ដោយ លី ឈូន
យុវជនខ្មែរក្រោម ទាំងក្នុងស្រុក និងក្រៅស្រុក ស្នើទៅឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ប្ដឹងទៅឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យជួយជំរុញរដ្ឋាភិបាលវៀតណាម ឲ្យឆាប់ទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើមម្ចាស់ស្រុក ។ ការលើកឡើងដូច្នេះ ដោយសារតែពលរដ្ឋខ្មែរក្រោម នៅតែត្រូវទួលរងការរំលោភបំពាន ពីអាជ្ញាធរវៀតណាម ដោយសារតែពួកគេមិនគោរពសិទ្ធិខ្មែរក្រោម ឲ្យបានពេញលេញ និងមិនគោរពច្បាប់សិទ្ធិជនជាតិដើមសោះឡើយ ។ មាគ៌ារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម គឺជួយតម្រង់ទិសតស៊ូរបស់ពលរដ្ឋខ្មែរក្រោម ឲ្យត្រឹមត្រូវទៅតាមច្បាប់ជាតិ និងអន្តរជាតិ ។ ចំណែកអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ថា វៀតណាមមិនត្រឹមតែបំភ្លេចគុណបំណាច់ដូនតាខ្មែរក្រោម ជាអ្នកកសាងកម្ពុជាក្រោម ដែលវៀតណាមហៅថា ខ្មែរណាមបូ ប៉ុណ្ណោះទេ រដ្ឋអំណាចវៀតណាម នៅថែមទាំង កាប់សម្លាប់ ធ្វើទុក្ខបុកម្នេញ កូនចៅបុព្វបុរសរបស់ខ្លួន គឺខ្មែរក្រោមសព្វថ្ងៃនេះ ទៀតផង តែទោះជាយ៉ាងណាក៏ដោយ រឿងប្រវត្តិសាស្ត្រជារឿងសច្ចភាព ដោយការតស៊ូរបស់ខ្មែរក្រោម មិនយូរទេ វៀតណាមត្រូវតែទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើមជាមិនខាន ។

យុវជនខ្មែរក្រោមមួយរូបមានស្រុកកំណើតនៅខេត្តព្រះត្រពាំងឈ្មោះយាងសុ ធារិន្ទ សព្វថ្ងៃលោកជាសមាជិកនៃក្រុមប្រឹក្សាយុវជនខ្មែរក្រោម ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ នៅក្នុងវេទិកាស្ដីពីសិទ្ធិជនជាតិដើម រៀបចំឡើងដោយវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរកាលពីថ្ងៃទី ២៧ កញ្ញាកន្លង លោកអំពាវនាវសុំឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមប្ដឹងទៅឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដើម្បីជំរុញឲ្យវៀតណាមត្រូវឆាប់ទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ។ លោកយាងសុ ធារិន្ទ វាគ្មិនប៉ិនវោហានេះ បន្តថា ថាពីមុនចុះមិនទាន់មានច្បាប់សិទ្ធិជនជាតិដើម តែពេលនេះមានហើយ ក៏ដោយ ក៏វៀតណាមមិនយកច្បាប់ហ្នឹងមកអនុវត្តសម្រាប់ជនជាតិដើមខ្មែរក្រោមដែរ ដែលធ្វើឲ្យខ្មែរក្រោមត្រូវបាត់ផលប្រយោជន៍របស់ខ្លួនជាច្រើន ដូចជាត្រង់មាត្រា ១៤ និង ទី ១៦ ចែងអំពីវិស័យសិក្សាអប់រំ និងវិស័យផ្សព្វផ្សាយព័ត៌មានរបស់ជនជាតិដើម គឺ មានសេរីភាពទូលំទូលាយណាស់៖«ដោយជនជាតិដើមហ្នឹង មានសិទ្ធិបង្កើតប្រពន្ធអប់រំ ដោយខ្លួនឯង ហើយប្រើភាសារបស់ខ្លួនដោយផ្ទាល់ទៀត ព្រមទាំងមានសិទ្ធិបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយប្រើភាសាជនជាតិដើមខ្លួនឯងមិនមែនប្រើភាសាវៀតណាមហើយ និយាយបាន ៤,១០ ម៉ាត់ ហើយចាត់ទុកថាអាហ្នឹងអ្នកឯងប្រគល់សិទ្ធិឲ្យគេនោះគឺមិនមែនទេ គឺត្រូវអនុញ្ញាតឱ្យគេបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយភាសាខ្លួនគេ ហើយគ្រប់គ្រងយ៉ាងម៉េចទៅតាមការរីកចម្រើនរបស់ជនជាតិគេ អីចឹងត្រូវតែផ្ដល់សិទ្ធិឱ្យគេ »។
ស្រដៀងគ្នានេះដែរ យុវជនខ្មែរក្រោមម្នាក់ទៀតឈ្មោះ ចៅ សារ៉ាត់ មានស្រុកកំណើតនៅស្រុកស្វាយទងខេត្តមាត់ជ្រូក សព្វថ្ងៃលោកជាកម្មករចំណាកស្រុក នៅខេត្តទួលតាមោក ដែលវៀតណាមដាក់ឈ្មោះថ្មីថាបិញ យឿង (Binh Duong) នៅក្នុងវេទិកាសាធារណៈស្ដីពីសិទ្ធិជនជាតិដើម ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោម(វត្តរតនារាម) ដែលហៅកាត់ថា KKCC Tv នាទីក្រុងស៊ីដនីប្រទេសឧស្ត្រាលី កាលពីថ្ងៃ ១២ តុលាកន្លង លោកចៅ សារ៉ាត់លើកយកមាត្រាទី ១៧ ត្រង់កថាខ័ណ្ឌ ទី ២ ស្ដីពីការអប់រំសម្រាប់កុមារ ។ បុរសតស៊ូមតិអ្នកស្រុកស្វាយទងម្នាក់នេះលើកឡើងថា ដោយសាតែអាជ្ញាធរវៀតណាមរើសអើង មិនយកចិត្តទុកដាក់ដល់ការអប់រំសម្រាប់កុមារខ្មែរក្រោមហ្នឹងហើយ ទើបបណ្ដាលឲ្យមានយុវជនខ្មែរក្រោមជាច្រើន បោះបង់ការសិក្សា ហើយស្វែងរកការងារធ្ងន់ ៗ ធ្វើទាំងវ័យក្មេង ៖«កុមារខ្មែរកម្ពុជាក្រោមយើងពួកគាត់ខ្លះទៅជាកូនអ្នកក្រ អីចឹងទៅឪពុកម្ដាយខ្លះ គ្មានលទ្ធភាពក្នុងការឲ្យកូនរៀនបានថ្នាក់ខ្ពស់ ម្យ៉ាងទៀតជាពិសេសការពន្យល់ការណែនាំរបស់រដ្ឋាភិបាលវៀតណាម មិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ គឺបណ្ដោយទៅតាមយថាកម្មរបស់កុមារខ្មែរក្រោមតាមហ្នឹងទៅ មិនមែនឃើញកុមារខ្មែរខ្វះខាតនៅចំណុចណាមួយហើយជួយពន្យល់ណែនាំ ឬក៏ផ្ដល់ការឧបត្ថម្ភការសិក្សាដល់កុមារខ្មែរក្រោមនោះ គឺនេះអត់ទេ ទាំងនេះគឺជាអំពើកេងប្រវ័ញ្ចនិងរើសអើងចំពោះកុមារខ្មែរក្រោម» ។
