណៈស្ដីពីជំងឺកូវិដ-១៩ នៅកម្ពុជាក្រោម ដែលរៀបចំឡើង ដោយវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ កាលពីថ្ងៃអាទិត្យទី ១១ កក្កដាកន្លងទៅនេះ ថា អំណោយមនុស្សធម៌ ដែលលោកចែកជូនទៅដល់កម្មករចំណាកស្រុក ដែលកំពុងខ្វះខាតហើយនៅជិតកន្លែងលោកធ្វើការនាទីក្រុង ព្រៃនគរ និងចែកជូនដល់ពលរដ្ឋក្នុងភូមិស្រុកលោកនេះ គឺជាអំណោយបានមកពីសប្បុរសជនខ្មែរ នៅក្នុងស្រុកផង និងក្រៅស្រុកផង ៖ «ពួកគាត់ហ្នឹងត្រឡប់ទៅស្រុកក៏ទៅមិនបាន ហើយនៅទីនេះ ក៏អត់ការងារធ្វើ ពួកគាត់គ្មានអីហូបទេ នៅកន្លែងខ្លះពួកគាត់ដេកអត់បាយដល់ពីរបីថ្ងៃ គ្មានបាយហូបទេ ហូបតែមីហ្នឹងឯង ។ ការងារគេឲ្យឈប់តែទៅផ្ទះក៏ទៅមិនបាន ស៊ូទ្រាំអត់ដោយគ្មានអីហូបទេ ឃើញដូច្នេះ ហើយខ្ញុំក៏បានយកអំណោយទៅចែកបងប្អូនហ្នឹងជាបន្តបន្ទាប់ គឺជិះម៉ូតូចែកដល់បងប្អូនដែលនៅឆ្ងាយ ៗ ទៀតផង ។ ករណីអ្នកដែលបានទទួលអំណោយនេះគឺពួកគាត់អត់មានការងារធ្វើផង ពួកគាត់អត់មានស្បៀងអាហារផង ទើបយើងចេះឲ្យ ។ ចំណែកអ្នកនៅតាមភូមិស្រុកក៏អីចឹងដែរ» ។
មិនខុសគ្នាពីយុវជន ថាច់ កឿង ប៉ុន្មានឡើយ យុវជនចំណាកស្រុកខ្មែរក្រោម ម្នាក់ទៀតឈ្មោះ យឿង ខាយ ធ្វើការនៅរោងផលិតគ្រឿងសង្ហារិមមួយ នៅខេត្តវាលប្រើស ដែលយួនប្រែថាខេត្តដុងណាយ លើកឡើងក្នុងវេទិកាសាធារណៈដដែលនេះថា អំណោយដែលលោកចែកជូនឲ្យកម្មករចំណាកស្រុក ហើយនិងចាស់ជរាអត់មានការងារធ្វើទាំងនេះ គឺជាអំណោយបានមកពីលោកចៅ រៀបនៅអាមេរិក លោកបានផ្ដល់ឱ្យលោកថាច់ កឿង ដែលជាកម្មករចំណាកស្រុក ធ្វើការនៅទីក្រុង ព្រៃនគរ ចំនួន ១.០០០ (មួយពាន់) ដុល្លារអាមេរិក ហើយលោកថាច់ កឿងបានបែងចែកមកឱ្យលោកចំនួន ៥០០ ( ប្រាំរយ) ដុល្លារសម្រាប់ធ្វើជាអំណោយនេះ ។ យុវជនយឿង ខាយក៏បានសុំទោសផងដែរចំពោះអំណោយពេលនេះ មិនបានចែកជូនឲ្យដល់ដៃកម្មករគ្រប់គ្នានោះទេ ដោយអំណោយមានកម្រិត ម្យ៉ាងទៀតកម្មករខ្លះនៅឆ្ងាយ ៗ ពីទីតាំងលោកស្នាក់នៅ ហេតុនេះហើយលោកមិនបានស្គាល់អស់គ្នាទេ តែលោកសន្យាថា បើសិនជាមានអំណោយលើកក្រោយ ៗ ទៀតលោកនឹងព្យាយាមចែកជូនឲ្យបានដល់ដៃគ្រប់ ៗ គ្នា៖ «ខ្ញុំចែកនៅតំបន់សួនឧស្សាហកម្មក្បែរ ៗ ហ្នឹង ដែលមានកម្មករខ្មែររស់នៅច្រើន ហើយបងប្អូន នៅទីនេះកំសត់ច្រើនណាស់ដែរ ក្នុងដំណាក់កាលកូវីដ លើកទី ៣ នេះ ហើយពិសេសគឺបងប្អូនកម្មករសំណង់ និងកម្មករដទៃទៀតដែលអត់ការងារ ។ កូនប្រាប់ពួកគាត់ថា អំណោយនេះ មិនមែនជារបស់កូនទេ អំណោយនេះ ជារបស់ពួកអ៊ុំ នៅប្រទេសក្រៅ ដែលគាត់ផ្ញើមកឲ្យ ឥឡូវអំណោយពេលនេះ ក៏បានតិច ចែកតិចសិនទៅ បើពេលណាបានច្រើន កូននឹងចែកឱ្យច្រើនជាងហ្នឹងទៀត» ។