ការលើកឡើងមកនេះ ដោយមើលឃើញថាទោះមុនឬក្រោយនៃការប្រកាសជាសកលស្ដីពីច្បាប់សិទ្ធិជនជាតិដើមក៏ដោយ ក៏វៀតណាមមិនយកច្បាប់សិទ្ធិជនជាតិដើមប្រើចំពោះពលរដ្ឋខ្មែរក្រោមដែរ ដោយវៀតណាមចាត់ទុកខ្មែរក្រោមជាជនអន្តោប្រវេសន្ត ដូចជាករណី កាលពីថ្ងៃទី១៣ ខែមេសាឆ្នាំនេះ យុវជនតស៊ូមតិខ្មែរក្រោមមួយរូបឈ្មោះយឿង ខាយ ជាកម្មករចំណាកស្រុកធ្វើការនៅខេត្តវាលប្រើស ដែលវៀតណាមដាក់ឈ្មោះថ្មីថា ដុងណាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយរដ្ឋាភិបាលវៀតណាមចោទប្រកាន់ថា ក្បត់ជាតិ ឬ (ព្យាយាមបំបែករដ្ឋ) ព្រោះតែយុវជនឈ្មោះយឿង ខាយផ្សព្វផ្សាយសៀវភៅច្បាប់ជនជាតិដើម និងឯកសារប្រវត្តិទឹកដីកម្ពុជាក្រោម។
ក៏ដូចជាករណីកាលពីថ្ងៃទី ១៤ តុលានេះ លោក ថាច់ រីន វ័យ ៦១ ជាសកម្មជនតស៊ូមតិខ្មែរក្រោមរស់នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មី ត្រា វិញ (Tra Vinh) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ថា បង្កវិទ្ធង្សនា ឬ (អុកឡុកសង្គម) ព្រោះតែលោកបង្ហោះរូបខ្មោចលោកហោ ជីមិញអតីតមេដឹកនាំកុម្មុយនិស្ដុវៀតណាម អបដោយអក្សរសរសេរថា ហោជីមិញជាចោរ និងព្រោះតែលោកផ្សព្វផ្សាយច្បាប់សិទ្ធិជនជាតិដើម ហើយនិងពាក់អាវមានផ្លាកសញ្ញាគោលការណ៍អភិវឌ្ឍសហសវត្សទាំង ១៧ ចំណុចរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា SDGs។
ឆ្លើយតបនឹងការលើកឡើងទាំងនេះ លោកប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោមត្រឹង ម៉ាន់រិន្ទលើកឡើងថា សារធាតុអ្នកនយោបាយវៀតណាមគឺអីចឹង ធ្វើជារមិលគុណបុព្វបុរសរបស់ខ្លួនគឺដូនតាខ្មែរក្រោមជាអ្នកកសាងកម្ពុជាក្រោម ដែលវៀតណាមហៅថាខ្មែរណាមបូ បច្ចុប្បន្ន ។ លោកប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោមរូបនេះ បន្តថា តែកម្ពុជាក្រោមជារឿងប្រវត្តិសាស្ត្រ ជាកត្តាសច្ចភាព វៀតណាមមិនអាចកែប្រែតាមទំនើងចិត្តបានឡើយ៖«វៀតណាមនឹងលេងខូចបន្លែបន្លំ ទាំងពីដើមមក វៀតណាមនិយាយថា ៥៤ សញ្ជាតិនៅក្នុងប្រទេសវៀតណាម ហ្នឹងជាជនជាតិភាគតិចអីចឹងគេរាប់តាំងខ្មែរ ចិន ចាម ចារ៉ាយ រ៉ាដេ ហ្មុង ហើយរាប់ទាំងចិនចូលទៀត តាមពិតចិនមិនមែនជាជនជាតិដើម ទេ ជនជាតិជាតិចាម ចំប៉ា ចារ៉ាយរ រ៉ាដេ ម៉ុងតាញ៉ា ខ្មែរក្រោមជាជនជាតិដើម ។ ជនជាតិដើមជាជនជាតិមួយដែលតាំងទីលំនៅលើទឹកដីហ្នឹងរាប់រយពាន់ឆ្នាំមុនការចូលមកដល់របស់យួន ចូលមកគ្រប់គ្រង ហេតុដូច្នោះហើយខ្មែរក្រោមយើងគឺជាជនជាតិដើម ជនជាតិដើមម្ចាស់ស្រុក»។
លោកប្រធានផែនការអង្គការតស៊ូមតិដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម ដែលហៅកាត់ថា KKF ត្រឹងម៉ាន់រិន្ទលើកឡើងទៀតថា វៀតណាមជាហត្ថលេខីទទួលស្គាល់ច្បាប់សិទ្ធិជនជាតិដើម (UNDRIP) តែការបកស្រាយច្បាប់ (UNDRIP) របស់វៀតណាម ប្រាសចាកឆ្ងាយពីការបកស្រាយរបស់អង្គការសហប្រជាជាតិ ។ ការបកស្រាយខុសរបស់របបកុម្មុយនិស្ដុវៀតណាមបែបហ្នឹង ព្រោះតែរបបនេះបក្សពួកនិយម មិនចាត់ទុកសុខទុក្ខរបស់រាស្ត្រជាធំឡើយ ។
លោកប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោមKKFចោះយកមាត្រាទី ៣ នៃ (UNDRIP) រំឭកឡើងវិញថា៖«សិទ្ធជនជាតិដើមហ្នឹងវាមហាសំខាន់ ហេតុដូចម្ដេចដែលហៅថាមហាសំខាន់ ព្រោះថាជីវភាពជនជាតិដើមខ្មែរក្រោម សេដ្ឋកិច្ចខ្មែរក្រោម វប្បធម៌ខ្មែរក្រោម នយោបាយខ្មែរក្រោម រឿងរបស់ខ្មែរក្រោម ទាល់តែខ្មែរក្រោមជាអ្នកសម្រេចមិនមែនឱ្យជនជាតិដទៃមកសម្រេចជោគវាសនាខ្មែរក្រោមនោះទេ ។ ឥឡូវនេះខ្ញុំឧទាហរណ៍ខ្លីមួយ បើសិនជាតិខ្មែរក្រោមមានសិទ្ធិជាជនជាតិដើមរឿងរ៉ាវក្លោងទ្វារចូលខេត្តព្រះត្រពាំងគ្មាននរណាវាយកម្ទេចបានដូច្នេះទេ ហើយប្រសិនជា យើងមានសិទ្ធសម្រេចវាសនាខ្លួនដោយខ្លួនឯងព្រះពុទ្ធសាសនាខ្មែរយើងគឺចងជារចនាសម្ព័ន្ធពីខេត្តមួយ ទៅខេត្តយ៉ាងល្អ មិនមែនដូចសព្វថ្ងៃទេ ខេត្តឃ្លាំងធ្វើតាមខេត្តឃ្លាំងទៅខេត្តពលលាវធ្វើតាមខេត្តពលលាវទៅ ខេត្តព្រះត្រពាំងធ្វើតាមខេត្តព្រះត្រពាំងទៅ តាមតែរាង ៗ ខ្លួន»។
សេចក្ដីប្រកាសរបស់ អ.ស.ប ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលមានសំឡេងគាំទ្រចំនួន ១៤៤ ប្រទេស ក្នុងនេះមានប្រទេសវៀតណាមមួយផងដែរ។ សំឡេងរបស់ អ.ស.ប ប្រាប់ថា ៖ (UNDRIP) «គឺជាឧបករណ៍អន្តរជាតិដ៏ទូលំទូលាយបំផុត ស្ដីពីសិទ្ធិជនជាតិដើម» និង «បង្កើតឲ្យមានឡើងនូវក្របខ័ណ្ឌសកលមួយ ក្នុងកម្រិតអប្បបរមា សម្រាប់ការរស់រានមានជីវិត សេចក្ដីថ្លៃថ្នូរ និងសុខមាលភាពរបស់ជនជាតិដើម នៅលើសកលលោក ហើយនិងការបកស្រាយលម្អិត អំពីកម្រិតសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ដែលមានស្រាប់ នៅពេលដែលពួកគេអនុវត្តន៍ចំពោះស្ថានភាពជាក់លាក់សម្រាប់ជនជាតិដើម» ។ (សេចក្ដីប្រកាសនេះ) ត្រូវបានអនុម័តដោយមហាសន្និបាត អ.ស.ប នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។