ការលើកឡើងនេះ បន្ទាប់ពីប្រទេសវៀតណាម បានបិទខ្ទប់ប្រជាពលរដ្ឋទូទាំងប្រទេសមិនឲ្យពលរដ្ឋឆ្លង ពីខេត្តមួយទៅខេត្តមួយ និងតំបន់ខ្លះទៀត មិនឲ្យធ្វើដំណើរឆ្លងស្រុក ឃុំ ភូមិទៀតផង ដែលជាហេតុធ្វើឲ្យកម្មករចំណាកស្រុកខ្មែរក្រោម រាប់ពាន់នាក់ ត្រូវជាប់គាំងនៅតំបន់ឧស្សាហកម្ម និងសិប្បកម្មធំៗ ដូចជានៅទីក្រុង ព្រៃនគរ និងខេត្តវាលប្រើសជាដើម ចំពោះកម្មករ ដែលខ្វះខាតស្បៀងអាហារខ្លាំងជាងគេ គឺកម្មករសំណង់ ជាកម្មករក្រៅប្រព័ន្ធ ដែលមិនមានថៅកែធានារ៉ាប់រង ។ ចំពោះការរាំងខ្ទប់នេះ ជនណាបំពានបម្រាមនឹងត្រូវពិន័យជាប្រាក់ប្រមាណជា ១២.៥០០.០០០ (ដប់ពីរ លានប្រាំសែន) ដុងស្មើនឹងប្រមាណជាង ៥០០ (ប្រាំរយ) ដុល្លារអាមេរិក ។

ឆ្លើយតបនឹងការលើកឡើងទាំងនេះ សកម្មជនតស៊ូមតិខ្មែរក្រោមម្នាក់ គឺលោក ជ័យ សំណាង នៅប្រទេសអូស្ត្រាលី លោកបានដាក់បន្ទុកទៅរដ្ឋាភិបាលវៀតណាម ដែលមានតែវិធានការរាំងខ្ទប់ តែមិនមានវិធានការចែកស្បៀងអាហារដល់ពលរដ្ឋ ដែលកំពុងអត់ឃ្លាន និងមិនព្រមចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ឲ្យបានទាន់ពេលជាដើម។
សកម្មជនតស៊ូមិតិខ្មែរក្រោមរូបនេះ លើកឡើងទៀតថា អំណោយមនុស្សធម៌ ពេលនេះ របស់យុវជនតស៊ូមតិខ្មែរក្រោមក្ដី របស់ព្រះសង្ឃខ្មែរក្រោម តាមវត្តអារាម និងសប្បុរសជនមួយចំនួនទៀតក្ដី ទោះតិចក្ដី ច្រើនក្ដី ក៏ជាអំណោយដ៏ថ្លៃថ្លាបំផុត ព្រោះជាអំណោយជួយគ្នាក្នុងគ្រាក្រ ។
លោកជ័យ សំណាង ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សុំឲ្យជួយផ្ដល់ជាស្បៀងអាហារ ឬថវិកាតាមរយៈមនុស្ស ដែលអស់លោកស្គាល់នៅក្នុងស្រុកកំណើតជាបន្តទៀត ដើម្បីជួយដោះទាល់ដល់ពលរដ្ឋខ្មែរក្រោម និងកម្មករចំណាកស្រុកខ្មែរក្រោមជាច្រើននាក់ទៀត ដែលកំពុងជួបប្រទះការខ្វះស្បៀងអាហារក្នុងសម័យកូវិដ-១៩៖ «អាជ្ញាធរយួនមិនយកចិត្តទុកដាក់ដល់សុខាមាលភាព និងជីវភាពរបស់ខ្មែរក្រោមទេ ហេតុនេះសូមឱ្យអង្គការខ្មែរក្រោម ដែលមានវត្តអារាម មានសមាគម ហើយនិងសហព័ន្ធខ្មែរកម្ពុជាក្រោមជាដើម សូមមេត្តាជួយឧបត្ថម្ភដល់បងប្អូនខ្មែរយើង ដែលកំពុងជួបភាពខ្វះខាតក្នុងកាលៈទេសៈវិបត្តិកូវីដ គ្មានការងារធ្វើគ្មានប្រាក់ចំណូល ហើយទំនិញគ្រប់យ៉ាងហ្នឹងក៏ឡើងខ្ពស់ ដូចនេះសូមសប្បុរជនជួយឧបត្ថម្ភពួកគាត់ ផងបើមិនបានច្រើនក៏បានគ្រាន់ហូបក្នុងដំណាក់កាលកូវិដ ១៩ ផងបាទ » ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី ២៣ ខែកក្កដា នេះ វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៧៨,២៦៩ នាក់ ក្នុងនោះស្លាប់ ៣៧០ នាក់ និងគិតត្រឹមថ្ងៃទី ១៥ កក្កដានេះ ទទួលបានការចាក់វ៉ាកសាំងការពារចំនួន ៤.២៣៣.៨៩៦ នាក់ ។
ក្នុងចំណោមអ្នកស្លាប់ ៣៧០ នាក់នេះ មានពលរដ្ឋខ្មែរក្រោម ២ នាក់ គឺស្ត្រីកម្មករខ្មែរក្រោមម្នាក់ឈ្មោះ ត្រឹង ធី លិន (Tran Thi Linh ) អាយុ ២៨ ឆ្នាំនៅខេត្តឃ្លាំង ធ្វើការនៅខេត្តកំពង់គោ (Long An) បានទទួលមរណភាពនៅយប់ថ្ងៃទី ២២ កក្កដា ។ ចំណែកបុរសកម្មករខ្មែរក្រោមម្នាក់ទៀត នៅខេត្តក្រមួនស ធ្វើការនៅខេត្តទួលតាមោក (ប៊ិញយឿង) ៕